ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្តឹង​លោកកឹម សុខា​ថា​ ញុះញង់​​ពលរដ្ឋ​ឲ្យ​រើសអើង​បក្ស​នយោបាយ

រូប​ផ្សំ៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។ (VOA Khmer)

«ប្រទេស​ជាតិ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះ​​ស្រាយ​ ​គួរ​ណាស់​​តែ​គណបក្ស​នយោបាយ​យក​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ជីវិត​របស់​យើង​ហ្នឹង​ទៅ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ​បញ្ហា​ប្រជារាស្រ្ត​ទៅ​​ ​វា​ប្រសើរ​ជា​ជាង​មក​ធ្វើ​ទុក្ខ​បុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ»។​

នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ​ដែល​ជា​គណបក្សមិន​ទទួល​បានអាសនៈ​ឃុំ-សង្កាត់​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កន្លង​ទៅ​ ​បាន​ដាក់​ពាក្យ​ប្តឹង​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ទាក់ទិន​នឹង​សារ​នយោបាយ ​ដែល​ប្រធាន​គណបក្ស​ថ្មី​នេះ​អះអាង​ថា​ ញុះញង់​ប្រជា​ពល​រដ្ឋ​ឲ្យ​រើសអើង​គណបក្ស។​ ​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយលើក​ឡើង​ថា​ ​បណ្តឹង​នោះ​ជា​ការ​ប្តឹង​ដែល​មិន​សម​ហេតុ​ផល។​

​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ចេញ​ពី​ដាក់​បណ្តឹង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃ​អង្គារនេះ​ ​លោក​ពេជ្រ ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​លើក​ឡើង​ថា​ ​លោក​កឹម សុខា​ ​ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​បារាយណ៍​ ​ខេត្ត​កំពង់ធំ​ ​កាល​ពី​សប្តាហ៍មុនថា​ ប្រជា​ពលរដ្ឋ​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​តូចៗ​គឺ​ជា​ការ​បង្ហិន​សន្លឹក​ឆ្នោត។​ ​លោកពេជ្រ ស្រស់​បន្ថែម​ថា ​សារន​យោបាយរបស់​លោក​កឹម សុខា​គឺ​ជា​ការ​ញុះញង់​ ​និង​បាន​ធ្វើ​ឲ្យ​រំាង​ស្ទះ​ដល់សកម្ម​ភាព​របស់គណ​បក្ស​នយោបាយ​នានា​ ​ជា​ពិសេស​គណ​បក្ស​យុវជន​កម្ពុជា​របស់​លោក​ ​ក្នុង​ការ​ប្រកួត​ប្រជែង​នយោបាយ ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ​ដូច្នេះ​លោក​ថា​ ​លោក​សម្រេចដាក់​ពាក្យ​បណ្តឹង​ដើម្បី​ឲ្យ​តុលាការ​ដាក់​ទោសលោក​កឹម សុខា​តាម​ផ្លូវ​ច្បាប់។​

លោក​ពេជ្រ ស្រស់​ ​ប្រធាន​គណបក្សយុវ​ជន​កម្ពុជាបញ្ជាក់​ថា៖​

«គណបក្ស​មាន​១២​ ​គាត់​ថា​ មាន​តែ​គណបក្ស​២​ទេ​ដែល​អាច​បម្រើ​ជាតិ​បាន។​ ​ចុះ​គណបក្ស១០​ទៀត ​វា​ទៅ​ណា​ ​ដែល​ច្បាប់​ឲ្យ​ ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ?​ ​នេះ​ហើយ​ដែល​សូម​ឲ្យ​ប្រជា​ពលរដ្ឋបែងចែក​ព្រឹត្តិ​ការណ៍​នយោបាយ​ ​ព្រឹត្តិ​ការណ៍​សង្គម​ឲ្យ​បាន​ច្បាស់លាស់ ​ហើយ​កុំម៉ៃ​ថា ខ្ញុំ​អាយ៉ងអ្នក​នេះ ​អាយ៉ង​អ្នក​នោះ។​ ​អ្នក​ឯង​ទៅ​មើល​ច្បាប់​វិញ​ទៅ​ ខ្ញុំ​ប្តឹង​នេះ​គ្មាន​ចេតនា​ចង់​ឲ្យ​សង្គ្រោះ​ជាតិ​រលាយ​ទេ​គឺចង់​ឲ្យ​លោក​កឹម សុខាទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ នៅ​ពេល​ដែល​គេ​កំណត់​ថា​ ឲ្យ​លោក​កឹម សុខា​កែខ្លួន​ដើម្បី​ឲ្យមាន​តម្លាភាព​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ»។​

លោក​ពេជ្រ ស្រស់​អះអាង​ថា​ ​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ប្តឹង​លោក​កឹម សុខា​ ​ពីបទ​មានចេតនា​ញុះញង់​ឲ្យ​ប្រជា​ពល​រដ្ឋ​រើសអើង​គណបក្ស​នយោបាយ។​ ​ប៉ុន្តែ​លោក​ថា​ ​ចំពោះ​ការ​សម្រេច​យ៉ាងណា​នោះ​ ​គឺ​ជា​សិទ្ធិ​របស់​តុលាការ។​

