បុគ្គល​និង​អង្គការ​ខ្មែរ​អាមេរិកាំង​ទទួល​ពាន​រង្វាន់​ការងារ​ជួយ​សង្គម​ពី​អង្គការ​នៅ​អាមេរិក

អ្នកស្រី Lian Cheun តំណាង​ឲ្យ​អង្គការ Khmer Girls in Action ប្រចាំ​នៅ​ទីក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វរញ៉ា ឡើង​​ទទួល​​ពានរង្វាន់​អ្នក​បង្កើត​ចលនា​ផ្លាស់ប្តូរ ពី​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)

លោក Many Uch ទទួល​បាន​ពានរង្វាន់​បុគ្គល​ផ្លាស់ប្ដូរ​សង្គម (Individual Changmaker) អង្គការ Khmer Girls in Action ទទួល​បាន​ពានរង្វាន់​អ្នក​បង្កើត​ចលនា​ផ្លាស់ប្តូរ​ (Transformative Movement Builder) និង​យុទ្ធនាការ ReleaseMN8 ទទួល​បាន​ពានរង្វាន់​យុទ្ធនាការ​ប្រចាំ​ឆ្នាំ (Campaign of the Year) ពី​អង្គការ SEARAC។

បុគ្គល​និង​អង្គការ​ខ្មែរ​អាមេរិកាំង​ចំនួន​បី​ក្នុង​ចំណោម​អង្គការ​អាស៊ី​អាមេរិកាំង​ចំនួន​៦ ត្រូវ​បាន​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ Southeast Asia Resource Action Center (SEARAC) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ប្រគល់​ពាន​រង្វាន់​ដល់​ពួកគេ​សម្រាប់​ស្នាដៃ​ការងារ​ជួយ​ដល់​សង្គម​នៅ​ក្នុង​សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា កន្លង​ទៅ​នេះ។

​នៅ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដែល​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​នៅ​ឯ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ភ្ញៀវ​ប្រមាណ ២០០​នាក់ ​ដែល​ភាគច្រើន​ជា​សមាជិក​សហគមន៍​អាស៊ី​អាមេរិកាំង បាន​ចូលរួម​អបអរ​សាទរ​ដល់​ជ័យលាភី​ខ្មែរ​អាមេរិកាំង​ទាំង​បី ដែល​មាន​លោក Many Uch ទទួល​បាន​ពានរង្វាន់​បុគ្គល​ផ្លាស់ប្ដូរ​សង្គម (Individual Changmaker) អង្គការ Khmer Girls in Action ទទួល​បាន​ពានរង្វាន់​អ្នក​បង្កើត​ចលនា​ផ្លាស់ប្តូរ​ (Transformative Movement Builder) និង​យុទ្ធនាការ ReleaseMN8 ទទួល​បាន​ពានរង្វាន់​យុទ្ធនាការ​ប្រចាំ​ឆ្នាំ (Campaign of the Year)។​

​នៅ​មុន​ពេល​ពិធី​ប្រគល់​ពានរង្វាន់​ចាប់​ផ្តើម លោក Many បាន​ថ្លែង​ប្រាប់ VOA ដោយ​ទឹក​មុខ​រំភើប​រីករាយ​ថា នៅ​ពេល​ដែល​លោក​បង្កើត​ក្រុម​ការងារ​មួយ​ដែល​មាន​ឈ្មោះ​ថា FIGHT (Formerly Incarcerated Group Healing Together) កាល​ពី​ឆ្នាំ​២០១៥ លោក​មិន​ដែល​គិត​នោះ​ទេ​ថា ពីរ​ឆ្នាំ​ក្រោយ​មក​ស្នាដៃ​ការងារ​ជួយ​ដល់​សហគមន៍​របស់​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ដូច្នេះ​។

លោក​បាន​ថ្លែង​ថា «ខ្ញុំ​មិន​ទន្ទឹង​រង់ចាំ​រង្វាន់​ឬ​អ្វី​មួយ​សម្រាប់​ការងារ​របស់​ខ្ញុំ​នោះ​ទេ។ យើង​ធ្វើ​វា​ដោយសារ​ទឹក​ចិត្ត​និង​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ចង់​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយ​ជា​កន្លែង​មួយ​ដែល​ល្អ​ប្រសើរ​ជាង​មុន»។

