ខ្មែរ​អាមេរិកាំង​តវ៉ា​នៅ​អ.ស.ប.​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក​ហ៊ុន សែន

Your browser doesn’t support HTML5

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បានធ្វើ​បាតុកម្ម​ពេល​លោក​ហ៊ុន មកអ.ស.ប.

ពលរដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​និង​នៅ​ប្រទេស​​កាណាដា​ជាច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅមុខ​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃសៅរ៍​ប្រឆាំង​នឹង​ការ​ដឹកនាំ​ជាង​៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នានា​ក្នុង​ប្រទេស​កម្ពុជា។​​

ពលរដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​និង​នៅ​ប្រទេសកាណាដា​ជាច្រើន​រយ​នាក់​បាន​ធ្វើ​បាតុកម្ម​នៅមុខ​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃសៅរ៍​ប្រឆាំង​នឹង​ការ​ដឹកនាំ​ជាង​៣០​ឆ្នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នានា​ក្នុង​ប្រទេស​កម្ពុជា។

បាតុករ​បាន​លើក​បដារ​ជា​ភាសា​អង់គ្លេស​ និង​ខ្មែរ​ដែល​ខ្លះ​សរសេរ​ដោយ​ដៃ​និងបដារ​ខ្លះ​បោះ​ពុម្ព​យ៉ាង​ត្រឹមត្រូវ​បង្ហាញ​ពី​ខ្លឹមសារ​យ៉ាង​ច្បាស់ៗ​ថា​ «ហ៊ុន សែន​ចុះ​ចេញ​ទៅ»​ «ហ៊ុន សែន​ជា​ឧក្រិដ្ឋជន»​ «ឈប់​ដណ្តើម​យកដី​របស់​ប្រជា​ពលរដ្ឋ» ហើយ​ក៏​មាន​បដារ​ខ្លះ​សរសេរ​ថា​ «នាំខ្លួន​ហ៊ុន សែន​ទៅ​កាន់​តុលាការ​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​ខ្លួន​បាន​ប្រព្រឹត្ត​លើ​ជន​ជាតិ​ឯង»។​

លោក​សូ សុខុម​បាតុករ​ម្នាក់​ដែល​មក​ពី​រដ្ឋ​ Virginia ​បាន​ថ្លែង​ថា៖​

«បងប្អូន​យើង​មក​ថ្ងៃ​នេះ​គឺ​មក​រួមគ្នា​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​លោក​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​យក​ដី​ខ្មែរ​បម្រើ​កុម្មុយនិស្ត ​បម្រើ​ប្រទេស​ដទៃ​ ហេតុនេះ​យើង​ទាំងអស់​គ្នា​សុំ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ ជា​ពិសេស​អ.ស.ប.​ សូម​ឱ្យ​ជួយ​ខ្មែរ​យើង»។​

Your browser doesn’t support HTML5

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បានធ្វើ​បាតុកម្ម​ពេល​លោក​ហ៊ុន មកអ.ស.ប.

លោក​សិទ្ធ ​បារ៉ាដូ ​មក​តាំង​ពី​ប្រទេស​កាណាដា​ គឺ​ដើម្បី​ជំរុញ​ឱ្យ​សំណុំ​រឿង​ដែល​ពលរដ្ឋ​បាន​ប្តឹង​ទៅ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ប្រឆាំង​នឹង​ការ​រឹបអូស​យក​ដីធ្លី​ ប្រជា​ពលរដ្ឋ​ដោយ​បង្ខំនោះ​ ​អាច​ដំណើរ​ការ​បាន​ទៅ​មុខ​ឆាប់ៗ៖​

«ពួក​យើង​មក​នេះ​ចង់​ជំរុញ​ឱ្យ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ស៊ើប​អង្កេត​ជា​បឋម​នូវ​ករណី​លោក​ហ៊ុន សែន​ដែល​មាន​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស»។​

បាកម្ម​នេះ​ធ្វើឡើង​ស្រប​គ្នា​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ កំពុង​ឡើង​ថ្លែង​សុន្ទរក​ថា​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​ ស្តីពី​ការ​អនុម័ត​របៀប​វារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​២០១៥។​

