ទោះបី​សង្គ្រាម​វៀតណាម​ឬ Vietnam War បាន​បញ្ចប់​៤៨ឆ្នាំ​​ក៏ដោយ ក៏​​នៅ​មាន​ផលវិបាក​ដោយសារ​សង្គ្រាម​

លោក កែវ ឈា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក (កណ្តាល) នៅឯ​កិច្ច​សន្ទនា​នៅ​​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក កាល​ពី​ ថ្ងៃ​ទី១៤ ខែ​កញ្ញា។ (ជឹង ប៉ូជីន/វីអូអេ)

ទោះបី​សង្គ្រាម​វៀតណាម​ឬ Vietnam War បាន​បញ្ចប់​៤៨ឆ្នាំក៏ដោយ ក៏​ផលវិបាក​ដោយសារ​សង្គ្រាមដែល​អាមេរិក និង វៀតណាម ដែល​មាន​ការទម្លាក់​គ្រាប់បែក​រាប់​លាន​តោន ​និង ​ការ​ប្រើប្រាស់​គីមី​ផងនោះ ​បាន​បន្ត​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ទាំង៣ ​យ៉ាង​ធ្ងន់ធ្ងរ ​គឺ​វៀតណាម ឡាវ​និង​កម្ពុជា។ ហើយ​កាលពី ​សប្តាហ៍​មុន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក​ បាន​លើកឡើង​ពីផល​ប៉ះពាល់​នៃ​សង្គ្រាម​ឥណ្ឌូចិន​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​ឯ​វិទ្យាស្ថានសហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាពស្តី​ពី​ការផ្សះផ្សា​និង​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រជាពល​រដ្ឋ​ប្រទេស​ទាំង៣។

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការបិទ​កិច្ចពិភាក្សា​រយៈពេល​២ថ្ងៃ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៤ ​ខែ​កញ្ញា​នៅឯ​វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក ​អំពីកិច្ចសន្ទនាស្តីពី​កេរដំណែល​នៃ​សង្គ្រាម​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​វៀតណាម ឡាវ​និង​កម្ពុជា ដែល​មានការ​ចូលរួម​ពីក្រុម​វាគ្មិន​សំខាន់ៗ​ជា​មន្ត្រី​រដ្ឋការ​អាមេរិកាំង​និង​ មន្ត្រី​ស្ថានទូត វៀតណាម ​ឡាវ ​និងកម្ពុជា​ អ្នក​ជំនាញ​ផ្នែក​កិច្ចការ​តំបន់​ជាច្រើន​ផង​នោះ​ លោក​ កែវ ឈា ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​វាគ្មិន​មួយ​រូប​តំណាង​ឲ្យ​កម្ពុជា​ផង​ដែរ។

ការសន្ទនា​នោះ​ផ្តោត​លើ​ការផ្សះផ្សា​អំពី​សង្គ្រាម ​ការ​ដោះស្រាយ​ អំពី​ផល​ប៉ះពាល់​ពីសង្គ្រាម​ និងការ​កសាង ទំនាក់​ទំនង​និង​ការ​ជឿ​ទុក​ចិត្តគ្នា​ រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​តំបន់​ ​ជាពិសេស​ជាមួយ​វៀតណាម​ ឡាវ ​និង​ កម្ពុជា ​ដែល​ជា​ប្រទេស​រងគ្រោះ​ដោយសារ​សង្គ្រាម​ដែល​មាន​ការ​ទម្លាក់​គ្រាប់បែក​រាប់​លាន​តោន ការប្រើប្រាស់​សារធាតុ​គីមី Agent Orange ​របស់​យោធា​សហរដ្ឋ​អាមេរិក​បាច​ពីលើ​យន្តហោះ​ ការ​ដោះ​គ្រាប់មីន​បង្កប់​ដី ​និង គ្រាប់​មិន​ទាន់ផ្ទុះ​ ការ​រងគ្រោះ​ស្លាប់​ របួស​មនុស្ស ​ការ​ព្រាត់​ប្រាស់​គ្រួសារ​ និង​ ផលប៉ះពាល់​ដល់​ប្រជាជន​រាប់​សិប​ទសវត្សរ៍ ​ដោយសារ​សង្គ្រាម​កាលពី​អតីតកាល​ ។

