រដ្ឋាភិបាលកម្ពុជាបានសម្រចបើកឲ្យដំណើរការឡើងវិញនូវវិស័យកីឡា និងសារមន្ទីរនៅទូទាំងប្រទេស ចាប់ពីខែក្រោយនេះទៅ ប៉ុន្តែតម្រូវឲ្យបន្តការប្រុងប្រយ័ត្ន ក្រោយពីបានផ្អាកសេវាកម្មទាំងពីរនេះមួយរយៈ ដោយសារការបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី២២ ខែឧសភានេះ បានបញ្ជាក់ថា អាជ្ញាធរអនុញ្ញាតឲ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ ២០២០ តទៅ ប៉ុន្តែមិនអនុញ្ញាតឲ្យមានអ្នកទស្សនា ហើយការប្រមូលផ្តុំកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស មិនត្រូវលើសពី ១០០ នាក់។
ក្រសួងសុខាភិបាលបន្ថែមថា មុននឹងបើកឲ្យមានដំណើរការការប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមកីឡានីមួយៗ អាជ្ញាធរត្រូវមានការរៀបចំវិធានការបង្ការនានា កុំឲ្យមានការចម្លងវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ ក្រសួងសុខាភិបាលក៏បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវសារមន្ទីរនានានៅទូទាំងប្រទេស ប៉ុន្តែក៏បានណែនាំឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំវិធានការការពារជាមុន ដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ទេ។
អាជ្ញាធរកម្ពុជាបានរាយការណ៍ថា បច្ចុប្បន្ន អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួនសរុប ១២៣ នាក់ រួមទាំងពលរដ្ឋខ្មែរម្នាក់ ដែលបានឆ្លងចុងក្រោយគេ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ៕