រដ្ឋាភិបាល​នឹង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​ ខណៈ​វាសនា​អ្នក​លក់​ដូរ​​មិន​ច្បាស់​លាស់​

រូប​ឯកសារ៖ តំបន់​ឆ្នេរ​នៅ​ក្រុងព្រះសីហនុ​ក្នុង​ឆ្នាំ​២០០៦។

ក្រុម​អាជីវករ​លក់​ដូរ​នៅ​ក្នុង​តំបន់​ឆ្នេរ​អូរ​ឈើទាល​ ទល់មុខ​ដី​ក្រុមហ៊ុន​សុខា ​អូតែល ​សម្តែង​ក្តី​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​បាត់​បង់​កន្លែង​រក​ស៊ី។

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​តាមសំណើ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុង​ការ​អនុវត្ត​ផែន​ការ​កែ​លម្អ​តំបន់​ឆ្នេរ​ខ្សាច់​លំហែ​កម្សាន្តក្នុង​ខេត្ត​ព្រះ​សីហនុ។ ​នេះ​បើ​យោង​ទៅ​តាម​សេចក្តី​សម្រេចរបស់​ទី​ស្តីការ​គណៈរដ្ឋមន្ត្រីចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។​

សេចក្តី​សម្រេច​របស់​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ គឺ​ធ្វើទៅ​តាម​ការយល់​ព្រម​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និងបន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​តំបន់​ឆ្នេរ​ចំនួន​បី​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដែល​បាន​កើត​ឡើង​កាលពី​ខែ​មីនា​កន្លង​ទៅ។​ ការ​កើត​ឡើង​នៃ​តវ៉ា​នោះ ​គឺ​បណ្តាល​មក​ពី​អាជ្ញាធរ​ខេត្ត​នេះ​ បាន​ឲ្យ​ដឹង​ពី​ផែនការ​ចុះ​រុះរើ​សំណង់​អាជីវកម្ម​របស់​ក្រុម​អាជីវករ​ ក្នុង​រយៈពេល​មួយ​ខែ​ តែ​ផែនការ​នេះ​បាន​ស្ងប់​ស្ងាត់​ទៅវិញ។​

យោង​ទៅ​តាម​សេចក្តី​សម្រេច​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៦​ ដោយ​លោក​ ហ៊ីង​ ថូ​រ៉ាក់​ស៊ី​ រដ្ឋលេខាធិការនៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ឲ្យដឹង ​អំពី​ផែនការ​កសាង​ផ្លូវ​ថ្មី​ នៅមុខ​ដី​របស់​ក្រុម​ហ៊ុន​សុខា​ អូតែល​ អតីត​អារីស្តុន​ ​ការ​រៀបចំ​ដី​ចំណី​ឆ្នេរ​ និង​ការ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ សុខា​ អូតែល​ បើក​របាំង​របង​ឲ្យ​សាធារណជន​ចេញ​-ចូល​ទៅ​ឆ្នេរ​ខ្សាច់​កម្សាន្ត​នៅ​មុន​បុណ្យ​ចូលឆ្នាំ​ប្រពៃ​ខ្មែរ​ខាងមុខ។

លោក ​ហ៊ីង ថូរ៉ាក់ស៊ី​ រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ថ្លែង​ប្រាប់ ​VOA​ ថា​ អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​អនុវត្ត​ផែនការ​នេះ​ តែ​លោក​មិន​អាច​បញ្ជាក់​ថា​ ផែនការ​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ណា​នោះ​ទេ។​ លោក​ក៏​សុំ​មិន​ធ្វើ​អធិប្បាយ​ទៅលើ​ផល​ប៉ះពាល់​ នៅ​ពេល​អនុវត្ត​ផែនការ​នេះ​ដែរ។

VOA ​ពុំ​ទាន់​អាច​ទាក់​ទង​លោក យន្ត​ មីន អភិបាល​ខេត្ត​ព្រះ​សីហនុ​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

