ខ្មែរ​អាមេរិកាំង សរសើរ​វិធី​ដោះស្រាយ​ជីវភាព​របស់​រដ្ឋាភិបាល​អាមេរិក​ពេល​មាន​កូវីដ១៩

រូបឯកសារ៖ រូបវិមានសភា​សហរដ្ឋអាមេរិក

លោក ​ម៊ុយ ចំរើន ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតខ្មែរ ​ចូលនិវត្តន៍​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ទទួល​ប្រាក់​ឧបត្ថម​១២០០​ ដុល្លារ​ដែរ។ ​ លោក​ថា​ ប្រាក់​នេះ​ជួយ​សម្រួល​ខ្លះ​ដល់​ការ​បង់ពន្ធ​ និង​ចំណាយ​ផ្សេងៗ។​ លោក ​គាំទ្រ​ពេញទំហឹង​ទៅ​លើ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្នុងគ្រា​លំបាក។​

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​តាម​រដ្ឋ​មួយ​ចំនួន​បាន​គាំទ្រ​វិធាន​ការ​របស់​រដ្ឋាភិបាល​អាមេរិក​ និង​ការ​ជួយ​ជ្រោម​ជ្រែង​របស់​អ្នក​នយោបាយ​អាមេរិកជួយ​ពលរដ្ឋ​ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​អត់​ការងារ​ធ្វើ ​បញ្ហា​សេដ្ឋ​កិច្ច​ដោយ​សារ​បញ្ហា​វិបត្តិ​កូវីដ១៩។​

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​វីរុស​កូវីដ១៩​ចាប់​តាំង​ពីខែ​មីនា​មក​ ​សហ​រដ្ឋ​អាមេរិក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​១២០០ ដុល្លារ ​ដល់​ពលរដ្ឋ​អាមេរិកាំង​ជិត​២​រយ​លាន​នាក់​ ដែល​ជា​ប្រាក់​ឧបត្ថម្ភ​តែ​មួយ​លើក​ ជា​លើក​ដំបូង ​ទៅ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ ដូចជា​ប្រាក់​ចំណូល​ និង ​អាយុ​ពលរដ្ឋ​ត្រូវ​ទទួល​បាន។​ រដ្ឋាភិបាល​អាមេរិក​ពេល​នេះកំពុង​ឈាន​ទៅ​រក​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​លើក​ទី​២​ដែល​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ស្នើ​ឡើង ​ហើយ​មាន​សញ្ញា​យល់ព្រម​ពីក្រុម​គណបក្ស​សាធារណ​រដ្ឋ​ ជាពិសេស​សមាជិក​ព្រឹទ្ធសភា​ និង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ផង​ដែរ ​ប្រសិន​បើ​មាន​ការ​កែ​សម្រួល​លក្ខខណ្ឌ​មួយ​ចំនួន។ ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​គឺ​បន្ថែម​ពី​លើ​ប្រាក់​ដែល​ត្រូវ​ផ្តល់​ឲ្យ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​រយៈ​ពេល​៦​ខែ​ ដែល​ទទួល​បាន​៦០០ ដុល្លារ​ក្នុង ​១​ខែ​មុន​កាត់​ពន្ធ​ផ្សេងៗ។​

លោក ​យ័ប គឹមទឹង ​ខ្មែរ​អាមេរិកាំង​នៅ​ក្នុង​រដ្ឋ ​វីជីនៀ ​បាន​ថ្លែង​ថា ​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​អាមេរិកាំង​គឺ​ទៅ​តាម​កាលៈទេសៈ​ព្រោះ​គេ​ដឹង​ថា ​ពេល​នេះ​កំពុង​មាន​គ្រោះ​អាសន្ន​ធំ​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិកាំង​អត់មាន​ការងារ​ធ្វើ​ច្រើន។​