លោក Many គឺ​ជា​សហ​ស្ថាបនិកម្នាក់​ក្នុង​ចំណោម​សហស្ថាបនិក​២​នាក់​ទៀត​នៃ​អង្គការ​ FIGHT ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៥ ​ដើម្បី​ជួយ​ផ្តល់​ជា​ការ​គាំទ្រ​និង​ធនធាន​សម្រាប់​សិក្សា​ដល់​សមាជិក​សហគមន៍​អាស៊ី​អាមេរិកាំង​ដែល​ជាប់​ពន្ធនាគារ​នៅ​ក្នុង​រដ្ឋ វ៉ាស៊ីនតោន។

លោក Many Uch (កណ្តាល) ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ឡើង​ទទួល​ពានរង្វាន់​បុគ្គល​ផ្លាស់ប្ដូរ​សង្គម​ពី​អ្នក​តំណាង​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

លោក Many ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​៣ឆ្នាំ​ ចាប់​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​១៩៩៧ ចំពោះ​បទល្មើស​បើក​រថយន្ត​រត់គេច​ខ្លួន​ក្រោយ​ពី​ប្លន់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ក្រោយ​ពី​ចេញ​ពី​ពន្ធនាគារ​នៅ​ឆ្នាំ​១៩៩៧ លោក​ត្រូវ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​អន្តោប្រវេសន៍​អស់​រយៈពេល​២​ឆ្នាំ​ទៀត និង​ត្រូវ​រង​ការ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​អាមេរិក​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​១៩៩៦។ នៅ​ក្នុង​ពន្ធនាគារ លោក Many ចាប់​ផ្តើម​អាន​សៀវភៅ ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ព្រហ្មទណ្ឌ និង​រៀន​អាន​និង​និយាយ​ភាសាខ្មែរ។ បន្ទាប់​ពី​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព លោក​បាន​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​និង​ជួយ​ដល់​សង្គម​ជាច្រើន រហូត​ដល់ឆ្នាំ​២០១០ អភិបាល​រដ្ឋ វ៉ាស៊ីនតោន ក៏​បាន​ផ្តល់ការ​លើកលែងទោស​ដល់​លោក​។ ​តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក​ Many ខិតខំប្រឹងប្រែង​ជួយ​ដល់​អ្នក​ជាប់​ពន្ធនាគារ​អាស៊ី​អាមេរិកាំង​ដទៃទៀត​ដែល​កំពុង​ត្រូវ​ការ​ការ​គាំទ្រ​និង​លើក​ទឹកចិត្ត​ពី​សហគមន៍​របស់​ខ្លួន។ លោក​បាន​មាន​ប្រសាសន៍​ថា «អ្វី​ដែល​ប្រព័ន្ធ​ផ្តល់​ឲ្យ​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ។ ប្រព័ន្ធ​នោះ​គឺ​គ្រាន់​តែ​ដើម្បី​ដាក់​ទោស​អ្នក​និង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​អាក្រក់​ជាង​មុន​ប៉ុណ្ណោះ។ អ្នក​មិនបាន​រៀនអ្វី​ទាំងអស់ ហើយ​អ្នក​ក៏​មិន​អាច​ល្អ​ប្រសើរ​ជាង​មុន​បាន​ដែរ»។

លោក Many ក៏​បាន​លើកឡើង​ទៀត​ថា ការ​គាំទ្រ​ពី​សហគមន៍​ដូចជា​ជា​ការ​រៀបចំ​ជា​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល ផ្តល់​ជា​សៀវភៅ និង​ធនធាន​ចាំបាច់​នានា ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយដល់​អ្នក​ជាប់​ពន្ធនាគារ​ទាំង​នោះ​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​បុគ្គល​ដ៏​ល្អក្នុង​សង្គម ក្រោយ​ពី​ពួកគេ​ចេញ​ពី​ពន្ធនាគារ​វិញ។

លោក​បាន​និយាយ​ថា «ប្រសិន​បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ ពួកគេ​នឹង​ចេញ​មក​វិញ​ជា​មនុស្ស​ដដែល។ ដូច្នេះ​នេះ​គឺ​ជា​ឱកាស​របស់​អ្នក​ក្នុង​ការ​ជួយ​ដល់​ពួកគេ​ ខណៈ​ដែល​ពួកគេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ»។

