អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍៖ ការងើប​ឡើងវិញ​នៃ​អាជីវកម្ម​ទេសចរណ៍ រំពឹង​លើ​ការសាកល្បង​ទទួល​ទេសចរ​ចាក់​វ៉ាក់សាំង​រួចរាល់

រូបឯកសារ៖ ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/វីអូអេ)

អ្នកពាក់​ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​រំពឹង​ថា​ ការ​បើក​តំបន់​ខ្លះ​ក្នុង​ប្រទេសទទួល​យកក្រុមទេសចរចាក់​វ៉ាក់​សាំង​កូវីដ​១៩រួច​រាល់​នោះ​ អាច​នឹង​ធ្វើ​ឲ្យអាជីវកម្ម​ក្នុងវិស័យ​នេះ​ មាន​សន្ទុះ​ឡើងវិញ​បន្តិច​ម្តង​ៗ​ បន្ទាប់​ពីបានធ្លាក់​ដាំក្បាល​ចុះរយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ការ​បើក​ទទួល​យក​ទេសចរ​ចាក់​វ៉ាក់​សាំង​រួច​នេះ​ នឹង​ចាប់​ផ្តើមនៅ​ចុង​ខែវិច្ឆិកា​ខាង​មុខ ដោយ​ចាប់ផ្តើម​នៅ​ក្រុង​ព្រះសីហនុ​ និង​ក្រុង​កោះរ៉ុង​នៃ​ខេត្តព្រះសីហនុ និងតំបន់​តារាសាគរ​នៃ​ខេត្តកោះកុង​ និង​បន្ទាប់​មក​នៅ​ខេត្ត​សៀម​រាប​ នៅ​ក្នុង​ខែមករា​ ឆ្នាំ​២០២២។​ នេះ ​បើតាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗនេះ។​

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេស​ចរណ៍​កម្ពុជា​ អ្នកស្រី ​ឆាយ​ ស៊ីវលីន​ កត់​សម្គាល់​ថា​ការ​សម្រេច​របស់​រដ្ឋា​ភិបាល​ ដែល​នឹង​ផ្តល់​ឱកាស​ឲ្យភ្ញៀវទេចរ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​រួច​ចូល​មកក្នុង​ប្រទេស គឺ​ជា​ដំណឹង​ល្អមួយសម្រាប់​ការ​ដំណើរការ​ឡើង​វិញ​នូវ​អាជីកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ បើ​ទោះ​បី​ជា​ តំបន់​ដែល​ភ្ញៀវ​អាច​ទៅ​ទស្សនា​បាន​ មិន​ទាន់​ត្រូវ​បាន​បើក​ឲ្យ​ទូលំទូលាយ​បាន​នៅ​ឡើយក្តី។ អ្នកស្រី​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖

«បើ​ទោះ​ជា​ការ​បើក​នេះ​ វា​បើក​ជា​ជំហាន​ៗ​ ដែល​មិនអាច​បើក​ទាំងស្រុង​បាន​ បើក​ជំហាន​ៗ​ដូច​ជា​បើក​ខេត្ត​ព្រះសីហនុ​ ហើយ​នឹង​ខេត្ត​កោះកុង​ កោះ​ស្តេច​នេះ​ ឡើង​ហ្នឹង​វាដូច​រៀង​កំណត់​បន្តិច​។ ក៏ប៉ុន្តែ​ ទោះ​បី​ជា​យ៉ាង​ណា​ ក៏​ជាសញ្ញា​ល្អ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ឲ្យ​ការ​បើក​ទទួល​ភ្ញៀវ​នេះ​ ឲ្យ​មាន​បទពិសោធន៍​នៅ​ក្នុងការ​បើក​ទៅ​ បើ​មិន​មាន​ហានិភ័យ​ធំ​ទេ​ ការ​បើក​បន្តបន្ទាប់​ហ្នឹង​មាន»។

អ្នក​ស្រី​បន្តថា​ ប្រសិន​បើ​ការ​បើក​ទទួល​យក​ភ្ញៀវ​អន្តរជាតិ​ ជាជំហាន​ៗ​នេះ​ មិនបង្ក​ហានិភ័យ​ដល់​សុវត្ថិភាព​សុខភាព​សាធារណៈ​ធំដុំទេ នោះ​រដ្ឋាភិបាល​នឹង​ពិចារណា​បើក​ទីតាំង​ផ្សេង​ៗទៀត​នៅក្នុង​ប្រទេស​។ អ្នក​ស្រីបាន​មាន​ប្រសាសន៍ថា៖​