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​យឹម សុវណ្ណ​ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​ VOA ​យ៉ាង​ខ្លី​ថា៖​

«ប្រទេស​ជាតិ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ ​គួរ​ណាស់តែ​គណបក្ស​នយោបាយ​យក​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ជីវិត​របស់​យើង​ហ្នឹង​ទៅ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ ​បញ្ហា​ប្រជារាស្រ្ត​ទៅ ​វា​ប្រសើរ​ជា​ជាង​មក​ធ្វើ​ទុក្ខ​បុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ»។​

ក្នុង​ពិធី​អរគុណ​ប្រជា​ពល​រដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ស្រុក​បារាយណ៍ ​ខេត្ត​កំពង់​ធំ​ ​កាលពី​ថ្ងៃ​ទី​១២​ ​ខែ​មិថុនា​ ​លោកកឹម សុខាថ្លែងថា​ ​គណបក្ស​នយោបាយ​តូចៗ​បង្ហិន​សន្លឹក​ឆ្នោត​ ​ហើយថា មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ ​ដែល​មាន​លទ្ធភាព​ឈ្នះ​តំណែងនាយក​រដ្ឋមន្ត្រីក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨​ខាង​មុខ។​

លោក​អ៊ូ វីរៈ​ ​ប្រធាន​វេទិកា​អនាគត​ ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា​ ​បណ្តឹង​របស់​លោក​ពេជ្រ ស្រស់​ប្តឹង​លោក​កឹម សុខាគឺជា​បណ្តឹង​ដែល​«មិនសម​ហេតុផល​ ​និង​មិន​អាច​ធ្វើ​ទៅ​បាន»។​

លោក​មាន​ប្រសាសន៍​ថា៖​

«ជា​ទូទៅ​ ​ការ​ឃោសនា​នយោបាយ​ ​ឬ​មួយ​ក៏​ការ​ធ្វើ​នយោបាយ​ ​ជា​គណ​បក្ស​នយោបាយ​គឺ​ត្រូវ​ព្យាយាម​ធ្វើម៉េច​បញ្ចុះ​បញ្ចូល​ប្រជា​ពលរដ្ឋកុំ​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ​ ​ហើយបោះ​ឆ្នោត​ឲ្យ​ខ្លួន។​ អា​ហ្នឹង​វាជា​ការ​ធ្វើ​នយោបាយ​ដែល​សាមញ្ញ​បំផុត​ ​និង​ចាំបាច់​បំផុត។​ ​អីចឹង​បើ​ប្តឹង​អ្នក​នយោបាយ​ និង​គណបក្ស​នយោបាយពីការធ្វើ​នយោបាយ អា​ហ្នឹង​គឺ​ចប់​ហើយ ​អត់​មាន​អី​ត្រូវ​ធ្វើ​ទៀត​ទេ។ ​អីចឹង​ជាទូទៅ​ ការ​ប្តឹង​មួយ​ហ្នឹង​គឺ​មិន​សមហេតុ​ផល​ទាល់​តែ​សោះ​ ហើយ​ជាទូទៅ​នៅ​ក្នុង​ពិភព​លោក​ តុលាការ​គេ​នឹង​ទាត់​ចោល​ហើយ»។​

ប្រទេស​កម្ពុជា​ទើបតែ​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ថ្ងៃ​អាទិត្យ​ទី​៤​ ខែ​មិថុនា​កន្លង​ទៅ ​ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១២​ចូល​រួម។​ ​លទ្ធផល​បង្ហាញ​ថា​ មាន​ពលរដ្ឋ​ជិត​៩០​ភាគរយ​បាន​ចេញ​ទៅ​បោះឆ្នោត​ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ ​បាន​កើន​ឡើង​អាសនៈ​មេឃុំ​ពី​ចំនួន​៤០​មក​ដល់​ជិត​៥០០​ ​និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជិត​៥.០០០​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១១.៥៧២។​ ​ចំណែក​ឯ​គណ​បក្សប្រជាជន​កម្ពុជា​របស់​លោកហ៊ុន សែនទទួល​បាន​សំឡេង​គ្រប់គ្រង​ឃុំ-សង្កាត់​ចំនួន​ ​១.១៥៨។​ ​គណបក្ស​រួបរួម​ជាតិរបស់​លោក​ញ៉ឹក ប៊ុនឆៃទទួល​បាន​១​ឃុំ​ ​ខណៈ​គណបក្ស​ចំនួន​៩​ផ្សេង​ទៀត​ ​រួមទាំង​គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ពេជ្រ ស្រស់​ផង​នោះ​ ​មិន​ឈ្នះបានឃុំ-សង្កាត់​ណា​មួយ​ឡើយ៕