កម្ពុជា​វាយ​កម្ទេច​អគារ​ថែទាំ​នាវា​នៅ​ផែយោធា​រាម សង់​ដោយ​អាមេរិក

រូបភាព​ពី​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ CSIS ដែល​បង្ហាញ​ពី​ការ​ប្រែប្រួល​ចុងក្រោយ​នៅ​មូលដ្ឋាន​សមុទ្រ​រាម ខេត្តព្រះសីហនុ នា​ដើម​ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបភាព​ពី CSIS)

អាជ្ញាធរ​កម្ពុជា​ ទើប​បាន​វាយ​កម្ទេច​រុះរើ​អគារ​ជួស​ជុល​ថែទាំ​នាវា​ល្បាត​ធុន​តូច​ដែល​សាងសង់​ដោយ​សហរដ្ឋ​អាមេរិក​នៅ​មូលដ្ឋាន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ផ្កាយរណប​ដែល​វិភាគ​និង​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​(Center for Strategic and International Studies) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន សហរដ្ឋ​អាមេរិក។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិកម្ពុជា លោក ទៀ បាញ់ ក៏​បាន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​រុះរើ​វាយ​កម្ទេច​អគារ​ខាង​លើ​ប្រាកដ​មែន។

អគារ​ជួសជុល​ថែទាំ​នាវា​ល្បាត​ធុន​តូច ដែល​ត្រូវ​បាន​កម្ទេច​រុះរើ​នេះ ត្រូវ​បាន​សាងសង់​ដោយ​បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ កាល​ពី​ខែ​កក្កដា​ ឆ្នាំ២០១៧ និង​ដែល​គ្រប់គ្រង​ដោយ​ទីបញ្ជាការ​ជួរ​មុខ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្ដិសុខ​លម្ហ​សមុទ្រ​របស់​កម្ពុជា។​

CSIS ​បាន​ឱ្យ​ដឹង​ថា​ការ​វាយ​កម្ទេច​អគារ​ជួសជុល​ថែទាំ​នាវា​ល្បាត​ធុនតូច​នេះ​ ធ្វើ​ឡើង​អំឡុង​ចុង​ខែ​តុលា ​និង​វាយ​កម្ទេច​រួច​រាល់​ត្រឹម​ដើម​ខែ​វិច្ឆិកា តែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ​

នេះ​ជា​អគារ​ជំនួយ​អាមេរិក​ទី​ពីរ​ហើយ​នៅ​មូលដ្ឋាន​សមុទ្រ​រាម ដែល​អាជ្ញាធរ​កម្ពុជា​រុះរើ​ចេញ​ បន្ទាប់​ពី​អគារ​ទី​បញ្ជា​ការ​ជួរ​មុខ​នៃ​គណៈកម្មាធិការ​ជាតិ​សន្ដិសុខ​លម្ហសមុទ្រ ​ដែល​នៅ​ខាង​ត្បូង​រោង​ទូក​នេះ ត្រូវ​បាន​រុះរើ​កាល​ពី​ខែ​កញ្ញា។​

រូបឯកសារ៖ ក្រុម​អ្នក​កាសែត​ចោមរោម​ទស្សនា​អគារ​ជួសជុល​ថែទាំ​នាវា​ល្បាត​ធុន​តូច នៅ​មូលដ្ឋាន​សមុទ្រ​រាម កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​CSIS អាជ្ញាធរ​កម្ពុជា​បាន​រុះរើ​អគារ​ជួសជុល​ថែទាំ​នាវា​ល្បាត​ធុនតូច​ចេញ​ដោយ​ប្រុងប្រយ័ត្ន ​និង​គត់មត់​ ដោយ​យក​នាវា​ល្បាត​ធុន​តូច​ចេញ​មក​មុខ​រោង​អស់​សិន មុន​នឹង​រុះរើ​ដំបូល ហើយ​វាយ​ជញ្ជាំង​ចេញ​តាម​ក្រោយ។

លោក Gregory B. Poling នាយក​កម្មវិធី​គំនិតផ្ដួចផ្ដើម​តម្លាភាព​លម្ហសមុទ្រ​នៅ​អាស៊ី​របស់​CSIS​ ទទួល​បន្ទុក​លើ​របាយ​ការណ៍​សិក្សា​នេះ បាន​ប្រាប់​VOA​ថា​ដំណើរ​វិវឌ្ឍ​ថ្មី​នេះ​បង្កើន​ការ​សង្ស័យ​របស់​អាមេរិក​ដែល​ថា​កម្ពុជា​និង​ចិន​ មាន​គម្រោងរួមគ្នា​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ ដោយ​ផាត់​ចេញ​ជា​មុន​សិន​នូវ​ទីតាំង​ដែល​ជា​ជំនួយ​របស់​អាមេរិក។

