សហគ្រិន​ស្ត្រី​កម្ពុជា​កំពុង​​ប្រមូល​ផ្តុំ​សក្តានុពល​រួម ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ធំ

អ្នកស្រីឧកញ៉ា ស្រ៊ាត មំុសុភា នាយិកាគ្រប់គ្រងក្រុមហ៊ុន សុហ្វីយ៉ា និងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)

កាល​ពី​ក្មេង អ្នកស្រី ស៊្រាត មុំសុភា មិន​ធ្លាប់​គិត​ថា​ចង់​ក្លាយ​ជា​សហគ្រិន​ ឬ​អ្នក​ធ្វើ​ជំនួញ​ទេ បើ​ទោះ​បីជា​អ្នកស្រី​រស់នៅ​ក្នុង​គ្រួសារ​ដែល​ជា​អ្នក​ធ្វើ​ជំនួញ​ក៏​ដោយ។ ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ អ្នកស្រី មុំសុភា បាន​ក្លាយ​ខ្លួន​ជា​សហគ្រិន​ស្ត្រី​ដ៏​ឆ្នើម​ម្នាក់​នៅ​កម្ពុជា។

ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SOPHIYA (សុហ្វីយ៉ា) អ្នកស្រី ស៊្រាត មុំសុភា បាន​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ​២០០៥ ទាំង​អ្នក​ស្រី​មិន​យល់​ច្បាស់​ពី​អ្វី​ទៅ​ជា​សហគ្រិនភាព។

អ្នកស្រី​បាន​និយាយ​ថា៖ «‍កាល​នៅ​ក្មេង​មិន​ដែល​ដឹង​ថា អ្វី​ទៅ​ហៅថា «‍សហគ្រិន» នោះ​ទេ គឺ​យើង​ស្គាល់​តែ​រក​ស៊ី»។

ប៉ុន្តែ រយៈពេល​១៤ឆ្នាំ​ក្រោយ​មក ការ​យល់​ឃើញ និង​ចំណេះដឹង​របស់​អ្នកស្រី​អំពី​សហគ្រិនភាព​បាន​ផ្លាស់ប្តូរ នៅ​ពេល​ដែល​ក្រុមហ៊ុន សុហ្វីយ៉ា បាន​រីក​លូតលាស់​ដោយ​ផ្តល់​ឱកាស​ការងារ​ដល់​មនុស្ស​ជាង​៦៥នាក់។

«‍ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​តាំង​ពី​ដើម​ទុន​តិចតួច រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ឃើញ​ខ្លួន​ឯង​ថា​ខុស​គ្នា​ឆ្ងាយ ហើយ​ដែល​អ្វី​ដែល​យើង​បាន​លះបង់ បាន​ចេញ​ជា​ផ្លែផ្កា។ ហើយ​វា​មិនមែន​សម្រាប់​តែ​ខ្លួន​ខ្ញុំ​ទេ ដែល​ខ្ញុំ​រក​ស៊ី​បាន​ចំណូល មាន​ស្ថិរភាព។ វា​ក៏​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក ជួយ​ប្រជាជន​មាន​ការងារ​ធ្វើ ទាំង​ក្នុង​ក្រុមហ៊ុន និង​ពលរដ្ឋ​ទូទៅ ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ រួម​ទាំង​អ្នក​រត់​ម៉ូតូ​ឌុប ភោគជនីយដ្ឋាន ជា​ដើម»។

អ្នកស្រី ស៊្រាត មុំសុភា បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅពេល​ដែល​អ្នកស្រី និង​ស្ត្រី​ចំនួន​១១នាក់​ផ្សេង​ទៀត ដែល​ខ្លះ​ជា​ម្ចាស់​ជំនួញ និង​ខ្លះទៀត​មាន​តួនាទី​ជា​អ្នក​ដឹកនាំ​ក្នុង​ជួរ​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ទស្សនកិច្ច​អន្តរជាតិ​ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​ក្រសួង​ការបរទេស​អាមេរិក កាលពី​ខែ​កញ្ញា​កន្លង​ទៅ។