វាគ្មិន​ដែល​ចូលរួម​ក្នុងកិច្ច​សន្ទនាប្រចាំ​ឆ្នាំលើក​ទី២​ស្តីពី​កេរដំណែល​នៃ​សង្គ្រាម​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​វៀតណាម ​ឡាវ​និង​កម្ពុជា ​មាន​មន្ត្រី​រដ្ឋការ​អាមេរិកាំង​និង ​មន្ត្រី​ស្ថានទូត​វៀតណាម ​ឡាវ ​និងកម្ពុជា ​ទាំងថ្ងៃទី១ និង​ ថ្ងៃទី២។ វាគ្មិន​ទាំងនោះ​រួមមាន​ លោកស្រី Mira Rapp-Hooper ជាជំនួយការ​ពិសេស​របស់លោក​ ប្រធានាធិបតី ​Joe Biden និង​ជា​នាយិកា​ជាន់ខ្ពស់​ផ្នែកកិច្ចការ​តំបន់​អាស៊ី​បូព៌ា​ និង​អូសេអានី ​(Senior Director for East Asia and Oceania, National Security Council) លោកស្រី ​Hoang Thi Thanh Nga ​ភារធារី ​នៃស្ថានទូត ​វៀតណាម ប្រចាំ​រដ្ឋធានី​វ៉ាស៊ីតោន ​លោក Bounthanongsack Chanthalath ​ភារធារី ​ស្ថានទូត​ឡាវ​ប្រចាំ​រដ្ឋធានី វ៉ាស៊ីនតោន ​និង​ លោក​ Keo Chhea ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ​ក្រៅពី​វាគ្មិន​សំខាន់​ផ្សេងទៀត។ ហើយ​កម្មវីធី​នេះ​ មានការ​ថ្លែង​បើក​សុន្ទរកថា​ស្វាគមន៍ ​គោល​នយោបាយ​អាមេរិក​និង​រំលឹក​ពីប្រវត្តិ​សង្គ្រាម​ ផល​ប៉ះពាល់​សង្គ្រាម​លើ​ប្រជាជន ​ការផ្សះផ្សា ​និង​ការ​កសាង​ទំនាក់​ទំនង​អាមេរិក ​វៀតណាម ​ឡាវ ​និង​កម្ពុជា​ ក្រោយ​សង្គ្រាម ​ពី​លោកស្រី Lise Grande ជា​ប្រធាន ​និង​ អគ្គនាយិកា​ប្រត្តិបត្តិ ​និង​ជាអ្នក​សម្រប​សម្រួល​កម្មវិធី ​ពិភាក្សា​របស់​វិទ្យាស្ថានសហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព។​