យ៉ាងណាក៏ដោយ​ ក្រុម​អាជីវករ​លក់​ដូរ​នៅ​ក្នុង​តំបន់​ឆ្នេរ​អូរ​ឈើទាល​ ទល់មុខ​ដី​ក្រុមហ៊ុន​សុខា ​អូតែល ​សម្តែង​ក្តី​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការ​បាត់​បង់​កន្លែង​រក​ស៊ី។​ ពួកគេ​ធ្លាប់​បាន​បើក​យុទ្ធនាការ​ទាម​ទារ​សុំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។​

អ្នកស្រី​ ភឿក សុខេន​ តំណាង​អាជីវករ​ចំនួន​១៤​តូប​នៅ​ក្នុង​តំបន់​ឆ្នេរ​អូរ​ឈើទាល​ ទល់​មុខ​ដី​ក្រុម​ហ៊ុន សុខា​ អូតែល​ មាន​ប្រសាសន៍​ថា​ ក្រុម​អាជីវករ​នៅ​តែ​រក្សា​ជំហរ​សុំ​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ព្រោះ​ថា​ ពួកគេ​នឹង​ពិបាក​រក​ទីតាំង​ផ្សេង​ដើម្បី​ប្រកប​អាជីវកម្ម។​

«ឲ្យ​អាជ្ញាធរ​គេ​រៀប​ចំ​ទៅ​ ស្តង់​របៀប​ម៉េច​ អី​របៀប​ម៉េច​ ឲ្យ​យើង១៤​គ្រួសារ​ ដែល​ជា​ជន​ក្រី​ក្រ​ ហ្នឹង​ណា៎​ លក់​ទៅ​យើង​បង់​លុយ​ចូល​រដ្ឋ​ទៅ​ ព្រោះ​អ្វី​ដី​នៅសល់​ច្រើន​ដែរ​ ធ្វើ​សួន​ច្បារ​ទៅ​ ហើយ​បើ​ដេញ​ប្រជាពលរដ្ឋ​មិន​ឲ្យ​មានមុខរបរ​រកស៊ី​អញ្ចឹង​ យើង​មិន​ដឹង​ទៅ​រស់​របៀបណា?​ ចាំ​មើល​រដ្ឋាភិបាល​គាត់​គិត​ របៀប​ម៉េច»។​

តំណាង​អាជីវករ​រូប​នេះ​ ថ្លែង​ថា​ ក្រុម​អាជីវករ​នឹង​ស្វះស្វែង​រក​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ឲ្យ​ពួកគេ​ បាន​ប្រកប​របរ​រកស៊ី​នៅ​ទីតាំង​បច្ចុប្បន្ន។​

ផែនការ​រៀបចំ​តំបន់​ឆ្នេរ​ដែល​ប្រមុខ​រដ្ឋាភិបាលបាន​ផ្តល់​ការ​អនុញ្ញាត​ ឲ្យ​ដឹង​បន្ថែម​ថា​ លោក​ ឧកញ៉ា​សុខ គង់​ ម្ចាស់​ក្រុម​ហ៊ុន​សុខា អូតែល​ ត្រូវ​ផ្តល់​ដី​ដែល​ប៉ះ​នឹង​គម្រោង​ផ្លូវ​ថ្មី​ និង​ត្រូវ​ទទួល​បន្ទុក​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​ ការ​រៀបចំ​សួន​ច្បារ​លើ​ដី​ចំណី​ឆ្នេរ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ឯទៀត​ ព្រមទាំង​ការ​គ្រប់​គ្រង​ ថែ​ទាំផ្លូវ​ សួន​ច្បារ​ និង​ឆ្នេរ​ខ្សាច់​ឲ្យ​មាន​សោភណភាព​ និង​បរិស្ថាន​ស្អាត​ សម្រាប់​ឲ្យ​សាធារណជន​ និង​ទេសចរ​ចេញចូល​កម្សាន្ត។​

