ការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានល្បឿនកើនឡើងថេរ ស្ថិរភាពនយោបាយ ការចោទប្រកាន់ថាគណបក្សប្រឆាំងលួចកេងចំណេញនយោបាយហួសហេតុ និងសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុក ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងកាលពីថ្ងៃព្រហស្បតិ៍ប្រាប់ដល់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ VOA ក្រោយពីជំនួបរយៈពេលពីរម៉ោងនោះថា លោកហ៊ុន សែន ក៏បានលើកបញ្ហាផែនទីដែលមានរឿងចម្រូងចម្រាសកន្លងមក ដែលបានបញ្ចប់ទៅដោយប្រទេសបារាំង និងអ.ស.ប. ផ្តល់យុត្តិធម៌ដល់រដ្ឋាភិបាល៖
«លោកបានជម្រាបជូនប្រជាពលរដ្ឋយើងឱ្យបានដឹងថា ក្រោយពីមានការចោទប្រកាន់មកគឺសព្វថ្ងៃនេះអ្នក ដែលយល់ខុសគ្មានហេតុផលអ្វីត្រូវនិយាយទៀតទេ គឺថាគាត់មិនអាចបោកបញ្ឆោត បំភ័ន្តមតិបងប្អូនប្រជាពលរដ្ឋយើងនៅសហរដ្ឋអាមេរិកក៏ដូចជាមតិជាតិ និងអន្តរជាតិដែលមិនមានអ្វីដែលគាត់អាចលើកបានទេ។ នេះគឺជាប្រសាសន៍ដែលលោកបានលើកឡើងដើម្បីឱ្យប្រជាពលរដ្ឋយើងបានយល់»។
ជំនួបដ៏កម្រដែលមានទ្រង់ទ្រាយធំរបស់លោក ហ៊ុន សែន បានទាក់ទាញឱ្យមានអ្នកចូលរួមស្តាប់ជាង២០០នាក់ ដែលមកពីសហរដ្ឋអាមេរិក កាណាដា និងតំណាងមកពីប្រទេសមួយចំនួននៅអ៊ឺរ៉ុប។
ក្នុងពេលកន្លងមកគណបក្សនយោបាយមួយចំនួនបានលើកឡើងពីបញ្ហាសុំឱ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមានសិទ្ធិចូលរួមបោះឆ្នោតរបស់ប្រទេសកម្ពុជា។
លោក អ៊ូ សុវណ្ណ កុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅទីក្រុងឡូវ៉ែល បានបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីក៏បានគិតគូរពីបញ្ហានេះដែរ៖
«សម្តេចលោកបានលើកពីបញ្ហាបច្ចេកទេសគឺថា បើសិនជាបោះឆ្នោតនៅឯក្រៅប្រទេសហ្នឹង គឺតើសំឡេងឆ្នោតហ្នឹងទៅបូកនឹងមណ្ឌលណាពីក្រៅប្រទេសហ្នឹង។ នេះទីមួយហើយទីពីរទៀត លោកថា នៅសហរដ្ឋអាមេរិកនេះគឺគណបក្សប្រឆាំងពេលបោះឆ្នោតនៅស្រុកខ្មែរផងគេថាបន្លំសន្លឹកឆ្នោត ចុះទម្រាំនៅអាមេរិកនេះមិនដឹងគេចោទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងម៉េចទេ»។
ជំនួបដែលមានលក្ខណៈឯកជននេះមិនបានអនុញ្ញាតឱ្យអ្នកចូលរួមស្តាប់បានសួរសំណួរនោះទេ។
អ្នកស្រី មិន តុលា ពលរដ្ឋខ្មែរអាមេរិកាំងដែលមកពីរដ្ឋNew Jersey បានបញ្ជាក់ថាអ្នកស្រីសប្បាយចិត្តដែលបានមកស្តាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
«ចា៎ស សប្បាយចិត្ត រំភើបដែលបានមកនិយាយពីស្រុកយើង ម្យ៉ាងមានសន្តិភាព ហើយដូចជាប្លែកពីមុនច្រើន។ សេដ្ឋកិច្ចផលិតផលអ្វីក៏ច្រើនជាងមុនដែរ។