អ្នកស្រាវជ្រាវ​រូបនេះ​បាន​សរសេរ​ក្នុង​សារអេឡិចត្រូនិក​យ៉ាង​ដូច្នេះ​ថា៖

«ភស្តុតាង​នានា​ដែល​ចង្អុរ​មក​បង្ហាញ​ថា នេះ​ជា​ជំហាន​ដើម្បី​បើក​ផ្លូវ​ឱ្យ​ចិន​អាច​ប្រើប្រាស់​[មូលដ្ឋាន​សមុទ្រ]​រាម​បាន​ ដែល​អាច​ជា​ការ​ប្រើប្រាស់​វិលជុំ ឬ​ក៏​ការ​តាំង​ទី​ជា​អចិន្ត្រៃយ៍»។

រដ្ឋាភិបាល​កម្ពុជា​បាន​រុះរើ​ទីតាំង​ទីបញ្ជាការ​ជួរមុខ​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្ដិសុខ​លម្ហសមុទ្រ​ទៅ​កាន់​ទីតាំង​មួយ​កន្លែង​ទៀត​ឈ្មោះ កោះ​ព្រាប ដែល​ស្ថិត​នៅ​ខាង​ចុង​នៃ​តំបន់​ទំនប់​រលក ​ក្បែរ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ ក្នុង​ក្រុង​ព្រះ​សីហនុ ហើយ​តែង​បាន​ទាត់ចោល​ការ​លើក​ឡើង​អំពី​ការ​ផ្ដល់​មូលដ្ឋាន​សមុទ្រ​រាម​ដល់​យោធា​ជើង​ទឹក​ចិន​ប្រើ​ប្រាស់។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​រុះរើ​អគារ​ជួសជុល​ថែទាំ​នាវា​ល្បាត​ធុន​តូច​ ស្ថិត​នៅ​ក្នុង​គម្រោងតែ​មួយ​ជាមួយការ​រើ​ទីតាំង​ទី​បញ្ជា​ការ​ជួរមុខ​នៃ​គណៈកម្មាធិការជាតិ​សន្ដិសុខ​លម្ហ​សមុទ្រ។

នៅ​ក្នុង​បទ​សម្ភាស​ន៍​មួយ ​ដែល​វិទ្យុ​អាស៊ីសេរី​សួរលោក ទៀ បាញ់ និង​ត្រូវ​បានផ្សាយ​ដោយ​នាយកដ្ឋាន​ព័ត៌មាននៃ​ក្រសួង​ការពារ​ជាតិ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ថា ​អគារ​ដែល​វាយ​កម្ទេច​ចោល​នោះ ​ត្រូវ​រើ​ទៅ​កាន់​កោះ​ព្រាប​ជាមួយទីបញ្ជាការ​មុខ​ដែរ​ ដែល​ត្រូវ​«ធ្វើ​ឱ្យ​ល្អ​ជាង​មុន ធំ​ជាង​មុន ឆ្លើយ​តប​តាម​តម្រូវការ​ជាង​មុន រីក​ចម្រើន​ជាង​មុន»។​

«ព្រោះ​វា​ត្រូវ​រើ​ចេញ ទៅ​កន្លែង​ថ្មី​ហើយ ថា​ទៅ​ទុក​ធ្វើ​ស្អី​ទៀត ព្រោះ​អា​ហ្នឹង គឺ​វា​អត់​មាន​នេះ​ រឿង​ហ្នឹង​ប្រើ​ប្រាស់​ធ្វើ​កន្លែង​អភិវឌ្ឍន៍​នៅ​ផែ​ជើង​ទឹក​រាម​វិញ ដូច្នេះ​ត្រូវ​ទៅ​កន្លែង​ថ្មី ទៅ​កន្លែង​ថ្មី​គឺ​ទាំង​អស់​ សម្រាប់​បម្រើ​ឱ្យ​ទី​បញ្ជា​ការ​មុខ​ដែល​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​គាត់​បាន​ជួយ​រៀបចំ​ផ្នែក​សន្ដិសុខ​លម្ហ​សមុទ្រ តែ​មួយ​បន្តិច​ហ្នឹង​ណា»។​