ចូលរួម​លើក​ឡើង​អំពី​ផល​ប៉ះពាល់​ដល់​កម្ពុជា​ពីសង្គ្រាម​និង​ការផ្សះផ្សា​ជាមួយ​តំណាង​ប្រទេស​វៀតណាម​ និង​ឡាវ​ដែល​អះអាង​ពីផល​ប៉ះពាល់​ប្រទេស​រៀងៗខ្លួន​នោះ ​លោក​ កែវ ឈា ​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា៖ «កម្ពុជា​បាន​រងការទម្លាក់​គ្រាប់​បែក​ចាប់តាំង​ពី​ដើមឆ្នាំ ១៩៦៨ ហើយ​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​នយោបាយ​នៅ​កម្ពុជា​មាន​ការខ្វែង​គំនិត​គ្នា ​ហើយ​បន្ទាប់មក​បាន​នាំ​ឱ្យ​មាន​ការផ្ទុះ​ឡើង​នូវ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្សរ៍ ១៩៧០។ មូលហេតុ​មួយ​នៃ​មូលហេតុ​ទាំង​នោះ​គឺ​ផ្លូវលំ​ហូ ជីមីញ​ឬHo Chi Minh Trail ដែល​មាន​នៅ​ជាប់​ព្រំដែន​ ដូច្នេះ​ការទម្លាក់​គ្រាប់​បែក​រួមមាន​ទាំង​សារធាតុ​គីមី Yellow Agent នៅ​តាម​បណ្តោយ​ផ្លូវលំ​ហូ ជីមិញ ចាប់តាំង​ពី​ចុង​ឆ្នាំ ​១៩៦៧មក​ ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ទាំង​មូល​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​នៃខេត្ត​ចំនួន៣ឬ៤​ហើយ​និង​ផ្ទះ​សម្បែង​របស់​ពួកគេ»។

លោក​ឯកអគ្គរាជទូត​បាន​ថ្លែង​អំណរគុណ​ដល់​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ ដែល​បាន​ដាក់​កម្ពុជា​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ​ហើយ​ថា​ប្រជាពលរដ្ឋ​ភាគច្រើននៅ​ក្នុង​សហរដ្ឋ​អាមេរិក​ស្គាល់​ថា​សង្គ្រាម​វៀតណាម​ឬVietnam War ក៏ប៉ុន្តែ ជា​ការពិត​សង្គ្រាម​នៅ​ក្នុង​តំបន់​នោះ​គឺរួម​ទាំង​នៅ​ក្នុង​ប្រទេស​ទាំង៣ ដែល​ជា​ប្រទេស​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

ព័ត៌មាន​ទាក់ទង៖ ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន ខណៈ​កម្ពុជា​សម្រុក​ដោះ​មីន​​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥


លោកស្រី​ Hoang Thi Thanh Nga ​ភារធារី​ស្ថានទូត​វៀតណាម​ប្រចាំ​ស.រ.អ.​ប្រាប់​កិច្ច​ពិភាក្សា​នេះ​ថា ​ការ​ផ្សះផ្សា​កេរ​ដំណែល​សង្គ្រាម​តាម​រយៈ​ជំនួយ​របស់​ស.រ.អ.​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​ការ​ជួយ​ជន​ពិការ​នៃ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​សង្គ្រាម​ ការ​រក​ឃើញ​ និង​ប្រគល់​អដ្ឋិធាតុ​យោធា​អាមេរិកាំង​គឺ​មាន​សារៈសំខាន់។​

លោកស្រី​ Hoang Thi Thanh Nga ថ្លែង​ថា៖ «យើង​ជឿ​ជាក់​ថា ​ការ​ដោះស្រាយ​កេរ​ដំណែល​សង្រ្គាម​ គឺ​ជា​គន្លឹះ​មួយ​ចំពោះ​ដំណើរ​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​រវាង​វៀតណាម ​និង​សហ​រដ្ឋ​អាមេរិក​ ហើយ​ក៏​ជា​គន្លឹះ​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​ដែរ»។

លោកស្រី​ឱ្យ​ដឹង​ថា ​ទំនាក់​ទំនង​ជិត​ស្និទ​រវាង​អតីត​សត្រូវ​ក្នុង​សង្គ្រាម​នេះ​ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​បុគ្គល​និង​បុគ្គល​ជាង​៣​ទសវត្សរ៍​ ជាពិសេស​អតីត​ទាហាន​ក្នុង​សង្គ្រាម​វៀតណាម​វិល​ត្រឡប់​ទៅ​ទស្សនា​កន្លែង​អនុស្សាវរីយ៍​ជូរចត់​របស់​ពួក​គេ។