លោក ស្ទីវ ម៉េង មកពីរដ្ឋកាលីហ្វញ៉ា បានសម្តែងការយល់ស្របខ្លះ និងមិនយល់ស្របខ្លះចំពោះអ្វីដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង៖
«ចំណុចមួយដែលខ្ញុំចាប់អារម្មណ៍គឺការសម្របសម្រួលខ្មែរយើងមិនថាគណបក្សណាជាគណបក្សណាទេ ព្រោះខ្ញុំអត់មានគណបក្សទេ មិនថាមួយណាជាមួយណាទេ ប៉ុន្តែចង់សម្របសម្រួលបងប្អូនខ្មែរយើងឱ្យធ្វើការជាមួយគ្នាទោះយ៉ាងណាក៏ដោយព្រោះខ្មែរយើងមានតិចណាស់»។
ហើយអ្វីដែលលោកមិនយល់ស្របគឺ៖ «កិច្ចការមិនយល់ស្របហ្នឹងគឺជម្លោះទាស់ទែងគ្នាធ្វើឱ្យបងប្អូនខ្មែរយើងគាត់បែកបាក់មិនថាគណបក្សណាទេ»។
លោក កែវ ដារិច ពលរដ្ឋខ្មែរអាមេរិកាំងដែលមកពីបូរីញ៉ូយ៉កបានអះអាងថា លោកមិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជាទេ។ ហើយនេះគឺជាការចង់ដឹងពីមាតុភូមិរបស់លោក៖ «នេះគឺជាលើកដំបូងរបស់ខ្ញុំហើយ។ ណាមួយខ្ញុំអត់បានតាមដាននូវបញ្ហាពីប្រទេសខ្មែរយើង ហើយជាលើកដំបូងដែលថា ខ្ញុំមានអារម្មណ៍ថាដូចជាអត់ទាន់យល់។ អត់ទាន់យល់ ព្រោះខ្ញុំដូចជាបានស្តាប់ព័ត៌មានខ្មែរទេ»។
លោក ដារិច ដែលនៅសហរដ្ឋអាមេរិក៣៦ឆ្នាំ ហើយនៅមិនទាន់ដាច់ស្រេច និងជឿទាំងស្រុងនូវអ្វីដែលលោកទើបបានស្តាប់នៅឡើយ៖
«បើសិនណាដូចអ្វីដែលគាត់លើកឡើងហ្នឹង។ វាជារឿងល្អសម្រាប់ខ្មែរណាស់ ដែលយើងរួបរួមគ្នាដែលយើងមិនប្រកាន់គ្នា។ នេះជាការយល់ដឹងរបស់ខ្ញុំ ដែលខ្ញុំទទួលបានប៉ុណ្ណឹង»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញគន្លឹះមួយចំនួន ដែលពលរដ្ឋខ្មែរអាចយកទៅជួយប្រទេសកំណើតវិញ ដោយរួមទាំងសុំឱ្យពួកគេមានជំនាញភាសាអង់គ្លេសឱ្យបានច្បាស់លាស់។
លោក អ៊ូ សុវណ្ណ កុងស៊ុលកិត្តិយស បានបន្ថែមថា លោកនាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៌ដល់អ្នកចូលរួមស្តាប់ទាក់ទិននឹងការបោះឆ្នោតនៅប្រទេស ដែលពួកគេកំពុងរស់នៅ៖
«សម្តេចគាត់បានស្នើឱ្យធ្វើយ៉ាងណាៗ។ គាត់មិនថាទេ ប៉ុន្តែគ្រាន់តែថាធ្វើយ៉ាងណាឱ្យគោរពច្បាប់នៃប្រទេសគេ។ ដូច្នេះបានន័យថា សម្តេចលោកបានផ្តល់អនុសាសន៍ឱ្យបងប្អូនហើយ។ បើសិនជាបងប្អូនយើង គាត់ចូលនិវត្តន៍ ហើយគាត់អាចទៅរស់នៅប្រទេសខ្មែរវិញ»។
សម្តេចលោកថា មានបងប្អូនខ្មែរយើងជាច្រើនក្រុមគ្រួសារដែលបានវិលត្រឡប់ទៅរស់នៅមាតុភូមិវិញក្រោយពីបានចូលនិវត្តន៌»។
ទន្ទឹមនឹងការជួបជុំជាមួយអ្នកគាំទ្រនេះ មានពលរដ្ឋខ្មែរអាមេរិកាំងមួយក្រុមទៀតក៏នឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ ដើម្បីទាមទារយុត្តិធម៌ដល់ជនរងគ្រោះនៅកម្ពុជាផងដែរ៕