លោក​នាយក​រដ្ឋមន្ត្រីបញ្ជា​ឲ្យ​ពន្លឿន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​​​វីរុស​កូវីដ​១៩​ បំប្លែង​ថ្មី​ក្នុង​សហគមន៍

រូបឯកសារ៖ មន្ត្រីសុខាភិបាលក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ដល់ពលរដ្ឋនៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​បញ្ជា​ឲ្យ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ដូស​ទី​បី បន្ទាប់​ពី​រក​ឃើញ​កំណើន​ករណី​ឆ្លង​វីរុស​កូវីដ១៩ ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ នៅ​ក្នុង​សហគមន៍។​

នៅ​ក្នុង​សារ​សំឡេង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ លោក​នាយក​រដ្ឋមន្ត្រីបាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពង្រឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​បី​ ឬ​ដូស​ជំរុញ​ក្នុង​សម្តី​ដើម​ថា៖​

«បន្ថែម​លើ​នោះ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​ពង្រឹង​និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ប្រមូល​មនុស្ស​មក​ចាក់​ឲ្យ​បាន​គ្រប់ៗ​គ្នា​នូវ​ដូស​ជំរុញ​ ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ជាមួយ​នឹង​មេរោគ​បំប្លែង​ថ្មី​នេះ»។​

លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា ​ការ​ផ្តល់​ដូស​ទីបី ​គឺ​ត្រូវ​ធ្វើ​ឡើង​ចំពោះ​តែ​បុគ្គល​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទីពីរ​ លើស​ពី​បួន​ខែ​តែ​ប៉ុណ្ណោះ។​

បន្ថែម​ពី​នេះ​ លោក​ ហ៊ុន សែន​ បន្ត​ថា​ ចំពោះ​ពល​រដ្ឋ​ដែល​ត្រូវ​ចាក់​ដូស​ទីបួន​សម្រាប់​វ៉ាក់សាំង​ក្រុមហ៊ុន​ Pfizer​ គឺ​ត្រូវ​មក​ចាក់​នៅ​រាជធានី​ភ្នំពេញ​ ដោយ​សារ​តែ​មិន​ទាន់​មាន​គ្រឿង​សម្ភារៈ​បច្ចេកទេស​ត្រឹម​ត្រូវ​ ដើម្បី​បញ្ជូន​វ៉ាក់សាំង​នេះ ​ស្រប​តាម​បទដ្ឋាន​សុខាភិបាល​ទៅ​តាម​បណ្តា​ខេត្ត​ក្រុង​ដទៃ​ទៀត​នៅ​ឡើយ។​

មក​ទល់​ពេល​នេះ​ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទី​ ៣​ បាន​ជាង​ ៤​ លាន​ ២ ​ម៉ឺន​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ ១៦​ លាន​នាក់។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩។​

សារាចរ​ស្តីពី​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ និង​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ បាន​លើក​ឡើង​ថា ខណៈ​ពេល​បើក​ដំណើរការ​ឡើង​វិញ​លើ​គ្រប់​វិស័យ​និង​ស្ថានភាព​ជំងឺ​កូវីដ១៩​ មាន​សភាព​ធូរ​ស្រាល​និង​អាច​គ្រប់គ្រង​វិញ​បាន​នោះ ​រដ្ឋាភិបាល​ពិនិត្យ​ឃើញ​ថា ​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ដូស​មូលដ្ឋាន​បាន​ពេញលេញ​នៅ​ឡើយ​ ហើយ​ចំនួន​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅ​មាន​ចំនួន​តិច​តួច​នៅ​ឡើយ​ បើ​ធៀប​នឹង​ចំនួន​ពលរដ្ឋ​ដែល​បាន​ចាក់វ៉ាក់​សាំង​ដូស​មូលដ្ឋាន។​

សារាចរ​ដែល​ចេញ​នៅ​ថ្ងៃ​ទី​ ១១​ ខែ​មករា​ និង​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បន្ថែម​ថា​ ពលរដ្ឋ​មួយ​ចំនួន​ហាក់​បាន​និង​កំពុង​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​អនុវត្ត​វិធាន​ការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ ដែល​អាច​ជា​កត្តា​បង្ក​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​មេរោគ​កូវីដ១៩​ ក្នុង​សហគមន៍​ជាថ្មី​ម្តង​ទៀត។​

យោង​តាម​សារាចរ​ដដែល​ រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ជំរុញ​និង​បង្កើន​ល្បឿន​ ក៏​ដូច​ជាពង្រឹង​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ទាំង​ដូស​មូលដ្ឋាន​និង​ដូស​ជំរុញ​ទូទាំង​ប្រទេស​ផង​ដែរ។​

រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ​ រដ្ឋាភិបាល​មិន​ទាន់​មាន​វិធានការ​បិទ​ខ្ទប់ ​ឬ​ក៏​បិទ​បណ្តោះ​អាសន្ន​នូវ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​ឡើយ​ទេ។​

នៅ​ក្នុង​សារ​បង្ហោះ​លើ​គណនី​ Twitter​ កាល​ពី​ថ្ងៃ​ចន្ទ​ រដ្ឋ​លេខាធិការ​និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី​ ឱ វណ្ឌឌីន ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ ហើយ​ត្រូវ​បាន​ប្រែសម្រួល​ក្នុង​ន័យ​ដើម​ថា៖​