«កិច្ច​សហ​ប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​វៀតណាម ​និង​សហ​រដ្ឋ​អាមេរិក​ រវាង​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល​ និង​ប្រជាជន ​និង​ប្រជាជន​ក្នុង​ផ្នែក​នេះ ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទំនុក​ចិត្ត ​និង​ការ​យោគ​យល់​គ្នា​ ធ្វើ​ឱ្យ​អតីត​សត្រូវ​ក្លាយ​មិត្ត ​និងជា​ដៃគូនា​ពេល​បច្ចុប្បន្ន​នេះ»។​

លោក​ Bouthanongsack Chanthalath​ ភារធារី​ស្ថានទូត​ឡាវ​ប្រចាំ​ស.រ.អ.​ប្រាប់​អ្នក​ចូល​រួម​ដោយ​សង្កត់​ធ្ងន់​ថា ​អ្វី​ដែល​ស.រ.អ.​ហៅ​ថា ​សង្គ្រាម​វៀតណាម​នេះ​តាម​ពិត​ជា​សង្គ្រាម​ស.រ.អ.​នៅ​ឥណ្ឌូចិន​ទាំងមូល​ ព្រោះ​សង្គ្រាម​នេះ​បាន​ហៀរ​ចូល​ដល់​ប្រទេស​ឡាវ ​និង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា ​សង្រ្គាម​វៀតណាម ​ឬ​សង្រ្គាម​សម្ងាត់​នៅ​ប្រទេស​ឡាវ​នោះ​ ​ យើង​ជា​ប្រជាជន​ឡាវ​ រង​ឥទ្ធិពល​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​រយៈ​ពេល​ប្រាំបួន​ឆ្នាំ​ជាប់​គ្នា។​ចាប់ពី​ឆ្នាំ​១៩៦៤​ដល់​ឆ្នាំ​១៩៧៣​ ​គ្រាប់​បែក​ជាង​ ២​ លាន​តោន​ត្រូវ​បាន​ទម្លាក់»។

​ទោះជា​យ៉ាង​ណា​ លោក​អរគុណ​ស.រ.អ. ​និង​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ជួយ​បោស​សម្អាត​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បង្កគ្រោះថ្នាក់​នៅ​ប្រទេស​របស់​លោក​រហូត​ដល់​សព្វ​ថ្ងៃ។​

លោក​សុំ​ឱ្យ​ផល​ប្រយោជន៍​នៃ​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​រវាង​ស.រ.អ.​ និង​វៀតណាម​ហៀរ​ទៅ​ដល់​ប្រទេស​របស់​លោក​ដែរ​ ដូច​កាល​ដែល​សង្គ្រាម​វៀតណាម​ហៀរ​ដល់​ប្រទេស​របស់​លោក។

លោក​បង្ហាញ​ភាព​រីករាយ​ដែល​គណៈ​កម្មាធិការ​វិភាជ​ថវិកាសភា​ស.រ.អ.​តាំង​ចិត្ត​ផ្តល់​ប្រាក់​៨០​លាន​ដុល្លារ​សម្រាប់​បោះ​សម្អាត​យុទ្ធភណ្ឌ​ សំណល់​ពី​សង្គ្រាម​នៅ​វៀតណាម ​ឡាវ​ និង​កម្ពុជា។​
«ដូច្នេះ​យើង​សង្ឃឹម​ថា​នឹង​ឃើញ​ការ​ប្ដេជ្ញា​ចិត្ត​នេះរួម​ចំណែក​ដល់​កិច្ច​ប្រឹង​ប្រែង​បោស​សម្អាត​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​របស់​យើង»។

