ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់ស៊ីហ្គេម (SEA Game) ឈរលំដាប់ថ្នាក់លេខ៤ ក្នុងចំណោម ១១ប្រទេស ដោយទទួលបានមេដៃមាសប្រមាណ៨០។ នេះជាប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជាដែលឈរលំដាប់លេខ៤ និងទទួលបានមេដាយមាសច្រើនជាងការប្រកួតពីមុនៗមក។ លទ្ធផលនេះលើសពីការរំពឹងទុករបស់មន្រ្តីកម្ពុជា។
បើតាមលទ្ធផលចុងក្រោយ កម្ពុជាឈ្នះមេដាយសរុបចំនួន ២៨២ ក្នុងនោះមានមេដាយមាសចំនួន ៨១ ប្រាក់ ៧៤ និងសំរឹទ្ធចំនួន ១២៧។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះក្នុងប្រព័ន្ធតេឡេក្រាមរបស់លោកថាកាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ហើយមិនទទួលបានមេដាយឡើយ។ លោកបន្ថែមថា ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន។
លោកបញ្ជាក់ជាសារក្នុងន័យដើមថា៖ «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»។
កាលពីការប្រកួតស៊ីហ្គេមលើកទី៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ កម្ពុជាស្ថិតក្នុងលំដាប់លេខ៨ តែប៉ុណ្ណោះ ដោយទទួលបានមេដាយសរុបចំនួន ៦៣ រួមមានមាស ៩ ប្រាក់ ១៣ និងសំរឹទ្ធចំនួន ៤១។
ប្រភេទកីឡាដែលកម្ពុជាទទួលបានមេដាយមាសក្នុងការប្រកួតលើកនេះ មានដូចជាគុនខ្មែរ គុនល្បុក្កតោ បាល់បោះ អត្តពលកម្មសីដក់ ជឺជិតស៊ូ ការ៉ាតេដូ ហែលទឹក រត់វ៉ូវីណាម គ្រីឃីត អេឡិចត្រូនិចកម្ពុជា និងប្រភេទកីឡាផ្សេងៗទៀត។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស៊ីហ្គេមកម្ពុជា ឈ្មោះCambodia 2023។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍បាននៅឡើយទេ។
នៅក្នុងការប្រកួតស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រទេសវៀតណាមឈរលំដាប់លេខ១ ដែលទទួលបានមេដាយមាសច្រើនជាងគេ រហូតដល់ ១៣៦ ប្រទេសថៃឈរលេខរៀងទី២ ទទួលបានមេដាយមាសសរុបចំនួន ១០៨ និងឥណ្ឌូណេស៊ី ឈរលេខ៣ ដែលទទួលបានមេដាយមាសសរុបចំនួន ៨៧។
ប្រទេសហ្វីលីពីនលំដាប់លេខ៥ ទទួលបានមេដាយមាសចំនួន ៥៨ សិង្ហបុរីលេខរៀងទី៦ ចំនួនមេដាយមាស៥១ ម៉ាឡេស៊ីចំនួន៣៤ មីយ៉ាន់ម៉ា មេដាយមាស២១ ឡាវចំនួន៦ ព្រុយណេចំនួន២។ ដោយឡែកប្រទេសទីម័រខាងកើតមិនទទួលបានមេដាយមាស និងប្រាក់ទេ គឺទទួលបានតែសំរឹទ្ធចំនួន ៨ ប៉ុណ្ណោះ។
មេដាយសរុបចំនួន ២០៤១ ត្រូវបានផ្តល់ដល់កីឡាករ កីឡាការិនី ដែលក្នុងនោះមានមាសចំនួន ៥៨៤ ប្រាក់ ៥៧៦និងមេដាយសំរឹទ្ធចំនួន ៨៨១។