រូបឯកសារ៖ ទាហាន​ម្នាក់​ឈរ​យាម​អគារ​ជួសជុល​ថែទាំ​នាវាល្បាត​ធុន​តូច នៅ​មូលដ្ឋាន​សមុទ្រ​រាម កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩។ (ស៊ុន ណារិន/វីអូអេ)

លោក ទៀ បាញ់ មិន​បាន​បញ្ជាក់​បន្ថែម​ឱ្យ​ច្បាស់​នោះ​ទេ ថា​ទីតាំង​ចាស់​នៃ​អគារ​ជួសជុល​ថែទាំ​នាវា​ និង​ការិយាល័យ​ចាស់​នៃ​ទីបញ្ជាការ​មុខ​នៃគណៈកម្មាធិការ​ជាតិ​សន្ដិ​សុខ​លំហ​សមុទ្រ ត្រូវបាន​ប្រើ​ប្រាស់​ ឬ​បម្លែង​ជា​អ្វី​នៅ​ពេល​អនាគត​ ក្នុង​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​«ប្រើ​ប្រាស់​ធ្វើ​កន្លែង​អភិវឌ្ឍ​ន៍​នៅ​ផែ​ជើង​ទឹក​រាម»​នោះ។​

លោក​ឧត្ដមនាវីឯក វណ្ណ ប៊ុនលៀង នាយ​សេនាធិការ​កងទ័ព​ជើង​ទឹក ត្រូវ​បាន​ព្រឹត្តិបត្តិ​ព័ត៌មាន​ជប៉ុន Nikkei ដក​ស្រង់​សម្ដី​ក្នុង​បទសម្ភាសន៍ផ្ដាច់​មុខ​មួយ​ កាល​ពី​ខែ​តុលា​ថា ចិន​កំពុង​ផ្ដល់​ជំនួយ​ដល់​មូលដ្ឋាន​សមុទ្រ​រាម​ ដើម្បី​សាងសង់​ផែ​នាវា​ថ្មី ឃ្លាំង​ជួសជុល​ថែ​ទាំ​នាវា និង​ការ​បូម​ខ្សាច់​ពង្រីក​ជម្រៅ​នៅ​ឆក​សមុទ្រ​រាម ​ដែល​មាន​ទឹក​រាក់។​

យ៉ាង​ណា​ក៏​ដោយ ក្នុង​បទ​សម្ភាសន៍មួយ​ជាមួយ​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters លោក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បដិសេធ​ការ​លើកឡើង​អំពី​វត្តមាន​ជំនួយ​របស់​ចិន​នៅ​មូលដ្ឋាន​សមុទ្ររាម។

VOA ​មិន​ទាន់​អាច​ទាក់ទង​លោក ទៀ បាញ់ ដើម្បី​ស្នើ​សុំ​ការ​ពន្យល់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​នាយឧត្ដមនាវី ទៀ វិញ ជា​ប្អូន​ប្រុស​របស់​លោក ទៀ បាញ់ និង​ជាមេ​បញ្ជា​ការ​កងទ័ព​ជើង​ទឹក និង​លោក​ឧត្ដមនាវី​ឯក វណ្ណ ប៊ុនលៀង ជា​នាយ​សេនាធិការ បាន​បដិសេធ​មិនផ្ដល់​បទ​សម្ភាសន៍។ ស្ថាន​ទូត​ចិន​ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​VOA​សុំ​ការ​អត្ថាធិប្បាយ​ដែរ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ បាន​សម្ដែង​ការ​ខក​ចិត្តជាមួយដំណើរ​វិវឌ្ឍចុង​ក្រោយ​នៅ​មូលដ្ឋាន​សមុទ្រ​រាម។​

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​រូប​នេះ ប្រាប់​VOAតាម​សារ​អ៊ីមែល​ថា៖

«យើង​មាន​ការ​ខក​ចិត្ត​ដែល​អាជ្ញាធរ​យោធា​កម្ពុជា​បាន​វាយ​កម្ទេច​សំណង់​[បម្រើ​ឱ្យ​ការពារ]​សន្ដិសុខ​លម្ហ​សមុទ្រ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ជា​មុន ឬ​ក៏​ការ​ពន្យល់​ទាល់​តែ​សោះ»។​

