មន្ត្រី​ជាន់ខ្ពស់​អ.ស.ប.​នៅ​សាលាក្តី​ខ្មែរក្រហម​ជំរុញ​សំណុំ​រឿង​០០៣ ​និង​០០៤​

លោក ​David Scheffer ​អ្នកជំនាញ​ពិសេស​ក្នុងសាលាក្តី​កាត់ទោស​មេដឹក​នាំខ្មែរក្រហម ដែល​ត្រូវ​បាន​តែងតាំង​ដោយលោក​បាន់គីមូន អគ្គ​លេខាធិការ​អ.ស.ប.​។

​ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា​ លោក​ចង់​ឃើញ​សំណុំរឿង​បន្ថែម​០០៣ ​និង​០០៤​ដ៏​ច​ម្រូ​វ​ចម្រាស់​ ត្រូវ​បាន​បិទ​បញ្ចប់​ ស្របពេល​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ថ្មី​អាច​នឹង​មកដល់​ប្រទេស​កម្ពុជា​នៅក្នុង​ខែ​នេះ។​

លោក​ ដេ​វិដ ស្សេ​ហ្វ៊ើ ​( David Scheffer)​ អ្នកជំនាញការ​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់ទោស​ខ្មែរក្រហម​ ​មាន​ប្រសាសន៍​តាមរយៈ​ការ​ភ្ជាប់​ការ​សន្ទនា​តាម​ទូរទស្សន៍ ​(video conference) ​ក្នុង​សន្និសីទ​ស្តីពី​ទស្សន​វិស័យ​នៃ​កេរដំណែល​របស់​សាលាក្ដី​ខ្មែរក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៣​ខែ​កញ្ញា។ ​លោក​បាន​សង្កត់ធ្ងន់​ថា ​សំណុំរឿង​ទាំងពីរ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រៃអង្គាស​មូលនិធិ​របស់​លោក​សម្រាប់​ដំណើរ​ការ​សាលាក្ដី​ខ្មែរក្រហម។​

«ផ្នែក​មួយ​នៃ​លុយ​ដែល​ខ្ញុំ​កំពុង​រៃអង្គាស​សម្រាប់​តុលាការ​នេះ​គឺ​ដើម្បី​ធានា​ថា​ សហ​ចៅក្រម​ស៊ើបអង្កេត​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​បំពេញ​កិច្ចការ​ស៊ើប​អង្កេត​និង​បញ្ចប់​សំណុំរឿង​ជា​ចុងក្រោយ​គឺ​សំណុំ​រឿង​ទី​បី ​និង​ទី​បួន»។​

លោក​ដេ​វិដ ស្សេ​ហ្វ៊ើ​គឺជា​អ្នក​បេសកជន​ទទួល​បន្ទុក​គៀងគរ​ប្រមូល​ធនធាន​ហិរញ្ញ​វត្ថុ​សម្រាប់​សាលាក្ដី​ខ្មែរក្រហម។​ រហូត​មកទល់​ពេល​នេះ​ តុលាការ​កូន​កាត់​នេះ​កំពុង​ឈាន​ទៅរក​វិបត្តិ​ខ្វះ​ថវិកា​ ​ហើយ​នៅ​មិន​ទាន់មាន​ការ​សន្យា​ផ្តល់​ជំនួយ​ណាមួយ​សម្រាប់​ឆ្នាំ​២០១៣​នៅ​ឡើយ​ទេ។​

លោក​ដេ​វិដ ស្សេ​ហ្វ៊ើ​លើក​ឡើង​ថា​ ក្រុម​ចៅក្រម​ស៊ើប​អង្កេត​ត្រូវការ​ពេល​សម្រាប់​បញ្ចប់​កិច្ចការ​របស់​ខ្លួន។​

«ខ្ញុំ​គិត​ថា​ យើង​ត្រូវការ​ពេលវេលា​សម្រាប់​ចៅក្រម​ទាំង​ពីរ​រូប​ដើម្បី​ឲ្យ​ពួក​គាត់​សម្រេច​កិច្ចការ​ដល់​មូលដ្ឋាន»។​