កម្មវិធី ​កិច្ចពិភាក្សាដែល​មាន​រយៈពេល២ថ្ងៃ​នៅ​វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក​អំពីកិច្ចសន្ទនាស្តីពី​កេរ​ដំណែល​នៃ​សង្គ្រាម​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​វៀតណាម ឡាវ​និង​កម្ពុជា​ កើត​ឡើងភ្លាមៗ ​តែប៉ុន្មាន​ថ្ងៃ ដែល លោក​ប្រធានាធិបតី ​សហរដ្ឋ​អាមេរិក​ ចូ បៃដិន ​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុងប្រទេស​វៀតណាម​កាលពី សប្តាហ៍មុន ​ដើម្បី​រឹតចំណង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​ទំនាក់ទំនង ​ឈាន​ដល់​កម្រិត ខ្ពស់​ ឬ ហៅថា «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ‍​គ្រប់​ជ្រុងជ្រោយ‍» ស្រាប់​ ហើយនិង​ការប្តេជ្ញា​ចិត្ត​ រួមគ្នា​ដើម្បី​បន្ត​ កិច្ច​សហប្រតិបត្តិការ​នេះ ​លើវិស័យ​ជាច្រើន​រួមទាំង​ សន្តិសុខ ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​ការប្រែប្រួល​អាកាសធាតុ សុខាភិបាល ​អប់រំ​ បច្ចេក​វិជ្ជា ​ជាដើម។

លោកស្រី ​Mira Rapp-Hooper ​ជាជំនួយការ​ពិសេស​របស់​លោក​ ប្រធានាធិបតី​ Joe Biden ​និង​ជា នាយិកា​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​បូព៌ា​ និង​អូសេអានី ​(Senior Director for East Asia and Oceania, National Security Council) បាន​ថ្លែង​ប្រាប់​សន្និសីទ​ប្រចាំឆ្នាំ​លើកទី២​ស្តីពី​កេរដំណែល​នៃ​សង្គ្រាម​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​វៀតណាម ឡាវ​និង​កម្ពុជា​ អំពីសារ:​សំខាន់នៃ ​ជំនួប​រវាង​លោក​ប្រធានាធិបតី​ Joe Biden​ ជា​មួយ​មេ​ដឹកនាំ​កំពូល​ទាំង​៤​រូប​របស់​វៀតណាម​អំពីកិច្ច​សហប្រតិបត្តិការ​រវាង​អាមេរិកនិង​ វៀតណាម​និង«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ‍​គ្រប់ជ្រុងជ្រោយ‍»។

«ដូច្នេះ ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​យើង​ជាមួយ​វៀតណាម​ ដែល​លោក​ប្រធានាធិបតី​ Joe Biden​ និង​លោក ​Nguyễn Phú Trung ​ អគ្គ​លេខា​បក្ស​កុម្មុយនិស្ត​វៀតណាម​ បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ ​គឺ​ជា​លទ្ធផល​នៃ​ការងារ​ផ្សះផ្សា​អស់​ពេល​រាប់​សិប​ឆ្នាំ»។

លោក​ស្រី​បន្ថែម​ប្រាប់​អ្នកចូលរួម​ប្រមាណ​ជាង​១០០​នាក់​ថា ​ទៅ​ថ្ងៃ​អនាគត​ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​នេះ​ ចាំបាច់​ត្រូវ​មាន​ការ​វិនិយោគទុន​ខាង​បច្ចេកវិជ្ជា​នៅ​ប្រទេស​វៀតណាម​ ជាពិសេស​ការ​ផលិត​បន្ទះ​អេឡិចត្រូនិក​ និង​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​អាមេរិក​នៅ​ប្រទេស​វៀតណាម​បន្ថែម​លើ​កិច្ច​ប្រឹង​ប្រែង​ផ្សះផ្សា​កេរ​ដំណែល​សង្គ្រាម​កន្លង​មក។

លោកស្រី​ថ្លែង​ថា៖ «ហើយ​ជាពិសេស​ការ​វិនិយោគ​លើ​ការ​ប្រព័ន្ធ​អេកូផលិត​បន្ទះ​អេឡិចត្រូនិក​ semi-conductor នៅ​ប្រទេស​វៀតណាម​ តាមរយៈ​បំណង​ប្រាថ្នា​ដ៏មុតមាំ​របស់​សហ​រដ្ឋ​អាមេរិក​ចង់​ឃើញ​វៀតណាម​ជា​ដៃគូ​បច្ចេក​វិជ្ជា ឈាន​មុខ​គេ​ក្នុង​តំបន់​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ និង​បង្កើន​តួនាទី​ជា​អ្នក​ឈាន​មុខ​ពិភព​លោក»។

