នៅពេលធ្វើដំណើរមកដល់ក្រុងខ្មែរដែលស្ថិតនៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក គេនឹងឃើញបដាបក់រវិចៗនៅអមសងខាងផ្លូវអាណាហែម ដែលមានខ្លឹមសារទាក់ទាញភ្ញៀវឱ្យចូលមកទីនេះដើម្បី ទទួលទានអាហារ ទិញទំនិញ និងធ្វើទេសចរណ៍កំសាន្ត។
នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ដើម្បីលើកកម្ពស់ភាពទាក់ទាញរបស់ក្រុងខ្មែរឱ្យឈានដល់សក្តានុពលអាជីវកម្មខ្ពស់ដូចតំបន់ជិតខាងនិងបង្កើនការងារសម្រាប់ពលរដ្ឋ។ បដាទាំង៥០ដែលមានរូបប្រាសាទអង្គរវត្តខ្មែរខ្លះផងដែរ ត្រូវបានដំឡើងតាមបង្គោលនានាតាំងពីដើមឆ្នាំ២០១៩ហើយនឹងបន្តនៅទីនេះរយៈពេល៣ឆ្នាំ។
សង្កាត់លើកកម្ពស់អាជីវកម្មកណ្តាលក្រុង(Midtown Business Improvement District - MBID) មើលឃើញថា ដើម្បីប្រែក្លាយតំបន់ដ៏តូចនេះពីកន្លែងដែលគេគ្រាន់តែបើកបរឆ្លងកាត់ទៅកន្លែងផ្សេងមកជាទីសំចតបានគឺពួកគេត្រូវផ្តោតលើបញ្ហាសុវត្ថិភាព អនាម័យ និងការបង្កើនសោភណភាពក្នុងក្រុង។
លោក ហ្ការី អ៊ឹង នាយកនៃសង្កាត់លើកកម្ពស់អាជីវកម្មកណ្តាលក្រុង (MBID) បានបញ្ជាក់ថា៖
«ទីមួយយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឱ្យពាណិជ្ជកម្ម ពាណិជ្ជករនិងអ្នករកស៊ីនៅទីក្រុងខ្មែរហ្នឹងឱ្យមានសុវត្ថិភាពដូច្នេះយើងត្រូវផ្តល់ការយាមល្បាតសន្តិសុខ។ ទីពីរយើងត្រូវសម្អាតឱ្យកន្លែងយើងស្អាតបាតគឺយើងមានកុងត្រាជួលអ្នកមកបោសសម្រាម អ្នកមកលាងតាមថ្នល់។ ទីបីយើងធ្វើឱ្យមានសម្ផស្សល្អប្រសើរ»។
គម្រោងកែលម្អសម្រស់ក្រុងខ្មែរក៏មានការជួសជុលចិញ្ចើមថ្នល់និងដាក់របងខណ្ឌចែកផ្លូវដែលធ្វើឱ្យតំបន់នេះមានសុវត្ថិភាពសម្រាប់អ្នកថ្មើរជើងផងដែរ។
ដោយលាតសន្ធឹងចន្លោះពីមហាវិថីAlamitos រហូតដល់មហាវិថីJunipero ដែលប្រសព្វគ្នានឹងផ្លូវទី១០និងទី១៤ តំបន់នេះមានហាងអាជីវកម្មចំនួន១៨៤ ដែលមានភោជនីយដ្ឋានហាងភីស្សា ហាងលក់គ្រឿងអលង្ការ ផ្សារទំនិញគ្រឿងទេស រោងជាងជួសជួលរថយន្ត ហាងកែសម្ផស្ស និងការិយាល័យផ្តល់សេវាធានារ៉ាប់រងនិងពន្ធអាករជាដើម។
លោក នេត្រ មនោរម្យ នាយកប្រតិបត្តិនៃសង្កាត់លើកកម្ពស់អាជីវកម្មកណ្តាលក្រុង បានបញ្ជាក់បន្ថែមថា៖ «បើបងប្អូនចង់បើកហាងនៅក្រុងខ្មែរគឺក្រុងឡុងប៊ិចមានប្រាក់ឧបត្ថម្ភសម្រាប់ជួសជុលហាង ដូចជាលាបពណ៌ឬជួសជុលកញ្ចក់គេឱ្យ២០០០ដុល្លារក្នុងមួយឆ្នាំ ដូចថា ឆ្នាំនេះយើងអាចធ្វើយីហោហើយឆ្នាំក្រោយយើងលាបពណ៌ ហើយក៏មានលុយកម្ចីរហូតដល់មួយម៉ឺនដុល្លារប៉ុន្តែមិនយកការប្រាក់»។