លោក Sophal Ear ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ SEARAC បាន​ថ្លែង​ប្រាប់ VOA ក្រោយ​ពី​ពិធី​ប្រគល់​រង្វាន់​នោះ​បាន​បញ្ចប់​ថា ការងារ​របស់​សហគមន៍​ខ្មែរ​អាមេរិកាំង​ដែល​ជា​ជ័យលាភី​ទាំងបី​នោះ គឺ​អស្ចារ្យ​ណាស់ ហើយ​លោក​មាន​មោទនភាព​ណាស់​ដែល​ស្នាដៃ​ការងារ​របស់​ពួកគេ​ត្រូវ​បាន​អង្គការ SEARAC ទទួល​ស្គាល់។

លោក​បាន​និយាយ​ថា «ការងារ​របស់​ពួកគេ​ក្នុង​នាម​ជា​មេដឹកនាំ​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ​មិន​ទទួល​បាន​ប្រាក់​ច្រើន​ទេ ហើយ​អ្នក​ខ្លះ​គឺ​ជា​អ្នក​ស្ម័គ្រចិត្ត ដូច្នេះ​រឿង​តែ​មួយ​គត់​ដែល​យើង​អាច​ផ្តល់​ដល់​ពួកគេ​បាន​គឺ​ទទួល​ស្គាល់​ស្នាដៃ​ការងារ​ដ៏​លំបាក​របស់​ពួកគេ»។

លោក Many Uch និង​អ្នកស្រី Montha Chum ថតរូប​ជាមួយ​នឹង​ពានរង្វាន់​ដែល​ខ្លួន​ទទួល​បាន​ពី​អង្គការ SEARAC នៅ​ឯ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៧។ (ហុង ចិន្តា/VOA)

ចំណែក​ឯ​អង្គការ Khmer Girls in Action ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វ័រញ៉ា ដែល​ជា​ជ័យលាភី​មួយ​ទៀត​ពី​អង្គការ SEARAC នោះ បាន​ធ្វើ​កិច្ចការងារ​ជាច្រើន​ដើម្បី​ជួយ​ដល់​ជនជាតិ​ភាគតិច​នៅ​ក្នុង​សហរដ្ឋអាមេរិក ជាពិសេស ជួយ​ដល់​ស្ត្រី​និង​ក្មេងស្រី​ដែល​មាន​ដើម​កំណើត​ខ្មែរ។ អង្គការ​ដែល​មាន​អាយុកាល​២០​ឆ្នាំ​នេះ ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​យេនឌ័រ បង្កើត​វគ្គ​បណ្តុះបណ្តាល​ ផ្តល់​អំណាច​ដល់​ស្ត្រី និង​លើក​ទឹកចិត្ត​ពួកគេ​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ​ផងដែរ។

​អ្នកស្រី Lian Cheun ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ដែល​ជា​នាយកប្រតិបត្តិ​នៃ​អង្គការ​នេះ​បាន​ថ្លែង​ប្រាប់​ VOA ថា ជា​មធ្យម​មាន​មនុស្ស​ប្រមាណ​៥០​ទៅ​៦០​នាក់​ក្នុង​មួយ​សប្តាហ៍​ដែល​មក​ចូលរួម​ក្នុង​វគ្គបណ្តុះបណ្តាល​និង​សិក្ខាសាលា​ដែល​រៀបចំឡើង​ដោយ​អង្គការ​របស់​អ្នកស្រី។ អ្នក​ស្រី​បាន​បញ្ជាក់ថា ភាគច្រើន​នៃ​សិក្ខាកាម​ទាំង​នោះ​គឺ​ជា​សិស្ស​ស្រី​ថ្នាក់​វិទ្យាល័យ ដែល​ពួកគេ​តែងតែ​ចូលរួម​ក្រោយ​ពី​ទំនេរ​ពី​ការ​សិក្សា​និង​នៅ​ពេល​ចុង​សប្តាហ៍។