សហគ្រិន​ស្ត្រី​ទាំង​នេះ មាន​គោល​បំណង​រួម​គ្នា​មួយ គឺ​ធ្វើ​កិច្ចការងារ​នានា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​បន្ថែម​ទៀត​ពី​ស្ត្រី​ក្នុង​វិស័យ​ជំនួញ ជា​ពិសេស​ជំនួញ​ខ្នាត​មធ្យម និង​ខ្នាត​ធំ។ ប៉ុន្តែ ដើម្បី​សម្រេច​កិច្ចការ​នេះ​បាន សហគ្រិន​ស្ត្រី​ត្រូវ​ឆ្លងកាត់​កត្តា​ប្រឈម​ជាច្រើន។

«‍ខំ​ធ្វើ​ការ​ពីរ​ដង​លើស​បុរស»

ការ​បង្កើត និង​គ្រប់គ្រង​ជំនួញ អាជីវកម្ម ឬ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា នៅតែ​ត្រូវបាន​ចាត់ទុក​ជា​កិច្ចការ​ដែល​សម​នឹង​បុរស​ជាង​ស្ត្រី។ សព្វថ្ងៃនេះ បើ​ទោះ​បីជា​ស្ត្រី​ជា​អ្នក​គ្រប់គ្រង​អាជីវកម្ម​ស្ទើរ​តែ​៦៥ភាគរយ​ក្តី ក៏​ជំនួញ​នោះ​ភាគច្រើន​មាន​លក្ខណៈ​ខ្នាត​តូច ដែល​ត្រូវការ​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ស្ថិតិ​ជាតិ។

បញ្ហា​មួយ​ចំនួន​ ដូចជា​តួនាទី​ស្ត្រី​ក្នុង​ផ្ទះ គំនាប​ប្រពៃណី ការ​អប់រំ​មាន​កម្រិត និង​ការ​ខ្វះខាត​ជំនាញ​ខាង​គ្រប់គ្រង​ហិរញ្ញ​វត្ថុ និង​គ្រប់គ្រង​អាជីវកម្ម បាន​រារាំង​ស្ត្រី​ជា​ច្រើន​នាក់ ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ ពី​ខ្នាត​តូច​ទៅ​ខ្នាត​មធ្យម ឬ​ពី​ខ្នាត​មធ្យម​ទៅ​ខ្នាត​ធំ ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​ទីផ្សារ​កាន់តែ​ធំ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី អេង លីគង់ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​ជា​ស្ថាប័ន​ឯកជន​មួយ ដែល​ធ្វើ​កិច្ចការ​គាំពារ​ស្ត្រី​ក្នុង​វិស័យ​ជំនួញ។

លោកស្រី​បាន​ប្រាប់ VOA ថា៖ «‍ហើយ​ស្ត្រី​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ មាន​ការ​លំបាក​មួយ​ទៀត គឺ​ដោយសារ​រនាំង​នៃ​ប្រពៃណី​វប្បធម៌​យើង​មិន​សូវ​ឲ្យ​គាត់​ចេញ​ក្រៅ​ទេ។ ដូច្នេះ​ ការងារ​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​ ឬ​ក៏​រៀប​បណ្តាញ​ក្នុង​ការ​លក់ដូរ​ហ្នឹង គាត់​លំបាក​ជាង​បុរស។ បញ្ហា​មួយ​ទៀត គឺ​ចំណេះ​ដឹង​របស់​ស្ត្រី​មាន​ការ​ទាប​ជាង ដោយសារ​ពីមុន​ឡើយ ការ​រៀន​សូត្រ​អី​ ដែល​តាម​វប្បធម៌ និង​សង្គម​របស់​យើង​ទាំង​មូល​តែ​ម្តង គឺថា ការ​រៀន​សូត្រ​វិញ​ គេ​ឲ្យ​តម្លៃ​តែ​លើ​បុរស ឲ្យ​គាត់​រៀន​តែ​ម្តង‍»។

លោក​ស្រី​បាន​បន្ថែម​ថា៖ «ដល់​ពេល​យើង​ក្លាយ​ជា​សហគ្រិន យើង​ត្រូវ​ធ្វើ​ការងារ​ ពីរដង​លើស​ពី​បុរស​ ដោយសារ​យើង​ត្រូវ​ធ្វើការងារ​ដែល​អត់​បាន​ការ ដែល​បុរស​ទុក​ឲ្យ​ផង ហើយ​យើង​ត្រូវ​ធ្វើការងារ​ដូច​បុរស​ផង»។