នៅក្នុងផ្សារឃុនហេង ដែលលក់គ្រឿងទេសតាមបណ្តោយផ្លូវអាណាហែម អ្នកចូលទិញទំនិញមានចម្រុះជាតិសាសន៍ប៉ុន្តែភាគច្រើនជាខ្មែរអាមេរិកាំង។
ពេលនេះម៉ោងទើបតែ១០ព្រឹកទេ ប៉ុន្តែលោក ហ្វុង ចៅ កំពុងមមាញឹក ដួសនិងខ្ចប់ សម្លកកូរ ត្រីចៀន និងសម្លរការីសាច់មាន់ដែលជះក្លិនយ៉ាងឈ្ងុយឱ្យភ្ញៀវ។ លោកបានបញ្ជាក់ថាការលក់ដូររបស់លោកដំណើរការល្អក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ៖ «ភាគច្រើនខ្មែរយើងច្រើននៅម្តុំនេះ គេទិញយកទៅញ៉ាំហើយទៅធ្វើការគឺស្រួល»។
លោកបន្ថែមថាការលក់ដូរមានការកើនឡើង៖ «វាមើលទៅ វាឡើងដែរខ្មែរយើងច្រើនដែរឥឡូវ»។
យ៉ាងណាក៏ដោយក៏សហគមន៍ខ្មែរនៅមានបញ្ហាប្រឈមខាងផ្នែកទីផ្សារ បើប្រៀបនឹងសហគមន៍អាស៊ីដូចគ្នាដែលមានដូចជាវៀតណាម។
លោក គួច គឹមថៃ នាយកប្រតិបត្តិសមាគមខ្មែរនៅទ្វីបអាមេរិកបានបញ្ជាក់ថា៖ «ហាងខ្មែរយើងបើកមកមិនសូវមានអតិថិជនមកជួយទិញទេ ដល់ចឹងទៅភាគច្រើនហាងខ្មែរយើងមានការពិបាកណាស់ក្នុងការជួយគាំទ្រហាងខ្មែរយើងឱ្យរស់បាន ឱ្យរីកចម្រើន។ អីចឹងហើយជាកត្តាមួយដែលយើងមានការលំបាកក្នុងការកសាងសហគមន៍ខ្មែរយើងឱ្យមានការអភិវឌ្ឍឆាប់រហ័សដូចគេ»។
ទីក្រុងឡុងប៊ិចមានពលរដ្ឋចំនួនជាង៤៧ម៉ឺននាក់ក្នុងនោះមានពលរដ្ឋខ្មែរអាមេរិកាំងជាង៥ម៉ឺននាក់ដែលរស់នៅប្រមូលផ្តុំគ្នានៅក្នុងតំបន់ជុំវិញផ្លូវអាណាហែមនិងតំបន់ជិតខាង។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងបង្កើនអាជីវកម្មប៉ុន្តែកម្រិតការងារដែលផ្តល់ឱ្យពលរដ្ឋខ្មែរមួយចំនួនដែលទទួលបានប្រាក់កម្រៃច្រើនមិនសូវសំបូរនៅឡើយទេ។ នៅទីនេះ ពួកគេអាចរកបានការងារតាមហាងលក់នំដូណាត់ ផ្សារគ្រឿងទេសនិងវេចខ្ចប់ទំនិញជាដើម។
អត្រាអ្នកគ្មានការងារធ្វើនៅក្នុងទីក្រុងនេះមានកម្រិត៤ភាគរយក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។ នេះបើតាមស្ថិតិរបស់អង្គការALFRED។
លោក ឆាល សុង គឺជាទីប្រឹក្សាស្វែងរកការងារ (Career Advancement Councilor)នៃសមាគមខ្មែរនៅទ្វីបអាមេរិក។ លោកជួយរកការងារឱ្យពលរដ្ឋអាស៊ីដែលស្ថិតនៅក្នុងទីក្រុងឡុងប៊ិច៖ «នៅក្នុងមូលដ្ឋានរបស់យើង ទីក្រុងឡុងប៊ិច បើនិយាយជារួមទៅការងារមិនជាសម្បូរទេ។ នៅក្នុងមនុស្ស១០នាក់គឺមិនទាន់បានការងារនៅក្នុងទីក្រុងឡុងប៊ិចនៅឡើយទេ។ អីចឹងមានន័យថាការងារហ្នឹងមានតែនៅក្រៅៗទីក្រុងឡុងប៊ិច»។