«ខ្ញុំ​ជឿជាក់​ថា​ រដ្ឋាភិបាល​ពិត​ជា​ចង់​បើក​បន្ត​បន្ទាប់ទៀត​។ ក៏ប៉ុន្តែ​យើង​មើល​ឃើញ​ថា​ ខេត្ត​ទាំងពីរនេះ​ គាត់​មាន​ប្រជាពលរដ្ឋ​គាត់​រៀង​តិច​ដែរ​ ហើយ​ការ​ពន្លឿន​នូវការ​ចាក់​វ៉ាក់សាំង​ ក៏បាន​លឿន​ជាង​គេ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ខេត្ត​ដទៃ​ទៀត​ ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរបាន​»។

វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ បាន​រងការ​បក់​បោក​យ៉ាង​ខ្លាំង​ពីវិបត្តិនៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​ ដោយ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ថយ​ចុះ​យ៉ាង​គំហុក​ គិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៩​មក។

រូបឯកសារ៖ ភ្ញៀវទេសចរកម្ពុជាដើរទស្សនាទិដ្ឋភាពប្រាង្គប្រាសាទនៅក្នុងបរិវេណប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។

បើតាម​លិខិតស្តីពី​ផែនការ​ទទួល​យក​ទេសចរ​វ៉ាក់សាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ចុះថ្ងៃទី​២៣ ខែ​តុលា​ ការ​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ដំណាក់​កាល​ ជា​ជំហាន​ៗ​ ដោយ​ផ្អែក​លើ​វិធី​សាស្ត្រ​ជាក់លាក់​ក្នុងការ​កំណត់​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ និង​ផ្អែក​តាម​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ អត្រា​អ្នកជំងកូវីដ១៩ សមត្ថភាព​ឆ្លើយតប​ និង​គ្រប់​គ្រង​ហានិភ័យ​ដែល​អាច​កើត​មាន​វីរុស​បំប្លែង​ថ្មី​។

លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា​៖ «​ភាពចាំបាច់​ក្នុង​ការ​បើក​ដំណើរ​សកម្មភាព​សេដ្ឋកិច្ច​ពេញ​លេញ​ជា​បណ្តើរ​ៗ​ឡើងវិញ​ ត្រូវ​បាន​វាយ​តម្លៃ​ថា​ ស្ថិត​ក្នុង​ស្ថានភាព​បន្ទាន់​ និង​ត្រូវ​ស្រប​តាម​ គន្លង​ប្រក្រតី​ភាពថ្មី​ ដោយ​ហេតុ​ថាស្ថានភាព​ទីផ្សារ​ ទេស​ចរណ៍​នឹង​មាន​ភាពតូច​ចង្អៀត​ ជាមួយ​ការ​ប្រកួត​ប្រជែង​កាន់​តែខ្ពស់​»។

​អ្នក​ស្រី​ ឆាយ​ ស៊ីវលីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេស​ចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្នកពាក់​ព័ន្ធក្នុង​វិស័យ​ទេស​ចរនឹង​ពិភាក្សា​គ្នា​ លើ​តម្លៃ​នៃ​កញ្ចប់សេវាកម្មទេសចរណ៍​ ដែល​នឹង​ត្រូវរៀបចំជូនសម្រាប់​ក្រុម​គោល​ដៅ​ចម្បង​ គឺទេសចរ​មក​ជា​ក្រុមគ្រួសារ​តូច​ៗ​។ អ្នក​ស្រី​ថ្លែង​ថា​៖

