ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) មកទីក្រុងភ្នំពេញកាលពីល្ងាចថ្ងៃច័ន្ទ ធ្វើឱ្យលោកក្លាយជាមេដឹកនាំរុស្ស៊ីដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលដែលកម្ពុជា និងរុស្ស៊ីគ្រោងនឹងឆ្លងខួបគម្រប់៦០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។
កិច្ចព្រមព្រៀងទ្វេភាគីជាច្រើនត្រូវបានចុះហត្ថលេខាអំឡុងទស្សនកិច្ចនេះ រួមមានការភ្ជាប់កិច្ចសហប្រតិបត្តិការផ្នែកប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ការសាងចំណងមេត្រីរវាងទីភ្នាក់ងារព័ត៌មានរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់វិស័យវិនិយោគ និងសេដ្ឋកិច្ចផងដែរ។
យ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងភ្នំពេញ និងទីក្រុងម៉ូស្គូត្រូវបានអ្នកតាមដានការវិវឌ្ឍន៍នយោបាយមួយចំនួនមើលឃើញថា ហាក់មានគម្លាតឆ្ងាយមិនសូវជាជិតដិតគ្នាដូចជំនាន់សង្គ្រាមត្រជាក់ឡើយ។
លោកបណ្ឌិត ដេត សុខឧត្ដម អ្នកស្រាវជ្រាវផ្នែកប្រវត្តិទំនាក់ទំនងអន្តរជាតិបានអង្កេតឃើញថា ការឃ្លាតឆ្ងាយគ្នានេះបណ្ដាលមកពីការប្រែប្រួលនយោបាយសកលលោក ក៏ដូចជាកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និងនយោបាយការបរទេសក្រោយសង្គ្រាមត្រជាក់របស់ប្រទេសរុស្ស៊ី។
«រុស្ស៊ីមានការចុះថមថយគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងជាមួយកម្ពុជា តែមិនមែនតែជាមួយកម្ពុជាទេដែលរុស្ស៊ីមិនសូវជាមានទំនាក់ទំនងជិតស្និទ្ធ ព្រោះរុស្ស៊ីធ្វើដូចគ្នាទៅលើតំបន់ទាំងមូលតែម្ដង ... នេះមិនមែនថា រុស្ស៊ីចង់នោះទេ តែរុស្ស៊ីត្រូវតែធ្វើអីចឹង»។
ក៏ប៉ុន្តែអ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន យល់ឃើញផ្សេងពីនេះ។ លោកថា ទំនាក់ទំនងកម្ពុជារុស្ស៊ី មានភាពល្អប្រសើរជាលំដាប់ក្នុងបរិបថនៃនយោបាយការបរទេសកម្ពុជា ដែលប្រកាន់គោលការណ៍«ឯករាជ្យ អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ»។
«យើងអាចឃើញហើយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជារបស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី គឺជាភស្ដុតាងដែលបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងរុស្ស៊ី និងកម្ពុជា»។
រុស្ស៊ី និងកម្ពុជាបានភ្ជាប់ទំនាក់ទំនងគ្នាដំបូងបង្អស់ក្នុងឆ្នាំ១៩៥៦ និងបានបន្តជាប្រក្រតីក្នុងរបបសង្គមរាស្ត្រនិយម និងសាធារណរដ្ឋខ្មែរ មុននឹងត្រូវបានកាត់ផ្ដាច់ទាំងស្រុង នៅពេលពួកខ្មែរក្រហមឡើងកាន់អំណាចនៅក្នុងអំឡុងឆ្នាំ១៩៧៥។
ក៏ប៉ុន្តែអតីតសហភាពសូវៀតបានគាំទ្រវៀតណាមក្នុងការឈ្លានពានចូលប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩ ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម ហើយបាននៅពីក្រោយការបង្កើតអតីតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ក្នុងអំឡុងទសវត្សរ៍១៩៨០ អតីតសហភាពសូវៀតបានផ្គត់ផ្គង់ជំនួយសព្វបែបយ៉ាង ដើម្បីចិញ្ចឹមក្បាលម៉ាស៊ីនដឹកនាំរដ្ឋ និងដំណើរការទាំងស្រុងរបស់អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រជាជនកម្ពុជាដែលនៅសេសសល់ពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ក្នុងពេលនោះដែរ អតីតសហភាពសូវៀតបានជួយរបបក្រុងភ្នំពេញប្រយុទ្ធនឹងចលនាតស៊ូបីផ្សេងទៀតនៅជាយដែនថៃ ដែលត្រូវបានទំនុកបម្រុងដោយចិន សហរដ្ឋអាមេរិក និងប្រទេសអាស៊ាន។
