ទាំងលោក ជាម យៀប និងលោក លោក ផៃ ស៊ីផានអ្នកនាំពាក្យ មួយរូបរបស់រដ្ឋាភិបាលបានអះអាងថា កម្ពុជាជាប្រទេសមានអធិបតេយ្យភាព ហើយបំពេញកិច្ចការរបស់ខ្លួនទៅតាមច្បាប់នឹងឆន្ទៈរបស់ប្រជាពលរដ្ឋ។
វ៉ាស៊ីនតោន៖ បន្ទាប់ពីសភាអឺរ៉ុប និងសហគមន៍អន្តរជាតិផ្សេងទៀតជំរុញកម្ពុជាឲ្យកែប្រែ ប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងគោលការណ៍គ្រឹះសំខាន់ផ្សេងៗទៀត ក្រុមអ្នកវិភាគមួយចំនួននៅកម្ពុជា បានទាមទារថា កម្ពុជាត្រូវអនុលោមតាមអនុសាសន៍របស់សហគមន៍អន្តរជាតិ បើមិនដូច្នោះទេនឹងអាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។
ព្រះតេជគុណ លួន សុវ៉ាត ដែលជាម្ចាស់ពានរង្វាន់ផ្នែកការពារសិទ្ធិឆ្នាំ២០១២ មានសង្ឃដីកាប្រាប់វីអូអេតាមទូរសព្ទពីរដ្ឋ ខុន្និកទីខាត់ (Connecticut) សហរដ្ឋអាមេរិក មកថារដ្ឋាភិបាលគួរតែ ផ្លាស់ប្តូរទៅតាមសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិដោយមិនត្រូវយកលេសថា ជារបាយការណ៍មិនពិតនោះទេ។
«ប្រសិនបើរដ្ឋាភិបាលគោរពបាន ប្រទេសកម្ពុជានឹងបានសុខសាន សន្តិភាព មានការរីកចម្រើនជឿនលឿនដូចប្រទេសនៅលើសកលលោក ក៏ដូចជា ប្រទេសជិតខាងកម្ពុជាដែរ។ តែផ្ទុយទៅវិញបើរដ្ឋាភិបាលនៅតែរឹងរូស មិនស្តាប់អង្គការសហប្រជាជាតិ ឬក៏សហគមន៍អន្តរជាតិនោះទេ គឺលទ្ធផល រងគ្រោះនៅតែរងគ្រោះ ក្រីក្រនៅតែក្រីក្រ ហើយអ្នកដែលប៉ះពាល់ធំបំផុតគឺប្រជាពលរដ្ឋខ្មែរ»។
ព្រះតេជគុណព្រួយបារម្ភខ្លាចថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលមិនទទួលយកអនុសាសន៍របស់សហគមន៍អន្តរជាតិនឹងអាចមានការប៉ះពាល់កេរ្តិ៍ឈ្មោះ ប្រទេសទាំងមូលដោយសារអ្នកដឹកនាំពីរបីនាក់។ ហើយការសម្រេចចិត្តនោះ នឹងគ្រោះថ្នាក់ដល់សេដ្ឋកិច្ចដោយសារគ្មានប្រទេសធំៗកាន់ប្រជាធិបតេយ្យណានឹងធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសដែលមានឈ្មោះមិនល្អ។ ដោយឡែកគ្រោះថ្នាក់នយោបាយ ព្រះតេជគុណពន្យល់ថា ការមិនធ្វើតាមសហគមន៍ អន្តរជាតិ កម្ពុជានឹងឈានទៅរកការដឹកនាំប្រទេសដោយរបបផ្តាច់ការដែលផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
«កាលណាយើងមិនដើរតាមអញ្ចឹងយើងដើរទៅរករបបកុំម្មុយនីសទៀត ផ្តាច់ ការទៀត។ អញ្ចឹងភាពទុក្ខសោកលំបាកវេទនាគឺនឹងកើតឡើង ហើយនឹងនាំឲ្យ បាត់បង់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសន្តិភាពនៅក្នុងប្រទេស កម្ពុជាផងដែរ»។
ក្រៅពីបានបញ្ជាក់ពីសារៈសំខាន់នៃរបាយការណ៍របស់លោកសូរីយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សអំពីស្ថានការណ៍កម្ពុជា សហគមន៍អឺរ៉ុប ដែលជាអ្នកផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជាបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃ២៧ ខែតុលាដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ ការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន កំណែទម្រង់ប្រព័ន្ធបោះឆ្នោត ការបញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការដោះលែងលោកម៉ម សូណង់ដូ ដែលជានាយកសំបុកឃ្មុំដោយឥតលក្ខខណ្ឌ និងការបារម្ភពីស្ថានភាពរបស់លោក សម រង្ស៉ី ដែលត្រូវបានកាត់ទោសដោយសាហេតុផល នយោបាយ។
