ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសង្កេត​ការណ៍​សុំ​ឲ្យ​ម្ចាស់​ជំនួយ​បន្ត​ផ្តល់​ថវិកា​ឲ្យ​សាលាក្តី​ខ្មែរក្រហម


លោក ​David Scheffer ​អ្នកជំនាញ​ពិសេស​ក្នុងសាលាក្តី​កាត់ទោស​មេដឹក​នាំខ្មែរក្រហម ដែល​ត្រូវ​បាន​តែងតាំង​ដោយលោក​បាន់គីមូន អគ្គ​លេខាធិការ​អ.ស.ប.​។
លោក ​David Scheffer ​អ្នកជំនាញ​ពិសេស​ក្នុងសាលាក្តី​កាត់ទោស​មេដឹក​នាំខ្មែរក្រហម ដែល​ត្រូវ​បាន​តែងតាំង​ដោយលោក​បាន់គីមូន អគ្គ​លេខាធិការ​អ.ស.ប.​។
​វ៉ាស៊ីនតោន៖ ក្រុមអ្នក​សង្កេត​ការណ៍​បាន​ជំរុញ​ប្រទេស​ម្ចាស់​ជំនួយ​ឲ្យ​បន្តគាំទ្រ​ថវិកា​ជា​បន្ទាន់​ដល់​ការ​កាត់ទោស​ខ្មែរក្រហម​ដើម្បី​បញ្ជៀស​ការ​គាំង​ដំណើរ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។​
បន្ទាប់ពី​ការ​បញ្ជាក់​របស់​មន្ត្រី​អ.ស.ប.​ម្តង​ហើយ​ម្តងទៀត​អំពី​ខ្វះខាត​ថវិកា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​ ក្រុមអ្នក​សង្កេត​ការណ៍​បាន​អះអាង​ថា​ តុលាការ​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​មិន​គួរ​ជាប់​គាំង​ដំណើរ​ដោយ​មូលហេតុ​គ្មានថវិកា​គ្រប់​គ្រាន់​ទេ ​ដោយ​ទទូច​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​បន្ត​ការផ្តល់​ថវិកា​បន្ថែម​សម្រាប់​បញ្ចប់ការ​កាត់ទោស​ខ្មែរក្រហម​ ដែល​ទទួល​ខុសត្រូវ​ក្នុងការ​កាប់​សម្លាប់​ពលរដ្ឋខ្មែរ​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។​

ទោះបីជា​មាន​ប្រទេស​ផ្តល់​ជំនួយ​ខ្លះ​បាន​ផ្គត់ផ្គង់​ហើយក្តី​ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​កំពុង​ខ្វះខាត​ថវិកា​៤លាន​ដុល្លារ​សម្រាប់​ទ្រទ្រង់​ការ​ចំណាយ​នៅចុង​ឆ្នាំនេះ​ ហើយ​និង​ខ្វះខាត​ថវិកា​ទាំងស្រុង​នៅ​ឆ្នាំ ​២០១៣​ផង​ដែរ​សម្រាប់​កាត់​ទោស​ជន​សង្ស័យ​៣នាក់​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម។​

លោក ​James Goldston ​នាយក​អង្គការ​ច្បាប់​ស.រ.អា.មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូយ៉ក ​បាន​ថ្លែងថា​ សាលាក្តី​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​សាលាក្តី​ដទៃ​ដែរ​គឺត្រូវ​ការ​ចាំបាច់​នូវប្រភព​ថវិកា​ដ៏​មាន​លំនឹង​ ដើម្បី​បន្ត​សកម្មភាព​កាត់ទោស​ដោយ​មិនខ្វល់​ពីការ​ចំណាយពេល​វេលា​ដ៏ច្រើន​លើការ​រ៉ៃអង្គាស​ប្រាក់​ឧបត្ថម​នោះ​ទេ។​

“It seems to me that the donors should recognize that a criminal process once started must be completed to its judicial conclusion, and they need to provide the finance to ensure that happens.”

«សម្រាប់ខ្ញុំ​មើលទៅ​ វាហាក់​ដូចជាថា​ ក្រុមម្ចាស់ជំនួយ​គួរទទួលស្គាល់​ថា​ ដំណើរ​ការកាត់ទោស​បទឧក្រិដ្ឋ​ ពេលណា​ដែលចាប់ផ្តើម​ហើយ​ ចាំបាច់​ត្រូវតែ​បំពេញ​ទៅដល់​ទីបញ្ចប់​តាមដំណើរការ​ច្បាប់។​ ហើយ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ចាំបាច់​ត្រូវ​ផ្តល់​ថវិកា​ដើម្បី​ធានា​ថា ​ដំណើរ​ការ​នោះ​កើត​ឡើង​បាន»។​

