កម្ពុជា​ទន្ទឹង​រង់ចាំ​ស្វាគមន៍​ប្រធានាធិបតី​អូបាម៉ា​ឯ​ជំនូប​កំពូល​អាស៊ាន​នៅ​ភ្នំពេញ

នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ផ្ញើ​ជូន​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា លោក​ហ៊ុន សែន​បាន​អបអរសាទរ​យ៉ាង​កក់​ក្តៅ​បំផុត​ក្នុង​ខណៈដែល​លោក​អូបាម៉ា​បាន​ជាប់​ឆ្នោត​ជា​ប្រធាធិបតី​សហ​រដ្ឋ​អា​មេរិក​លើក​ទី២។

ភ្នំពេញ៖ រយៈពេល​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ជាប់​ឆ្នោត​ជា​ថ្មី លោក​នាយក​រដ្ឋ​មន្តី​ ហ៊ុន សែន​បាន​ស្វាគមន៍​និង​អះ​អាង​ថា កម្ពុជា​នឹង​រង់ចាំ​ទទួល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​លើក​ទី​៤​នៅ​កម្ពុជា។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ដែល​ជា​បេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ឈ្នះ​ដោយ​ទទួល​បាន​សំឡេង​ប្រតិភូ​ប្រធានាធិបតី ចំនួន​៣០៣​លើ​គូ​ប្រជែង​របស់​លោក​គឺលោក​ មីត្ត រ៉មនី បេក្ខជន​ពី​គណ​បក្ស​សារធារណ​រដ្ឋ​បាន​ទទួល​ចំនួន​សំឡេង​ប្រតិភូ​ចំនួន​២០៦។​
នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ផ្ញើ​ជូន​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា លោក​ហ៊ុន សែន​បាន​អបអរសាទរ​យ៉ាង​កក់​ក្តៅ​បំផុត​ក្នុង​ខណៈដែល​លោក​អូបាម៉ា​បាន​ជាប់​ឆ្នោត​ជា​ប្រធាធិបតី​សហ​រដ្ឋ​អា​មេរិក​លើក​ទី២។​
លោក​ហ៊ុន សែន​បាន​និយាយ​ថា ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អូ​បាម៉ា ចំណង​មិត្ត​ភាព​រវាង​ប្រជាជន​ក៏​ដូចជា ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ត្រូវ​បាន​ពង្រឹង​ដើម្បី​ប្រយោជន៍​រួម។
លោក​ប្រធានា​ធិ​បតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូ​បាម៉ា​គ្រោង​នឹង​មក​កាន់​កម្ពុជា​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ចុង​ខែ​វិច្ឆកា​នេះ។​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា លោក​រង​ចាំ​ទទួល​ស្វាគមន៍​លោក​អូបាម៉ា​ នា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​៧​ កិច្ច​ពិភាក្សា​អាស៊ាន​ជា​សកល​និង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​សហរដ្ឋ​អា​មេរិក​នៅ​ក្នុង​ខែ​នេះ។​
កាលពី​អំឡុង​ខែ​កក្កដា​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន។ កម្ពុជា​ធ្វើឲ្យ​ខកខាន​ក្នុងការ​ដាក់​បញ្ហា​នានា​របស់​វៀតណាម​និង​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ស្តីពី​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន។​
ក្រុម​អ្នកវិភាគ​ខ្លះ​និយាយ​ថា ផល​ប្រយោជន៍​ជាតិ​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​កម្ពុជា​បែរ​ចេញ​ពី​វៀតណាម​ ​ហើយ​ចាប់​យកចិន​ជា​ប្រទេស​មហា​អំណាច។​
លោក​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អា​មេរិក​ប្រចាំ​កម្ពុជា​គឺលោក​ វីលាម ថដ្ត (William Todd) កាល​ពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ផ្នែក​ការ​ទូត​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ស្តី​អំពី​បញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង។
«យើងសង្ឃឹម​ថា​ក្នុង​វេទិកា​តំបន់​អាស៊ាន​ វា​អាចនឹង​ប្រព្រឹត្ត​ទៅ​អញ្ចឹង។ ដូច្នេះ​យើង​សង្ឃឹម​ថា នៅ​ពេល​អនាគត​នឹង​មាន​ការ​បញ្ចប់​វិវាទ​តាម​ផ្លូវ​ការ​ទូត​និងដោយ​សហប្រតិបត្តិការ ដែល​ធ្វើ​ឱ្យ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​មាន​សន្តិភាព វិបុលភាព និង​សុវត្ថិភាព​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់»។
ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​និង​កម្ចី​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ដល់​កម្ពុជា​ ហើយ​ជា​អ្នកវិនិយោគ​ដ៏ធំ​ជាង​គេ​សម្រាប់​កម្ពុជា​បន្ថែម​ពីលើ​ចំណង​មិត្តភាព​ដ៏ខ្លាំងក្លា​សម្រាប់​កម្ពុជា​ ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភពលោក។
តំបន់​ព្រំដែន​ទឹក​ត្រួតស៊ីគ្នា​រវាង​ចិន និង​ប្រទេស​សមាជិក​អាស៊ានបួន​ដែល​រួមមាន ប្រទេស​វៀតណាម ហ្វីលីពិន ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី​ក្នុង​ចំណោម​ទាំង​១០​ប្រទេស​ កំពុង​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ប្រជុំកោះ​ស្ពាតលី ​និង​កោះ ប៉ារ៉ាសែល។​
តំបន់​នេះ​ត្រូវ​គេ​ចាត់ទុក​ថា​ជា​តំបន់​សេដ្ឋកិច្ច​សំខាន់​ក្នុង​តំបន់ និង​ជា​ច្រក​ចេញ​ចូល​ទំនិញ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ដែល​សម្បូរណ៍​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ចម្រុះ៕