ដោយ​ឡែក​អ្នក​ស្រី Pham Lan Dung នៃ​បណ្ឌិត​សភា​ការទូត​វៀតណាម​បាន​លើក​ឡើងពី​ការ​វិនិយោគ​ ការ សិក្សា​អប់រំ​ ការផ្សះផ្សា​ ពីផល​ប៉ះពាល់​នៃ​សង្គ្រាម​វៀតណាម​នេះ។

អ្នក​ស្រី Pham Lan Dung ថ្លែង​ថា៖ «មាន​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការផ្លាស់ប្តូរ​ការសិក្សា​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ យើង​ដឹង​ថា​វៀតណាម​ស្ថិត​ក្នុង​លំដាប់​ទី៥នៃ​បណ្តា​ប្រទេស​ដែល​មាន​និស្សិត​ច្រើន​ជា​ង​គេ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ យើង​ស្ថិត​នៅ​បន្ទាប់ពី​ចិន ឥណ្ឌា ​កាណាដា​និង​កូរ៉េ​ខាង​ត្បូង​។ យើង​មាន​ជាង​៣ម៉ឺន​នាក់​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​លំដាប់​ទី២​សម្រាប់​ទិសដៅ​នៃ​ការសិក្សា​របស់​និស្សិត​យើង​បន្ទាប់ពី​ប្រទេស​អូស្ត្រាលី»។

អ្នកស្រី​Pham Lan Dung បាន​ទទួលស្គាល់​ថា​វាជា​កិច្ចការ​ដ៏​ប្រឈម​មួយ​ដើម្បី​ជួយ​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​យល់ពី​ផលវិបាក​នៃ​សង្គ្រាម។ អ្នក​ស្រី​បាន​ថ្លែង​ថា​មាតា បីតា​វៀតណាម​បាន​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ដើម្បី​បញ្ជូន​កូនចៅ​ទៅ​រៀន​នៅ​បរទេស។ អ្នក​ស្រីនិយាយ​ទៀត​ថា​យើង​គួរ​លើក​ទឹកចិត្ត​ឱ្យ​មាន​កម្មវិធី​ស្តីពី​សង្គ្រាម​វៀតណាម​នៅ​ក្នុង​ថ្នាក់​រៀន​សហរដ្ឋ​អាមេរិក​ឱ្យ​បាន​ច្រើន​ដើម្បី​យល់​ដឹង និង​ទប់ស្កាត់​ការប្រព្រឹត្តិ​នូវ​កំហុស​ដូច​ពី​អតីតកាល។

មួយផ្នែក​នៃការ​ផ្សះផ្សា​និង​ដោះស្រាយ​ផលវិបាក​នៃសង្គ្រាម​ផងដែរ​គឺថា​ ចាប់តាំង​ពី​ឆ្នាំ១៩៩៣មក ​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ប្រាក់​ជាង៦៦៥លាន​ដុល្លារដើម្បី​ផ្តោត​លើ​ការដោះមីន​និង​គ្រាប់​រំសេវ​មិន​ទាន់​ផ្ទុះ​(UXO)នៅ​ក្នុង​តំបន់​ រួមទាំង​កម្ពុជា​ដែល​ទទួល​បាន​ជំនួយ​ដោះមីន​ដល់​រយ​លាន​ដុល្លារ​ពីអាមេរិក។ គោលដៅ​គឺ​ជួយ​សហគមន៍​នានា​ដើម្បី​អាច​ព្យាបាល​ស្នាម​របួស​និង​អាច​ធ្វើ​ឱ្យ​សហគមន៍​ទាំង​នោះ​រីក​ចម្រើន។ នេះ​បើ​លោក​ស្រី Melissa Brown ឧបការីរង​ទទួល​បន្ទុក​ការិយាល័យ​កិច្ចការ​អាស៊ីអាគ្នេយ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​ទើប​ត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​ជា​មួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មីៗនេះ។