សាលាក្តី​ខ្មែរក្រហម​ភាគី​អ.ស.ប.​ត្រូវអស់​ថវិកា​នៅខែ​តុលានេះ​ដោយ​សារ​គ្មាន​ម្ចាស់​ជំនួយ​បន្ថែម​ថ្មីច្រើន​ទៀត​ បរិច្ចាក​តាម​ការ​សន្យា​ដែល​បាន​ធ្វើកាល​ពី​ចុង​ឆ្នាំទៅ។ ​ទាំង​ភាគីកម្ពុជា​និង​ភាគី​អ.ស.ប.​មិន​ទាន់​មាន​ថវិកា​សម្រាប់​ចំណាយ​នៅ​ឆ្នាំក្រោយ​នោះ​ទេ។​

នៅ​ក្នុង​បទ​អត្ថាធិប្បាយ​មួយ​ក្នុង​កាសែត​ញូយ៉កថែម​កាលពី​ថ្ងៃពុធ​ ដែល​មាន​ចំណងជើង​ថា​ “No Way to​ Fund a ​War Crimes ​Tribunal”​ ឬ ​«គ្មានវិធី​ក្នុងការ​ផ្តល់ថវិកា​ដល់​សាលាក្តី​ឧក្រិដ្ឋកម្ម​សង្រ្គាម» ​លោក​ David Scheffer​ អ្នក​ជំនាញ​ការ​ពិសេស​របស់​អ.ស.ប.​និង​ជា​សាស្ត្រា​ចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ​ស.រ.អា. ​Northwestern ​University ​បាន​សរសេរ​ខ្លួន​លោក​ថា៖​ «មានប្រទេស​ជាច្រើន​បាន​សន្យា​ដើម្បី​ផ្គត់ផ្គង់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ពីរ​ខែ​ទៅ​មុខ​ទៀត ​ដែល​ជា​ដំណឹង​ល្អ។​ ប៉ុន្តែយ៉ាង​ហោច​ណាស់​សាលាក្តី​ត្រូវ​ការ​រ៉ៃអង្គាស​ថវិកា​៤​លាន​ដុល្លារ​ទៀត​ដើម្បីចំណាយ​ក្នុង​ខែវិច្ឆកា​និង​ខែធ្នូ​ខាងមុខ។​ ហើយ​បន្ទាប់​ទៀត​ ថវិកា​ឆ្នាំ​២០១៣​ជា​បញ្ហា​ដែល​ត្រូវ​ព្រួយ​បារម្ភ​ភ្លាមៗ​ពេល​នោះ»។​

លោក ​Sheffer ​បានអះអាង​ថា​ ការ​បណ្តោយ​ឲ្យ​តុលាការ​ខ្មែរក្រហម​ខក​ខាន​ដំណើរ​ការ​ដោយ​សារតែរឿង​ខ្វះ​ថវិកា​ ហើយ​មិន​បាន​បំបាត់​ការ​មិន​ដាក់​ទោស​ទណ្ឌ ​គឺ​ជារឿងមួយ​ដែលអាច​ផ្ញើរសារ​ខុស​ដល់​ជន​ទាំង​ឡាយ​ដែល​អាច​ជា​ជន​ល្មើស​នៃ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​នានា។​

លោក​បាន​សង្កត់​ធ្ងន់​ថា​ បទដ្ឋាន​ច្បាប់​អន្តរជាតិ​ដែល​តម្រូវ​ឲ្យ​មាន​នៅ​ក្នុង​កិច្ចការ​សាលាក្តី​ អាច​ប្រព្រឹត្ត​ទៅ​បាន​លុះ​ត្រា​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ភាគី​ទាំងអស់​ក្នុង​តុលាការ​បំពេញ​កិច្ចការ​ដោយ​ពេញលេញ។​

លោក​ឆាំង យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារកម្ពុជា​ បាន​អះអាង​ថា​ការ​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ដល់​ទីបញ្ចប់ជារឿង​ចាំបាច់​ ដើម្បី​បញ្ចៀស​អំពើ​ប្រល័យ​ពូជសាសន៍​កើត​ឡើង​ជាថ្មី​ទៀត។​

«ខ្ញុំគិត​ថា ​បើអន្តរ​ជាតិ​ទាំងអស់ ​ប្រទេស​ទាំងអស់​មើល​ឃើញ​ថា​នេះ​ជា​បញ្ហា​មនុស្សជាតិ​ ខ្ញុំគិត​ថា​ ការគាំទ្រ​វា​អាច​កើត​មាន​ឡើង​ ហើយ​បន្ត​ឲ្យ​តុលាការ​នេះ​បញ្ចប់​ដោយ​ជោគជ័យ​ដើម្បី​ជា​សារមួយ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​កុំឲ្យ​កើត​ឡើង​ទៀត»។​
លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ទៅ​លើ​អំពើ​ប្រល័យ​ពូជសាសន៍​កើត​នៅ​ប្រទេស​ជាច្រើន​ រួម​កម្ពុជា​ អឺរ៉ុប ​អាហ្រ្វិក​ ដែល​បំផ្លាញ​ធនធាន​មនុស្ស​ ទ្រព្យ​សម្បត្តិ​ និង​ជីវិត​មនុស្ស​ជាដើម​ ដែល​បញ្ហានេះ​ទាមទារ​ឲ្យ​មាន​តួនាទី​រួម​មួយ។​