«វីរុស​កូវីដ១៩​ ប្រភេទ​អូមីក្រុង ​កំពុង​មាន​រាលដាល​យ៉ាង​សកម្ម​នៅ​ក្នុង​សហគមន៍​របស់​យើង​នា​ពេល​នេះ។​ គ្រប់​គ្នា​ត្រូវ​គោរព​តាម​វិធានការ​ បី​កុំ​ បី​ការពារ​ គួប​ផ្សំ​នឹង​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​ ភាព​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន។​ យើង​អាច​ធ្វើ​រឿង​នេះ​រួម​គ្នា​ដើម្បី​បញ្ចៀស​ពី​គ្រោះ​មហន្តរាយ​ផ្នែក​សុខាភិបាល​និង​សេដ្ឋកិច្ច»។​

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​អ្នកស្រី​ Li Ailan ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ Twitter​ របស់​អ្នកស្រី​កាល​ពី​ថ្ងៃ​ទី ៩ ​ខែ​មករា ​ពាក់​ព័ន្ធ​នឹង​វីរុស​កូវីដ១៩​ ប្រភេទ​អូមីក្រុង​ជា​ភាសា​អង់គ្លេស​ថា៖​

«យើង​មិន​អាច​គេច​ផុត​ពី​វីរុស​កូវីដ១៩​ ប្រភេទ​អូមីក្រុង​បាន​ទាំងស្រុង​នោះ​ទេ។​ វីរុស​ប្រភេទ​នេះ​អាច​ឆ្លង​បាន​យ៉ាង​ឆាប់​រហ័ស។​ រួម​គ្នា​ យើង​អាច​ពន្យឺត​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​និង​រក្សា​ស្ថានភាព​ជំងឺ​កូវីដ១៩ ​ក្នុង​កម្រិត​អាច​គ្រប់គ្រង​បាន​ពិត​ប្រាកដ​មួយ​ ដើម្បី​យើង​អាច​បញ្ចៀស​ពី​ការ​ដាក់​បន្ទុក​ច្រើន​ជ្រុល​មក​លើ​ប្រព័ន្ធ​សុខាភិបាល​ ហើយ​យើង​អាច​បញ្ចៀស​ពី​ការ​បិទខ្ទប់»។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក ​អ៊ូច វុទ្ធី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​គាំទ្រ​ការ​ពង្រឹង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ និង​ស្នើ​ឲ្យ​ពលរដ្ឋ​ពិនិត្យ​មើល​អង់ទីករ​ (អង្គបដិប្រាណ)​ការពារ​ជំងឺ​កូវីដ១៩​ ដំណាល​គ្នា​នេះ​ដែរ។​

លោក​ថ្លែង​ថា៖​ «មួយ​ទៀត​ជំរុញ​ឲ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​បី​ ដូស​ទី​បួន។ តាម​គំនិត​ខ្ញុំ​គួរ​ណា​បង​ប្អូន​ដែល​មិន​ទាន់​បាន​ចាក់​ហ្នឹង​គួរ​ណា​ទៅ​ចាក់​ទៅ​ ​ព្រោះ​អី​បើ​សិន​ជា​សុខភាព​បង​ប្អូន​មាំទាំ​ទេ​ ល្អ​ទេ​ យើង​ទៅ​ចាក់​ទៅ​វា​អត់​មាន​បញ្ហា​អី​ទេ​បាទ។​ មួយ​ទៀត​បងប្អូន​គួរ​ណា​តែ​មាន​លទ្ធភាព​ទៅ​មើល​ឈាម​....​បូម​ឈាម​មើល​ដើម្បី​យើង​រក​មើល​អង់ទីករ​ (អង្គបដិប្រាណ) ​កូវីដ១៩​ តើ​បង​ប្អូន​មាន​ប៉ុន្មាន​ភាគរយ​នៅ​ក្នុង​ឈាម»។​

លោក​បន្ថែម​ថា​ វាអាច​មាន​ករណី​ពលរដ្ឋ​ខ្លះ​ជ្រើស​មិន​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទីបី​ ដែល​ជា​ដូស​ជំរុញ​ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ដូស​មូលដ្ឋាន​រួច​ អាស្រ័យ​ដោយ​យល់​ថា​ ពួកគេ​មាន​សុខភាព​និង​មាន​អង់ទីករ​ពី​ធម្មជាតិ​ល្អ​ស្រាប់​ទៅ​ហើយ។​

គិត​ត្រឹម​ថ្ងៃ​ទី​ ១១​ ខែ​មករា​នេះ​ ​កម្ពុជា​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ បាន​ជិត ​៩០%​ នៃ​ចំនួន​ប្រជាជន​សរុប​ជាង ​១៦​ លាន​នាក់។​ ចំនួន​ពលរដ្ឋ​អាយុ​លើស​និង​ក្រោម ​១៨ ​ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​ពីរ​ដូស ​មាន​សរុប​ជិត​ ១៣,៧​ លាន​នាក់។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩។​

គួរ​បញ្ជាក់​ថា​ សម្រាប់​ថ្ងៃ​ទី ​១០​ ខែ​មករា​ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ១៩ ​ប្រភេទ​អូមីក្រុង​ចំនួន ​១០ ​ករណី​ក្នុង​សហគមន៍​ ធ្វើ​ឲ្យ​ករណី​វីរុស​ប្រភេទ​នេះ​ឆ្លង​ក្នុង​សហគមន៍​សរុប​កើន​ដល់​ ១៤ ​ករណី។​ ចំណែក​ករណី​ឆ្លង​វីរុស​អូមីក្រុង​ ២៤ ​ករណី​ទៀត​ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស៕