ការ​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​បាន​បញ្ចប់

ជំនួបប្រជុំនៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​វាយ​តម្លៃ​ថា ស្ថានភាព​ជា​ទូទៅ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ដោយ​គ្មាន​ពាក្យ​បណ្តឹង​ណា​​ត្រូវ​បាន​បញ្ជូន​មក​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​(គជប)​ទេ។​
ភ្នំពេញ៖ រយៈពេល​៤៥​ថ្ងៃ​នៃ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ទី​១២ ខែ​តុលា។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​វាយ​តម្លៃ​ថា ស្ថានភាព​ជា​ទូទៅ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ដោយ​គ្មាន​ពាក្យ​បណ្តឹង​ណាត្រូវ​បាន​បញ្ជូន​មក​គណៈកម្មការ​រៀបចំការ​បោះឆ្នោត​(គជប)​ទេ។​

ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងី​ទី០១ ​ខែកញ្ញា​រហូត​ដល់​ថ្ងៃ​ទី​១១​ខែតុលា​ ក៏ប៉ុន្តែ​គ​ជ​ប​បាន​សម្រេច​ពន្យារ​ពេលមួយ​ថ្ងៃ​ទៀត​គឺ​នៅ​ថ្ងៃទី​១៣​ខែ​តុលា​សម្រាប់​ឃុំ​សង្កាត់​ចំនួន​៣៨៣​ក្នុង​ខេត្ត​ចំនួន​ប្រាំបួន។

ខេត្ត​ទាំង​ប្រាំបួន​នោះ​រួម​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ​ កំពង់​ស្ពឺ​ កំពង់ធំ ​កណ្តាល​ ព្រះវិហារ​ ពោធិសាត់​ សៀមរាប​ ប៉ៃលិន និង​ខេត្ត​ឧត្តរមាន​ជ័យ។

លោក​ទេព នីថា អគ្គលេខា​នៃ​គជប​បាន​និយាយ​ថា ការ​សម្រេច​បន្ថែម​រយៈ​ពេល​មួយ​ថ្ងៃ​ដោយសារ​ឃុំ​សង្កាត់​ខ្លះ​ត្រូវ​ទឹក​ភ្លៀង​ជន់លិច ហើយ​កម្មករ​រោងចក្រ​ដែល​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅថ្ងៃ​សុក្រ​នេះ​មាន​ចំនួន​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្មៀន​មិន​មាន​ពេល​គ្រប់​គ្រាន់។​

លោក ឯម សូផាត សមាជិក​គជប​ដែល​បាន​ដឹក​នាំ​អង្គប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយ​ថា រយៈ​ពេល​៤៥​ថ្ងៃ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ជាង​៨សែន​៣​មឺន​នាក់ និង​បាន​លុប​ឈ្មោះ​ជាង​៣សែន​៤​ម៉ឺន​នាក់​ក្នុង​ឃុំ​សង្កាត់​ប្រមាណ​១៦៣៣។​

លោក​បាន​និយាយ​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បាន​ប្រព្រត្តិ​ទៅ​យ៉ាង​ល្អ។​

«មូលហេតុ​អ្វី​បាន​ជា​ល្អ​ ព្រោះ​គ​ជ​ប​បាន​ចាត់វិធានការ​ជា​ច្រើន​ដើម្បី​ជំរុញ​ឲ្យ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ទទួល​បាន​លទ្ឋផល​ល្អ​»។​

លោក​បាន​បញ្ជាក់​ថា គ​ជ​ប ​មិន​មាន​ពាក្យ​បណ្តឹង​ណា​មួយ​ពី​គណបក្ស​នយោបាយ ឬ​អង្គការ​សង្គម​ស៊ីវិល​ទេ​ទាក់​ទិន​នឹង​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​កន្លង​មក។

