ក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន រយៈពេល២ថ្ងៃក្នុងខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន។
អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក ប្រាប់វីអូអេនៅថ្ងៃពុធថា ការតាំងពិព័រណ៍ម្ហូបអាហារនេះមិនមែនធ្វើឡើងដើម្បីទាក់ទាញតែភ្ញៀវទេសចរពីចិនតែមួយនោះទេ តែធ្វើឡើងដើម្បីបង្ហាញពីសក្តានុពលម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារទាំងអស់នៅក្នុងពិភពលោក។
លោកថ្លែងថា៖ «ចង់ជម្រាបបញ្ជាក់ជូនឱ្យច្បាស់មិនមែនតែយើងធ្វើសម្រាប់តែទាក់ទាញភ្ញៀវទេសចរចិនមួយទេ គឺយើងធ្វើបង្ហាញពីសក្តានុពលទីផ្សារម្ហូបអាហាររបស់យើងទៅកាន់ទីផ្សារទាំងអស់នៅក្នុងពិភពលោក។ ពិព័រណ៍ម្ហូបអាហារក៏មានសារៈសំខាន់ផងដែរ ក្នុងការទាក់ទាញទេសចរ ព្រោះពេលដែលទេសចរមកកាន់គោលដៅកម្សាន្តណាមួយគឺ តែងតែទទួលទានអាហារ។ អ៊ីចឹងរសជាតិនៃអាហារហ្នឹង វាផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ប្រពៃណីដែលជាមុខម្ហូបរបស់កម្ពុជាយើង»។
ក្នុងការរៀបចំពិព័រណ៍ម្ហូបអាហារនេះ សិក្ខាសាលាមួយនឹងរៀបចំឡើងនៅក្រោមប្រធានបទ «Good Food for All» ដែលនឹងមានវាគ្មិនល្បីៗចូលរួមចែករំលែកបទពិសោធន៍ស្តីពីម្ហូបអាហារកម្ពុជា និងចិន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ២២ ខែតុលា។
បើតាមសេចក្តីជូនដំណឹងនោះ ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) នឹងចាប់ផ្តើមពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដោយមានការដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា និងចិនចំនួនប្រមាណ ១០០ ស្តង់។
អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី យល់ឃើញថា ការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិននេះ គឺជាផ្នែកមួយនៃការបង្កើនទំនាក់ទំនងកម្ពុជានិងចិន ហើយក៏ជាមធ្យោបាយសំខាន់មួយសម្រាប់ទាក់ទាញទេសចរមកកម្ពុជាផងដែរ។
ប៉ុន្តែលោកថា ក្រៅពីចិន កម្ពុជាគួរតែទាក់ទងទៅបណ្តាប្រទេសផ្សេងទៀតដើម្បីរៀបចំកម្មវិធីទេសចរណ៍ផ្សេងៗ ដែលអាចបើកផ្លូវឱ្យកម្ពុជាទទួលបានកំណើនទេសចរបន្ថែម។
លោកថ្លែងថា៖ «សម្រាប់កម្ពុជា បំណងនៃការទាក់ទាញទេសចរមិនមែនកុំឱ្យគិតត្រឹមតែចិន ត្រូវតែពិចារណាពីបណ្តាប្រទេសដទៃទៀតផង ពិសេសប្រទេសពីខាងបស្ចិមប្រទេស។ បើប្រទេសខ្លះយើងថា មកច្រើនតែចំណាយតិចនៅក្នុងស្រុក តែប្រទសខ្លះគេមិនសូវមកប៉ុន្តែគេចាយច្រើន នៅស្រុកយើងតែម្តង។ នេះជារឿងមួយដែលកម្ពុជាត្រូវគិតផងដែរ»។
លោកបន្ថែមថា បច្ចុប្បន្ននេះកំណើនទេសចរកម្ពុជានៅទាបនៅឡើយ បើធៀបនឹងចំនួនទេសចរមុនពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖ «ទេសចរប្រទេសកម្ពុជាយើងគឺនៅទាប បើសិនប្រៀបធៀបនឹងសម័យពីមុនកូវីដមក។ ឥឡូវខ្ញុំទៅសៀមរាបពីអាទិត្យមុនក៏នៅតែស្ងាត់ជ្រងំនៅឡើយ ហើយក៏មិនទាន់ឃើញមានសញ្ញាណាមួយភ្ញៀវទេសចរនៅស្រុកខ្មែរកើនឡើង ទោះបីជាផុតរដូវទាបដែលទេសចរមិនបានមក ហើយផុតហើយក៏ដោយ យើងឃើញថា នៅតែមិនទាន់មានច្រើនដូចពីមុនវិញ»។
ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូប និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន កម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ព្រមទាំងចូលរួមជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤»សំដៅទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។
បើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់កាសែតភ្នំពេញបុស្តិ៍ ទេសចរបរទេសជិត ៤,៣លាននាក់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៤ ដែលកើនជាង ២០ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ ក្នុងចំណោមទេសចរទាំងនោះ គឺមាន ២ភាគ៣ បានមកដល់តាមផ្លូវគោក។ ចំនួនទេសចរមកដល់ប្រទេសកម្ពុជាច្រើនជាងគេ គឺថៃ វៀតណាម ចិន និងឡាវ។ ទេសចរផ្សេងទៀត រួមមាន អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង អង់គ្លេស និងជប៉ុន៕