ដោយ៖ ឃួន ធារ៉ា
ភ្នំពេញ៖ ក្រុមមន្ដ្រីជំនាញផ្នែកសេដ្ឋកិច្ច និងកសិកម្មរំពឹងថា កម្ពុជានឹងសម្រេចគោលដៅរបស់ខ្លួនក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឱ្យបាន១លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០១៥។ ក៏ប៉ុន្តែមន្ដ្រីទាំងនោះបានព្រមានថា កម្ពុជាត្រូវពឹងផ្អែកលើខ្សែសង្វាក់ផលិតកម្ម និងពាណិជ្ជកម្មជាច្រើនដើម្បីទទួលបានជោគជ័យក្នុងគោលដៅនេះ។
កាលពីឆ្នាំកន្លងទៅ កម្ពុជាបាននាំអង្ករចេញចំនួន២សែនតោនទៅកាន់ប្រទេសចំនួន៤៨ ក្នុងពិភពលោក។ អង្ករចំនួន៨០ភាគរយត្រូវបាននាំចេញទៅកាន់ទ្វីបអឺរ៉ុប បន្ទាប់មកគឺទ្វីបអាស៊ី អាមេរិក អូស្រ្តាលី និងអាហ្វ្រិក។
លោកបណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា រយៈពេលប្រាំមួយខែដើមឆ្នាំ២០១២នេះកម្ពុជានាំអង្ករចេញបានចំនួន៧៨.០០០តោន គឺកើនជាងឆ្នាំកន្លងទៅចំនួន៤.០០០តោនក្នុងរយៈពេលដូចគ្នានេះ។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាហាក់ដូចជានៅឆ្ងាយពីគោលដៅដែលខ្លួនបានកំណត់ទុកនោះ។
ប៉ុន្តែលោកបណ្ឌិត ហ៊ាន វណ្ណហន ជឿជាក់ថា រដ្ឋាភិបាលនឹងសម្រេចផែនការរបស់ខ្លួនក្នុងការនាំចេញអង្ករនេះ។
«យើងសង្ឃឹមថា វាអត់មានបញ្ហាណាមួយដែលលំបាកទេ យើងនឹងជំរុញការនាំចេញអង្ករតាមផែនការដែលបានកំណត់។»
របាយការណ៍ត្រួតពិនិត្យការអនុវត្តគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ (ឆ្នាំ២០១០-២០១១) បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ផែនការនាំអង្ករចេញឲ្យបានចំនួន២៥ភាគរយនៃផែនការ១លានតោន។ ក៏ប៉ុន្តែរបាយការណ៍ដដែលសន្និដ្ឋានថា ប្រសិនបើសន្ទុះនៃការនាំអង្ករចេញដូចគ្នាទៅនឹងការនាំចេញរយៈពេលប្រាំមួយខែដើមឆ្នាំ២០១២នេះ កម្ពុជានឹងមិនទាន់អាចសម្រេចផែនការ២៥ភាគរយសម្រាប់ឆ្នាំនេះទេ។
ប្រទេសថៃគឺជាប្រទេសដែលនាំអង្ករចេញបានធំជាងគេបង្អស់។ កាលពីឆ្នាំ២០១១ ប្រទេសនេះបាននាំចេញអង្ករចំនួន១០,៥លានតោន ហើយតាមពីក្រោយដោយប្រទេសវៀតណាមដែលនាំចេញបានចំនួន៧,២លានតោន។
ចំណែកលោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា និងជាស្ថាបនិកបង្គោលនៃគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករមានប្រសាសន៍ថា ការសម្រេចទិសដៅនាំអង្ករចេញរបស់កម្ពុជាអាស្រ័យលើការប្រឹងប្រែងផ្ទៃក្នុងនិងកត្តាបរិបទអន្តរជាតិ។
«ខ្ញុំមានសុទ្ធិដ្ឋិនិយម ប៉ុន្តែទី១ដរាបណាយើងខំប្រឹងប្រែងទាំងអស់គ្នា ទីពីរការងារហ្នឹងមិនមែនជាការងារពឹងលើប្រទេសយើងមួយទេ វាអាស្រ័យលើស្ថានការណ៍មួយចំនួនជុំវិញប្រទេសយើង ប៉ុន្តែឧបមាថាប្រទេសថៃនឹងបញ្ចេញស្រូវអង្ករពីឃ្លាំងរបស់គាត់ ដល់អញ្ចឹងតម្លៃនឹងធ្លាក់ចុះខ្លាំង ដូច្នេះតម្លៃអន្តរជាតិថោក តម្លៃយើងខ្ពស់ យើងនាំចេញមិនបានទេ»។លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា
ជាមួយគ្នានេះ លោកបណ្ឌិត យ៉ង សាំងកុមារ នាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក់ (CEDAC) មានទស្សនៈស្របគ្នានេះដែរ។
កម្ពុជាគឺជាប្រទេសដែលមានប្រជាជនប្រមាណជា៨០ភាគរយជាកសិករ។ ប្រទេសដ៏ក្រីក្រមួយនេះមានផ្ទៃដីបង្កបង្កើនផលស្រូវសរុបចំនួនជិត៣លានហិកតា។
តាមស្ថិតិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិកម្មស្រូវកម្ពុជាមានការកើនឡើងពី៨,២លានតោនក្នុងឆ្នាំ២០១០ដល់៨,៨លានតោនក្នុងឆ្នាំ២០១១។ ហើយកម្ពុជាអាចសល់អង្ករប្រមាណជាពីរលានតោនក្នុងមួយឆ្នាំ។
កាលពីពេលថ្មីៗនេះ លោកបណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ដើម្បីឈានដល់គោលដៅនាំអង្ករឱ្យបាន១លានតោននៅក្នុងរយៈពេលជាងបីឆ្នាំទៀតនេះ កម្ពុជាត្រូវការការវិនិយោគប្រមាណជា៣៥០លានដុល្លារអាមេរិក។
លោកឧកញ៉ា លឹម ប៊ុនហេង អគ្គនាយកក្រុមហ៊ុនឡូរ៉ង់ ដែលជាក្រុមហ៊ុននាំអង្ករចេញដ៏ធំមួយនិងជាប្រធានសមាគមនាំចេញអង្ករបានឱ្យដឹងថា បើគិតតាមបរិមាណអង្ករសល់ កម្ពុជាមានលទ្ធភាពនាំអង្ករចេញគ្រប់១លានតោននៅឆ្នាំក្រោយនេះ ក៏ប៉ុន្តែវាមានតម្រូវការចាំបាច់ក្នុងការវិនិយោគបន្ថែមដើម្បីពង្រឹងវិស័យនេះ។
«ខ្ញុំយល់ថាគោលនយោបាយដែលសម្តេចបានដាក់មកនេះ អាចសម្រេចបានមិនចោទទេ ប៉ុន្តែមានបញ្ហាមួយមុខ ប្រសិនបើរាជរដ្ឋាភិបាលយើងឬធនាគារទាំងអស់លោកផ្តោតទស្សនវិស័យលើការនាំចេញខ្លាំង ហើយផ្តល់ឥនទានធ្វើម៉េចយើងទិញស្រូវពីសហគមន៍ ប្រជាជនកសិករហ្នឹង យើងបានប្រមូលស្រូវចូលក្នុងឃ្លាំងអស់ដូច្នេះការនាំចេញយើង ដូច្នេះ១លានតោនគឺមិនចោទទេ ប៉ុន្តែលុះត្រាតែមានទុនគ្រប់គ្រាន់ក្នុងការប្រមូលទិញ បើមិនគ្រប់វាត្រូវហូរស្រូវទៅប្រទេសជិតខាងព្រោះគេមានទុនទិញ។»
លោក ភីតធឺ ប្រ៊ីមបល (Peter Brimble) នាយករងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ក៏បានរំពឹងដែរថា កម្ពុជាអាចទទួលជោគជ័យក្នុងការនាំអង្ករចេញតាមផែនការគ្រោងទុករបស់ខ្លួន ក៏ប៉ុន្តែជោគជ័យនៃ«មហិច្ឆិតានេះតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងប្រុងប្រយត្ន័រវាងរដ្ឋាភិបាលនិងគម្រោងដៃគូអភិវឌ្ឍន៍នានា។
លោក ភីតធឺ ប្រ៊ីមបល បញ្ជាក់ថា ធនគារអភិវឌ្ឍន៍អាស៊ីកំពុងគាំទ្ររដ្ឋាភិបាលដើម្បីធ្វើពាណិជ្ជភាវូបនីយកម្មលើផលិតកម្មស្រូវ ពង្រឹងខ្សែសង្វាក់តម្លៃអង្ករនិងធ្វើឲ្យប្រសើរឡើងការទទួលបាននូវឥណទានដោយអ្នកផលិតស្រូវនិងម្ចាស់រោងម៉ាស៊ីនកិនស្រូវរួមទាំងអ្នកនាំចេញផងដែរ៕