ទោះជា​យ៉ាងណា​ដោយ ​ដំណើរការ​យឺតយ៉ាវ​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ និង​រឿង​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​គឺ​ជា​បញ្ហា​ដែល​ធ្វើឲ្យ​ក្រុមម្ចាស់​ជំនួយ​ខកខាន​ក្នុង​ការ​ផ្គត់ផ្គង់​ថវិកា​បន្ថែម​ដោយ​គួបផ្សំនឹង​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ពួក​គេ​ផង។​

អ្នកការទូត​ក្នុង​ទីក្រុង​ញូយ៉ក​ម្នាក់ ​ដែល​ជា​តំណាង​ប្រទេស​អ្នកផ្តល់​ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម ​បាន​អះអាង​ថា​ វា​ពិតជា​ស្ថាន​ការណ៍​អាក្រក់​មែន​នៅពេល​នេះ​ ទាក់ទង​នឹង​ការ​ផ្តល់​ជំនួយ​ថ្មី​ដល់​សាលាក្តី​ខ្មែរក្រហម។​ តែ​លោក​ថ្លែង​ថា​ ក្តីសង្ឃឹម​នៅ​មានខ្លះ​នៅឡើយ​ដោយសារ​ថា​ ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​នឹង​ជួប​ប្រជុំគ្នា​នៅ​ ពាក់​កណ្តាល​ខែ​កញ្ញា​ដើម្បី​ដោះស្រាយ​វិបត្តិថវិកា​សាលាក្តី​ខ្មែរក្រហម។​

តាម​គម្រោង​ថវិកា​កាលពី​ឆ្នាំទៅ​ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០០៦ ​ត្រូវការ​ថវិកាជាង​៤០លាន​ដុល្លារ​ទៀត​សម្រាប់ដំណើរ​ការ​កាត់ទោស​ឆ្នាំ​២០១៣ ​ដើម្បី​កាត់ទោស​សំណុំ​រឿង​ ០០២ ​និង​បន្ត​សំណុំ​រឿង​០០៣ និង​០០៤។​

លោក​ Peter Maguire ​សាស្រ្តាចារ្យ​ច្បាប់​សាកល​វិទ្យាល័យ​អាមេរិកាំង​មួយ​និង​ជាអ្នក​និពន្ធ​សៀវភៅ​ Facing Death ​in Cambodia ​ឬ​ប្រឈម​មុខ​នឹងមរណ​ភាព​នៅ​កម្ពុជា​ បានថ្លែង​ថា ​បើ​សាលាក្តី​ខ្មែរក្រហម​អាច​បញ្ចប់​សំណុំ​រឿង០០២​បាន​គឺជា​សំណាង​ល្អ​ហើយ។​

«ដូច​ខ្ញុំ​បាន​និយាយ​យូរ​មក​ហើយ​ថា​ អ.ស.ប.​ត្រូវ​ប្រកាស​ថា​ អ.ស.ប.​នឹង​ដកចេញ​ បន្ទាប់ពី​សំណុំ​រឿង​០០២ ​ហើយគួរ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់គេ​ទៅ​លើ​សំណុំរឿង​០០២​នេះ»។​
លោក​ថ្លែង​ថា ​ជារឿង​ដែល​មិនអាច​ទៅរួច​ទេ​ក្នុង​ការ​ប៉ុនប៉ង​ដំណើរការ​សាលាក្តី​នេះ​ដល់​សំណុំរឿង​០០៣​និង​០០៤​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិនចង់ធ្វើ​ ហើយ​គេ​គិត​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ម្ចាស់​ជំនួយ​ផង​នោះ។​
ក្រុម​អ្នក​សង្កេត​ការណ៍​អះអាង​ថា​ បញ្ហា​ក្នុង​តុលាការ​ខ្មែរក្រហម​ត្រូវតែ​ដោះស្រាយ ​តែរឿង​ផ្តល់​ជំនួយ​សម្រាប់​តុលាការនេះ ក្រុម​ប្រទេស​ផ្តល់​ជំនួយ​មាន​កាតព្វកិច្ច​ផ្តល់​តាម​ការ​យល់ព្រម​កាលពី​ចុងឆ្នាំ​ទៅ​ដែលថា​ នឹង​ផ្គត់ផ្គង់​សាលាក្តី​ខ្មែរក្រហម​នេះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG