តំណាង​កម្ពុជា​ប្រចាំ​អ.ស.ប.​​ក្នុង​ទីក្រុង​ហ្សឺណែវ​ច្រានចោល​ការរិះគន់​របស់​ប្រតិភូ​សហភាព​អឺរ៉ុប

លោក ណី សំអុល (ឆ្វេង) ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជាជាតិ ចូលរួម​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​លើក​ទី១០៧ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ (រូបថតពីទំព័រហ្វេសប៊ុករបស់ The Permanent Mission of the Kingdom of Cambodia to the UN at Geneva)

ក្រោយ​សភា​សហភាព​អឺរ៉ុប​ថ្លែង​រិះគន់​ថា​ កម្ពុជា​​​មិន​បាន​​គោរព​សិទ្ធិ​មនុស្ស​ ​និង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មាន​ការ​ខូចខាត​នោះ​ ​ ​នៅ​សប្តាហ៍​នេះ​​​​ ​តំណាង​កម្ពុជា​ប្រចាំ​នៅ​មន្ទីរ​អង្គការ​សហ​ប្រជា​ជាតិ​​នៅក្រុង​ហ្សឺណែវ​ បាន​ថ្លែងថា​ ​កម្ពុជា​អនុវត្ត​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​​សេរី​ពហុ​បក្ស​ត្រឹមត្រូវ​ ​និង​ថា​ ​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប​​មាន​ភាពអ​យុត្តិ​ធម៌។

ឯកអគ្គ​រាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជាជាតិ​ ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​បាន​ឆ្លើយ​តប​ធ្ងន់ៗ​ប្រឆំាង​នឹង​ការ​រិះគន់​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ចំពោះ​ការ​បោះ​ឆ្នោត​ ​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ ​ដោយ​លើក​ឡើង​ថា​ វា​ជា​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិ​ធម៌​នឹងអាច​ធ្វើ​ឲ្យ​ខូច​ដល់​ប្រព័ន្ធ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ទាំងមូល។​ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍ចុះ​នៅ​ថ្ងៃ​ទី​១៨ខែ​កញ្ញាឆ្នាំ​២០១៨ពី​ទីក្រុងហ្សឺណែវ។

លោក ​ណី សំអុល​ ​ឯក​អគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជាជាតិ​ ​និង​អង្គការ​អន្តរ​ជាតិនានា​ បាន​បញ្ជាក់​ថា​ ​ការ​ថ្លែង​របស់​ប្រទេស​អូទ្រីសតំណាង​ឱ្យ​ប្រតិភូ​សហ​ភាព​អឺរ៉ុប​ ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៩នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​បាន​រំលោភ​បំពាន​យ៉ាង​ជាក់លាក់​លើ​វិធាន​ជា​មូលដ្ឋាន​ ​និង​ការ​អនុវត្ត​ជា​ធរមាន​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស។​ ​លោក​បន្ថែម​ថា​ ​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ទៅ​និយាយ​ក្នុង​របៀប​វារៈ​ដែល​មិនត្រឹមត្រូវក្នុង​សម័យ​ប្រជុំ។​

លោក​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ក្នុង​ន័យ​ដើម​ថា៖​

«បញ្ហា​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​ចំណុចទី១០​ ​ដែល​នឹង​ត្រូវ​យក​មក​ពិភាក្សា​នៅ​ថ្ងៃ​ទី​២៦ខែ​កញ្ញា​ ​សប្តាហ៍​ក្រោយ។​ ​ហេតុ​ដូចនេះ​ ​ដើម្បី​ធ្វើ​វិនាដកម្ម​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​គោល​បំណង​បន្តុះ​បង្អាប់​កិត្តិស័ព្ទ​រាជ​រដ្ឋាភិបាល​ ​ប្រតិភូ​សហភាព​អឺរ៉ុប​មិន​រារែក​ឡើយ​ក្នុង​ការ​រំលោភ​វិធាន​ទំនៀម​ទម្លាប់​ ​និង​ការ​អនុវត្ត​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ដែល​មាន​ចាប់​តាំងពី​ការ​បង្កើត​ក្រុម​ប្រឹក្សា​នេះ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៦»។​

លោក​ណី សំអុល​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​ថា​ ​កម្ពុជា​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ទទួល​យក​ការ​រិះគន់​ ​តែ​មិន​មែន​ជា​ការ​រិះគន់​មិន​ត្រូវ​តាម​ពេល​វេលា​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ កម្ពុជា​ជឿ​ជាក់​លើ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស ​ដែល​ផ្អែក​លើ​ការ​បោះឆ្នោត ទើប​ប្តេជ្ញា​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៩ខែ​កក្កដា​ឆ្នាំ​២០១៨​កន្លង​ទៅដែល​មានការ​ចូល​រួម​ពី​គណបក្ស​នយោ​បាយជាច្រើន។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​បន្ថែម​ថា៖​

«ប៉ុន្តែ​ជា​អកុសល​ ​ដោយ​គ្រាន់តែ​អវត្តមាន​អតីតគណបក្ស​នយោបាយមួយ​ ​និង​ការ​ហាមប្រាម​សមា​ជិក​គណបក្ស​ចំនួន​១១៨​នាក់​ ​ដែល​សម្រេច​ដោយ​តុលាការ​កំពូល​ ​ដែលជា​តុលាការ​មាន​អំណាច​សម្រេច​ចុងក្រោយ​បង្អស់​នោះ ​ប្រតិភូ​សហភាព​អឺរ៉ុប​បែរ​ជា​ចោទប្រកាន់​ដោយ​អយុត្តិធម៌​ថា​ ​ការ​បោះ​ឆ្នោត​របស់​កម្ពុជា​គឺ​មានភាព​ស្រពិច​ស្រពិលលើ​ផ្លូវ​ច្បាប់​ទៅ​វិញ»។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ណី សំអុល​ ​ឯក​អគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ​ ​ធ្វើ​ឡើង​បន្ទាប់ពី​សភា​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ​បាន​អនុម័ត​លើ​ញត្តិ​រួម​ស្នើ​ឲ្យមាន​សេចក្តី​សម្រេច​ ​ដែល​ទាមទារ​ឲ្យផ្តល់​សិទ្ធិ​នយោបាយ​ដល់​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឲ្យខូច​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោកស្រី​ ​Federica Mogherini​ ​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោល​នយោបាយ​ការ​បរទេស​ ​និង​សន្តិសុខ ​បាន​ថ្លែង​ទៅ​កាន់​អង្គ​សវនាការ​ដេញដោល​នៅក្នុង​សភា​សហភាព​អឺរ៉ុប​ថា​ លទ្ធិ​ប្រជា​ធិបតេយ្យ«ដ៏ផុយស្រួយ»​ក្នុង​ប្រទេស​កម្ពុជាបាន​ដើរ​ថយ​ក្រោយ​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ ​ពីព្រោះ​មាន​តែ​គណបក្ស​ដឹកនាំ​តែមួយ​ ហើយ​ស្ថាន​ការណ៍​មិន​បាន​ប្រសើរ​ ដោយ​ការ​ដឹកនាំ​កំពុង​តែ​ឆ្ពោះ​ទៅរក​ស្ថានភាព​ផ្តាច់​ការ។​

អ្នកស្រីបានព្រមាន​ថា​ ​សហភាព​អឺរ៉ុប​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ បើ​ស្ថាន​ការណ៍​នៅ​កម្ពុជាមិន​វិល​ថយ​ក្រោយ​វិញ​ ​ដែល​ក្នុង​នោះ​មាន​ការ​ធានា​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ ​និង​សកម្មជន​សង្គម​ស៊ីវិលដែល​រត់ភៀស​ខ្លួន​ទៅនៅ​ក្រៅ​ប្រទេស មិន​បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ទេ​នោះ។​

លោកឡៅ ម៉ុងហៃ​ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​ប្រាប់​ ​VOA​ ​ថា​ មន្រ្តី​ដែល​ជា​តំណាង​របស់​រដ្ឋា​ភិបាល​ ​តែង​រក​មូលហេតុ​ដើម្បី​ថ្លែង​ការពារ​រដ្ឋ​ជា​តំណាង នៅ​ពេល​រង​ការ​រិះគន់​ណាមួយ។​ ​លោក​ថា​ ​ជា​ទូទៅ​ សភា​សហភាព​អឺរ៉ុប​តែង​មាន​ភស្តុតាង​ច្បាស់លាស់​ក្នុងការ​រិះគន់​ ​និង​ចោទ​ប្រកាន់​ប្រទេស​ណា​មួយ​ ​នៅ​ក្នុង​អង្គ​ប្រជុំ។​

អ្នក​វិភាគ​ចាស់​វស្សា​រូប​នេះបន្ថែម​ថា​ ​កម្ពុជា​ទទួល​បាន​ពន្ធ​អនុ​គ្រោះ​នៃការ​នាំចេញពី​សហ​ភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ ​តាម​រយៈការ​ធានា​ថា​ ​មិន​ធ្វើ​ឲ្យ​ខូចខាត​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​បញ្ជាក់​ថា៖​

«បើកាល​ណា​ភាគី​នៃ​កិច្ច​សន្យាណាមួយ​មិនបាន​គោរព​ ​អនុវត្ត​ ​គេហៅ​តា​កាតព្វកិច្ចក្នុង​កិច្ច​សន្យា​ហ្នឹង ​ ​ភាគី​មួយ​ទៀត​គេ​អាច​លុប​ចោល​កិច្ច​សន្យា​ហ្នឹង​ទៅ។​ ​មួយ​ទៀត​គឺមុនហ្នឹង​គេ​ធ្វើ​សេចក្តី​សម្រេច​នោះ​ គេ​មាន​ភស្តុតាង​ដែល​គេ​ឃើញ។ ​គេរកបានតាម​រយៈ​តំណាង​របស់​គេ​ជា​សហភាព​អឺរ៉ុប​ហ្នឹង ​និង​អង្គការ​អន្តរជាតិ​នា​នា»។​

សហគមន៍​អឺរ៉ុបនិង​សហ​រដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​របស់​កម្ពុជា​ ​បានផ្តល់​ការ​អនុគ្រោះ​ពន្ធនាំ​ចេញ​ ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ប្រមាណជាជិត​១ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ ​ជា​ថ្នូរ​នឹងការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។​

ថ្មីៗ​នេះ​ ​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗបាន​ព្រមាន​ដក​ការ​អនុគ្រោះ​នេះ​ ​ប្រសិន​បើ​កម្ពុជា​មិន​ដោះ​លែង​លោកកឹម សុខា​ ​និង​មិន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដែល​ពួក​គេ​លើក​ឡើង​ថា​ ​«កំពុង​ខ្ទេចខ្ទាំ»​ ​ដោយ​សារ​ការ​បង្ក្រាប​បក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​សង្គម​ស៊ីវិល ​និង​សារ​ព័ត៌មាន​ឯករាជ្យ​នោះ។​

ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប​ ​និង​សហ​រដ្ឋ​អាមេរិក​ ​ព្រមទាំង​ការ​រិះគន់​ជាបន្ត​បន្ទាប់​ពី​សំណាក់​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​ក្នុង​ពិភព​លោក ធ្វើ​ឡើង​បន្ទាប់ពីគណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ឈ្នះ​យក​អាសនៈ​ទាំង​អស់​ចំនួន​១២៥​ ​កាល​ពី​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ ​ក្រោយពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​១១៨​រូបមិន​ឲ្យធ្វើ​នយោ​បាយ​រយៈពេល​៥ឆ្នាំ៕