សកម្មជន​​​​នៅប្រទេស​កម្ពុជា​បន្តស្វែង​រក​ការពិត​នៃការ​បាត់ខ្លួន​សកម្មជន​ថៃ​លោក វ៉ាន់ឆាឡឺម

រូបឯកសារ៖ ក្រុម​បាតុករ​កាន់​បដា និង​ពាក់​ម៉ាស់មុខ ខណៈ​ដែល​ពួកគេ​តវ៉ា​គម្រប់​រយៈពេល ៦ ខែ ក្រោយ​សកម្មជន​ថៃ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ លោក Wanchalearm Satsaksit ត្រូវ​បាន​ចាប់​ពង្រត់។ ពួកគេ​តវ៉ា​នៅ​ខាង​មុខ​ស្ថានភាព​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅ​ទីក្រុង​បាងក

សកម្មជន​វ័យក្មេង​ប្រមាណ​២០នាក់​ បាន​ធ្វើការ​ប្រមូលផ្តុំ​ ដោយ​ឈរ​តម្រង់​ជួរ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ បន្ដ​ស្នើឱ្យ​មាន​យុត្តិធម៌​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ថៃ​លោក​ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ(Wanchalearm Satsaksit ) ដែល​បាន​បាត់​ខ្លួននៅកម្ពុជា​ កាលពី៣ឆ្នាំមុន​។

នេះ​ជា​យុទ្ធនាការ​សង្គម​មួយ​ក្នុង​ការ​ស្វែងរក​ហេតុផល​ពិតប្រាកដ​នៅពីក្រោយ​ការ​បាត់​ខ្លួន​លោក វ៉ាន់​ឆាឡឺម​ ដែល​គេស្គាល់ថា​ ជាសកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ និងជាអ្នក​រិះ​គន់​មន្ត្រី​នៃ​របប​យោធា​ថៃ​នៅ​តាមបណ្តាញ​អ៊ីនធឺណិត។​

នៅក្នុង​ការ​រំឭក​ខួប៣​ឆ្នាំ​នៃការ​បាត់​ខ្លួន​សកម្មជន​ថៃ​អាវ​ក្រហម​រូប​នេះ​ កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍មុន ​ ក្រុម​សកម្មជន​បាន​ពាក់​ស្រោម​មុខ​មាន​រូប​លោក ​វ៉ាន់​ឆាឡឺម ហើយ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ បន្ដចាត់​វិធាន​ការ​ស៊ើប​អង្កេត​ និង​ផ្ដល់​យុត្តិធម៌​ក្នុង​ករណី​នេះ ក្រោយ​លោក​ត្រូវ​បានចាប់​ពង្រត់​ពី​កន្លែង​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ២០២០ ហើយ​បាន​បាត់​ដំណឹង​ជារៀង​រហូត​មក។

កញ្ញា រៀម ស្រីពេជ្យរតនា យុវជន​មកពីខេត្ត​កំពង់​ធំ​ ដែល​បាន​ចូលរួម​ក្នុង​ពីធីដើរដង្ហែ​ក្បួននេះ​ប្រាប់​វីអូអេ​ថា​ការរំឭក​ខួប​នៃការបាត់ខ្លួន​លោក​ វ៉ាន់ឆាឡឺមគឺ​ជាផ្នែក​មួយ​នៃ ការបន្ត​ការ​ទាមទារ​រក​យុត្តិធម៌​ជូនសកម្មជន​រូបនោះ។

កញ្ញា​បញ្ជាក់​ថា៖«ស្នើឱ្យ​រដ្ឋាភិបាល​គោរពនូវ​សិទ្ធិ​មនុស្ស​ ក៏​ដូចជា​ស្វែងរក​ខ្លន​លោក​ វ៉ាន់ឆាឡឺម ដើម្បី​ឱ្យ​ទាមទារយុត្តិធម៌​សម្រាប់​រូប​លោក​ ពីព្រោះ​ដោយសារ​តែ​រូប​លោកបាន ​ដូច​ឱ្យ​ដឹង​ហើយ​ មក​ផ្ញើខ្លួន​ផ្ញើ​ប្រាណ​នៅ​ប្រទេស​កម្ពុជា​ ហើយ​លោក​បាត់​ខ្លួន​ដោយ​ទាំងបង្ខំ​ ហើយ​ក៏ជា​ការដែល​យើង​មើល​ឃើញ​ថា​ឱ្យ​រដ្ឋាភិបាល​គួរ​មាន​ទំនួល​ខុស​ត្រូវ​ដើម្បី​រក​យុត្តិធម៌​ជូន​លោក វ៉ាន់ឆាឡឺម ​គ្រួសារ​របស់​លោក​»។

កញ្ញា​បន្តថា​ រហូត​មកទល់​ពេលនេះ​ក្រុម​យុវជន​មិនទាន់​ទទួល​បានការ​ឆ្លើយតប​ណាមួយ​ពី​ភាគី​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ​។

នាយកទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ​លោកអំ សំអាត បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា​ករណី​ការ​បាត់ខ្លួន​ លោក វ៉ាន់ឆាឡឺម ​រយៈពេល​៣​ឆ្នាំ​មក​នេះ​មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ ក្រោយការ​ប្តឹងផ្តល់​នៅតុលាការ​ជាន់​ទាប​កម្ពុជា។​ លោក​បន្ថែមថា​ ​ករណី​នេះ​នៅតែ​មាន​ការ​ចាប់​អារម្មណ៍ខ្លាំង​ពី​សំណាក់​សហគមន៍​សិទ្ធិ​មនុស្ស​អន្ដរជាតិ ដែល​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ស្រាវ​ជ្រាវ​ផ្ដល់​យុត្តិធម៌ឱ្យ​បាន​ត្រឹមត្រូវ​។

លោកថ្លែង​ថា៖​ «គណៈកម្មាធិការ​បាត់ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ទទូច​សួរ​កម្ពុជា​យើង​ ដើម្បី​ឱ្យស្វែង​រក​ព័ត៌មាន​ទាក់ទង​នឹង​ការ​បាត់ខ្លួន​នេះ​ ផ្ដល់​ទៅ​ដល់​គ្រួសារ​គេ​ បើទោះ​បី​ការ​បាត់ខ្លួន​នេះ​នៅ​រស់​ឬក៏​ស្លាប់​យ៉ាង​ណា​ក៏ដោយ។​ អ៊ីចឹង​ទាក់ទង​រឿង​ទាំងអស់​នេះ​គេនៅ​តែធ្វើ​ការ​តាមដាន​មក​លើ​កម្ពុជា​យើង​នៅ​ឡើយ​។ អ៊ី​ ចឹង​គឺ​កម្ពុជា​ត្រូវ​តែ​បង្ហាញ​ឱ្យ​អស់ពី​លទ្ធភាព​សមត្ថភាព​ក្នុងការ​ស៊ើបអង្កេត​ ស្វែងរក​ពត៌មាន​អំពី​ការ​បាត់ខ្លួន​លោក​ វ៉ាន់ឆាឡឺមនេះ​»។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

រដ្ឋលេខាធិការ​ និងជាអ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា សំណុំ​រឿង​ការ​បាត់​ខ្លួន​លោក​ វ៉ាន់ឆាឡឺម នៅតែ​បន្ដ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ ហើយ​កម្ពុជា​ក៏បាន​ធ្វើការ​សហការ​ជាមួយ​ស្ថានទូត​ថៃ និង​អាជ្ញាធរ​ថៃ​ ប៉ុន្តែ​មិន​ទទួល​បាន​តម្រុយ​ណាមួយ​ក្នុង​ការស្វែង​រកសកម្មជន​រូបនោះបានទេ​។

លោក​ថ្លែង​ថា៖«អំពាវនាវ​ដល់​អ្នក​ដែល​បាន​ព័ត៌មាន​អីសូម​ឱ្យ​ផ្ដល់​ពត៌មាន​ដល់​សមត្ថកិច្ច​ជា​បន្ដ​ទៀត​ទៅ​ យើង​បាត់​ដាន​ រក​មិន​ឃើញ​»។

គួររំឭក​ថា​ លោក វ៉ាន់ឆាឡឺម​ ដែល​បាន​បាត់​ខ្លួន​នៅ​អាយុ​៣៧​ឆ្នាំ​ ត្រូវ​បានគេ​ស្គាល់​ថា​ជា​សកម្មជន​នៃ​ក្រុម​រណសិរ្ស​រួម​ដើម្បី​ប្រឆាំង​នឹង​ជន​ផ្តាច់ការ ​ដែល​មាន​ឈ្មោះ​ក្រៅ​ថា​ក្រុមអាវ​ក្រហម ​ដែល​តែងតែ​រិះគន់​ក្រុម​យោធា​និង​រដ្ឋាភិបាល​ថៃលោក ប្រាយុទ្ធ ចាន់​អូចា​ (Prayuth Chan-ocha) ជាញឹក​ញាប់​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​។

ក្រោយ​រដ្ឋប្រហារ​ខែឧសភាឆ្នាំ​២០១៤​នៅ​ប្រទេស​ថៃ លោក វ៉ាន់ឆាឡឺម បាន​ភៀស​ខ្លួន​មក​ប្រទេស​កម្ពុជា ដើម្បី​គេច​ពី​រឿង​ក្ដី​ក្ដាំ​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាលថៃ ទាក់ទង​នឹងបទ​ល្មើស​ប្រមាថ​ព្រះ​មហាក្សត្រ និង​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ មួយ​ថ្ងៃ​មុន​ពេល​ត្រូវ​ចាប់​ពង្រត់​នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ សកម្មជន​អាវ​ក្រហម​រូបនេះ​បាន​បង្ហោះ​វីឌីអូ​ឃ្លីប​មួយ​តាមហ្វេសប៊ុក​ដោយ​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូចាថា​ជា​មេដឹក​នាំ​ដែល​ល្ងង់​ខ្លៅ និងអ​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​៕