«ដើម្បី​កុំឲ្យ​មាន​បញ្ហា​ក្នុង​សង្គម​ច្រើន​គេ​ត្រូវ​តែ​រក​មធ្យោបាយ​ដោះស្រាយ ​ហើយ​មធ្យោបាយ​ដោះ​ស្រាយ​ទី១​គឺ​ឲ្យ​ថវិកា​ទៅ​ប្រជាជន​របស់​គេ​ដើម្បី​ចញ្ចឹម​ជីវិត​របស់​គេ​ក្នុង​រយ:​ប៉ុន្មាន​ខែ​ហ្នឹង​បាទ»។​

លោក​ថា​ លោកចង់​ឲ្យមាន​ការជួយ​បន្ថែម​តែ​គឺ​សម្រាប់​អ្នកណា​ដែល​គ្មាន​ការងារ​ធ្វើ ​ព្រោះ​ពេល​មុន​រដ្ឋាភិបាល​ជួយ​ទាំង​អ្នក​មាន​ការងារ​ធ្វើ​និង​អ្នក​អត់​ការងារ​ធ្វើ។​

«តាម​ខ្ញុំ​ដឹង​គេ​មិន​ចង់​ឲ្យ​ប្រជាជន​គេ​មិន​ទៅ​ធ្វើការ​ដើម្បី​កុំ​ឲ្យ​រោគ​ហ្នឹង​ឆ្លង​ទៅ​វិញ​ទៅ​មក ​តែ​លើក​ក្រោយ​នេះ​ដោយ​សារ​គេ​ដឹង​រោគ​នឹង​ឆ្លង​របៀប​យ៉ាង​ម៉េច​ទៅ ​ប្រហែល​គេ​មិន​ឲ្យ​មនុស្ស​ឈប់​ធ្វើការ​ទាំង​អស់​គ្នា​ទេ​ ព្រោះ​បើ​មិន​អ៊ីចឹង​ទេ ​វា​ស្ទះ​សេដ្ឋកិច្ច»។​

ភោជនីយដ្ឋាន​មួយ​កន្លែង ដែល​បិទទ្វារ​ដោយសារ​ការរឹតត្បិត​ដល់​សកម្មភាព​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត​កូវីដ១៩ នៅ​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ​២០២០។

នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​រដ្ឋាភិបាល​សហព័ន្ធ​និង ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​ទាំង​៥០​បាន​បញ្ជា​ឲ្យ​មាន​ការ​បិទ​កន្លែង​ជំនួញ​ សាលា​រៀន ​ភោជនីយដ្ឋាន​ ព្រះវិហារ​ វត្តអារាម ​កន្លែង​ធ្វើការ ​ឬ​ត្រូវ​ធ្វើការ​ពី​ផ្ទះ ​ ហាម​មិន​ឲ្យ​មាន​ការជួប​ប្រជុំ​ចាប់ពី​មនុស្ស​១០​នាក់​ឡើង​ទៅ​ និង​រក្សា​គម្លាត​ពី​គ្នា​បន្ថែម​ពីលើ​ការ​ពាក់ម៉ាស់ ​លាងដៃ ​អនាម័យ​ផ្សេងៗ​ទៀត។​ ពលរដ្ឋ​អាមេរិកាំង​យ៉ាង​តិច​២០​លាន​នាក់​ក្នុង​ចំណោម​ជាង​៣០០​លាន​នាក់ ​អត់​ការងារ​ធ្វើ ​ហើយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ​ក្នុង​ពេល​មាន​ការ​វាយ​ប្រហារ​ពី​វិបត្តិ​កូវីដ១៩។​

លោក ​ យ័ប គឹមទឹង ​អះអាង​ថា​ រដ្ឋាភិបាល​នឹង​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០០៨​ នៅ​ពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ផង​ដែរ ​ដែល​មាន​ការ​ពន្យារ​ពេល​ការ​ជួយ​ឧបត្ថម្ភ​ប្រាក់​សម្រាប់​ពេល​គ្មាន​ការងារ​ធ្វើ​ពី​៦ ​ខែ​ដល់​១​ឆ្នាំ ​គឺ​រហូត​ដល់​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​ឡើង​វិញ។​ លោក​បាន​បន្ថែម​ថា​អ្នក​នយោបាយ​គេចង់​យកចិត្ត​ប្រជាជន​ជួយ​ពលរដ្ឋ ​ហើយ​ចង់​ចាយ​លុយ​រដ្ឋ ​តែក៏​គេ​មាន​ការ​ប្រយ័ត្ន​ដែរ ​ដោយសារ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ បើ​សិន​ជា​ចាយ​វាយ​ហួសហេតុ ​ខ្ជះខ្ជាយ​ថវិកា​រដ្ឋ។​