សហគ្រិនស្ត្រីកម្ពុជា៤នាក់ក្នុងចំណោម១២នាក់ ថតរូបរួមគ្នាក្រោយកិច្ចពិភាក្សានៅស្ថានទូតអាមេរិកប្រចាំកម្ពុជា មុនពេលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលអាមេរិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

ជាក់​ស្តែង គំនាប​គ្រួសារ​នេះ​ធ្លាប់​ជា​បញ្ហា​ដែល​អ្នកស្រី លឹម វីរីយ៉ា ដែល​ជា​ម្ចាស់​ភាគហ៊ុន​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​នំ លីម៉ា អង្គរ ហ្វូត បាន​ឆ្លងកាត់។

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «‍ដូច​ខ្ញុំ​អីចឹង បើសិន​ជា​ខ្ញុំ​មិនមែន​ជា​ស្ត្រី​ដែល​នៅ​ខ្លួន​មួយ​ទេ ប្រហែល​ជា​ខ្ញុំ​មិន​បាន​ហោះហើរ ជុំវិញ​ពិភព​លោក ដើម្បី​ដើរ​រៀន​សូត្រ​ស្វែងរក​ចំណេះ​ដឹង ប្រហែល​ជា​ខ្ញុំ​ពិបាក​ទៅ​ធ្វើការ​ពីរបី​កន្លែង បាត់ៗ​ពី​ផ្ទះ ពី​ព្រឹក​ទល់​ល្ងាច​ជា​រៀង​រាល់​ថ្ងៃ​អីចឹង»។

អ្នកស្រី លឹម វីរីយ៉ា គឺជា​អ្នក​គ្រប់គ្រង​ទំនាក់​ទំនង​សាធារណៈ​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ហើយ​អ្នកស្រី​ក៏​បាន​ចូលរួម​ដឹកនាំ​កម្មវិធី​បណ្តុះបណ្តាល​នានា​របស់​សមាគម​ដល់​ស្ត្រី​ជាច្រើន​នាក់​នៅ​តាម​បណ្តា​ខេត្ត​នានា នៅ​ជុំវិញ​ប្រទេស​កម្ពុជា​ផង​ដែរ។ តាមរយៈ​កិច្ចការ​ទាំង​នេះ អ្នក​ស្រី​បាន​កត់​សម្គាល់​ឃើញ​ថា ភាព​ជឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ក៏​ជា​កត្តា​ប្រឈម​ដែល​ស្ត្រី​ជាច្រើន​នាក់​កំពុង​ជួប​ប្រទះ ជាពិសេស​គឺ​ស្ត្រី​នៅ​តាម​ខេត្ត។

អ្នកស្រី លឹម វីរីយ៉ា បាន​លើក​ឡើង​ថា៖ «‍ស្ត្រី​នៅ​ភ្នំពេញ មាន​ភាព​ក្លាហាន និង​ពូកែ តែ​ស្ត្រី​នៅ​តាម​ខេត្ត​វិញ គាត់​មិន​សូវ​ហ៊ាន គាត់​ខ្លាច។ យើង​ត្រូវ​លើក​ទឹក​ចិត្ត​យក​ណាស់។ ពួកគាត់​ត្រូវការ​ការ​លើក​ទឹក​ចិត្ត​ច្រើន»។

ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ដល់​សហគ្រិន​ស្ត្រី

អ្នកស្រី ស៊្រាត មុំសុភា លោកស្រី អេង លីគង់ និង​អ្នកស្រី លឹម វីរីយ៉ា បាន​ស្គាល់​គ្នា​តាមរយៈ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា។ អ្នក​ទាំងបី រួម​ទាំង​សមាជិក​នានា​នៃ​សមាគម​នេះ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​កំណត់​សក្តានុពល​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​ជំនួញ។