លោក រឹម សុភារម្យ កីឡាករម្នាក់ឈ្នះមេដាយមាសក្នុងវិញ្ញាសាបាល់ទាត់លើតុ ប្រាប់វីអូអេថា នេះជាមោទនភាពបំផុតដែលលោកមានវត្តមានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដ៏ធំនៅប្រទេសកំណើត។ លោកបន្ថែមថា ព្រឹត្តិការណ៍នេះបានដំណើរទៅ ដោយរលូន ហើយពាំនាំមកនូវមិត្តភាពអន្តរជាតិ។
លោកថ្លែងថា៖ «ជាព្រឹត្តិការណ៍មួយដែលខ្ញុំមិនអាចបំភ្លេចបានពេញមួយជីវិតរបស់ខ្ញុំ ថ្វីត្បិតតែខ្ញុំធ្លាប់បានឈ្នះមេដាយមាសនៅស្រុកគេមែន ប៉ុន្ដែវាអត់រំភើបដូចខ្ញុំឈ្នះមេដាយមាសក្នុងប្រទេសកម្ពុជាទេ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រកាសថា រដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណ ១១៨ លានដុល្លារអាមេរិក ដើម្បីរៀបចំកីឡាស៊ីហ្គេមនេះ។
លោក លេខ ឡែន ជានិសិត្សនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលជាអ្នកតាមដានវិស័យកីឡាម្នាក់ ថ្លែងថា ការប្រារព្ធកម្មវិធីប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ពិតជាលើកមោទនភាពជាតិឱ្យកាន់តែល្អប្រសើរ និងអាចធ្វើឱ្យបណ្តាប្រទេសទាំង ១១ ដែលចូលរួមប្រកួតប្រជែង កោតសរសើរយ៉ាងខ្លាំងសម្រាប់ការរៀបចំរបស់កម្ពុជា។
លោកថ្លែងថា៖ «ជាពិសេសដែលខ្ញុំមើលឃើញគឺការរៀបចំបុរីកីឡា គឺល្អខ្លាំងមែនទែនដែលរៀបចំសម្រាប់អត្តពលិកស្នាក់នៅជុំគ្នា វាមិនងាយទេដែលប្រទេសមួយរៀបចំបុរីកីឡាបានដើម្បីអាចអត្តពលិកស្នាក់នៅជុំគ្នា»។
លោកក៏បានលើកឡើងអំពីចំណុចខ្វះខាតមួយចំនួនដូចជាកង្វះអ្នកបចេ្ចកទេស និងភាពចម្រូងចម្រាសមួយចំនួនរបស់អត្តពលលិកនៅពេលប្រកួតជាដើម។
នៅក្នុងការប្រកួតបាល់ទាត់ផ្នែកបុរសចុងក្រោយ ដើម្បីដណ្តើមមេដាយមាស រវាងកីឡាករថៃ និងឥណ្ឌូណេស៊ី ក៏មានការវាយប្រតប់គ្នាផងដែរ កាលពីយប់ថ្ងៃទី១៦ ខែឧសភា។
ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ក៏មានការវាយប្រហារពាក្យសម្តីទៅវិញទៅមករវាងប្រជាជនកម្ពុជានិងថៃ ក្រោយមានភាពចម្រូងចម្រាសរវាងភាគីកម្ពុជានិងថៃ ក្នុងការប្រើប្រាស់ឈ្មោះប្រភេទកីឡាគុនខ្មែរ។ ថៃពុំមានវត្តមានកីឡាករចូលរួមប្រកួតប្រជែងកីឡាប្រដាល់ឡើយ បន្ទាប់ពីភាគីថៃមិនពេញចិត្តនឹងការប្រើពាក្យគុនខ្មែរ ដោយពួកគេចង់ឱ្យមានការកំណត់ជាឈ្មោះ «Muay Thai» ទៅតាមកីឡាដែលជាតំណាងជាតិរបស់ថៃ។
គួរបញ្ជាក់ថាកីឡាស៊ីហ្គេមដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង ចាប់ផ្តើមបើកជាផ្លូវការក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។ ពិធីបើកនិងបិទជាផ្លូវការ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិ«មរតកតេជោ» ដែលត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់ចិន៕