«ម្ល៉ោះ​ហើយ​ពួក​អ្នក​នយោបាយ​ហ្នឹង​ត្រូវ​តែ​ប្រយ័ត្ន​ព្រោះ​ជួនកាល​ចាយ​លុយ​ឃ្លាំង​ច្រើន​ពេក​ធ្វើឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​គាំទ្រ​ ម្ល៉ោះ​ហើយ​គេត្រូវ​ប្រយ័ត្ន​ដែរ ​គេត្រូវ​រក​ល្បិច​ម៉េច​ដើម្បី​ជួយ​ប្រជាជន ​ហើយ​មិន​ឲ្យខាត​សន្លឹក​ឆ្នោត»។​

លោក ​គឹមទឹង ​បាន​អះអាង​ថា​ លោក​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​១២០០​ ដុល្លារ​ដូច​ពលរដ្ឋ​ផ្សេងៗ​ទៀត ​ហើយ​បាន​ជួយ​សម្រាល​ជីវភាព​មួយ​រយៈ ​ដោយសារ​តែ​ភរិយា​លោក​មិនសូវ​បាន​ធ្វើ​ការងារ​ក្នុង​ពេល​មាន​វីរុស​កូរ៉ូណា ​ហើយ​លោក​ត្រូវធ្វើ​ការងារ​ពី​ផ្ទះ។​

លោក ​ម៊ុយ ចំរើន ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតខ្មែរ ​ចូលនិវត្តន៍​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ទទួល​ប្រាក់​ឧបត្ថម​១២០០​ ដុល្លារ​ដែរ។ ​ លោក​ថា​ ប្រាក់​នេះ​ជួយ​សម្រួល​ខ្លះ​ដល់​ការ​បង់ពន្ធ​ និង​ចំណាយ​ផ្សេងៗ។​ លោក ​គាំទ្រ​ពេញទំហឹង​ទៅ​លើ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្នុងគ្រា​លំបាក។​

«នេះជា​ការ​ល្អ​មួយ​ដើម្បី​ជួយ​មនុស្ស​កុំឲ្យ​ច្បាំង​គ្នា ​កុំឲ្យ​អត់បាយ​ព្រោះ​លុយ​គេ​ដក​ពី​ពន្ធដារ ​ពីផ្ទះ​ពី​ឡាន​ ពី​ដី ​ពី​ស្អី​មក​វិញ​ បាន​ តែ​មនុស្ស​គេ​មិន​អាច​ធ្វើ​បាន​ ហើយ​ម្យ៉ាង​ទៀត​គឺ​គេ​ការពារ​មុខ​ជំនួញ​តូចៗ​ដូចជា​ស្ថានីយ​ប្រេង ​កន្លែង​លក់​ភីហ្សា ​(pizza)​ជាដើម ។​ ឥឡូវ​នេះ​គ្នា​មាន​ការងារ​ធ្វើ​វិញ​ហើយ»។

