កម្ពុជា​និង​វៀតណាម​នឹង​ជួប​ពិភាក្សា​បញ្ហា​ព្រំដែន​នៅ​សប្ដាហ៍​ក្រោយ​

លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ថត​រូប​ជាមួយ​​សមភាគី​វៀតណាម​ លោក Nguyen Tan Dung នៅ​ច្រក​ព្រំដែន​មួយ​នៅ​ក្នុង​ខេត្ត​កំពត ជាប់​ខេត្ត Kien Giang របស់​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១២។

ក្រុម​ការងារ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​រយៈ​ពេល​បួន​ថ្ងៃ​នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ខណៈ​ពេល​ដែល​ក្រសួង​ការ​បរទេស​បាន​ចេញ​កំណត់​ទូត​ថ្មី​មួយ​ទៀត​ស្នើ​សុំ​ឱ្យ​វៀតណាម​បញ្ឈប់​ការ​សាងសង់​សំណង់​នានា​នៅ​តំបន់​ជាប់​ព្រំដែន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​នេះ​បញ្ជាក់​ថា​កិច្ច​ប្រជុំ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ ពី​ថ្ងៃ​ទី​៦​ដល់​ទី​៩​ខែ​កក្កដា។

បញ្ហា​ដែល​ត្រូវ​យក​មក​ដោះស្រាយ​គឺ​«បញ្ហា​ព្រំដែន​មួយ​ចំនួន​ដែល​នៅ​សេសសល់​និង​បាតុភាព​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​នា​ពេល​ថ្មីៗ​នេះ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​វៀតណាម»។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​បង្ហាញ​ផែនទី​ដែល​ខ្លួន​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​នៃ​ការ​ចរចា​កំណត់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម។

ដោយ​ឡែក​នៅ​ក្នុង​កំណត់​ទូត​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​១​ខែ​កក្កដា​នេះ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​ធ្វើ​ផ្លូវ​នៅ​ក្បែរ​ព្រំដែន​ត្រង់​ភូមិសាស្ត្រ​ជាប់​ខេត្ត​ស្វាយរៀង​និង​តំបន់​ដទៃ​ទៀត​ជាប់​ព្រំដែន។

ស្តាប់​បទ​សម្ភាសន៍ VOA ជាមួយ​លោក វ៉ា គឹមហុង៖

កំណត់​ទូត​នោះ ​បញ្ជាក់​ថា​កម្ពុជា​ទាមទារ​ឱ្យ​វៀតណាម«ផ្តល់​ទីតាំង​ដែល​អាជ្ញាធរ​វៀតណាម​មាន​ផែនការ​សាងសង់​ផ្លូវ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​និង​ផ្តល់​ផែនទី​ដែល​បញ្ជាក់​ពី​ទីតាំង​នៃ​ការ​កសាង​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​ដែល​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​បាន​យល់​ព្រម​ដាំ​បង្គោល​ព្រំដែន​ឬ​សម្រេច​ប្តូរ​ដី​គ្នា​តាម​ក្របខណ្ឌ​នៃ​ MOU ឆ្នាំ​២០១១‍»។​

សកម្មជន​ព្រំដែន​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ព្រំដែន​ជា​ច្រើន​កន្លែង​ហើយ​ពួកគេ​អះអាង​ថា​ឃើញ​មាន​ការ​ចូល​រំលោភបំពាន​ពី​សំណាក់​ប្រទេស​វៀតណាម។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ប្រកាស​ថា​ខ្លួន​ទទួល​បាន​ផែនទី​ពី​វិទ្យាស្ថាន​ជាតិ​ភូមិសាស្ត្រ​របស់​បារាំង​ដែល​ដែល​បាន​វាស់​វែង​បែងចែក​ទឹកដី​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣៕

សូម​ទស្សនាបទ​សម្ភាសន៍​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងទាក់ទង​នឹង​ដំណើរ​ទៅ​ព្រំដែន​កាល​ពី​ថ្ងៃ​អាទិត្យ៖

Your browser doesn’t support HTML5

តំណាងរាស្ត្រ៖ ទំនាស់ព្រំដែនកម្ពុជាវៀតណាមគួរដោះស្រាយនៅតុលាការក្រុងឡាអេ