អ្នកស្រី Lian បាន​គូស​បញ្ជាក់​ថា ថ្វីត្បិត​តែ​សហរដ្ឋអាមេរិក​ជា​ប្រទេស​អភិវឌ្ឍន៍​ដែល​មាន​ការ​គោរព​សិទ្ធិ​ស្រ្តី​និង​បុរស​ស្មើ​គ្នា​ក៏​ពិត​មែន ក៏​វប្បធម៌​នៃ​ការ​មិន​សូវ​ឲ្យ​តម្លៃ​ស្ត្រី​នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​តែ​ចាក់ដោត​នៅ​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង។ ​

អ្នកស្រី Lian បាន​និយាយ​ថា «ជា​ញឹកញយ នៅ​ក្នុង​វប្បធម៌​របស់​យើង ក្មេងស្រី​និង​ស្ត្រី​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ដូចជា​បុរស​នោះ​ទេ។ អង្គការ​របស់​យើង​លើក​តម្កើង​ក្មេងស្រី​និង​ស្ត្រី ដោយសារ​យើង​ឲ្យ​តម្លៃ​ពួកគេ។ យើង​ចង់​ឃើញ​ពួកគេ​មាន​តម្លៃ​ស្មើ​គ្នា ហើយ​យើង​ក៏​ឲ្យ​តម្លៃ​ទៅ​លើ​ភាពជា​អ្នក​ដឹកនាំ​ផង​ដែរ»។

​អ្នកនាង Savong Chhorm គឺ​ជា​ភ្ញៀវ​ចូលរួម​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជាច្រើន​ទៀត​ដែល​មក​ចូលរួម​អបអរ​សាទរ​ដល់​ជ័យលាភី​ខ្មែរ​អាមេរិកាំង​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ។ អ្នកនាង Savong ដែល​ជា​អ្នក​តស៊ូមតិ​ទៅ​លើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​ការ​បំពាន​ផ្លូវភេទ​នៃ​អង្គការ Freedom Inc ក្នុង​ទីក្រុង Madison រដ្ឋ Wisconsin បាន​ថ្លែង​ដោយ​អារម្មណ៍​ត្រេកអរ​ថា អ្នកនាង​មាន​មោទនភាព​និង​មាន​កិត្តិយស​ណាស់ ដែល​បាន​មក​ចូលរួម​និង​គាំទ្រ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​បាន​ទទួល​រង្វាន់​នេះ។

អ្នក​នាង​បាន​និយាយ​ថា «ការងារ​របស់​ពួកគេ​ពិត​ជា​សាកសម​នឹង​ទទួល​បាន​ការ​ទទួល​ស្គាល់​ណាស់ ពីព្រោះ​វា​ជា​ការងារ​អន្តរជាតិ។ វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ»។

ពានរង្វាន់​យុទ្ធនាការ​ប្រចាំ​ឆ្នាំ​ពី​អង្គការ SEARAC ត្រូវ​បាន​ប្រគល់​ដល់​យុទ្ធនាការ ReleaseMN8 ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ ដោយ​សមាជិក​ក្រុមគ្រួសារ​និង​សហគមន៍​ខ្មែរ​អាមេរិកាំង នៅ​រដ្ឋ មីនីសូតា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​៨​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​និង​រងការ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ។

អ្នកស្រី Montha Chum ដែល​ជា​សហស្ថាបនិក​នៃ​យុទ្ធនាការ ReleaseMN8 បាន​ថ្លែង​ប្រាប់ VOA ថា ការ​សហការ​គ្នា​ក្នុង​ចំណោម​សមាជិក​សហគមន៍​ជនជាតិ​ភាគតិច​នៅ​ក្នុង​សហរដ្ឋអាមេរិក ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​ការ​គោរព​សិទ្ធិ​និង​យុត្តិធម៌។

អ្នកស្រី Montha Chum ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​តំណាង​ឲ្យ​យុទ្ធនាការ ReleaseMN8ឡើង​សម្តែង​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​យុទ្ធនាការ​ប្រចាំឆ្នាំ ពី​អង្គការ SEARAC នៅ​សណ្ឋាគារ Renaissance ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​

