មេទ័ពកំពូលៗពីររូបរបស់កម្ពុជាគឺលោក ទៀ បាញ់ និងលោក ប៉ុល សារឿន បានព្រមានធ្ងន់ៗម្តងទៀតថា នឹងវាយកម្ទេចចោលក្រុមដែលធ្វើសកម្មភាពក្នុងចេតនាទាញទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននាំសន្តិភាពពេញលេញដល់កម្ពុជា។ ការព្រមានរបស់មេទ័ពកម្ពុជាដដែលៗនេះធ្វើឡើង នៅគ្រាស្ថាប័ននីតិប្រតិបត្តិរបស់លោក ហ៊ុន សែន បានស្នើឲ្យមានការរំលាយគណបក្សប្រឆាំង។ សំណើនេះបានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរដែលកាន់និន្នាការប្រជាធិបតេយ្យសេរីពហុបក្ស។
មេបញ្ជាការកំពូលៗរបស់កម្ពុជា នាសប្តាហ៍នេះ បានបង្ហាញការប្តេជ្ញាចិត្តសារជាថ្មីក្នុងការកម្ទេចក្រុមប្រឆំាងបះបោរ ដែលមានគំនិតផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលពួកគេអះអាងថា ជារដ្ឋាភិបាលស្របច្បាប់។ នេះបើយោងតាមសារថ្មីៗ ដែលប្រមុខមេទ័ពកម្ពុជាបានថ្លែងក្នុងពេលប្រារព្ធខួបកំណើតទី៦៤ឆ្នាំនៃកងទ័ពកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃពុធ។
សុន្ទរកថារបស់នាយឧត្តមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៨ ខែវិច្ឆិកាគឺមួយថ្ងៃមុនថ្ងៃខួបកំណើតរបស់កងទ័ពជាតិខ្មែរ បានបញ្ជាក់ឲ្យដឹងតាមខ្លឹមសារដើមថា៖
«ប្រឆាំងដាច់ខាតចំពោះសកម្មភាពនានារបស់ក្រុមជ្រុលនិយមណាមួយ ដែលគាំទ្រពីបរទេស ក្នុងគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការញុះញង់បង្កឲ្យមានអំពើហិង្សា មានចរិតជាបដិវត្តន៍ពណ៌ សំដៅបំផ្លាញសុខសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ»។
សុន្ទរកថារបស់នាយឧត្តមសេនីយ៍ដដែលនេះក៏បានបញ្ជាក់ឲ្យដឹងបន្តតាមខ្លឹមសារដើមថា៖
«ជាងនេះទៅទៀត ក្នុងភារកិច្ចចាំបាច់បំផុត កងយោធពលខេមរភូមិន្ទ ត្រូវថែរក្សា ការពារឲ្យបានដាច់ខាតនូវសន្តិភាព ប្រឆាំងដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ចូលរួមសហការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗ និងបន្តពង្រឹងទំនាក់ទំនងល្អជាមួយកងកម្លាំងប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវិធី សំដៅកសាងព្រំដែនឲ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ»។
ការព្រមានរបស់មេដឹកនាំយោធានេះកើតមានឡើងនៅក្នុងពេលដែលសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្តបានបង្ហាញក្តីបារម្ភនៃផលប៉ះពាល់ភាពស្របច្បាប់សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ប្រសិនបើមិនមានការចូលរួមរបស់គណបក្សសង្គ្រោះជាតិដែលកំពុងប្រឈមនឹងការរំលាយតាមអំណាចតុលាការ។ ពួកគេបានទទូចស្នើឲ្យរដ្ឋាភិបាលស្តារស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ប្រយោជន៍ធ្វើឲ្យមានការបោះឆ្នោតត្រឹមត្រូវ និងសេរីដើម្បីបើកផ្លូវឲ្យពលរដ្ឋខ្មែរជ្រើសរើសយកគណបក្សនយោបាយណាមួយ សម្រាប់គ្រប់គ្រងប្រទេសកម្ពុជា និងដើម្បីរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបចីរភាព។
ការថ្លែងព្រមានរបស់លោក ប៉ុល សារឿន ត្រូវបានបន្ទរកាន់តែខ្លាំងទៀត ដោយប្រមុខក្រសួងការពារជាតិ គឺលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ដែលនៅក្នុងថ្ងៃប្រារព្ធខួបនៃការបង្កើតកងទ័ពកម្ពុជាដដែលនោះ បានប្រកាសឲ្យកងទ័ពត្រៀមខ្លួនក្នុងការទប់ស្កាត់ បង្ក្រាបព្រឹត្តិការណ៍នានាដែលអាចនឹងកើតឡើងនៅក្នុងឆ្នាំ២០១៨ ដែលលោកយល់ថា ជាឆ្នាំនៃការកើនកម្តៅនយោបាយខ្លាំង។
ថ្លែងនៅក្នុងវិទ្យាស្ថានកងទ័ពជើងគោក ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃពុធកន្លងទៅ លោក ទៀ បាញ់មានប្រសាសន៍យ៉ាងដូច្នេះ៖