គណ​បក្ស​បប្រឆាំង​ចំនួន​ពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទ្ឋិ​មនុស្ស​មិន​បាន​ដាក់​អ្នក​អង្កេត​ការណ៏​គណបក្ស​ទៅ​ចូល​រួម​ក្នុង​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ទេ។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​ប្រឆាំង​បាន​និយាយ​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មាន​បញ្ហា​ច្រើន​ណាស់​ដោយសារ​តែ​មាន​ការ​បញ្ជូន​មន្ត្រី​រាជការ​ពី​ទី​ក្រុង​ភ្នំពេញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​សំឡេង​គណ​បក្ស​គ្រប់​គ្រង​អំណាច​នៅ​ទាប​ជាង​គណ​បក្ស​ប្រឆាំង​តែ​គ​ជ​ប​មិន​បាន​ទប់​ស្កាត់​បញ្ហា​នេះ​ទេ។​

«មាន​ចុះ​ឈ្មោះ​ពីរ​ទៅ​បី​កន្លែង។ មន្ត្រី​រាជ្យ​ការ​ចុះ​នៅ​ភ្នំពញ​ផង​ទៅ​ចុះ​នៅ​ស្រុក​ផង​។នៅ​ខេត្ត​គេ​បង្ខំ​ឲ្យ​ចុះ​នៅ​ខេត្ត​ ហើយ​ឈ្មោះ​នៅ​ភ្ន​ពេញ​គេ​ធ្វើ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ខុស​ច្បាប់​ដើម្បី​ឲ្យ​មក​បោះ​នៅ​ភ្នំ​ពេញ​វិញ»។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា បើ​ទោះបី​ជា​មាន​ភាពមិន​ប្រ​ក្រតី​ត្រូវ​បាន​រក​ឃើញ​ក៏​ដោយ ក៏​លោកមិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ​ ដោយសារ​តែ​លោក​មិន​មាន​ជំនឿ​ថា​គ​ជ​ប​អាច​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ឯករាជ្យ។​

លោក ហង្ស​ ពុទ្ឋា ប្រធាន​អង្គការ​ឃ្លាំ​មើល​ដំណើរការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​នីចហ្វិក​បាន​និយាយ​ថា ​លោក​នៅ​តែ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដូច​ជា មិន​បាន​បិទ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​ឆ្នាំ​២០១១​តាម​ការ​កំណត់​របស់​គ​ជ​ប​ ស្មៀន​ឃុំ​មិន​បាន​គោរព​ពេល​វេលា​ធ្វើ​ការ​ ការ​រើស​អើង​គណ​បក្ស​នយោ​បាយ​នៅ​តាម​មូល​ដ្ឋាន​ និង​ការ​ប្រមួល​ផ្តុំ​របស់​អាជ្ញាធរ​ដក​ហូត​អត្ត​សញ្ញាណ​ប័ណ្ណ​ពី​ប្រជា​ពលរដ្ឋ​តាំង​ពី​យូ​មក​ហើយ​តែ​មិន​បាន​ប្រគល់​មក​ឲ្យ​ពលរដ្ឋ​វិញ។

«ទោះ​បី​ជា​គ​ជ​ប​អះ​អាង​ថា ការ​ចុះ​ឈ្មោះ​បាន​ប្រព្រត្តិ​ទៅ​បាន​ល្អ​ហើយ​អ្វី​ជា​ភាព​រំខាន​គឺ​ទឹក​ជំនន់​ប៉ុន្តែ​ក្នុង​នាម​អង្កការ​សង្កេត​ការណ៍​យើង​នៅ​តែ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ប៉ុន្តែ​តួលេខ​នេះ​តិច​តួច»។​

លោក​បាន​និយាយ​ថា​ការ​ពន្យារ​ពេល​ចុះ​ឈ្មោះ​មិន​ពិនិត្យ​បញ្ជី​ឈ្មោះ​រយះ​ពេល​មួយ​ថ្ងៃ​គឺ​មិន​គ្រប់​គ្រាន់​ទេ៕