រូបឯកសារ៖ ក្រដាស​ប្រាក់១០០ ដុល្លាររបស់​សហរដ្ឋអាមេរិក។


លោក​ថា ​សហ​រដ្ឋ​អាមេរិក​ បាន​ចំណាយ​លុយ​៣​លាន លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង​ក្នុង​ម្នាក់​១២០០​ដុល្លារ​ នៅ​ពេល​វីរុស​កូរ៉ូណា ​បន្ថែម​លើ​ប្រាក់​ ៦០០​ដុល្លារ​ សម្រាប់​មនុស្ស​អត់​ការងារ​ធ្វើ​សម្រាប់​រយៈ​ពេល​៦​ខែ។​ លោក​ថាប្រាក់​នេះ ​មិន​មែន​ជា​រឿង​ធំ​ទេ​សម្រាប់​សហ​រដ្ឋ​អាមេរិក​ ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​លេខ​១​ តែ​សំខាន់​គឺ​ដោះស្រាយ​បាន​ទាន់​ពេលវេលា​សម្រាប់​ប្រទេស ​ហើយ​ឧបត្ថម្ភ​ដល់​ពិភពលោក​ទៀត​ ដើម្បី​កុំ​ឲ្យ​ប្រទេស​ខ្លួន​និង​ពិភពលោក​ធ្លាក់​ចូល​ក្នុង​ភាព​ជ្រួលច្របល់​ខ្លាំង​ដោយ​ជំងឺ​កូវីដ១៩។​

«ប្រទេស​ធំ​មួយ​ជា​អ្នក​ដឹកនាំ​ប្រទេស​ ហើយ​សេដ្ឋកិច្ច​លេខ​១​ក្នុង​ពិភព​លោក​ គេគ្រោង​ការ​រឿង​នេះ​មិន​មែន​ម្សិលមិញ​ទេ។ ​គេ​គ្រោង​ការ​យូរ​ហើយ»។​

លោក​រៀប​រាប់​ត្រួសៗ​ថា​ ​សហ​រដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​សេដ្ឋកិច្ច​ជា​ច្រើន​រាប់​បញ្ចូល​ទាំង​ការ​បញ្ចុះ​តម្លៃ​ការ​ប្រាក់​ទាប ​ផ្តល់​ប្រាក់​ដល់​ពលរដ្ឋ ​អនុគ្រោះ​ពន្ធ ​និង​បញ្ចុះ​តម្លៃ​សាំង​ឬ​ទំនិញ​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច ​និង​ដល់​ពលរដ្ឋ​ ដូច​ដែល​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ ​ផង​ដែរ។​

លោក ​ជា មាស ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត​មកពី​ទីក្រុង​ហ្វីឡាឌែលហ្វីយ៉ា ​រដ្ឋ ​ភេនស៊ីលវីនៀ ​បាន​អះអាង​ថា ​លោក​មាន​ការ​ពេញ​ចិត្ត​ពី​របៀប​ធ្វើការ​ងារ​របស់​រដ្ឋាភិបាល​អាមេរិក ​និង​អ្នក​នយោបាយ​ដែល​គិត​គូរ​ពី​សុខទុក្ខ​ពលរដ្ឋ ​បន្ថែម​ពី​លើការ​គាំទ្រ​ដល់ការ​អនុម័ត​លើ​ថវិកា​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​អ្នក​ត្រូវការ​ចាំបាច់​ក្នុង​ពេល​កូវីដ១៩​នេះ។​

«ចំពោះ​មតិ​ខ្ញុំ ​ ខ្ញុំ​ថា​ ត្រូវ​តែ​អនុម័ត​ ឬ​ approve ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ចាំ​បាច់​ក្នុង​ការ​ផ្គត់ផ្គង់​ផ្ទះ​សម្បែង ​ថ្នាំពេទ្យ ។​អ្នក​ខ្លះ​ត្រូវការ​ទិញ​ថ្នាំ​អី​ អត់​មាន​លុយ​មិន​ដឹង​ទៅ​រក​អី​ពីព្រោះ​អត់​ការងារ។អ៊ីចឹង​ត្រូវការ​លុយ​ហ្នឹង​ហើយ​ដើម្បី​ជួយ​គាត់​រស់​មួយ​គ្រា​រហូត​ដល់​មាន​ដំណើរការ​សេដ្ឋកិច្ច​ដើរ​ឡើង​មក​ប្រក្រតី​វិញ»។​