អ្នកស្រី Montha បាន​មាន​ប្រសាសន៍​ថា «នៅ​ពេល​ដែល​យើង​សហការ​គ្នា​បាន​ល្អ​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​អំឡុងពេល​ដែល​មាន​វិបត្តិ​នេះ ហើយ​ធ្វើ​ការងារ​ដែល​យើង​បាន​ធ្វើ​កន្លង​មក វា​បង្ហាញ​ថា ការ​សាមគ្គីគ្នា​គឺ​ពិត​ជា​អស្ចារ្យ​ណាស់»។

យុទ្ធនាការ​ ReleaseMN8 នេះ ប្រមូល​ផ្តុំ​សមាជិក​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​អាមេរិក ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ជូន​ពលរដ្ឋ​អាស៊ី​អាមេរិកាំង ជាពិសេស​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ធ្លាប់​មាន​ទោស​ពី​អតីតកាល​ទៅ​ប្រទេស​កម្ពុជា​វិញ​ តាមរយៈ​ការ​ប្រមូល​ផ្តុំ​សាធារណៈ ការ​អប់រំ​តាម​សហគមន៍ និង​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាដើម។​

ក្នុង​ចំណោម​បុរស​ខ្មែរ​អាមេរិកាំង​ទាំង​៨នាក់​ បុរស​បី​នាក់​ត្រូវ​បាន​ចៅក្រម​អន្តោប្រវេសន៍​ចេញ​សេចក្តី​សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា។អ្នកស្រី Montha ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​សំណាក់​សហគមន៍​ជនជាតិ​ភាគតិច​នៅ​អាមេរិក​ដើម្បី​ឲ្យ​យុទ្ធនាការ​របស់​អ្នកស្រី​អាច​បន្ត​ធ្វើ​ការងារ​របស់​ខ្លួន​និង​ជួយ​ដល់​អ្នក​ដទៃទៀត​នៅ​សហរដ្ឋអាមេរិក​នេះ។

អ្នកស្រី​បាន​និយាយ​ថា «អ្វី​ដែល​កំពុង​កើតឡើង​ចំពោះ​សហគមន៍​ខ្មែរ សហគមន៍​វៀតណាម សហគមន៍​អាស៊ី​អាគ្នេយ៍​នៅ​អាមេរិក​នេះ​គឺ​ខុស​និង​អយុត្តិធម៌។ យើង​ស្នើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​គាំទ្រ​ការងារ​របស់​យើង​និង​ចូលរួម​ធ្វើ​ការ​ជាមួយ​នឹង​យើង ដោយ​សារ​តែ​វា​ផ្តល់​ផល​ប៉ះពាល់​ដល់​សហគមន៍​របស់​យើង និង​បំបែកបំបាក់​ក្រុមគ្រួសារ​របស់​យើង»។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ SEARAC ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា កន្លង​ទៅ​នេះ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ជាង​១០០​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​កម្ពុជា ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​អំពី​ផែនការ​របស់​ខ្លួន ក្នុង​ការ​ចេញ​លិខិត​ធ្វើ​ដំណើរ​ដល់​បុគ្គល​ចំនួន​២៦​នាក់ ដែល​អាមេរិក​ចង់​បញ្ជូន​ទៅ​កម្ពុជា​។ ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង បន្ទាប់​ពី​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មិន​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​មិន​ព្រម​ទទួល​យក​បុគ្គល​ដែល​អាមេរិក​បញ្ជូន​ខ្លួន​ទៅ​កម្ពុជា។​

ក្រោយ​ពី​ពិធី​ប្រគល់​រង្វាន់​ដែល​មាន​ការ​សម្តែង​របាំ​បុរាណ​ខ្មែរ​និង​ឡាវ​នោះ​បាន​បញ្ចប់​អ្នកស្រី Catherin Nou ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ SEARAC បាន​ថ្លែង​ប្រាប់ VOA ជាមួយ​នឹង​ក្តី​សង្ឃឹម​យ៉ាង​មុះមុត​ថា «ខ្ញុំ​សង្ឃឹម​ថា ពានរង្វាន់​នេះ​នឹង​បន្ត​លើក​ទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​ធ្វើ​ការងារ​របស់​ខ្លួន ដោយសារ​តែ​ពួកគេ​ដឹង​ថា មាន​សហគមន៍​មួយ​ដែល​គាំទ្រ​ដល់​ការងារ​របស់​ពួកគេ»៕