នៅ​ក្នុង​សុន្ទរថា​នោះ​លោក​បាន​ថ្លែង​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​កើន​ឡើង​ថេរ​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ៖​

«ខ្ញុំ​រីករាយ​និង​ជម្រាប​ជូន​អង្គ​ប្រជុំ​ថា​ ក្នុង​រយៈ​ពេលពីរ​ទស​វត្សរ៍​កន្លង​មក​នេះ​ កម្ពុជា​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រែប្រួល​គួរ​ជាទី​មោទនៈ ​ពិសេស​ ការ​រក្សា​បាន​សន្តិភាព​ពេញ​លេញ ​ស្ថិរភាព​នយោបាយ​រឹងមាំ​ សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ល្អ​ ប្រសើរ​ព្រម​ទាំង​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​ជា​មធ្យម​ក្នុង​អត្រា​៧,៧​ភាគ​រយ ​ក្នុង​មួយ​ឆ្នាំ។​ លើ​មូលដ្ឋាន​នេះ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​យ៉ាង​លឿន ​គឺ​ពី​ជាង​៥៣​ភាគ​រយ​នៅ​ឆ្នាំ​២០០៤​ មក​នៅ​ត្រឹម​១៦​ភាគ​រយ​នៅ​ត្រឹម​ឆ្នាំ​២០១៣ ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​លើ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​នៅ​លើ​សង្គម​សេដ្ឋ​កិច្ច​មួយ​ចំនួន​ទៀត​ មុន​ពេល​កំណត់​ឆ្នាំ​២០១៥»។​

ប៉ុន្តែ​លោកស្រី​សយ រាស៊ី ​បាតុករ​មកពី​រដ្ឋ​ម៉ារីឡែន ​មិន​យល់​ស្រប​ទេ៖​

«ខ្ញុំ​គិត​ថា​ ជោគជ័យ​ហ្នឹង​មាន​ខ្លះ​ដែរ​គឺ​តាម​រយៈ​ភ្នែក​របស់​លោក​ហ៊ុន សែន​ ហើយ​នឹង​ភ្នែក​របស់​អ្នកមាន​ និង​ភ្នែក​របស់​ឧកញ៉ា​ទាំងឡាយ​ ប៉ុន្តែ​ តាម​ភ្នែក​របស់​ប្រជា​ពលរដ្ឋ​វិញ​គឺ​វេទនា​ណាស់។​ ពួក​ខ្ញុំ​មក​នេះ​ ព្រោះ​ខ្ញុំ​នឹក​ឃើញ​កាលពី​ខ្ញុំនៅ​សម័យ​ខ្មែរក្រហម ​ពួក​ខ្ញុំ​តែងតែ​សំឡឹង​មើល​មេឃ​ ហើយ​ពឹង​ឱ្យ​ពិភព​លោក ​ដូចជា​អ.ស.ប.​ចុះ​ទៅ​ជួយ​ពួក​ខ្ញុំ​ ហើយ​ឥឡូវ​នេះ​ខ្ញុំ​គិត​ថា​ បងប្អូន​នៅ​ស្រុកខ្មែរ​ក៏​កំពុង​ងើយ​មក​លើ​ដើម្បី​ឱ្យ​ពួក​យើង​អ្នក​ខាង​ក្រៅ​ហ្នឹង​ដែល​ នៅ​ជិត​អ.ស.ប.​ហ្នឹង​ ជួយ​ដែរ»។​

លោកស្រី​ក៏​បាន​សុំ​ឱ្យ​ដោះលែង​សកម្ម​ជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាង​១០​នាក់​ផង​ដែរ៖​

