ក្នុងកិច្ចខិតខំដើម្បីរំដោះខ្លួនពីការផ្តេកផ្តួលលើប្រាក់កម្ចីក្រៅស្រុករដ្ឋាភិបាលកម្ពុជានឹងចេញផ្សាយនូវមូលបត្ររដ្ឋ ឬកិច្ចសន្យាបំណុលរបស់រដ្ឋាភិបាល ដែលនឹងបើកផ្លូវឲ្យរដ្ឋអាចកៀរគរប្រាក់កម្ចីពីវិនិយោគិនក្នុងស្រុក។ នេះជាការប្រកាសឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
មូលបត្ររដ្ឋសំដៅដល់បណ្ណសញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបញ្ជាក់ពីការទទួលស្គាល់បំណុលដែលបានបោះផ្សាយក្នុងនាមរដ្ឋាភិបាល ដែលរួមមានបណ្ណរតនាគារ សញ្ញាបណ្ណរតនាគារ និងមូលបត្ររដ្ឋផ្សេងទៀត។ នេះបើតាមច្បាប់ស្តីពីមូលបត្ររដ្ឋ។
ថ្លែងនាព្រឹកថ្ងៃពុធនេះក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ថវិកាឆ្នាំ២០២១» នៅរាជធានីភ្នំពេញរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក វង្សី វិស្សុត និយាយថា ប្រាក់កម្ចីពីក្រៅប្រទេសនឹងលែងជាជម្រើសអាទិភាពសម្រាប់ការខ្ចីបុលរបស់រដ្ឋហើយ។
រដ្ឋលេខាធិការរូបនេះលើកឡើងថា រដ្ឋាភិបាលកំពុងរៀបចំឲ្យដំណើរការការបោះផ្សាយមូលបត្ររដ្ឋ ដែលជាឧបករណ៍ទាញយកប្រភពឥណទានពីក្នុងប្រទេស។
«ប៉ុន្តែយើងគោលដៅរបស់យើងមិនខ្ចីតទេ ពីក្រៅទៀតទេខ្ចីក្នុងស្រុកតាមរយៈបោះសញ្ញាបណ្ណ Bond Market របស់យើងកំពុងតែធ្វើ»។
លោករដ្ឋលេខាធិការ វង្សី វិស្សុត មានសុទិដ្ឋិនិយមថា ការសាកល្បងបោះផ្សាយមូលបត្ររដ្ឋនេះនឹងអាចត្រូវបានដាក់ឲ្យសាកល្បងនៅក្នុងអាណត្តិនេះ ខណៈរដ្ឋាភិបាលបានត្រៀមរួចរាល់នូវលិខិតគតិយុត្តិពាក់ព័ន្ធនិងហេដ្ឋារចនាសម្ព័ន្ធច្បាប់សម្រាប់ដំណើរការទីផ្សារ។
ប៉ុន្តែនៅពេលនេះលោកថា អ្វីដែលនៅខ្ទាស់មិនអាចឲ្យរដ្ឋាភិបាលបោះផ្សាយមូលបត្របំណុលបាននោះគឺបញ្ហាអត្រាការប្រាក់។
«មូលហេតុបានយើងមិនប្រញាប់...នឹងការខ្ចីទីមួយដោយសារយើងសម្បូរលុយនៅឡើយខ្ចីពីនរណាទៀតក៏បានដែរហើយថោក។ យើងខ្ចីពី bond market យើងខ្ចីពីក្នុងស្រុកមែនប៉ុន្តែការប្រាក់វានៅខ្ពស់ ខ្ពស់ជាងវាខ្ចីពីគេ។ ឥឡូវយើងខ្ចីពីគេហើយមិនដែលលើសពីភាគរយផងហ្នឹងការប្រាក់ហើយបើ bond market យើងខ្ចីបានទេ២ភាគរយវាអត់ទាន់កើត»។
