កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងតិចចំនួន១,១លានដូសនៅត្រឹមដំណាច់ខែឧសភានេះពីយន្តការ Covax (កូវ៉ាក់) និងវ៉ាក់សាំងច្រើនថែមទៀតបន្ទាប់ពីនោះ។ នេះបើយោងតាមសារអេឡិចត្រូនិកមួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានផ្ញើទៅកាន់អ្នកសារព័ត៌មាន ក្រោយពីជំនួបមួយរវាងឯកអគ្គរដ្ឋទូតអាមេរិកលោក W. Patrick Murphy និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន កាលពីថ្ងៃច័ន្ទ។
ការអះអាងបញ្ជាក់នេះ ធ្វើឡើងខណៈយន្តការ COVAX ដែលចូលរួមដឹកនាំដោយអង្គការសុខភាពពិភពលោក កំពុងខ្វះវ៉ាក់សាំងបង្ការកូវីដ១៩ ក្រោយពីប្រទេសឥណ្ឌាដែលជាប្រទេសផលិតវ៉ាក់សាំងធំជាងគេលើលោក មិនអាចឆ្លើយតបទៅនឹងការផលិតវ៉ាក់សាំងដើម្បីចែកចាយទៅកាន់ពិភពលោកបានក្នុងរយៈពេលថ្មីៗនេះ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំងក្នុងប្រទេសនោះ។
កាលពីខែមីនាឆ្នាំ២០២១ ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំង AstraZeneca ពីប្រទេសឥណ្ឌាតាមរយៈយន្តការកូវ៉ាក់នេះ ចំនួន៣២៤.០០០ ដូសរួចហើយ។
គិតត្រឹមសប្តាហ៍នេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩សរុបជាង៤,៥លានដូសហើយ ដែលវ៉ាក់សាំងភាគច្រើនត្រូវបានទិញពីប្រទេសចិន និងខ្លះជាជំនួយរបស់រដ្ឋាភិបាលចិន។
រដ្ឋាភិបាលកម្ពុជានិយាយថាខ្លួនគ្រោងនឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនឲ្យបានយ៉ាងតិច១០លាននាក់និងថារហូតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាជាង២លាននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។
សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយជាទឹកប្រាក់ចំនួន៤.០០០លានដុល្លារដល់យន្តការ Covax ហើយក៏បានផ្តល់ជំនួយដល់កម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាជំងឺកូវីដ១៩នេះសរុបជាង១១លានដុល្លារផងដែរ៕