អាមេរិក​ប្តេជ្ញា​ពង្រីក​ពាណិជ្ចកម្ម​ជាមួយ​អាស៊ាន

  • វង់ តារា

តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក រ៉ន ឃើក

សៀមរាប៖ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក រ៉ន ឃើក (Ron kirk) បាន​សម្តែង​សេចក្តីរីករាយ​ ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នៅ​កម្ពុជា នៅ​ចុង​ខែ សីហា នេះ ហើយ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ទំនាក់​ទំនង​ជាមួយ​តំបន់​នេះ​ឲ្យ​កាន់​តែ ជិត​ស្និទ្ធ​ថែម​ទៀត​ពិសេស​លើ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា។

លោក រ៉ន ឃើក (Ron Kirk) បាន​មក​កាន់​ប្រទេស​កម្ពុជា​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី៣០ និង​៣១ ខែ​សីហា ដើម្បី ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី៤៤​ដែល​បាន​បញ្ចប់​កាល​ពីថ្ងៃទី​៣១ ខែ​សីហា។

លោក​បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​លោក​នៅ​ពេល​នេះ​គឺ​ប្រកប​ទៅ​ដោយ​ភាពផ្លែផ្កា។ លោក​បាន​ជួប​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០​ប្រទេស ដែល​នេះ​ជាការ​ជួប​លើក​ទី​១​មិន​ធ្លាប់​មាន ហើយ​ការ​ជួប​គ្នា​លើក​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង ការ​ពង្រីក​ពាណិជ្ចកម្ម​រវាង​តំបន់​ទាំងពីរ​បន្ថែម​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា៖
«បទសន្ទនា​សំខាន់​បំផុត​ដែល​យើង​បាន​ផ្តោត​ក្នុង​គោលគំនិត​រវាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក​គឺ​ក្នុង​ផែនការ​ការងារ​ឆ្នាំ​២០១៥​ក្នុង​ក្របខណ្ឌ​វិនិយោគទុន ដែល​យើង​បន្ត​ពិនិត្យ​វិធី​មួយ​ចំនួន ដែល​យើង​អាច​ធ្វើ​សមាហរណកម្ម ការ​ផ្គត់​ផ្គង់ ការ​ផ្លាស់​ប្តូរ ដើម្បី​ទម្លុះ​រនាំង​ពាណិជ្ជកម្ម​ដោយ​ជាក់​លាក់​មួយ ដែល​បទសន្ទនា​នោះ​បាន​ផ្តោត​លើ​សហគមន៍​ដ៏​ធំ​មួយ​ដែល​យើង​អាច​ផ្តោតលើ ដែល​ជា​ការ​ទាក់ទាញ​ផលប្រយោជន៍​មួយ​ផ្នែក​ពាណិជ្ចកម្ម​ដ៏​ខ្លាំងក្លា​ ផ្តោត​ទៅ​លើ​ពាណិជ្ជកម្ម​តាម​បែប​ប្រព័ន្ធ​ទំនើប​ដែល​យើង​បាន​ទទួល​ការស្នើ​សុំ​ពី​រដ្ឋមន្ត្រី​មួយ​ចំនួន​ដើម្បី​ស្នើ​សុំ​ជំនួយ​អំពី​ការ​សំម្របសម្រួល​ការ​ធ្វើ​ជំនួញ ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ជាក់លាក់​តាមរយៈ​ការ​រអប់រំ​ដោយ​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ពាណិជ្ចកម្ម​ខ្នាត​តូច​ដែល​មាន​ការ​ពាក់ព័ន្ធ​ច្រើន​ថែម​ទៀត ដែល​ខ្ញុំ​គិត​ថា​មាន​យុទ្ធសាស្រ្ត​ប្រហែល​ជា​៦​-៧​ចំនុច​ដែល​ជា​ការផ្តោត​មួយ​ក្នុង​គោល​គំនិត​របស់​អាស៊ាន​អំពី​ក្របខណ្ឌ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម»។