លោកបន្ថែមថា៖ «យើងនឹងសាកល្បងឆាប់ៗនេះហើយក្នុងអាណត្តិហ្នឹងនឹងសាកល្បង បោះ Symbolic មួយសាកទីផ្សាររបស់យើងគេហៅថាTrial...។ អីចឹងបានយើងត្រូវថ្លឹងថ្លែងមែនទែនប៉ុន្តែទៅថ្ងៃមុខជាផ្នែកមួយនៃ Financial Resiliency របស់យើងនេះ Bond market ត្រូវតែ Functioning ត្រូវតែមានមុខមានវត្តមានហើយមានមុខងារដើរឲ្យបានល្អ»។
លោកថា អ្នកវិនិយោគបរទេសពីក្រៅស្រុកក៏អាចនឹងត្រូវបានអនុញាតឲ្យទិញមូលបត្របំណុលពីកម្ពុជាផងដែរ ដែលទាំងអស់នេះនឹងជួយរដ្ឋាភិបាលឲ្យមានលទ្ធភាពដោះស្រាយ ពេលប្រឈមនឹងកង្វះសាច់ប្រាក់ ឬក៏ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។
លោក វិស្សុត បានរិះគន់ចំៗទៅលើធនាគារពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថាបានបង្កើនអត្រាការប្រាក់នៃកម្ចីរបស់ខ្លួនមកដល់កម្ពុជា កាលពីពេលថ្មីៗនេះ។
លោកថា អត្រាការប្រាក់របស់ធនាគារពិភពលោកខ្ពស់ជាងអត្រាការប្រាក់កម្ចី ដែលផ្តល់ឲ្យពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដទៃដូចជា ធនាគារអភិវឌ្ឍអាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលដឹកនាំដោយប្រទេសចិន។
នៅចំពោះមុខក្រុមមន្ត្រីរដ្ឋាភិបាលនិងតំណាងដៃគូអភិវឌ្ឍនានា ក្នុងនោះមានទាំងតំណាងធនាគារពិភពលោកផងនោះ លោក វង្សី វិស្សុត ថ្លែងយ៉ាងដូច្នេះថា៖
«សុំនិយាយមុខចុះ World Bank ឥឡូវទារយើង ២,៨ ភាគរយហើយ។ មុនយកតែ ០,៧ ភាគរយការប្រាក់មួយឆ្នាំឥឡូវយើងផ្អាកសិនហើយ។ យើងទៅខ្ចីពីជប៉ុនពីកូរ៉ ពី ADB ពីអឺរ៉ុប កំពុងចរចាគាត់កុំឲ្យឡើងលឿនពេក...សុំមើលផងឡើងលឿនម៉េះ ០,៧ ទៅ ២,៨ [ថា] ប្រទេសយើងឡើងដល់ middle income [ចំណូលមធ្យម] ហើយ។ ទើបឡើងមួយភ្លេតសោះប្រញាប់ម៉េះ ហើយពេលនេះកូវីដអីចឹងទៀត អត់ទេបាទ តែចឹងខ្ញុំខ្ចីសិនហើយផ្អាកសិនហើយ។ បើថាប៉ុណ្ណឹងហ្ន៎ខ្ចីពីផ្សេងហ្ន៎ទៅ AIIB ហ្នឹងវាឲ្យថោកជាងហ្នឹងផង»។
បើគិតពីឆ្នាំ១៩៩៣ មក ដល់ដំណាច់ឆ្នាំ២០២០ ទំហំកម្ចីដែលកម្ពុជាបានខ្ចីពីដៃគូអភិវឌ្ឍន៍បានកើនដល់ជាង ៩,៦៥១លានដុល្លារសហរដ្ឋអាមេរិក។
គិតត្រឹមដំណាច់ឆ្នាំ២០២០ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា ដែលនៅជំពាក់ដៃគូបរទេស មានទំហំ ៨,៨៥៩លានដុល្លារ សហរដ្ឋអាមេរិកដែលក្នុងនោះ មានចំណែក ៤៥% ជំពាក់ប្រទេសចិន។
បើតាមលោក វង្សី វិង្សុត ការបោះផ្សាយមូលបត្របំណុលក៏កំពុងត្រូវបានអនុវត្តនៅប្រទេសក្នុងតំបន់មួយចំនួន ដូចជាប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាទីដែលពលរដ្ឋមិនសូវគិតគូរពីការសន្សំប្រាក់។