«យើង​ព្យាយាម​ជជែក​ជាមួយ​នឹង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ ធ្វើ​ម៉េច​ឲ្យ​កញ្ចប់​របស់​យើង​ហ្នឹង​ ឲ្យ​វា​ធូរថ្លៃ​ផងដែរ​ ដើម្បី​យើង​ធ្វើ​ការ​ប្រកួត​ប្រជែង​ ព្រោះ​ថា​ ការប្រកាស​បើក​ហ្នឹង​មិនមែន​តែកម្ពុជា​ទេ​ ទាំង​ប្រទេស​ជិត​ខាង​ក៏​គេ​ប្រកាស​បើក។ ការ​ promotion ពិសេសៗ​របស់​គេ​ ក៏មាន​ជា​បន្តបន្ទាប់។​ អ៊ីចឹង​បើសិន​បើ​យើង​លក់​ធម្មតា​ អីចឹង​ក៏​ អ្នក​ទេស​ចរ​នៅក្នុង​បរិបទ​នេះ​ គឺ​គេ​ក៏​ប្រយ័ត្នប្រយែង​រឿង​ការ​ចាយ​វាយ​របស់​គេ​ដែរ​ អ៊ីចឹង​ទេ​ នឹង​ធ្វើការ​ប្រៀប​ធៀប​»។

បើតាម​អ្នក​ស្រី​ ឆាយ​ ស៊ីវលីន ទេសចរចាក់​វ៉ាក់សាំង​រួច​ដែលមកជាលក្ខណៈ​គ្រួសារ​អាច​ទៅកម្សាន្តនៅតំបន់​ទេសចរណ៍​ដែល​បាន​កំណត់​ក្នុងខេត្តព្រះសីហនុ និងកោះកុង​រយៈពេល​៥ថ្ងៃ​។ បន្ទាប់​មក​ បើពួក​គេ​ មិន​បាន​បង្ក​ហានិភ័យ​ណាមួយ​ពាក់​ព័ន្ធនឹង​ជំងឺកូវីដ១៩​ទេ​ ពួកគេ​អាច​បន្តទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​សៀម​រាប​ ឬខេត្ត​ផ្សេង​ទៀត​។

សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក​ឯកជន​ លោក​ ហូ​ វណ្ណឌី យល់​ថា​ កម្ពុជា ដែល​មានកម្រិត​ចាក់​វ៉ាក់​សាំង​ខ្ពស់​ជាង​គេ​លំដាប់​ទី​២​ បន្ទាប់​ពី​សិង្ហបុរី​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ហាក់​ដូច​ជា​ដើរយឺត​ជាង​ប្រទេស​ក្បែរ​ខាង​បន្តិច​ ក្នុង​ការ​បើក​ឲ្យ​ទេសចរ​ចាក់​វ៉ាក់សាំង​រួច​មក​លេង​គោល​ដៅ​ទេសចរណ៍​ដែលបាន​កំណត់​ ស្រប​តាម​គោល​ការណ៍​របស់​អង្គការ​ទេស​ចរណ៍​ពិភពលោក។

ទោះ​ជាយ៉ាង​ណា​ លោក​ជឿថា​ ការ​អនុវត្ត​ទទួល​យក​ភ្ញៀវទេសចរ​អន្តរជាតិ​ជាដំណាក់​កាលៗនេះ​ ជា​ដំណើរ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​ផង និង​ជា​ការ​ឈាន​ទៅជំរុញ​អាជីវកម្មទេស​ចរណ៍​ឲ្យ​មាន​សន្ទុះ​ឡើង​វិញផងដែរ។ លោក​បាន​ប្រាប់​វីអូអេ​ថា​៖

«នេះ​គឺ​ជា​ការ​សាក​ល្បង​ បើក​ឡើង​វិញ​ទាំង​អស់​គ្នា​ ទន្ទឹម​ហ្នឹង ចំណុច​ យើង​ជឿ​ជាក់​ថា​ ចំណុច​វិជ្ជមាន​តែង​តែ​មាន​ ហើយ​ពីព្រោះ​ថា​ ការណ៍ដែល​យើង​បើក​ថ្ងៃទី​៣០​ហ្នឹង​យើង​ក៏​មាន​ការ​ដើរ​ក្រោយ​គេ​បន្តិច​ផងដែរ​ ដូច​ជា​ថៃ​ សាំងហ្គាពួរ​ ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ វៀតណាម​ គេ​ក៏ចាប់​ផ្តើម​បើកឲ្យ​ទេសចររបស់​គេ​ដើរ​នៅ​ក្នុង​ស្រុក​។ ហើយ​ទន្ទឹម​នឹង​ហ្នឹង​ឃើញ​ហើយ​ អាកាសចរណ៍​ ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ហ្នឹង​ក៏បាន​បើក​ឡើង​វិញ​ បន្ទាប់​ពី​ការ​បិទ​មួយរយៈ​ ដូច្នេះ​ យើង​កម្ពុជា​យើង​ ក៏យើង​ជឿ​ជាក់​ និង​សង្ឃឹម​ថា​ នឹង​មាន​ផងវិជ្ជមាន​»។

