ពលរដ្ឋខ្មែរ-អាមេរិកាំងដែលកើតនៅក្នុងសហរដ្ឋអាមេរិករស់នៅក្នុងស្ថានភាពក្រីក្រច្រើនជាងពលរដ្ឋខ្មែរដែលមកតាំងទីលំនៅក្នុងសហរដ្ឋអាមេរិកនិងសាសន៍អាស៊ីទូទៅហើយនេះគឺជាចំណុចមួយដែលសកម្មជនមើលឃើញថាត្រូវតែកែលម្អ។
ការសិក្សាមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនដែលបានចេញផ្សាយកាលពីចុងខែមេសាបង្ហាញថាពលរដ្ឋខ្មែរអាមេរិកាំងដែលកើតនៅសហរដ្ឋអាមេរិកចំនួន១៤%រស់នៅក្នុងស្ថានភាពក្រីក្រ។ រីឯអ្នកចំណូលថ្មីដែលបានកើតនៅប្រទេសកម្ពុជាមានតែចំនួន១២%ទេដែលរស់ក្នុងស្ថានភាពក្រីក្រ។ នេះជាតួលេខខ្ពស់ក្នុងចំណោមសាសន៍អាស៊ីទូទៅដែលមានចំនួនតែ៩%។ ប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋខ្មែរ-អាមេរិកាំងដែលកើតនៅអាមេរិកគឺរកបានតែ៣៨.០០០ដុល្លារក្នុងម្នាក់ខណៈអ្នកចំណូលស្រុករកបាន៤០.០០០ដុល្លារក្នុងមួយឆ្នាំ។
ការរកឃើញនេះជាការព្រួយបារម្ភមួយដែលសកម្មជនសហគមន៍ខ្មែរដូចជាកញ្ញារ៉ា ប៉ិលនិងថ្នាក់ដឹកនាំដទៃទៀតនៃសមាគមខ្មែរអាមេរិកាំងនៅរដ្ឋ Georgia កំពុងខិតខំធ្វើសកម្មភាពដើម្បីជួយកែប្រែ។
ជាអតីតជនភៀសខ្លួនដែលបានកើតនៅក្នុងជំរុំស្រះកែវក្នុងទឹកដីថៃហើយបានមករស់នៅសហរដ្ឋអាមេរិកនៅពេលមានអាយុ៤ឆ្នាំកញ្ញារ៉ា ប៉ិលប្រធានសមាគមខ្មែរអាមេរិកាំងក្នុងរដ្ឋGeorgiaបានឆ្លងកាត់ដោយផ្ទាល់នូវការខំប្រឹងប្រែងសម្របខ្លួនចូលក្នុងសង្គមថ្មីការធំឡើងនៅលើទឹកដីសហរដ្ឋអាមេរិកនិងមើលឃើញការតស៊ូពុះពាររបស់ឪពុកម្តាយ។
កញ្ញា រ៉ា ប៉ិលយល់ថាយុវជនដែលធំដឹងក្តីនៅសហរដ្ឋអាមេរិកមិនធ្លាប់ឆ្លងកាត់ការលំបាកនិងតែងតែអាងលើឪពុកម្តាយ។ ខណៈអ្នកចំណូលស្រុកខិតខំធ្វើការដោយមិនប្រកាន់ខ្លួនឡើយ។
កញ្ញារ៉ា ប៉ិលបានបន្ថែមប្រាប់វីអូអេក្នុងបទសម្ភាសកាលពីខែឧសភាថា៖ «ទោះបីជាខ្ញុំមកតាំងពីតូចប៉ុន្តែខ្ញុំបានឃើញឪពុកម្តាយខ្ញុំខំប្រឹងពេលគាត់មានពេលគាត់តែងតែទៅធ្វើការផ្សេងៗដូចជាកាត់ខ្ទឹមនិងបេះផ្លែឆឺរីគឺឲ្យតែកិច្ចការណាក៏ដោយដែលគាត់អាចធ្វើបានដើម្បីឧបត្ថម្ភកូន»។
ស្ថិតិជំរឿនរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០បង្ហាញថាពលរដ្ឋខ្មែរអាមេរិកាំងមានចំនួន៣៣៩.០០០នាក់។ ក្នុងនោះអ្នកដែលបានកើតនៅប្រទេសកម្ពុជាមានរហូតដល់៥៦% ហើយអ្នកដែលបានមករស់នៅជាង១០ឆ្នាំមានចំនួន៨៤%។ ពលរដ្ឋវ័យក្មេងដែលកើតនៅអាមេរិកមានច្រើនដោយអ្នកមានអាយុ១៨ ដល់៣៩ឆ្នាំមានរហូតដល់ជាងពាក់កណ្តាលនៃពលរដ្ឋខ្មែរអាមេរិកាំងសរុប។