សេចក្តីសម្រេចនោះបានទទូចដល់គណបក្សកាន់អំណាចនិងគណបក្សជំទាស់ឲ្យធ្វើការផ្សះផ្សាគ្នាដើម្បីអនុញ្ញាតឲ្យលោកសម រង្ស៉ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចូលរួមក្នុងការបោះឆ្នោតឲ្យបានពេញលេញដើម្បីឲ្យមានការទទួលស្គាល់ និងការជឿជាក់លើដំណើរការបោះឆ្នោត។
សេចក្តីសម្រេចនោះបានទទូចដល់គណបក្សកាន់អំណាចនិងគណបក្សជំទាស់ឲ្យធ្វើការផ្សះផ្សាគ្នាដើម្បីអនុញ្ញាតឲ្យលោកសម រង្ស៉ីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចូលរួមក្នុងការបោះឆ្នោតឲ្យបានពេញលេញដើម្បីឲ្យមានការទទួលស្គាល់ និងការជឿជាក់លើដំណើរការបោះឆ្នោត។
ព្រះតេជគុណ លួន សុវ៉ាតបានបន្ថែមថា ការផ្លាស់ប្តូរ និងការបង្ករឲ្យស្ថានការណ៍វិលទៅរកដំណើរការធម្មតាវិញបាននោះ គឺស្រេចលើឆន្ទៈនយោបាយរបស់រដ្ឋាភិបាល ឬការទទួលស្គាល់ការពិត ការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ និងការស្គាល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្លួនឯងដែលមាន សិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ ខុមហ្រែ្វលបានអះអាងថា រដ្ឋាភិបាលនិងគណបក្សកាន់អំណាចមិនយកចិត្ត ទុកដាក់ពិភាក្សាគ្នាជាមួយគណបក្សសំខាន់ៗដែលមានអាសនៈក្នុងសភាកម្ពុជា ដោយអនុលោមទៅតាមអនុសាសន៍របស់តំណាងអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិទេ ។
«ហើយខ្ញុំគិតថា បើសិនជាយើងមិនបានយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ នោះទេ មានការពិភាក្សាយកចិត្តទុកដាក់ជាមួយនឹងគណបក្សសំខាន់ៗមាន អាសនៈនៅក្នុងសភាហ្នឹង ហើយនឹងរៀបចំស្ថានការណ៍នយោបាយឲ្យមានការ គោរពសេរីភាពបញ្ចេញមតិឲ្យបានពេញលេញទេ ខ្ញុំគិតថានឹងមានផលប៉ះពាល់ ធ្ងន់ទៅដល់ដំណើរការ និងលទ្ធផលបោះឆ្នោតដែលធ្វើឲ្យលទ្ធផលហ្នឹងអាចធ្លាក់និត្យានុកូលភាពនិងភាពជឿជាក់»។
លោក គល់ បញ្ញាបានអះអាងថា សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិត្រូវគិតពីបញ្ហាកម្ពុជាទាំងរឿងបោះឆ្នោត រឿងសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ព្រោះនេះជាកាតព្វកិច្ចរបស់គេដែរក្នុងការតាមដានរឿងរ៉ាវអស់នេះតាមអ្វីដែលគេបានជួយជាជំនួយថវិកា និងការគាំទ្រផ្នែកនយោបាយកន្លងមកដូចជាការសន្យាក្នុងកិច្ចព្រមព្រៀងសិទ្ធិសញ្ញាក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១។