«ហើយ​សុំ​ឱ្យ​គាត់​ដោះលែង​អ្នកត្រូវ​ជាប់​ឃុំ​ទាំង​ប៉ុន្មាន​ ដែល​ ជា​អ្នក​ទោស​នយោបាយ​ហ្នឹង​ ឱ្យ​គាត់ ​កុំ​យក​តុលាការ​មក​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ដឹកនាំ​ប្រទេស​ត​ទៅ​ទៀត។ ​សុំ​ឱ្យ​តុលាការ​មាន​យុត្តិធម៌។ ​សុំ​ឱ្យ​ឈប់​កាប់ព្រៃ​ឈើ​ ហើយ​ឈប់​ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ដីធ្លី ​ហើយ​សុំ​ឱ្យ​ផ្តល់​យុត្តិធម៌​ឱ្យ​ប្រជា​ពលរដ្ឋ។​ ហើយ​បោះឆ្នោត​លើក​ក្រោយ​កុំ​លួច​ទៀត»។​

ការ​តវ៉ា​នេះ​កើត​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ក្រោយពី​មាន​ពលរដ្ឋ​ខ្មែរ​ ដែល​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ជាង​២០០​នាក់​បាន​មក​ជួប​ស្តាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពន្យល់​អំពី​ការ​អភិវឌ្ឍ។​

លោក​ជុំ ប៊ុនរ៉ុង​ ឯក​អគ្គ​រាជទូត​ខ្មែរប្រចាំ​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​ប្រាប់​ VOA ​ថា​ ការ​ប្រឆាំង​និង​ការ​គាំទ្រ​ជា​សិទ្ធិ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​មាន៖​

«ខ្ញុំ​គិត​ថា​ រឿង​បាតុកម្ម​វា​ជា​ប្រពៃណី​មួយ​ទៅ​ហើយ​ ហើយ​នៅ​អាមេរិក​គឺ​ជា​ប្រទេស​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ​ដូច្នេះ​ការ​ធ្វើ​បាតុកម្ម​គឺ​ជា​ការ​ធម្មតា​ ប៉ុន្តែ​តាម​ខ្ញុំ​មើល​ទំហំ​នៃ​ការ​ធ្វើ​ វា​មិនធំ​ដូច​មុនៗ​ទេ​ ចេះតែ​តូច​ទៅៗ​ ដោយ​សារថា​ បង​ប្អូន​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​លោក​យល់​អំពី​បញ្ហា​ប្រទេស​ជាតិ​បាន​ច្រើន​ណាស់ ​ធ្វើ​ឱ្យ​ការ​ប្រឆាំង​ថយ​ចុះ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​បាតុករ​ក៏​បាន​ស្នើ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ ​ជួយ​ធានា​ថា​ ការ​បោះឆ្នោត​ ឆ្នាំ​២០១៨​ខាងមុខ​ប្រព្រឹត្ត​ឡើង​ដោយ​យុត្តិធម៌​ហើយ​ បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ត្រូវ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

លោក​ជុំ ប៊ុនរ៉ុង​យល់​ថា​ នោះ​គឺ​ជា​ការ​ត្រឹមត្រូវ​ ហើយ​លោក​បន្ថែម​ថា​ អ្នក​ចាញ់​មិនត្រូវ​មាន​ទម្លាប់​តវ៉ា​ ចោទ​ប្រកាន់​ថា​ មានការ​រៀបចំ​មិនត្រឹម​ត្រូវ​នោះទេ​ បើ​អន្តរ​ជាតិយល់​ថា​ត្រឹមត្រូវ៖​

«រឿង​នេះ​គឺ​ថា​ ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​បោះឆ្នោត។ ប្រសិន​បើ​គណបក្ស​ណា​ឈ្នះ ​គណបក្ស​នោះ​គាត់​នឹង​កាន់​អំណាច​ហើយ។​នេះ​ជា​ជោគជ័យ​របស់​គណបក្ស​នោះ​តាម​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ការ​ផ្ទេរ​អំណាច​ក៏​អាស្រ័យ​ទៅលើ​រដ្ឋ​សភា​ ទៅ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​ មិនមែន​ថា ​អ្នក​ណា​ឈ្នះ​ទៅ ​អ្នក​ចាញ់​មិន​សុខ​ចិត្ត​ ក្រាញ​ននៀល។​ នេះ​វា​ជា​រឿង​មួយ​សោក​ស្តាយ​ដែរ។​ វា​មិន​អាច​កើត​មាន​ទេ»។​

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ ដែល​ជា​ការ​បោះឆ្នោត​មួយ​អាច​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង៕