ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រឆាំង​នឹង​ការ​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​២

ការ​តវ៉ា​របស់​ពលរដ្ឋ​​​ប្រឆាំង​នឹង​ទំនប់​សេសាន​២​ក្នុង​ពេល​កន្លង​មក។

នៅ​ថ្ងៃច័ន្ទ​នេះ ប្រជា​ពលរដ្ឋ​ជន​ជាតិ​ភាគតិច​ខេត្ត​ស្ទឹង​ត្រែង​ដាក់​ញ្ញត្តិ​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​សេសាន​២។ ប្រជាពលរដ្ឋ​ជនជាតិ​ភាគ​តិច​ជាង​៧០០​គ្រួសារ​នេះ​មក​ពីឃុំ​ចំនួន​បី​គឺ​ឃុំ ភ្លុក ឃុំ ស្រែគរ និង​ឃុំ​ ក្បាល​រមាស​ ដែល​ស្ថិត​ក្នុង​ស្រុក​សេសាន។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​តំណាង​ជនជាតិ​ភាគតិច​ខេត្ត​រតនៈ​គីរី​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ស្ថាប័ន​សំខាន់ៗ​ដែល​បាន​ដាក់​ញត្តិ​នោះ​មាន​តែ​សាលា​ខេត្ត​ស្ទឹង​ត្រែង​ និង​តំណាង​ក្រុម​ហ៊ុន​ទេ​ដែល​បដិសេធ​មិន​ទទួល​យក​ញត្តិ​ពី​ប្រជាពលរដ្ឋ​ដោយ​លើក​ហេតុផល​ថា អភិបាល​ខេត្ត​មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស។

លោក ដាំ សំណាង​ ជនជាតិ​ព្នង រស់​នៅ​ឃុំ​ក្បាល​រមាស​តំណាង​ឲ្យ​ជនជាតិ​ភាគតិច​ដែល​បាន​យកញត្តិ​មក​ដាក់​តាម​ស្ថាប័ន​រដ្ឋាភិបាល​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​រយៈ​ទូរស័ព្ទ​ថា ពួក​គេ​មិន​ចង់​ឲ្យ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​សេសាន​២​បន្ត​ទៀត​ទេ​ដោយ​ខ្លាច​បះពាល់​ដល់​វប្បធម៌​ និង​ទំនៀម​ទម្លាប់​រស់​នៅ​របស់​ជនជាតិ​ភាគតិច។​

«ដោយសារ​ពួក​គាត់​យល់​ព្រម​ពាក់​ព័ន្ឋ​នឹង​ជនជាតិ​ដើម​ភាគ​តិច ​ពួក​គាត់​បាត់​បង់​ព្រៃ​ជំនឿ​ បាត់​បង់​ទី​សក្ការៈ​បូជារបស់​គាត់​ បាត់​បង់​ទឹក​ដី​បុព្វបុរស​របស់​គាត់»។​

សេចក្តី​ថ្លែងការណ៍​ចំហរ​របស់​ជនជាតិ​ភាគតិច​ដែល​បាន​ចែក​ផ្សាយ​តាម​រយៈ​សារ​អេឡិក​ត្រូនិច​បាន​ឲ្យ​ដឹង​ថា ពួកគេ​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​ចាស់​និង​មិន​ព្រម​ទទួល​យក​សំណង​ទេ​ដោយ​សារ​តែ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ បាន​ប៉ះពាល់​ធនធាន​ធម្មជាតិ វប្បធម៌ ទំនៀម​ទម្លាប់​ ជនជាតិ​ភាគ​តិច​ ដីកសិកម្ម​ ដី​បម្រុង​ទុក​ ដី​ដូន​តា ដី​កប់​ខ្មោច​ និង​ជិវសាស្ត្រ​ចម្រុះ​គ្រប់​ប្រភេទ។

លោក កុល សំអុល​ អភិបាល​ខេត្ត​ស្ទឹងត្រែង​មិន​អាច​ស្នើសុំ​សេច​ក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​សារ​លោក​កំពុង​ជាប់​បេសកម្ម​ចេញ​ទៅ​ក្រៅ​ប្រទេស។ ចំណែក​ឯ​លោក​ អេង ស៊ីរ៉ុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ដោយសារ​លោក​មិន​ទាន់​បាន​ឃើញ​ញត្តិ​នៅ​ឡើយ។

«ខ្ញុំ​អត់​បាន​ទទួល​លិខិត​ ខ្ញុំ​អត់​បាន​ដឹង​លិខិត​ហ្នឹង​យ៉ាង​ម៉េច​ផង។ ខ្ញុំ​កំពុង​ប្រជុំ»។

លោក ហូ សំអុល អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិមនុស្ស​អាហុក​នៅ​ខេត្តស្ទឹង​ត្រែង ​មាន​ប្រសាសន៍​ថា ទំនប់​វារីអគ្គិសនី​នេះ​មិន​បាន​ផល​ចំណេញ​ដល់​ជនជាតិ​ភាគ​តិច​ទេ។ លោក​មាន​ប្រសាសន៍​ថា សំណង​របស់​ក្រុម​ហ៊ុន​ផ្តល់​ជួន​ប្រជា​ពលរដ្ឋ​កន្លង​មក​ ​មាន​តម្លៃ​ថោក​មិន​សម​នឹង​តម្លៃ​នៅ​លើ​ទីផ្សារ។

«ខ្ញុំ​ឧទាហរណ៍​ដូច​ដើម​ស្វាយ​មួយ​ដើម​អញ្ចឹង។ គាត់​ឲ្យ​តម្លៃ​៥​ដុល្លារ។ អញ្ចឹង វា​អត់​សម​នឹង​តុល្យភាព និង​តម្លៃ​ទីផ្សារ ទោះបី​មិន​បាន​ច្រើន​ក៏​ដោយ​តែ​គាត់​ឲ្យ​បាន​សមរម្យ​បន្តិច​ទៅ»។

លោក ប៊ុន ថាន់ មន្ត្រី​គាំទ្រ​កម្មវិធី​ទំនប់​វារីអគ្គិសនី​ និង​សិទ្ធិ​សហគមន៍​នៅ​តំបន់​ទន្លេបី​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១១ បាន​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន Lower Sesan 2 ​ដែល​អាច​ផលិត​ថាម​ពល​វារីអគ្គិសនី​ចំនួន​៤០០​មេហ្កាវ៉ាត់។​

លោក​មាន​ប្រសាសន៍ថា ក្រុម​ហ៊ុន​ ​ Lower Sesan 2​ ជា​ការ​វិនិយោគ​ទុន​រួម​គ្នា​រវាង​ក្រុម​ហ៊ុន​ចិន​ឈ្មោះ Hydro Lancang ​និង​រ៉ូយ៉ាល់​គ្រុប​របស់​អ្នកឧញ៉ា គិត ម៉េង៕