«ដោយសារស្ថានការណ៍នយោបាយរបស់យើង គឺនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ គឺរហូតដល់ចាប់តាំងពីពេលនេះតមកហើយ គឺវាមានសភាពមួយគឺវារឿង បានជាយើងចាត់ទុកថា វាមានភ្លើងកំដៅខ្លាំងដល់កំពូលមួយ ដែលយើងចាត់ទុកថា ជាស្ថានភាពមួយ ដែលវិធានការដែលយើងត្រូវចាត់ចែង រៀបចំអ្វីៗទាំងអស់ នឹងមានរៀបរាប់នៅក្នុងពេលខាងមុខ ដែលវាមានសភាពការណ៍មួយចង់ជម្រាបជូនថា យើងត្រូវជួបជុំគ្នាឲ្យបានច្រើនបន្តិច ឲ្យបានឮទាំងអស់គ្នា វាបានសុះសាយកាន់តែខ្លាំងបន្តិច»។
លោក ទៀ បាញ់ បានថ្លែងបន្តថា ព្រឹត្តិការណ៍ផ្សេងៗអាចនឹងកើតឡើងនៅក្នុងឆ្នាំ ២០១៨ ដែលតម្រូវឲ្យកងទ័ពត្រូវមានស្មារតី មូលមតិគ្នាក្នុងការសម្រេចចិត្តតាំងពីថ្នាក់ក្រោមដល់លើ ក្នុងការចាត់វិធានការទប់ទល់។
«ព្រឹត្តិការណ៍ដែលវាអាចកើតនៅក្នុងឆ្នាំ២០១៨ខាងមុខនេះ គឺវាជាស្ថានការណ៍មួយ ដែលយើងគឺត្រូវតែក្តាប់ ស្វែងរកថា ក្តាប់រួចហើយ គឺធ្វើការឯកភាពគ្នាឲ្យបានតាំងពីលើរហូតដល់ក្រោម បានន័យថា កុំឲ្យសល់ចន្លោះ កោះកៀនណាទំាងអស់ គឺឲ្យបានជ្រួតជ្រាបទាំងអស់គ្នាអំពីសភាពការណ៍រយៈពេលខាងមុខ»។
លោក ទៀ បាញ់ ក៏បានលើកឡើងផងដែរថា ការធ្វើបដិវត្តន៍ពណ៌នឹងបង្កគ្រោះថ្នាក់ស្រដៀងគ្នាដល់កម្ពុជា ដូចក្នុងសម័យខ្មែរក្រហមរបស់ប៉ុល ពត។ លោកបានអះអាងថា បដិវត្តន៍ពណ៌បានបង្កទុក្ខសោក និងបំផ្លាញប្រទេសជាង២០ ក្នុងនោះមានប្រទេសយូហ្គោស្លាវី ទុយនេស៊ី អ៊ុយក្រែន និងស៊ីរី ជាដើម ហើយថា រាល់វិធានការដែលរដ្ឋាភិបាលបានធ្វើនាពេលថ្មីៗនេះប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាល មេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា និងបណ្តាញព័ត៌មានផ្សេងទៀតនោះ គឺជារឿងសមហេតុផល។
សុន្ទរកថាថ្លែងអំពីការចាប់ខ្លួនលោក កឹម សុខា លោកលោក ទៀ បាញ់ បានលើកឡើងដោយមានខ្លឹមសារដើមថា៖
«នៅថ្ងៃទី៣ ខែកញ្ញា សមត្ថកិច្ចបានចាប់ខ្លួន កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានបង្ហាញឲ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃការឃុបឃិតគ្នារវាង កឹម សុខា និងបក្ខពួក ជាមួយបរទេស ដែលខ្ញុំតែងបាននិយាយថា គឺជាផលដែលបានមកពីទេវតាប្រទាន ព្រោះនេះគឺ កឹម សុខា ជាអ្នកបង្ហាញដោយខ្លួនឯង ជាផលកម្មដែលខ្លួនឯងបានប្រព្រឹត្ត មិនមែនអ្នកណាជារៀបចំធ្វើនោះឡើយ»។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានលើកឡើងកាលពីពេលកន្លងមកថា ប្រទេសកម្ពុជាមិនទាន់ប្រឈមនឹងរោគសញ្ញាសង្គម ដែលអាចនាំទៅរកការធ្វើបដិវត្តន៍នោះឡើយ ហើយថា អ្វីដែលរដ្ឋាភិបាលគួរព្រួយបារម្ភ និងកែទម្រង់ជាបន្ទាន់នោះគឺការធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស ការធ្វើឲ្យប្រព័ន្ធយុត្តិធម៌មានឯករាជ្យ និងបញ្ហាសង្គមផ្សេងទៀត ដូចជាការលុបបំបាត់វប្បធម៌នៃអំពើពុករលួយជាដើម។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏ធ្លាប់បានព្រមានថា ការប្រកាសបង្រ្កាបប្រើដោយកម្លាំង លើការបះបោរនោះអាចនឹងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពកាន់តែគ្រោះថ្នាក់ផងដែរ។
លើសពីនេះទៅទៀត ក្រុមអ្នកវិភាគបានលើកឡើងថា ការរង្គោះរង្គើប្រព័ន្ធដឹកនាំនៅក្នុងប្រទេសអារ៉ាប់ នៅតំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្វ្រិក ហើយរាលដាលមកដល់តំបន់អឺរ៉ុបនោះគឺបណ្តាលមកពីរោគសញ្ញានៃវិបត្តិសង្គម និងនយោបាយធំៗ រួមនឹងជម្លោះសាសនានៅក្នុងប្រទេសទាំងនោះ។ វិបត្តិទាំងនោះរួមមាន ការរីករាលដាលនៃភាពក្រីក្រ អំពើពុករលួយ គម្លាតទ្រព្យសម្បត្តិ ការប្រមូលផ្តុំអំណាចនៅលើតែថ្នាក់កណ្តាលរបស់រដ្ឋាភិបាល ការធ្លាក់ចុះដុនដាបនៃសេដ្ឋកិច្ច ការរំលោភសិទ្ធិធ្ងន់ធ្ងរ ហើយនឹងការកាន់អំណាចយូរហួសហេតុរបស់មេដឹកនាំ៕