តាំងពី​ឆ្នាំ២០១១​មក សមាគម​នេះ​ដែល​មាន​សមាជិក​ជិត​៥០០នាក់ បាន​សម្រេច​កិច្ចការ​ជា​ច្រើន ដើម្បី​ប្រមូល​ផ្តុំ​ការ​គាំទ្រ​ពី​ស្ថាប័ន​រដ្ឋ និង​ដៃគូ​ពី​ស្ថាប័ន​ឯកជន​នានា ដូចជា​គណៈកម្មការ​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ឬ​ហៅ​ថា AmCham។

លោកស្រី អេង លីគង់ ដែល​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា៖ «‍នៅក្នុង​សមាគម​ស្ត្រី​យើង​មាន​កម្មវិធី​យ៉ាង​ច្រើន ផ្តោត​លើ capacity building [ការ​ពង្រឹង​សមត្ថភាព] ព្រោះ​ថា ស្ត្រី​ដែល​ធ្វើ​អាជីវកម្ម​មាន​ការ​ខ្វះខាត​នូវ​ចំណេះដឹង។ យើង​មាន​វគ្គបណ្តុះបណ្តាល ដូចជា​កម្មវិធី Mentoring បំពាក់​បំប៉ន​ដើម្បី​ឲ្យ​ស្ត្រី​ហ្នឹង ចូលរួម​រៀន​វគ្គ​ខ្លីៗ ដើម្បី​យក​ចំណេះដឹង​ទាំង​អស់​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ឲ្យ​បាន​ដូរ​ពី​ខ្នាត​តូច​ទៅ​មធ្យម ឬ​ពី​លក្ខណៈ​គ្រួសារ​ទៅ​លក្ខណៈ​ស្តង់ដារ​បន្តិច ដើម្បី​ឲ្យ​ផលិតផលបំពេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ដែល​គេ​ចង់បាន»។

ស្ត្រី​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ជាច្រើន​នាក់ បាន​ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​បណ្តុះបណ្តាល និង​ផ្សារភ្ជាប់​បណ្តាញ​ទាក់ទង​របស់​សមាគម រួម​ជា​អាទិ៍​គឺ​កញ្ញា ទូច សុជាតិតា។ កញ្ញា សុជាតិតា​ គឺជា​សហស្ថាបនិក​នៃ​ក្រុមហ៊ុន InoTED នៅ​ឆ្នាំ​២០១៧ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​កត្តា​ប្រឈម​ក្នុង​វិស័យ​អប់រំ ទេសចរណ៍ និង​កសិកម្ម។

កញ្ញា សុជាតិតា ​មាន​គំនិត​ផ្តួច​ផ្តើម​ក្រុមហ៊ុន​នេះ​ឡើង ទាំងមិនមាន​ចំណេះ​ដឹង​ខាង​បច្ចេកវិទ្យា ក៏​ប៉ុន្តែ​នាង​បាន​លើក​ឡើង​ថា​ វគ្គ​បណ្តុះ​បណ្តាល​របស់​សមាគម​នានា​បាន​ជួយ​ពង្រឹង​ចំណេះដឹង​របស់​កញ្ញា ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​ក្រុមហ៊ុន InoTED នេះ​ឡើង។

កញ្ញា ទូច សុជាតិតា បាន​លើក​ឡើង​ថា៖ «ខ្ញុំ​អាច​ក្លាយ​ខ្លួន​ជា​ម្ចាស់​អាជីវកម្ម​មួយ​បាន ដោយសារ​ខ្ញុំ​បាន​ក្លាយ​ខ្លួន និង​រួម​ចំណែក​ខាង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​ពួកគាត់​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​ខ្ញុំ​បាន​រៀនសូត្រ​ពី​សមាជិក​ផ្សេងៗ សមាជិក​សកម្ម​នៅ​ក្នុង​សមាគម។ អីចឹង នៅពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជាមុន»។

មក​ដល់​សព្វថ្ងៃ​នេះ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA) ដែល​មាន​សមាជិក​ជា​ស្ត្រី​ជិត​៥០០នាក់ បាន​បង្កើត​ឱកាស​ការងារ​ដល់​មនុស្ស​ចំនួន១៥,០០០នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​ជា​លទ្ធផល​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្នុង​សហគមន៍​ជា​ច្រើន ជាពិសេស​ផ្តល់​ជា​ជំនាញ​ផ្សេងៗ​ផងដែរ៕