​លោក ​ហូ​ វណ្ណឌី បានបន្ថែម​ថា​ ក្រសួង​ទេស​ចរណ៍​ក៏មាន​គោលការណ៍​ឲ្យ​ទេស​ចរមក​ជាលក្ខណៈបុគ្គល​ផង​ដែរ ហើយ​ចំពោះ​ទេសចរ​មក​ជាលក្ខណៈ​គ្រួសារ​ត្រូវបំពេញ​តាម​លក្ខខណ្ឌសង្គម និង​សុខាភិបាល​ ​មួយចំនួន​កំណត់​ដោយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​បាន​ចូលមក​ប្រទេ​សកម្ពុជា។

ជា​ផ្នែក​មួយនៃ​ការជំរុញ​ឲ្យមាន​ទេសចរ និងពលរដ្ឋ​កម្ពុជា​រស់​នៅ​ក្រៅប្រទេស​បាន​ចូលមក​កម្ពុជានោះ​ រដ្ឋា​ភិបាល​ បាន​កំណត់​ឲ្យ​ជនបរ​ទេសនិ​ង​ពល​រដ្ឋ​ខ្មែរ​ដែលធ្វើដំណើរចូលមក​ហើយ​បានចាក់​វ៉ាក់​សាំង​ការ​ពារជំងឺ​កូវីដ​១៩រួច​រាល់ ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​កន្លែង​រៀបចំ​ដោយ​អាជ្ញាធរ យ៉ាង​យូរ​ត្រឹម​តែ​៧​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ដំណើរ​តម្រូវ​ឲ្យ​បង្ហាញ​ឯកសារ​ពាក់​ព័ន្ធ​និង​តម្រូវ​ឲ្យ​កក់​សណ្ឋាគារ និង​ត្រៀម​ប្រាក់​ប្រមាណ​១​ពាន់​ដុល្លារ​សម្រាប់​ធ្វើ​ចត្តា​ឡីស័ក​នេះ។ នេះ បើតាម​ក្រសួង​សុខាភិបាល។​

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេស​ចរណ៍​ នៅ​ឆ្នាំ​២០១៩ មុនពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​ចំនួនប្រមាណ ​៦,៦ លាននាក់​ ដែល​បាន​ផ្តល់​ចំណូល​ដល់​ក្នុងវិស័យ​ទេសចរណ៍​ជិត ៥ ពាន់ ​លាន​ដុល្លារ​អាមេរិក។ ក៏ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០២០​ ចំនួន​អ្នកមក​ទស្សនា​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ​ខ្លាំង​ដល់ ​១,៣ ​លាន​នាក់​ និង​ការ​ចំណេញពី​វិស័យ​នេះ​ បាន​ធ្លាក់​ចុះ​ប្រមាណ ​១.០២៣​ ពាន់ ​លានដុល្លារ​អាមេរិក។

ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ និង​ព័ត៌មាន​នៃ​ក្រសួង​ទេស​ចរណ៍​លោក​ គង់​ សុភារក្សា​បាន​បញ្ជាក់​ថា ក្នុងការ​បើក​ឲ្យ​ទេស​ចរអន្តរជាតិ​ចាក់​វ៉ាក់សាំង​រួច​មក​លេង​គោល​ដៅ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​ដែល​កំណត់​ដោយ​រដ្ឋាបាភិ​បាល​នោះ​ ទេសចរ​អាច​មក​ជាលក្ខណៈបុគ្គល និង​គ្រួសារ​ តាម​រយៈជើង​ហោះហើរ​។ លោក​បន្ថែមថា​ ទេសចរ​ត្រូវបញ្ជាក់​ថា​ បានចាក់​វ៉ាក់សាំង​គ្រប់​ដូស​ និង​ត្រូវ​មានលិខិត​បង្ហាញថា មិនមាន​ជំងឺកូវីដ​១៩​ ក្នុង​រយៈពេល​ ៧២ ​ម៉ោង​ មុន​ឡើង​យន្តហោះ​មក​កាន់​ប្រទេស​កម្ពុជា៕