សកម្មជនយល់ថាចំនួនពលរដ្ឋខ្មែរអាមេរិកាំងពិតប្រាកដអាចច្រើនជាងនេះដោយសារមានពលរដ្ឋជាច្រើនបានខកខានមិនបានបំពេញជំរឿនដូចជានៅរដ្ឋកាលីហ្វញ៉ាដែលមានពលរដ្ឋខ្មែររស់នៅច្រើនអត្រាអ្នកបំពេញជំរឿនមានតែ៦៩,៦%និងនៅរដ្ឋ Georgia ដែលសហគមន៍ខ្មែរកំពុងរីកធំធាត់ក៏អ្នកបំពេញជំរឿនទូទៅមានតែ៦២,៩ %គឺច្រើនជាង១០ឆ្នាំមុនបន្តិចដែលមាន៦២,៥%។ នេះបើតាមទិន្នន័យរបស់គេហទំព័រជំរឿន។
កញ្ញារ៉ា ប៉ិលបានបន្ថែមថា៖«សំឡេងរបស់ខ្មែរយើងអត់ច្រើនពីព្រោះខ្មែរយើងច្រើនតែអត់បានបំពេញជំរឿនហើយអត់យល់ថាការធ្វើជំរឿនសំខាន់ណាស់ពីព្រោះលេខយើងនិងសំឡេងយើងច្រើនគឺជួយខ្មែរយើងច្រើន»។
ពលរដ្ឋខ្មែរអាមេរិកាំងរស់នៅតាមរដ្ឋនានាដែលមានពលរដ្ឋអាស៊ីរស់នៅច្រើនដែលមានដូចជារដ្ឋកាលីហ្វញ៉ា (California)ម៉ាស្សាឈូសិត(Massachusetts) ផឹនស៊ីលវេនៀ(Pennsylvania)Georgia (Goergia) វ៉ាស៊ីនតោន(Washington) មីនីសូតា(Minnesota)និងរដ្ឋរ៉ូដអាយឡឹន (Rhode Island)។
ដោយធ្លាប់រស់ក្នុងគ្រួសារដែលបានពឹងពាក់ភាគច្រើនលើជំនួយរបស់រដ្ឋកញ្ញា រ៉ា ប៉ិលយល់ដឹងពីសារៈសំខាន់នៃការចូលរួមរបស់ពលរដ្ឋក្នុងការបំពេញជំរឿនដើម្បីជួយដល់ការធ្វើគោលនយោបាយដែលត្រឹមត្រូវនិងឆ្លើយតបតាមតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។
កញ្ញារ៉ា ប៉ិលរំឭកដល់ពេលដែលទើបមកដល់សហរដ្ឋអាមេរិកដំបូងនៅក្នុងទីក្រុងCobbរដ្ឋGeorgiaក្នុងឆ្នាំ១៩៨៥។ ពេលនោះក្រុមគ្រួសារត្រូវរស់នៅក្នុងបន្ទប់តូចមួយជាមួយនឹងគ្រួសារខ្មែរមួយទៀត។ ឪពុកម្តាយត្រូវធ្វើការជាច្រើនដើម្បីចិញ្ចឹមកូនចំនួន៥នាក់។ ឪពុកធ្វើការនៅខាងផលិតគ្រឿងតាំងលម្អហើយម្តាយធ្វើការនៅខាងជួយរៀបចំបន្លែ។ប៉ុន្តែជីវភាពមិនបានប្រសើរខ្លាំងទេគឺបានតែមួយគ្រប់ប្រចាំខែប៉ុណ្ណោះ។
គ្រួសារបានជួបការលំបាកជាថ្មីក្រោយពីឪពុកបានធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់រថយន្តក្នុងឆ្នាំ១៩៩០ហើយលែងអាចធ្វើការបាន។ គ្រួសារទាំងមូលត្រូវផ្លាស់ទៅរស់នៅទីក្រុងស្តុកតុនរដ្ឋកាលីហ្វញ៉ាក្នុងឆ្នាំ១៩៩១ដែលនៅទីនោះត្រូវពឹងលើជំនួយរបស់រដ្ឋហើយកញ្ញាត្រូវជួយម្តាយធ្វើការខ្លះដើម្បីរកកម្រៃបន្ថែម។
កញ្ញារ៉ា ប៉ិលបានបន្ថែមថា៖ «ពេលដែលនៅពីក្មេងអ្វីដែលម្តាយខ្ញុំធ្វើខ្ញុំលក់ទាំងអស់តាំងពីខ្វាគោតាំងពីមាន់បោកតាំងពីនំអន្សម។ អ្វីដែលគាត់ឲ្យខ្ញុំលក់ខ្ញុំត្រូវតែលក់»។
ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនគឺជាជនភៀសខ្លួនដែលបានមកនៅសហរដ្ឋអាមេរិកក្រោយពីការដួលរលំនៃរបបខ្មែរក្រហមនៅខែមករាឆ្នាំ១៩៧៩។ បទពិសោធជូរចត់ក្នុងអតីតកាលក៏មានឥទ្ធិពលដល់ពួកគេផងដែរ។ដូចគ្រួសារខ្មែរអាមេរិកាំងភាគច្រើនដែរកញ្ញារ៉ា ប៉ិលបានដឹងតួចតួចពីការលំបាកដែលឪពុកម្តាយបានឆ្លងកាត់ក្នុងរបបខ្មែរក្រហមដោយសារតែមានកិច្ចការខ្លះធ្វើឲ្យពួកគាត់ពិបាកនិយាយដែលនាំឲ្យមានការឈឺចាប់។
