កម្ពុជា​និង​អាមេរិក​ពិភាក្សាគ្នា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី

ភារធារី​ស្តីទី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី Bridgette L. Walker ជួបប្រជុំ​លើកដំបូង​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន នៅ​ទីស្តីការ​ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។ (Facebook/U.S. Embassy Phnom Penh, Cambodia)

មន្រ្តី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ដើម្បីពិភាក្សាអំពី​មធ្យោបាយ​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

លោក ប្រាក់ សុខុន ដែល​ទើប​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស​ជា​ថ្មី បាន​ជួប​ជាមួយ​ភារធារី​ស្តីទី​នៃ​ស្ថានទូត​អាមេរិក អ្នកស្រី Bridgette L. Walker នៅទីស្តីការ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃទី​ ១០ ខែ​ធ្នូ ឆ្នាំ​ ២០២៤។

អ្នកនាំពាក្យ​ស្ថានទូត​អា​មេរិកប្រចាំ​នៅ​កម្ពុជា​ ប្រាប់វី​អូអេ​ថា៖​ «ភារធារីស្តី​ទីនៃ​ស្ថានទូតអ្នកស្រី Walker បាន​ជួ​បប្រជុំ​លើ​កដំបូងប្រកបដោយ​ផ្លៃផ្កា​ជាមួយ​រដ្ឋមន្ត្រី​ការបរ​ទេស​លោក​ ប្រាក់ សុខុន នៅ​ថ្ងៃ​ទី​ ១០ ខែធ្នូ។ អ្នក​ទាំងពីរបានពិភាក្សាគ្នាអំពីអាទិភាព​គោល​នយោបាយការបរ​ទេសរបស់​សហរដ្ឋអាមេរិកនិងកម្ពុជា និងមធ្យោបាយ ដើម្បី​ពង្រឹង​ទំនាក់ទំ​នង​ទ្វេភាគី និង​ការចូលរួមសម្រាប់ឆ្នាំ ២០២៥ និង​ស្របពេល​ប្រទេស​ទាំង​ពីរនឹងប្រារព្ធខួប​លើក​ទី ៧៥ នៃ​ទំនា​ក់ទំនងទ្វេភាគីរបស់​យើង​»។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់ទៅមន្រ្តីទូតអាមេរិកអំពី «ការត្រៀមខ្លួនរបស់កម្ពុជា​ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ» ព្រមទាំងសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានការចូលរួមកម្រិតខ្ពស់ រួមមានដំណើរទេស្សនកិច្ចថ្មីៗមកកម្ពុជារបស់ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងអ្នកស្រី Samantha Power នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

លោក ប្រាក់ សុខុន និងអ្នកស្រី Walker បានក៏​សាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា និងការបន្តកិច្ចសន្ទនាគោលនយោបាយការពារជាតិសហរដ្ឋអាមេរិកនិងកម្ពុជាផងដែរ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យ​កាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក មានពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ»។

បើតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរក៏បានពិភាក្សាអំពីជំនួយរបស់រដ្ឋាភិបាល​សហរដ្ឋអាមេរិកនៅ​ក្នុងការបញ្ជូនវត្ថុបុរាណខ្មែរជាង ១៥០ ត្រឡប់មកប្រទេសកម្ពុជា ការផ្តល់អាហារូបករណ៍ ការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម និងបេសកកម្ម​ដោះមីនជាដើម។

ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​អាមេរិក​ហាក់​មាន​ភាព​រកាំ​រកូស​ជា​បន្ត​បន្ទាប់​។ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​បង្ខំ​ឲ្យធ្វើ​ពលកម្ម​ដោយ​ខុស​ច្បាប់​និង​ការ​បោក​ប្រាស់​តាម​អនឡាញ។ ​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា ​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ លី យ៉ុងផាត់ ​ដែល​ជា​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​«មាន​ចេតនា​នយោបាយ ​និង​ផ្ទុយ​ទាំង​ស្រុង​ពី​ស្មារតី​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី ​និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»​រវាង​ប្រទេស​ទាំង​ពីរ។​

ជាមួយគ្នានោះ ប្រទេស​កម្ពុជា​ត្រូវ​បានគេមើល​ឃើញ​ថាកាន់​តែ​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​បង្ក​ក្តី​បារម្ភ​ដល់​សហ​រដ្ឋ​អាមេរិក។​

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​លោក ​ឯម សុវណ្ណារ៉ា ប្រាប់វីអូអេ​ថា ​ទំនាក់ទំនង​ទ្វេភាគី​រវាងកម្ពុជា​និង​អាមេរិក​មាន​បញ្ហារកាំរកូស​ឡើង ​ចាប់​ពី​តាំង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោកថា សកម្មភាពនេះពាក់ព័ន្ធនឹង​ការ​រំលោភសិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិប​តេយ្យ​។ ហើយ​ការ​ដែល​សហរដ្ឋ​អាមេរិកបាន​លើកឡើងពី​ក្តីបារម្ភអំពី​លទ្ធភាព​នៃ​ការ​ដាក់ទ័ព​ចិន​នៅមូលដ្ឋាន​ទ័ពជើង​ទឹករាម​ កាន់តែ​ធ្វើ​ឲ្យ​ភាពរកាំរកូស​នេះអូសបន្លាយ​។

