ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលមានឧកញ៉ា គិត ម៉េង ជាម្ចាស់ នឹងដាក់ដំណើរការរថភ្លើងដែលទិញពីជប៉ុន ហើយមានល្បឿនលឿនជាងមុន នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ផន រឹម ដែលប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាម នាថ្ងៃសុក្រនេះ។
លោក ផន រឹម ថ្លែងថា នៅពេលរថភ្លើងនេះដំណើរការ ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុតម្រូវឱ្យរត់ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងប៉ោយប៉ែតតម្រូវឱ្យរត់ល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
អ្នកនាំពាក្យក្រសួងសាធារណការបញ្ជាក់ថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway Cambodia ព្រមទាំងក្រុមជាងជំនាញពីបរទេស បានចុះពិនិត្យរួមគ្នានិងកែតម្រូវកង់រថភ្លើងដឹកអ្នកដំណើរពីទទឹងផ្លូវដែក ១០៦៧ មីលីម៉ែត្រ (ស្តង់ដារផ្លូវដែកជប៉ុន) មកទទឹងផ្លូវដែក ១០០០ មីលីម៉ែត្រ (សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា) និងប្រព័ន្ធហ្រ្វាំងរថភ្លើងសម្រាប់ប្រើប្រាស់ ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។
បើតាមអ្នកនាំពាក្យ បន្ទាប់ពីកែតម្រូវរួច ក្រុមហ៊ុនត្រូវសាកល្បងរត់លើផ្លូវដែក រហូតដល់ប្រាកដថា មានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរមុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។
លោក ផន រឹម ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធតេឡេក្រាមថា៖ «វឌ្ឍនភាពនៃការកែសម្រួលបច្ចេកទេសទូរថភ្លើងនេះ កំពុងបន្តនិងសម្រេចលទ្ធផលបានច្រើនហើយ។ ចំពោះការសម្រេចដាក់ឱ្យដំណើរការនៅពេលណានោះ ក្រុមហ៊ុន RRC (Royal Railway Cambodia) នឹងប្រកាសជាសាធារណៈ នាពេលឆាប់ៗខាងមុខនេះ»។
លោក ផន រឹម បន្ថែមថា ក្រសួងសាធារណការបានសង្កត់ធ្ងន់លើការលើកកម្ពស់សុវត្ថិភាពនៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន រាប់ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ស្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។
លោក Jonh Guiry នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Railway Cambodia ប្រាប់វីអូអេថា ក្រុមហ៊ុននឹងប្រកាសនៅពេលជិតដល់ថ្ងៃដាក់ដំណើរការរថភ្លើងដែលទិញពីជប៉ុននេះ។
លោកថ្លែងថា៖ «យើងនៅតែឆ្លងកាត់ការធ្វើតេស្តនៅឡើយ។ នៅពេលរួចរាល់ យើងនឹងប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មាន។ យើងកំពុងធ្វើទំនើបកម្មប្រព័ន្ធសុវត្ថិភាពមួយចំនួននៅនឹងកន្លែងនាពេលបច្ចុប្បន្ន ហើយពេលធ្វើរួចរាល់ យើងនឹងប្រកាសប្រាប់អ្នកសារព័ត៌មានផងដែរ»។
ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា ការដាក់ដំណើរការរថភ្លើងល្បឿនលឿនជាងមុនពិតជាផ្តល់ផលប្រយោជន៍ដល់អ្នកធ្វើដំណើរ ព្រោះវាចំណាយពេលតិចជាងមុន ហើយក៏ជួយកាត់ការប្រើប្រាស់យានជំនិះនៅតាមដងផ្លូវ។ លោកជំរុញឱ្យអាជ្ញាធរគួរតែរៀបចំផ្លូវរថភ្លើងឡើងវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវដែក។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «អ្នកដែលធ្វើចរាចរណ៍ដើម្បីបិទផ្លូវហ្នឹងបាទគឺត្រូវតែធ្វើឱ្យបានរួសរាន់ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ខ្ញុំថា កន្លែងចូលទីក្រុងគួរតែធ្វើផ្លូវខាងលើទៅបាទ។ ធ្វើផ្លូវខាងលើសម្រាប់ឱ្យរថភ្លើងបើកទៅបាទ។ កុំឱ្យរថភ្លើងនឹងបើកបរខាងក្រោមឬបើមិនអ៊ីចឹងទេដល់កន្លែងណាត្រូវឆ្លងផ្លូវអ៊ីចឹងទៅ គាត់អាចឱ្យមានទៅក្រោមដីអ៊ីចឹងទៅបាទ។ អានឹងប្រហែលមានសុវត្ថិភាពជាងបាទ»។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ ២០២៤ នេះ មានករណីរថភ្លើងបុករថយន្តក្រុងពេញទំហឹងនៅភូមិសាស្រ្តស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឱ្យមនុស្សប្រមាណ ៤០ នាក់ រងរបួស។ អ្នកតាមដានមើលឃើញថា គ្រោះថ្នាក់នេះបង្កមកពីមិនមានការដាក់របាំង និងស្លាកសញ្ញាត្រឹមត្រូវនៅតំបន់ក្បែរផ្លូវដែក៕