បើតាមច្បាប់ស្តីពីមូលបត្ររដ្ឋ ដែលត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើប្រាស់កាលពីខែធ្នូកន្លងទៅនេះ មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណបរទេស។
ច្បាប់ដដែលចែងថា មូលបត្ររដ្ឋអាចត្រូវបានបោះផ្សាយក្នុងប្រទេស ឬនៅក្រៅប្រទេសហើយមូលបត្រ ដែលត្រូវបានបោះផ្សាយលក់ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យលើកិច្ចការអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញសេដ្ឋកិច្ច ប្រាប់វីអូអេថា ការចាប់ផ្តើមឲ្យមានការបោះផ្សាយមូលបត្ររដ្ឋជាការសម្រេចត្រឹមត្រូវរបស់រដ្ឋាភិបាល ចំពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវបានធ្វើឲ្យខូចខាតយ៉ាងដំណំពីវិបត្តិជំងឺឆ្លងកូវីដ១៩។
យ៉ាងណាក៏ដោយ លោកថា រដ្ឋនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើពាក់ព័ន្ធនឹងការធ្វើឲ្យអ្នកជំនួញឬអ្នកដែលមានទ្រព្យ ធូរធាមានជំនឿទុកចិត្តក្នុងការទិញយកមូលបត្របំណុលពីរដ្ឋាភិបាល។
«ហើយសួរថា តើវាអាចនៅមានការពិបាកក្នុងការជំរុញទេ? តាមពិតវាមានការពិបាកហ្នឹងយូរឆ្នាំមកហើយខ្ញុំថានោះ គឺអាស្រ័យទៅលើយន្តការរបស់រដ្ឋ ព្រមទាំងជួយសម្របសម្រួលជួយផ្តល់ការលើកទឹកចិត្តផ្តល់ការវិនិយោគ។... ជួយលើកទឹកចិត្តម៉េចទៅផ្នែកឯកជនទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនៅក្នុងវិនិយោគផ្នែកមូលបត្ររដ្ឋនេះ»។
លោកបន្ថែមថា រដ្ឋាភិបាលក៏គួរបង្កើនប្រសិទ្ធភាពប្រកួតប្រជែងតាមការបន្តកំណែទម្រង់ស្ថាប័នរដ្ឋពាក់ព័ន្ធ ក្នុងវិស័យមូលបត្រនេះធ្វើប្រតិបត្តិការប្រកបដោយតម្លាភាពនិងសេវាឆាប់រហ័ស។
«ហើយទីពីរទៀត គឺការជំរុញនូវស្ថាប័នត្រូវតែមាន ការគ្រប់គ្រងការជំរុញពន្លឿនសេវា ដូចជាសេវារដ្ឋដែលក្នុងផ្នែកនោះ គឺឲ្យមានភាពប្រកួតប្រជែង មានតម្លាភាពទាំងអស់ ទាំងពីភាពប្រកួតប្រជែងនៃល្បឿនល្បឿនក្នុងការផ្តល់ប្រតិបត្តិការ»។
ក្នុងវេទិកានៅព្រឹកថ្ងៃពុធដដែល លោករដ្ឋលេខាធិការ វង្សី វិស្សុត ក៏បានរំពឹងផងដែរពីកំណើន ត្រឡប់មកវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយពីបានធ្លាក់ចុះកាលពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ ១៩៕