​លោក​ស្រី​Brown បាន​ថ្លែង​សរសើរ​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើកិច្ចការ​ប្រសើ​រនៅ​ក្នុង​ការកម្ចាត់​គ្រាប់​មីន​និង​អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។ លោក​ស្រី​បាន​ថ្លែង​ថា៖ «ក្នុង​រយៈពេល៣០ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ប្រាក់១៩០លាន​ដុល្លារ​ដើម្បី​សិក្សា ​អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ(UXO)​និង​ស្ថាបនា​សមត្ថភាព​ថ្នាក់​ជាតិ។ ការយល់​របស់​ខ្ញុំ​គឺ​ថា​កម្ពុជា​មាន​គោលដៅ​បញ្ចប់​ការដោះ​គ្រាប់​មីន​និង​អាវុធ​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ(UXO)របស់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ២០២៥ ហើយ​ដូចជា​ការលើកឡើង​របស់​លោក​ឯកអគ្គរាជទូត​កម្ពុជា​ដែរ កម្ពុជា​បាន​ជួយ​បញ្ហា​ទាហាន​អាមេរិកាំង​បាត់​ខ្លួន​ឬMIA»។

លោក កែវ ឈា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិកបាន​ថ្លែង​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​សង្រ្គាម​អាមេរិក-វៀតណាម​ នោះ​លោក​បាន​ស្នើ​ដល់​រដ្ឋាភិបាល​អាមេរិក​បង្វែរ​បំណុល អតីកាល​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​ ការអប់រំ​ឬជា​ជំនួយ​មនុស្សធម៌​ទាក់ទងនឹង​ការរងគ្រោះ​ពីសង្គ្រាម៖ «គាំទ្រ​កម្មវិធី​ស្តារសម្បទា​ដល់​ជនរងគ្រោះ​និង​កុមារ​ទើប​កើត​ដែល​រង​ផលប៉ះពាល់​ដោយ​សារធាតុ​គីមី​ពណ៌លឿង​ (Orange agent) នៅ​តាម​បណ្តា​ខេត្ត​ភាគខាង​ជើង​ប្រទេស​កម្ពុជា។ បង្វែ​បំណុល​សង្រ្គាម​ បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​អំឡុង​សង្រ្គាម​នាដើម​ទសវត្ស១៩៧០ឱ្យ​មកជា​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា​វិញ។ ពិចារណា​លើ​ការពង្រីក​ការគាំទ្រ​ ផ្តល់​ឱកាស​ដល់​និស្សិត​កម្ពុជា​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​អោយ​បាន​ចំនួន​ច្រើន​ជាងមុន​តាម​រយៈ​អាហារ​រូបករណ៍»។

សហរដ្ឋ​អាមេរិក​មិនទាន់​សម្រេច​ថា​ត្រូវដោះ​ស្រាយ​យ៉ាងណា​រឿង​បំណុល​កម្ពុជា​ជំពាក់​នៅសម័យ​សង្គ្រាម​កាលពី អតីតកាល​ទេ។ តែ​រហូត​មក​ដល់​ពេល​នេះ បើ​គិត​ទាំង​ការ​ប្រាក់​ផង ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ បាន​កើន​ដល់​យ៉ាងតិច​ ៥០០លាន​ដុល្លារ​ហើយ។ បំណុលនេះ ​ត្រូវសហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​កម្ចី​ជាង ​២៧០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ​ លន់ នល់ នៅ​ដើម​ទសវត្សរ៍​ ១៩៧០​ ដើម្បី​ទិញ​ស្បៀង​និង​កសិផល​ផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក៕