លោក​ថ្លែង​ថា​៖ «​ទំនាក់ទំនងកម្ពុជា​អាមេរិ កគឺត្រូវការ​ពេល​វេលាស្តារ​ជជែក​គ្នា​ឲ្យ​ស៊ី​ជម្រៅ​ គិត​អំពីយន្តការរួម​។ កម្ពុជា​គួរតែ​មិន​ឈរ​លើគោលការណ៍​ច្បាប់ដែល​កម្ពុជា​គិត​ថា​ត្រឹមត្រូវ​ទេ​ គិត​ទៅលើបរិបទ​ បរិយាកាសអន្តរជាតិ​ទើបអាច​និយាយ​គ្នា​ត្រូវ​។ ទស្សនៈ​ខ្ញុំ​»។

លោកសាស្ត្រាចារ្យរូបនេះ​បានលើក​ឡើង​ថា កម្ពុជា​គួរ​ឈប់​ប្រកាន់​យក​លទ្ធិប្រជាធិតេយ្យ​បែប​កម្ពុជាដោយ​ការ​ខ្លាច​បាត់បង់​អធិបតេយ្យ​ ហើយ​ឈរលើគោលការណ៍​រួម​ ឬច្បាប់​អន្តរជាតិ​នានា​ ដែល​កម្ពុជា​បាន​ចុះហត្ថលេខា។ លោក​បន្ថែមថា​ ការមាន​យន្តការ​តែមួយ​នឹង​អាច​បើក​ផ្លូវឲ្យភាគី​ទាំង​ពីរ​និយាយគ្នា​បាន។

កាល​ពី​កន្លង​ទៅ ​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​ទំនើប​កម្ម​មូល​ដ្ឋាន​កងទ័ព​ជើងទឹក​រាម​ ក្រោម​ជំនួយ​របស់​ចិន។ ​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្តី​សង្ស័យ​ថា ចិន​អាច​នឹង​ប្រើប្រាស់​មូលដ្ឋាន​ទ័ពរាម​នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួនក្នុង​តំបន់។ ​ទោះ​ជា​យ៉ាងណា​ រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​កម្ពុជា​មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ។

កាល​ពី​ថ្ងៃទី ​៤ ខែធ្នូ​ ឆ្នាំ ​២០២៤​ វិទ្យាស្ថាន ​Lowvy បានផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួ​យ​ដោយ​លើក​ឡើង​ថា ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹករាមនៅ​កម្ពុជា​មិន​ទំនងនឹងក្លាយ​ជា​មូលដ្ឋាន​យោធា​ចិន ឬជាទីតាំងទ័ព ដូច​នៅ Djibouti ដែល​ដំណើរការ​ទាំងស្រុង​ដោយកងទ័ព​រំដោះប្រជាជននោះទេ។ អត្ថបទស្រាវជ្រាវ​នោះបន្ត​ថា ក៏ប៉ុន្តែប្រទេសចិន​អាច​ទទួល​បាន​សិទ្ធិ​ចូល​ប្រើប្រាស់​មូល​ដ្ឋាន ឬប្រើប្រាស់​ឧបករណ៍របស់ខ្លួននៅ​ទីនោះ ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់​ប្រឆាំង​នឹង​រដ្ឋ​ផ្សេង​ទៀត។

ចំណែក​លោក ម៉ី ឌីណា មេបញ្ជាការមូល​ដ្ឋាន​សមុទ្រ​នៃបញ្ជា​ការដ្ឋានកង​ទ័ពជើងទឹក ប្រាប់​វីអូអេថា​ ការធ្វើ​ទំនើប​កម្ម​នៅ​មូលដ្ឋាន​សមុទ្រ​រាម​មិនទាន់​រួចរាល់​ទាំង​ស្រុង​នោះ​ទេ ហេតុ​នេះ​មិនទាន់​ធ្វើ​ពិធី​ប្រគល់​ឡើយ។

ពាក់ព័ន្ធនឹងការលើកឡើថា ​មូលដ្ឋាន​ទ័ព​អាចត្រូ​វបាន​ចិន​ប្រើប្រាស់​ដើម្បី​ស៊ើបការណ៍​លោក​ ម៉ី ឌីណា បាន​បញ្ជាក់ថា ​ករណីនៃការស្រាវជ្រាវនិងការចោទ​ប្រកាន់ផ្សេងៗ លោក​ថា​ជា​សិទ្ធិរបស់​អ្នក​អត្ថាធិប្បាយ។

គួរ​បញ្ជាក់​ថា ​ក្រោយ​ពី​លោក ដូណាល់ ត្រាំ (Donald Trump)​ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​សារជាថ្មី លោក សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប ​បាន​ស្នើ​សុំ​រដ្ឋបាល​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​កុំ​ទាញ​កម្ពុជា​ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ ​ហើយ​ថា​ កម្ពុជា​ចង់​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រទេស​មហា​អំណាច៕