នៅ​ក្នុង​ផែនការ​នោះ​ ឆ្នេរ​ឯករាជ្យ​ នឹង​ត្រូវ​បាន​អភិវឌ្ឍឲ្យ​ទៅ​ជា​ឆ្នេរ​ ដែល​មាន​អត្តសញ្ញាណ​ នគរូបនីយកម្ម​ និង​ស្ថាបត្យកម្ម​ប្រកបដោយ​សោភណភាព​ល្អឯក។ ចំពោះ តូប​លក់​ដូរទាំង​១១​ ដែល​ដំណើរ​ការ​លើ​ឆ្នេរ​នេះ​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរការដើម្បី​បម្រើ​សាធារណជន​ និង​ទេសចរ​ ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ។​ ក៏ប៉ុន្តែ​បន្ទាប់​ពី​ក្រុមការងារ​ពិសេស​រៀបចំ​ប្លង់​ប្រើ​ប្រាស់​ដី​ ប្លង់​អភិវឌ្ឍន៍​ និង​ប្លង់​គំរូ​តូប​ថ្មី​សម្រាប់​តំបន់​ឆ្នេរ​នេះ​រួច​ ទើប​ត្រូវ​រុះរើ​តូប​ទាំង​១១ចេញ។

លោក​ឧកញ៉ា​ សុខ គង់​ ម្ចាស់​ក្រុមហ៊ុន​សុខា​ អូតែល​ បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុមហ៊ុន​លោក​ នឹង​ធ្វើ​ទៅតាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​ បើ​ទោះបី​ជា​ក្រុមហ៊ុន​លោក​ ពុំ​ទាន់​ទទួល​បាន​សេចក្តី​សម្រេច​នេះ​យ៉ាង​ណាក្តី។​

«ខ្ញុំ​អត់​ដឹង​មាន​ការ​តវ៉ា​ម៉េច​ បើ​រដ្ឋាភិបាល​គាត់​សម្រេច​ម៉េច​ ធ្វើ​តាម​ហ្នឹង​ទៅ ធ្វើ​ម៉េច​ធ្វើ​អញ្ចឹង»។​ ​

លោក​មាន​ប្រសាសន៍​បន្ថែម​ ថា​ ប្រសិន​បើ​ការ​អនុវត្តផែនការ​រៀបចំ​ឆ្នេរ​នេះ​ បង្កផល​ប៉ះពាល់​ទៅ​ដល់អាជីវករ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ ជា​អ្នក​ទទួល​ខុសត្រូវ។​

កាល​ពីខែ​កុម្ភៈ​ លោក​យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះ​សីហនុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្នើ​ឲ្យ​អាជីវករ​ដែល​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​ឆ្នេរ​អូរត្រេះ​ ឆ្នេរ​អូរ​ឈើទាល (ទល់មុខ​ដី​ក្រុមហ៊ុន​ សុខា​ អូតែល​ អតីត​ដី​អារីស្តុន)​ និង​ឆ្នេរ​មុខ​ព្រះ​រាជ​ដំណាក់​ចាស់​កំពង់​សោម​ រុះរើ​សំណង់​អាជីវកម្ម​របស់​ពួកគេ​ចេញ​ពី​ដី​ចំណី​ឆ្នេរ​នៅ​ក្នុង​តំបន់​ទាំង​បី​នេះ​ ក្នុង​រយៈពេល​មួយ​ខែ។​ កាល​បរិច្ឆេទ​កំណត់​ឲ្យ​មាន​ការ​រុះរើ​នេះ​ បាន​ផុត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​កន្លង​ទៅ​នេះ។​

រហូត​មក​ទល់​នឹង​ពេលនេះ​ ក្រុម​អាជីវករ​លក់​ដូរ​ក្នុង​តំបន់​ឆ្នេរ​ទាំង​បី​នៅ​បន្ត​ការ​រកស៊ី​របស់​ពួកគេ​ដដែល​ ដោយ​មិន​ទាន់​មាន​ការ​ចេញ​បញ្ជា​ណាមួយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឲ្យ​ធ្វើការ​រុះរើ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​តំណាង​អាជីវករ​ និង​អាជីវករ​លក់​ដូរ​នៅ​ទីនោះ៕