រដ្ឋាភិបាលគ្រោងស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាង៨០០នាក់ និងលើកលែងទោសដល់អ្នកទោសប្រមាណ៥០នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក នាពេលខាងមុខ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។
បើតាមលោក គឹម សន្តិភាព នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ភាគីពាក់ព័ន្ធនឹងពិនិត្យ ក៏ដូចជាវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន៩០២នាក់ ដែលក្នុងនោះមានស្រី៦១នាក់ ក្នុងឱកាសបុណ្យជាតិចំនួន២ គឺបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។
នៅក្នុងពិធីបុណ្យឯករាជ្យជាតិ គណៈកម្មការចម្រុះនឹងពិនិត្យមើលបញ្ជីទណ្ឌិតចំនួន៤៦៤ដែលស្នើស្នើសុំបន្ធូរបន្ថយទោស ចំនួន៤៣២នាក់ និងស្នើសុំលើកលែងទោស ចំនួន៣២នាក់។ ចំណែកក្នុងព្រះរាជពិធីបុណ្យអុំទូក គណៈកម្មការនឹងពិនិត្យមើលបញ្ជីទណ្ឌិតចំនួន៤៣៨នាក់ ដែលក្នុងនោះមានការស្នើសុំបន្ធូរបន្ថយទោស ចំនួន៤១៨នាក់ និងស្នើសុំលើកលែងទោស ចំនួន២០នាក់។ នេះបើតាមលោក គឹម សន្តិភាព។
ជាធម្មតា ការអនុគ្រោះទោស រួមមានការលើកលែងទោសដល់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃនិងចាស់ជរា ការបន្ថយទោសមួយជីវិតមកនៅរយៈពេលណាមួយ ការបន្ធូរបន្ថយទោសរយៈពេល ១២ ខែ រយៈពេល ៩ខែ និងរយៈពេល៦ខែជាដើម។ អ្នកត្រូវលើកលែងទោសត្រូវជាប់ពន្ធនាគារយ៉ាងតិចចំនួនពីរភាគបីសិន។
ការលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិត ត្រូវធ្វើឡើងក្នុងឱកាសមួយចំនួន ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យពិសាខបូជា បុណ្យអុំទូក ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា និងពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា។
គួរបញ្ជាក់ថា ការលើកលែង ឬបន្ធូរបន្ថយទោសនេះ ធ្វើឡើងស្របពេលដែលពន្ធនាគារកម្ពុជាបច្ចុប្បន្ននេះមានភាពចង្អៀតណែន ដែលមានអ្នកជាប់ឃុំនៅទូទាំងប្រទេស ប្រមាណ៤ម៉ឺននាក់៕