អាមេរិក​រំពឹង​ថា​ជំហរ​របស់​កម្ពុជា​នឹង​រក្សា​ដដែល មិន​ប្រែ​ប្រួល​នោះ​ទេ ទៅ​លើ​ការ​សន្យា​របស់​លោក ហ៊ុន សែន ថា​មូលដ្ឋាន​សមុទ្រ​រាម​នឹង​ស្វាគមន៍​ទទួល​គ្រប់​ភាគី​ជា​មិត្ត​ទាំង​អស់​ ហើយ​និង​ការ​សន្យា​ដែល​ថា​កម្ពុជា​នឹង​មិន​ផ្ដល់​សិទ្ធិ​ផ្ដាច់​មុខ​ឬ​អចិន្ត្រៃយ៍​ណាមួយ​ឱ្យ​យោធា​បរទេស​តាំង​ទី​លើ​ទឹក​ដី​ខ្លួន​ទេ។ នេះ​បើ​យោង​តាម​លោក Chad Roedemeier។

ក្នុង​បទ​សម្ភាសន៍ជាមួយ​អ្នក​សារព័ត៌មាន លោក ទៀ បាញ់ បាន​លើក​ឡើង​ថា​ការ​វាយ​រុះរើ​អគារ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ដែល​ជា​ជំនួយ​របស់​អាមេរិក ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា​ ដែល​ទីក្រុង​ភ្នំពេញ​មិន​មាន​ការ​ចាំបាច់​ក្នុង​ការ​ជូន​ដំណឹង​ដល់​ទីក្រុង​វ៉ាស៊ីន​តោន​នោះ​ទេ តែ​រំពឹង​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ទ្វេភាគីរវាង​កម្ពុជា និង​អាមេរិក​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែតុលា បាន​លើក​ឡើង​ថា​លោក​ធុញ​ទ្រាន់​នឹង​ក្ដី​សង្ស័យ ដែល​ចេញ​ដំបូង​ពី​ការ​ផ្សាយ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៩ របស់​កាសែត​ Wall Street Journal ដែល​ថា​កម្ពុជា​បាន​សម្រេច​«កិច្ច​ព្រម​ព្រៀង​សម្ងាត់»​ជាមួយ​ចិន ដោយ​អនុញ្ញាត​ឱ្យ​កង​ទ័ព​ជើង​ទឹក​ចិន ​ប្រើប្រាស់​មូលដ្ឋាន​សមុទ្ររាម​រយៈ​ពេល​៣០​ឆ្នាំ។

ក្រៅ​តែ​ពី​បាន​ហៅ​ព័ត៌មាន​នេះ​ថា​ជា​រឿង​«ប្រឌិត»​ដែល​«អាក្រក់​បំផុត»​ប្រឆាំង​នឹង​កម្ពុជា មេដឹក​នាំ​កម្ពុជា​ក៏​បាន​ល្បង​នឹង​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ ឱ្យ​ចេញ​មុខ​មក​បង្ហាញ​ភស្ដុតាង​អំពី​កិច្ច​ព្រម​ព្រៀង​ ដែល​គេ​លើក​ឡើង​នោះ។

លោក Gregory B. Poling នៃ​មជ្ឈមណ្ឌលCSISរបស់​អាមេរិក បាន​បន្ថែម​ថា ចិន​មុខ​ជា​សំឡឹង​មើល​ឃើញ​មូល​ដ្ឋាន​សមុទ្រ​រាម ថា​នឹង​ផ្ដល់​នូវ​ការ​យក​ប្រៀប​ផ្នែក​សន្ដិសុខ​លម្ហ​សមុទ្រ​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

លោក Gregory B. Poling បាន​សរសេរ​ប្រាប់​VOA​ថា៖

«មូលដ្ឋាន​សមុទ្ររាម​អាច​ផ្ដល់​ឱ្យ​ចិន​នូវ​វត្ត​មាន​តាំង​ទី​ប្រកប​ដោយ​គុណតម្លៃ​ ដើម្បី​ប្រមូល​យក​ព័ត៌មាន​ចារកម្ម និង​ឈ្លប​យក​ការណ៍​លើ​ឈូង​សមុទ្រ​ថៃ និង​ទៅ​លើ​កង​កម្លាំង​សហរដ្ឋអាមេរិក​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្បែរ​តំបន់​នេះ ជា​ពិសេស​បណ្ដា​កងកម្លាំង​[អាមេរិក]ដែល​ចេញចូល​ប្រទេស​ថៃ ឬ​កងកម្លាំង​[អាមេរិក]​ដែល​ប្រតិបត្តិ​ការ​តាំង​នៅ​សិង្ហបុរី»៕