លោក រ៉ន ឃើក បាន​ថ្លែង​ថា ឆ្នាំ​នេះ​ជា​ខួប​លើក​ទី៣៥​នៃ​ទំនាក់​ទំនង​អាស៊ាន​អាមេរិក​ដែល​ទំនាក់​ទំនង​នេះ ពិសេស​លើ​ផ្នែក​ពាណិជ្ចកម្ម គឺ​ជា​ផលប្រយោជន៍​សម្រាប់​អាស៊ាន​ដើម្បី​បង្កើន​យុទ្ធសាស្ត្រ អនុវត្ត​គំនិត និងទស្សនៈ​របស់​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ដែល​លោក​មាន​ប្រសាសន៍​ថា​អាស៊ាន​ជា​តំបន់​យុទ្ធសាស្ត្រ​ផ្នែក​សេដ្ឋកិច្ច ហើយ​អាមេរិក​នឹង​បន្ត​ទំនាក់ទំនង​ជាមួយ​អាស៊ានទៀត។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​តំណាង​ពាណិជ្ជកម្ម សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១១​កំណើន​ពាណិជ្ជកម្ម​រវាង​អាស៊ាន​ និង​អាមេរិក​គឺ​៩.២% កើន​ពី​ទឹក​ប្រាក់​ចំនួន​១៧៨ពាន់​លាន​ដុល្លារ​ទៅ​១៩៤​ពាន់​លាន​ដុល្លារ។

ការ​នាំ​ចូល​របស់​អាមេរិក​មក​កាន់​ទីផ្សារ​អាស៊ាន​កើន ៨.៦% ស្មើ​នឹង​៧៦.៤ពាន់លាន​ដុល្លារ ខណៈ​ដែល​អាស៊ាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​កើន ៩.៨% ស្មើ​នឹង​១១៨.២​ពាន់​លាន​ដុល្លារ។ សេចក្តី​ថ្លែង​ការណ៍ ដដែល​នោះ​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៤​របស់​អាស៊ាន ចំណែក​អាស៊ាន​គឺ​ជា​ដៃគូ​ពាណិជ្ចកម្ម​ធំ​បំផុត​ទី​៥​របស់​អាមេរិក។

អគ្គលេខាធិការ​អាស៊ាន​លោក​ស៊ូរិន ពិតស៊ូវ៉ាន់ បាន​ថ្លែង​ថា​ដូច្នេះ​បណ្តា​ប្រទេស​អាស៊ាន​ត្រូវ​តែ​រៀបចំ​បង្កើត​ឲ្យ​មាន​បរិយាកាស​កាន់​តែ​ទាក់​ទាញ​ថែម​ទៀតសម្រាប់​អ្នក​វិនិយោគ​ដ៏​មាន​សក្តានុពល​ឲ្យ​ចូល​មក។

លោក​បាន​ថ្លែង​ទៀត​ថា អាស៊ាន​ត្រូវ​តែ​យល់​អំពី​របៀប​នៃ​ការ​បង្កើត​កញ្ចប់​មួយ​ដែល​មាន​ការ​ទាក់ទាញ​ដូចជា​ការ​ដឹកនាំ ទំនាក់ទំនង ការ​បង្កើត​ទីផ្សារ​មួយ​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​សម្រាប់ ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​មាន​ចំនួន​ប្រមាណ​៦០០​លាន​នាក់​នេះ។

លោក រ៉ន ឃើក​ បាន​ថ្លែង​ថា ក្រៅ​ពី​អាស៊ាន អាមេរិក​ក៏​នឹង ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ផង​ដែរ​តាមរយៈ​ការ​បង្កើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភណ្ឌ​របស់​ប្រទេស​នេះ។ លោក រ៉ន ឃើក បានបញ្ជាក់ថា អ្នកវិនិយោគ​សហរដ្ឋ​អាមេរិក​ក៏​នឹង​មក​កាន់​កម្ពុជា​ផង​ដែរ​ប្រសិន​បើប្រទេស​នេះ​មាន​បរិកាស​ល្អ​សម្រាប់​ការ​វិនិយោគ៕