លោក​ថា​លោក​គាំទ្រ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​សម្រាប់​ការ​ស្នើ​ឲ្យ​មាន​ការ​បន្ត​ឧបត្ថម្ភ​លើក​ទី២​ទៀត​ ហើយ​ក៏​គាំទ្រ​គោល​នយោបាយ​របស់​លោក ​ត្រាំ​ក្នុង​ការ​ផ្តល់​ថវិកា​និង ​គិត​គូរ​ពី​សុខទុក្ខ​ពលរដ្ឋ​ដែរ។​

«ប៉ុន្តែ​បើ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្តែង​ ខ្ញុំ​យល់​ស្រប​តាម​ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​គាត់​ដឹក​នាំ​ការងារ​បច្ចុប្បន្ន​ ការពារ​ផ្នែក​សុខាភិបាល ​ការពារ​ពី​រឿង​បញ្ហា​ផលិត​ផល​នាំចូល​ពីក្រៅ ​ត្រូវ​បង្កើត​ផលិត​ផល​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ការងារ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ ហើយ​បើ​គោល​នយោបាយ​ការងារ​ខ្ញុំ​ហាក់​បីដូច​ជា​យល់​ស្រប​ជាមួយ​លោក​ប្រធានាធិបតី​បច្ចុប្បន្ន​គឺ​លោក​ ដូណាល់​ ត្រាំ​ជាង»។​

លោក​ថា​ លោក​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​១២០០ ​ដុល្លារ​ពី​រដ្ឋាភិបាល​ដែរ ​ដែល​ប្រាក់​នេះ​បាន​ជួយ​ដល់​លំនឹង​ប្រាក់​ចំណូល​ ទ្រទ្រង់​គ្រួសារ ​នៅពេល​មាន​ការ​រាតត្បាត​នៃ​កូវីដ១៩ ​ហើយ​ភរិយា​លោក​មិន​បាន​ធ្វើការ ​ហើយ​លោក​ធ្វើ​ការងារ​ពី​ផ្ទះ​ជា​មន្រ្តី​ខាង​សុខុមាលភាព​សង្គម។​

របាយ​ការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ការងារ​សហ​រដ្ឋ​អារិក​បាន​បញ្ជាក់​ថា​ការងារ​ចំនួន ​៤​លាន​៨​សែន ​ត្រូវ​បន្ថែម​ក្នុង​ទីផ្សារ​ការងារ​ឡើង​វិញ​នៅខែ​មិថុនា​នេះ​ ក្រោយ​ពេល​ ដែល​ពលរដ្ឋ​ជាង​២០​ លាន​នាក់​បាន​បាត់បង់​ការងារ​ចាប់ពី​ខែមេសា​មក ​ក្រោយពី​រដ្ឋាភិបាល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ហើយ​បិទ​ដំណើរ​ការ​សេដ្ឋកិច្ច ​ចំ​ពេល​ដែល​វីរុស​កូរ៉ូណា​វាយ​លុក​ខ្លាំង​នៅ​សហ​រដ្ឋ​អាមេរិក។

រហូត​មក​ទល់​ថ្ងៃសុក្រ​ ដើម​ខែ​កក្កដា ​សហរដ្ឋ​អាមេរិក ​មាន​ចំនួន​មនុស្ស​ជិត​២ សែន ៧​ម៉ឺននាក់ ​បាន​ឆ្លង​វីរុស​នេះ​ និង​ចំនួន​មនុស្ស​ស្លាប់​ជិត​ ១​សែន ​៣​ម៉ឺន​នាក់។ ​ដោយ​ឡែក​ក្នុង​ពិភពលោក​ចំនួន​មនុស្ស​ជិត​១១ ​លាន​នាក់ ​បាន​ឆ្លងវីរុស​នេះ​ និង​មនុស្ស​ជាង​៥​សែន ​២​ម៉ឺន​នាក់​ បាន​ស្លាប់​ដោយសារ​វីរុស​កូវីដ១៩​ ដែល​បាន​កើត​ឡើង​ដំបូង​ក្នុងទីក្រុង​វូហាន ​ប្រទេស​ចិន​ ហើយ​បាន​រីករាល​ដាលពាស​ពេញ​ពិភពលោក៕​