សន្និសីទ​ស្តីពី​ FossAsia ​នឹង​ប្រារព្ធ​ឡើង​​ក្រុង​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​នេះ

សន្និសីទ​រយៈពេល​បី​ថ្ងៃ​នេះ​មាន​ឈ្មោះ​ថា ​FossAsia​ ដែល​នឹង​និយាយ​ផ្តោត​លើ​បច្ចេក​វិទ្យា​មួយ​ឈ្មោះ​ថា​ បច្ចេកវិទ្យា​បើក​ទូលាយ​ឬ​Open Source។

កម្ពុជា​នឹង​បើក​សន្និសីទ​បច្ចេក​វិទ្យាដ៏​ធំនៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ដើម្បី​ចែក​រំលែក​និង​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​ក្នុង​ពិភព​លោក។​

សន្និសីទ​រយៈពេល​បី​ថ្ងៃ​នេះ​មាន​ឈ្មោះ​ថា ​FossAsia​ ដែល​នឹង​និយាយ​ផ្តោត​លើ​បច្ចេក​វិទ្យា​មួយ​ឈ្មោះ​ថា​ បច្ចេកវិទ្យា​បើក​ទូលាយ​ឬ​Open Source។

Open Source ​ឬបច្ចេក​វិទ្យា​បើក​ទូលាយ​នេះ​គឺ​ជា​ប្រភេទ​កម្ម​វិធី​សម្រាប់កុំព្យូទ័រ​និង​សម្រាប់ទូរស័ព្ទ​ ​ហើយ​ដែល​អាច​ទាញ​យក​មក​ប្រើប្រាស់​បាន​ដោយ​ឥត​បង់​ថ្លៃ​ និង​អនុញ្ញាត​ឲ្យអ្នក​ប្រើ​ប្រាស់​អាច​កែប្រែ​និង​អភិវឌ្ឍ​បន្ថែម​តាម​តម្រូវ​ការ​របស់​ខ្លួន​និង​សហគមន៍​របស់​ពួក​គេ។​

ក្នុង​អ្នកស្រាវជ្រាវ​និង​អ្នក​អភិវឌ្ឍ​បច្ចេក​វិទ្យា​មក​ពី​ជុំ​វិញ​ពិភពលោក​សរុប​ជាង​៨០​នាក់​នឹង​ចែក​រំលែកបច្ចេកវិទ្យា​ទំនើប​ដ៏​មាន​អត្ថប្រយោជន៍​នេះ​ដល់​សាធារណជន​និង​យុវជន​កម្ពុជា​ នៅ​សកល​វិទ្យាល័យ​ន័រតុន ​ក្រុង​ភ្នំពេញ។​

កញ្ញា ​Hong Phuc Dang ​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ កម្មវិធី​នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី​ អ្នក​ចូលរួម​ ស្ថាប័ន​ និង​សហគ្រិន​នានា​ដើម្បី​ចែក​រំលែក​និង​ស្វែង​យល់​អំពី​បច្ចេកវិទ្យា​បើក​ទូលាយ​ចុង​ក្រោយ​បង្អស់​និង​ក៏​ជា​ឱកាស​ដើម្បី​ជួប​ជា​មួយ​ដៃ​គូ​សហការ​ជា​សក្តានុពល​ផង​ដែរ។​

«វេទិកានេះ​មិន​សម្រាប់​តែ​អ្នក​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ​ទេ ​ប៉ុន្តែ​សម្រាប់​អ្នក​គ្រប់​គ្នា​ដែល​ចាប់​អារម្មណ៍​នឹង​បច្ចេក​វិទ្យា។ ​ប្រសិន​បើ​អ្នក​មាន​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ​ អ្នក​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន ​ហើយ​បើ​សិន​ជា​អ្នក​មិន​មាន​ទេ ​អ្នក​នៅ​តែ​អាច​ចូលរួម​បាន​ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​ពី​ប្រភេទ​កម្មវិធី​បើក​ទូលាយ។​ យើង​នឹង​បង្ហាញ​កម្មវិធី​ដែល​ឥត​បង់​ថ្លៃ​ទាំង​នោះ»។​

បច្ចេក​វិទ្យា​បើកទូលាយ​មាន​ជា​អាទិ៍ ​បច្ចេកវិទ្យា​សម្រាប់​ទូរស័ព្ទ​ទំនើប​ កម្ម​វិធី​សម្រាប់​សិក្សា​អប់រំ ​បច្ចេក​វិទ្យា​ គំនូរ​ 3D ​និង​ដំណោះស្រាយ​ផ្នែក​ព័ត៌មាន​វិទ្យា​សម្រាប់​ការ​ចាប់​ផ្តើម​អាជីវកម្ម​ជា​ដើម។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កម្ម​វិធី​នេះ។​

សន្និសីទ​បច្ចេកវិទ្យា​ ​FossAsia ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ទ្វីប​អាស៊ី​ចំនួន​៤​ដង​រួច​មក​ហើយ ​ដែល​ចាប់​ផ្តើម​ដំបូង​នៅ​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ​២០០៩។​

គេ​រំពឹង​ថា ​នៅ​ក្នុងការ​រៀប​ចំ​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​នឹង​មាន​អ្នក​ចូលរួម​ជាង​១​ពាន់​នាក់។​
លោក ​Mario Behling ​អ្នក​រៀបចំ​កម្មវិធី​នេះ​ម្នាក់​ទៀត ​អត្ថាធិប្បាយ​ថា​ ប្រភេទ​កម្មវិធី​បើក​ទូលាយ​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ជា​កម្ពុជា។​

«បើ​យើង​ក្រឡេក​មើល​កម្ពុជា​កាល​ពី​១៥​ឆ្នាំ​មុន ​ពេល​នោះ​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ស្វែង​រក​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​កុំព្យូទ័រ​ ដោយ​សារ​ក្រុមហ៊ុន​ធំៗដូចជា​ក្រុមហ៊ុន​ Microsoft​ គិត​ថា ​ទីផ្សារ​ស្រុក​ខ្មែរ​តូច​ពេក ​ដូច្នេះ​ពួកគេ​មិន​វិនិយោគ​ក្នុង​ការ​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​ទេ។ ​ប៉ុន្តែ​ពេល​នោះ​អ្នក​នៅ​កម្ពុជា​បាន​ប្រមូល​ផ្តុំ​គ្នា ​ហើយ​ស្រាវជ្រាវ​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​ដោយ​ខ្លួន​ឯង​ ទើប​យើង​មាន​ពុម្ព​អក្សរ​ខ្មែរ​ច្រើន​ដូច​ពេល​នេះ។ ​អំណាច​របស់​កម្មវិធី​បើក​ទូលាយ​គឺ​ថា​ យើង​មិន​រង់ចាំ​រហូត​ដល់​ក្រុមហ៊ុន​ធំៗបង្កើត​អ្វី​សម្រាប់​អ្នក​ទេ ​គឺ​យើង​ចាប់​ផ្តើម​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ ដែល​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​គេ ​និង​ជា​ឱកាស​សម្រាប់​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន»។

កម្មវិធី​នេះ​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ ​និង​ទទួល​ការ​គាំទ្រ​ពី​ស្ថានទូត​ប្រទេស​ស៊ុយអ៊ែដ​ ក្រុមហ៊ុន​ Google ​និង​ក្រុម​ហ៊ុន​សេវា​កម្ម​អ៊ីនធើណែត ​Ezecom​ ជា​ដើម៕​