ក្រោយពីម្តាយបានស្លាប់ក្នុងឆ្នាំ២០០៣និងឪពុកស្លាប់ក្នុងឆ្នាំ២០០៦កញ្ញារ៉ា ប៉ិលបានវិលត្រឡប់មករស់នៅក្នុងរដ្ឋGeorgiaវិញក្នុងឆ្នាំ២០១០ជាមួយនឹងបងស្រីដែលបានរៀបការរួចហើយ។ នៅទីនោះគឺត្រូវសម្របខ្លួននឹងសង្គមថ្មីដែលមិនមានលក្ខណៈចម្រុះជាតិសាសន៍ដូចនៅរដ្ឋកាលីហ្វញ៉ា។
សហគមន៍ខ្មែរអាមេរិកាំងក្នុងរដ្ឋGeorgiaនៅតូចនៅឡើយដែលមានពលរដ្ឋជាង១០.០០០នាក់។ នៅទីនេះពលរដ្ឋខ្មែរធ្វើការលើផ្នែកតូចតាចដូចជាបើកអាជីវកម្មហាងលាបក្រចកហាងនំដូណាត់ បើកយានដ្ឋានជួសជុលរថយន្តសេវារថយន្តដឹកទំនិញនិងសេវាមើលថែមនុស្សចាស់។
បច្ចុប្បន្នកញ្ញារ៉ា ប៉ិលធ្វើការនៅផ្នែកទំនាក់ទំនងតាមអនឡាញនៃហាងលក់គ្រឿងសំណង់Home Depotនិងបានស្ម័គ្រចិត្តក្នុងការងារសហគមន៍ខ្មែរដើម្បីជួយដល់ក្រុមគ្រួសារដទៃទៀតតាំងពីឆ្នាំ២០១១។ កញ្ញាបានក្លាយជាប្រធានសមាគមខ្មែរអាមេរិកាំងនៅរដ្ឋGeorgiaតាំងពីឆ្នាំ២០១៦មក។
សមាគមខ្មែរអាមេរិកាំងនៅរដ្ឋGeorgiaជួយសមាជិកសហគមន៍លើផ្នែកសិក្សាភាសាខ្មែរស្វែងរកអាហារូបករណ៍សម្រាប់និស្សិតរក្សាវប្បធម៌ការអុំទូកងនិងការអប់រំសហគមន៍ជាដើម។ នៅក្នុងពេលជំរឿនឆ្នាំ២០២០សមាគមក៏បានសហការជាមួយនឹងអង្គការអាស៊ីដទៃទៀតចូលរួមបំផុសពលរដ្ឋឲ្យបំពេញជំរឿនដើម្បីឲ្យរដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់រដ្ឋបែងចែកថវិកាសមាមាត្រទៅនឹងចំនួនពលរដ្ឋ។
សមាគមលើកទឹកចិត្តពលរដ្ឋជំនះបទពិសោធអតីតកាលដោយមិនឲ្យវាទាញទម្លាក់ពួកគេទេដោយជំរុញពួកគេត្រូវវិនិយោគលើអនាគតដើម្បីជំរុញពួកគេនិងកូនចៅឲ្យឈានឡើង។ នេះបើតាមការលើកឡើងរបស់លោកបូរ៉ា ឡាំដែលជាប្រធានស្ថាបនិកសមាគមដែលបានផ្សាយលើគេហទំព័ររបស់សមាគម។
កញ្ញារ៉ា ប៉ិលក៏បានបន្ថែមដែរថា៖ «ខ្មែរយើងប្រហែលមានការពិបាកដើម្បីអនាគតល្អប៉ុន្តែខ្មែរមានគំរូខ្លះដែលគាត់មកមានពិសោធន៍ពីរបបខ្មែរក្រហមហើយគាត់មានការពិបាកតាំងពីតូចប៉ុន្តែគាត់មកស្រុកអាមេរិកហើយគាត់ប្រឹងដែរគាត់ធ្វើបានល្អ។ គាត់ជាគំរូល្អសម្រាប់ខ្មែរជំនាន់ក្រោយថាបើយើងខំប្រឹងគឺយើងអាចធ្វើបានដូចគាត់ដែរ»។
យ៉ាងណាក៏ដោយពលរដ្ឋខ្មែរអាមេរិកាំងដែលកើតនៅសហរដ្ឋអាមេរិកបានសិក្សារហូតដល់ថ្នាក់បរិញ្ញាបត្រគឺមានចំនួន២១%ដែលច្រើនជាងអត្រាពលរដ្ឋអាមេរិកាំងទាំងអស់ដែលមានតែ២០%ប៉ុណ្ណោះ។ រីឯអ្នកដែលបានសិក្សាដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គឺមាន៧%ដែលទាបជាងថ្នាក់ជាតិបន្តិចដែលមានដល់១៣%៕