សំណុំ​រឿង​០០៣ ​និង​០០៤​មាន​ជន​ជាប់ចោទ​ដែល​គេ​ដឹង​ក្រៅផ្លូវការ​ថា​ មាន​ប្រាំ​នាក់​គឺ​មាស មុត​ និង​ស៊ូ ម៉េ​ត ​ដែលជា​អតីត​មេទ័ពរបស់​ខ្មែរក្រហម​ និង​អ្នកស្រី​អ៊ឹម ​ចែម ​តា ទិត ​និង​តា អាន​ អតីត​អ្នក​ទទួល​ខុសត្រូវ​ និង​ទទួលខុសត្រូវ​រង​នៃ​ការដ្ឋាន​ទំនប់​នៅ​ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​ឧត្តរមានជ័យ។ ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​បាន​ស្លាប់​និង​ត្រូវ​សម្លាប់​នៅ​ទីនោះ។​
យ៉ាងណាក៏ដោយ​ រដ្ឋាភិបាល​បាន​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ការ​ចាត់​ការ​តាមផ្លូវ​តុលាការ​លើ​សំណុំរឿង​ទាំង​ពីរ​ចុង​ក្រោយ។​

សហ​ចៅក្រម​ស៊ើប​អង្កេត​ចំនួន​ពីរ​រូប​គឺ​លោក​ Siegfrid Blunk ​និង​លោក​Laurent​ Kasper-Asermet ​បាន​លាឈប់​ពី​ការងារ​ បន្ទាប់ពី​មាន​ភាព​ចម្រូង​នៃ​សំណុំ​រឿង​ទាំង​នេះ។

សហ​ចៅក្រម​ស៊ើប​អង្កេត​ថ្មី​សញ្ជាតិ​អាមេរិកាំង​ លោក​ម៉ាក ហា​ម៉ុ​ន​ (Mark Harmon)​ត្រូវបាន​តែងតាំង​កាល​ពីពេល​ថ្មីៗ​នេះ​ដើម្បី​បន្ត​កិច្ចការ​ពី​សហ​ចៅក្រម​បរទេស​មុនៗ​ ជាពិសេស​សំណុំរឿង​ដែល​នៅ​សេសសល់។ ​លោក​ដេវីដ សេ​ហ្ស្វើ ​គិតថា ​លោក​ហា​ម៉ុ​ន​នឹង​អាច​ចូល​បំពេញ​ការងារ​នៅក្នុង​ខែ​កញ្ញា​នេះ។​

«ខ្ញុំ​គិត​ថា​ យើង​ត្រូវ​ផ្តល់​ពេលវេលា​មួយ​ចំនួន​ដល់​គាត់​ ដើម្បី​ដំណើរការ​ ដើម្បី​រៀបចំ​បុគ្គលិក​ ដើម្បី​ធ្វើការ​បាន​ជិតស្និទ្ធ​ជាមួយ​សម​ភាគី​កម្ពុជា​គឺ​លោក​ចៅក្រម​យូ ប៊ុន​ឡេង»។​
ជាមួយគ្នា​នេះ​ដែរ ​លោក ​Eri Kaneko ​អ្នក​នាំពាក្យ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​បាន់ គី​មូ​ន ​បានបញ្ជាក់​ក្នុង​សារ​អេឡិចត្រូនិក​ថា ​សហ​ចៅក្រម​ស៊ើបអង្កេត​ថ្មី​អាច​នឹង​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម ​មាន​ប្រសាសន៍​ថា​ សំណុំ​រឿង​០០៣ ​និង​០០៤​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត។​
«យើង​រំពឹង​ថា ​សហ​ចៅក្រម​អន្តរជាតិ​នឹង​អញ្ជើញ​មក​បំពេញ​ការងារ​ក្នុង​ពេល​ឆាប់ៗ​ ​ហើយ​សហ​ចៅក្រម​ជាតិ​និង​អន្តរជាតិ​នឹង​ពិភាក្សា​គ្នា​នឹង​បន្ត​រក​វិធី​ដើម្បី​បន្ត​សំណុំ​រឿង​០០៣ និង​០០៤​នេះ»។​
លោក​នេត្រ ភក្ដ្រា​បញ្ជាក់​ថា ​សំណុំរឿង​ទាំងពីរ​នេះ​អាស្រ័យ​នឹង​ការ​សម្រេច​ចុង​ក្រោយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​ ក្រោយពី​ការ​ពិភាក្សា​គ្នា​រួច៕