លោកបណ្ឌិត ដេត សុខ ឧត្តម ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យហ្សាម៉ាន់បានប្រាប់VOA ថា ការណ៍ដែលអតីតសហភាពសូវៀតគាំទ្ររបបក្រុងភ្នំពេញរបស់លោក ហេង សំរិន ឱ្យវាយនឹងចលនាតស៊ូនៅព្រំដែន និងទាញកម្ពុជាចូលប្លុកខាងកើតនៃសង្គ្រាមត្រជាក់ ដោយសារតែរដ្ឋការក្រុងម៉ូស្គូចង់ទប់ស្កាត់ឥទ្ធិពលចិន ដែលជាសម្ព័ន្ធមិត្តរបស់ខ្មែរក្រហម ដែលអាចរីកសាយភាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
«វាមិនគ្រាន់តែជាសង្គ្រាមស៊ីវិលរវាងគូភាគីទំនាស់ផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាសង្គ្រាមរវាងវៀតណាមនឹងអង្គការអាស៊ាន និងជាសង្គ្រាមរវាងសហរដ្ឋអាមេរិក និងសូវៀតផងដែរ»។
លោកបណ្ឌិត ដេត សុខ ឧត្តម បាននិយាយថា ក្រោយមក ការចាប់ផ្ដើមចុះអន់ថយរបស់សូវៀតនៅចុងទសវត្សរ៍១៩៨០មានឥទ្ធិពលដល់ការដកកងទ័ពវៀតណាមដែលប្រយុទ្ធនៅកម្ពុជា និងឈានទៅបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ១៩៩១។
ក៏ប៉ុន្តែ មកទល់នឹងការរលត់នៃជំនួយសូវៀត កម្ពុជាបានក្លាយជាកូនបំណុលសម័យសង្គ្រាមរបស់រុស្ស៊ី។ សរុបជំនួយទាំងឡាយលើគ្រប់វិស័យបាននាំឱ្យកម្ពុជាជំពាក់បំណុលរុស្ស៊ីប្រមាណ១,៥ពាន់លានដុល្លារអាមេរិក។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយ បាននិយាយថា លោកជឿជាក់ថា កម្ពុជានឹងលើកយករឿងបំណុលមកជជែកពិភាក្សាជាមួយលោក ឌីមីទ្រី ម៉េដវេដេវ ដើម្បីធ្វើការលុបចោលអ្វីដែលលោកហៅថាជា«បំណុលឈាម ដែលត្រូវបានប្រើសម្រាប់ការបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ»។
«រុស្ស៊ីនឹងមិនធ្វើការបោះបង់ចោលបំណុលនោះដោយមិនមានថ្នូរនោះទេ។ ខ្ញុំយល់ថាថ្នូរដែលរុស្ស៊ីចង់បានពីកម្ពុជានោះគឺចង់ឱ្យកម្ពុជាស្និទ្ធនឹងក្រុងម៉ូស្គូ ហើយស្ថិតនៅឱ្យឆ្ងាយពីសហរដ្ឋអាមេរិក និងលោកខាងលិច»។
«វាជាថ្នូរមួយគ្រោះថ្នាក់បំផុត ដែលខ្ញុំយល់ថា យើងគួរតែធ្វើការតស៊ូមតិជាអន្តរជាតិដើម្បីលុបចោលមិនត្រឹមតែបំណុលឈាម ដែលជំពាក់រុស្ស៊ីនោះទេ តែត្រូវលុបចោលបំណុលឈាមនឹងអាមេរិកផងដែរ»។
លោក អ៊ូ វីរៈ ថា រដ្ឋាភិបាលក្រុងម៉ូស្គូកំពុងតែពង្រឹងតួនាទីជាមហាអំណាចរបស់ខ្លួនអំឡុងសង្គ្រាមត្រជាក់ឡើងវិញ ដើម្បីចាប់ផ្ដើមកៀងគរឡើងវិញអតីតសម្ព័ន្ធមិត្តក្នុងប្លុកខាងកើតរបស់ខ្លួននៅទូទាំងពិភពលោក។
អង្គនីតិប្បញ្ញត្តិទាំងពីរស្ថាប័នរបស់កម្ពុជាក្នុងខែនេះ បានផ្ដល់សច្ចាប័នដល់ច្បាប់ដើម្បីការពារការវិនិយោគនៃប្រទេសកម្ពុជាជាមួយរុស្ស៊ី ស្របពេលដែលលំហូរនៃការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ពីប្រទេសនេះមកកម្ពុជាកំពុងមានកំណើនយ៉ាងឆាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។
ទាំងលោកបណ្ឌិត ដេត សុខឧត្តម និងលោក អ៊ូ វីរៈ យល់ស្របគ្នាថា កម្ពុជាគួរតែផ្ដោតចក្ខុវិស័យរបស់ខ្លួនលើការភ្ជាប់ទំនាក់ទំនងនឹងរុស្ស៊ីលើវិស័យប្រេង និងឧស្ម័ន ក៏ដូចជាវិស័យទេសចរណ៍ជាដើម។
ក៏ប៉ុន្តែ លោក អ៊ូ វីរៈ ព្រមានថា៖«ក្រៅពីវិស័យសេដ្ឋកិច្ច ខ្ញុំយល់ថា កម្ពុជាយើងមិនគួរពង្រឹងទំនាក់ទំនងលើវិស័យយោធា និងសន្តិសុខជាមួយរុស្ស៊ីឡើយ ព្រោះថារុស្ស៊ីកំពុងលេងល្បែងនយោបាយសម័យសង្គ្រាមត្រជាក់ឡើងវិញ ដើម្បីចាប់ដៃជាមួយនឹងចិនប្រជែងនឹងសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ដែលនេះជារឿងគ្រោះថ្នាក់ដ៏ធំធេងសម្រាប់ប្រទេសតូចៗដូចជាកម្ពុជា»។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី ម៉េដវេដេវ នៅក្នុងប្រទេសកម្ពុជានិងត្រូវបញ្ចប់នាថ្ងៃពុធ បន្ទាប់ពីលោកបានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា និងធ្វើដំណើរទស្សនកិច្ចនាទីក្រុងភ្នំពេញ និងជំនួបរវាងលោកនិងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជារួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ៕