ក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរី បាននិយាយថា គម្រោងការបូមប្រេងចេញពីដែនសមុទ្រកម្ពុជាអាចនឹងមិនមានការប្រែប្រួលនោះទេ ពោលគឺ ដំណើរការបូមប្រេងក្នុង «តំបន់អប្សរា» អាចធ្វើឡើងនៅមុនដំណាច់ឆ្នាំនេះ។
អ្នកស្រី Tanya Pang អនុប្រធានផ្នែកទំនាក់ទំនងសារជីវកម្មរបស់ក្រុមហ៊ុន KrisEnergy បានសរសេរក្នុងសារអេឡិចត្រូនិក ឬអ៊ីម៉ែលកាលពីល្ងាចថ្ងៃអង្គារថា៖
«ក្រុមហ៊ុន KrisEnergy នៅតែប្តេជ្ញាចិត្តក្នុងការសម្រេចបានគោលដៅខ្លួន ដើម្បីផលិតប្រេងលើកដំបូងក្នុងតំបន់អប្សរាឲ្យបានត្រឹមចុងឆ្នាំ២០១៩»។
កាលពីថ្ងៃអង្គារ ក្រុមសមាជិកព្រឹទ្ធសភា ៥៣រូប ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ដែលមាន ៩ជំពូក និង៧២មាត្រាស្តីពីគ្រប់គ្រងប្រេងកាត និងផលិតប្រេងកាតដដែលនេះ។ សេចក្តីស្នើច្បាប់នេះត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងជាមួយគ្នាសម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតនៅក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។
ក្រុមហ៊ុន KrisEnergy អះអាងថា ក្នុងនាមខ្លួនជាប្រតិបត្តិករក្នុងប្លុក A របស់កម្ពុជា ក្រុមហ៊ុន KrisEnergy បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងនិយតករនៅប្រទេសកម្ពុជា ដើម្បីធានាថា តំបន់រ៉ែប្រេងអប្សរាត្រូវបានអភិវឌ្ឍទៅតាមបទដ្ឋានឧស្សាហកម្មកម្រិតខ្ពស់មួយ និងអនុលោមតាមបទបញ្ញតិ្ត និងការណែនាំរបស់អាជ្ញាធរមូលដ្ឋាន៕