«បើសិនជាយើងបណ្តោយឲ្យស្ថានភាពនេះមិនមានការកែលម្អទេ ខ្ញុំថាវាអាច ត្រឡប់ថយក្រោយវិញ។ វាអាចធ្វើឲ្យសហគមន៍អន្តរជាតិហ្នឹងអាចខកទឹកចិត្ត ហើយនឹងអ្វីដែលគេមានការខិតខំជួយមកយើង គេអាចនឹងពិនិត្យមើលឡើង វិញអំពីការខិតខំជួយរបស់គេហ្នឹង»។
លោក គល់ បញ្ញាបន្ថែមថា កម្ពុជាធ្លាប់មានពិសោធន៍ធ្វើឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់ការរីកចម្រើនដោយខិតខំស្តារស្ថានភាពនយោបាយឲ្យមានការចូលរួមពេញលេញដូចជាឲ្យមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៉ី ដែលធ្លាប់គេចខ្លួននោះ បានវិលមកកម្ពុជាវិញកាលអតីតកាលហើយជជែកគ្នា ផ្លាស់ប្តូរគជបដែរ ដែលលោកថា ពេលនេះគណបក្សកាន់អំណាចគួរបន្តធ្វើដូចគ្នានេះដែរ។ លោកបញ្ញា អះអាងដែរអំពីការបើកផ្លូវឲ្យប្រធានបក្សជំទាស់គឺលោកសម រង្ស៉ីដែលកំពុង និរទេសខ្លួននៅក្រៅប្រទេស ចូលរួមយ៉ាងពេញលេញពីគ្រប់ភាគីដែលអាចនាំឲ្យគឺអាចមានការទទួលស្គាល់ដោយស្របច្បាប់នូវលទ្ធផលបោះឆ្នោត។
លោក បន្ថែមថាសហគមន៍អន្តរជាតិមិនគ្រាន់តែចង់ឃើញកម្ពុជារីកចម្រើនខាងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែចង់ឲ្យកម្ពុជាយើងមានការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងដំណើរការប្រជាធិបតេយ្យឲ្យបានពេញលេញ។
ប្រតិកម្មចំពោះសភាអឺរ៉ុប លោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃ គណបក្ស ប្រជាជនកម្ពុជានិងជាអ្នកតំណាងរាស្ត្របានអះអាងថាសេចក្តីសម្រេចរបស់ សភាអឺរ៉ុប មិនអាច ទទួលយកបានទេ។ លោកថ្លែងថា បណ្តាប្រទេសទាំង ឡាយ គួរសួរនាំម្ចាស់ផ្ទះសិនដែលរួមមានរាជរដ្ឋាភិបាល សភា និងព្រឹទ្ធសភា។
«ខ្ញុំមានការសោកស្តាយច្រើនណាស់ដែលបណ្តារអស់លោកមួយចំនួនជឿជាក់ លើ និងឃើញអ្វី ដែលគ្រាន់តែជាការត្អូញត្អែររបស់ជនដែលបានប្រព្រឹត្តិបទល្មើសព្រហ្មទណ្មនេះ ហើយមិនហ៊ានទាំងចូលស្រុកផងនោះ»។
លោក ជាម យៀបបន្តថាគណបក្សប្រជាជនកម្ពុជាក៏ស្រឡាញ់កិតិ្តយស កេរ្តិ៍ឈ្មោះដែរ។ បើមិនដូច្នោះទេ មិនមែនប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តឲ្យគណបក្ស លោកកាន់អំណាចរហូតមកទេ។
«អញ្ចឹងមិនមែនថាយើងខ្ញុំនៅទីនេះមោកសុទ្ធមិនចេះស្អី មិនបានគិតគូរ ពិចារណាទេ។ បើមិនអញ្ចឹងទេ យើងមិនអាចដឹកនាំ គ្រប់គ្រងប្រជាជនកម្ពុជា តាំង ពីអាប៉ុលពតខ្មែរក្រហមធ្វើទុកបុកម្នេញបំផ្លិចបំផ្លាញដល់ឫសដល់គល់អាយុជីវិតប្រជាជនស្អីអីណាណោះ ឲ្យប្រជាជនដែលសេសសល់ពីការសម្លាប់ រស់មកដល់ពេលនេះ ដល់ឆ្នាំ១៩៩៣ បោះឆ្នោតសកលនោះទេ ហើយតមកយើងកាន់ អំណាចតទៅទៀតផង»។
លោកទទួលស្គាល់ថា មានការខ្វះខាតដែលគណបក្សកាន់អំណាចនឹងបន្តធ្វើ ទៅមុខទៀត។ ទាំងលោក ជាម យៀប និងលោក លោក ផៃ ស៊ីផានអ្នកនាំពាក្យ មួយរូបរបស់រដ្ឋាភិបាលបានអះអាងថា កម្ពុជាជាប្រទេសមានអធិបតេយ្យភាព ហើយបំពេញកិច្ចការរបស់ខ្លួនទៅតាមច្បាប់នឹងឆន្ទៈរបស់ប្រជាពលរដ្ឋ។