ពួកគេអាចរកបាននៅទីក្រុងដែលនៅជាប់នោះ ដូចជាទីក្រុងខាសុន និងOrange Countyជាដើមដោយសារមានរោងចក្រផលិតកម្មនិងក្រុមហ៊ុននានា។ នេះបើតាមការបញ្ជាក់របស់លោក ឆាល សុង។
ទីក្រុងឡុងប៊ិចមានពលរដ្ឋដែលទើបផ្លាស់មករស់នៅសហរដ្ឋអាមេរិកជាលើកដំបូងនិងក្រុមយុវជនដែលដល់វ័យត្រូវធ្វើការ។ ពលរដ្ឋដែលទើបមកដល់ខ្វះខាតចំណេះដឹងភាសាអង់គ្លេស និងយានជំនិះដែលជាឧបសគ្គមិនឱ្យពួកគេទៅធ្វើការងារនៅឆ្ងាយពីទីក្រុងឡុងប៊ិច។ រីឯអ្នកខ្លះទៀតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឬអនុបណ្ឌិត ប៉ុន្តែក៏មានការលំបាកដែរដោយសារតែពួកគេខ្វះខាតបទពិសោធន៍ការងារ។
លោក ឆាល សុង បន្ថែមថាសមាគមខ្មែរនៅទ្វីបអាមេរិកបានជួយរកការងារធ្វើដល់ពលរដ្ឋចំនួនរហូតដល់២០០នាក់នៅក្នុងមួយឆ្នាំៗ។
លោក កន សង្ហាក់ ជាអ្នកទំនាក់ទំនងសហគមន៍នៃគ្លីនិកសុខភាពកុមារក្នុងទីក្រុងឡុងប៊ិច។ លោកទើបផ្លាស់ពីប្រទេសកម្ពុជាមករស់នៅសហរដ្ឋអាមេរិកកាលពីជាងពីរឆ្នាំមុន។
លោកបានចែករំលែកវិធីដែលលោកស្វែងរកការងារថា៖ «ទីមួយខ្ញុំមកនេះខ្ញុំឆ្លៀតទៅរៀនបំពេញបន្ថែមបណ្តើរ។ ខ្ញុំបន្តការងារស្ម័គ្រចិត្តបណ្តើរហើយខ្ញុំព្យាយាមស្វះស្វែងរកការងារធ្វើគ្រប់ច្រកល្ហក។ ចំណុចទាំងអស់នេះហើយដែលមិនដល់រយៈពេលមួយឆ្នាំទេ ខ្ញុំអាចទទួលបានការងារធ្វើជាការងារមានប្រាក់ខែ។ បើកាលណាយើងមានការងារម្តងហើយនិងមានទំនាក់ទំនងនិងកសាងមូលដ្ឋានគ្រឹះបានហើយនៅពេលដែលខ្ញុំចប់ពីការងារមួយទៅមួយវាអត់មានជាផលលំបាកសម្រាប់ខ្ញុំទេ»។
ការបង្កើតការងារ សុវត្ថិភាព និងការប្រយុទ្ធនឹងឧក្រិដ្ឋកម្មគឺជាបញ្ហាចម្បងដែលផុសឡើងនៅក្នុងយុទ្ធនាការបោះឆ្នោតនៅរៀងរាល់លើក។
សម្រាប់ក្រុមសង្កាត់លើកកម្ពស់អាជីវកម្មកណ្តាលក្រុងមានជំនឿថា ការចូលរួមចំណែករបស់ពួកគេនឹងធ្វើឱ្យសហគមន៍បានប្រសើរឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោក ហ្ការី អ៊ឹង បានបន្ថែមថា៖ «យើងមានទស្សនវិស័យខ្ពស់ហើយក្នុងរយៈពេលមួយឆ្នាំ ពីរឆ្នាំទៅមុខទៀតទីក្រុងខ្មែរនឹងប្លែកច្រើន។ សូមបងប្អូនអញ្ជើញមកលេង។ ពីរឆ្នាំទៅបីឆ្នាំទៀតគឺប្លែកទាំងអស់»៕