នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅសប្ដាហ៍នេះ កំពុងប្រារព្ធ«សប្ដាហ៍ប្រឆាំងនឹងភាពស៊ាំរបស់ឱសថទៅនឹងមេរោគ» ដោយអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើ«ថ្នាំផ្សះ» ឬ«ថ្នាំអង់ទីប៊ីយ៉ូទីក» (Antibiotics) ក្នុងការព្យាបាលជំងឺស្រាលធម្មតា។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំ ហៅកាត់ថា AMR ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា ក្រសួងសុខាភិបាលកម្ពុជា និងប្រទេសមួយចំនួនលើពិភពលោក តែងសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ប្រារព្ធសប្ដាហ៍ប្រឆាំងនឹងភាពស៊ាំរបស់ឱសថទៅនឹងមេរោគ ក្នុងរយៈពេលមួយសប្ដាហ៍ពេញជារៀងរាល់ឆ្នាំ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយសារការប្រើប្រាស់ថ្នាំផ្សះដោយមិនត្រឹមត្រូវ។
លោកបន្តថា បច្ចុប្បន្នពិភពលោកកំពុងប្រឈមទៅនឹងការដែលគ្មានឱសថសម្លាប់មេរោគ ដោយសារវាមានភាពស៊ាំបណ្ដាលឲ្យការព្យាបាលមិនងាយជា ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួនតែងប្រើថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយ៉ូទីក នេះ ដើម្បីព្យាបាលជំងឺស្រាលធម្មតាដូចជា ក្ដៅខ្លួន ផ្ដាសាយ ឈឺក្បាល រាក ឬរបួសតិចតួចជាដើម ដែលលោកថា ការប្រើប្រាស់ថ្នាំនេះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា៖
«គាត់ប្រើដោយមិនត្រូវទិស ប៉ះពាល់សុខភាព។ មានន័យថាធម្មតាថ្នាំវាតែងប៉ះពាល់ទៅលើបញ្ហាសុខភាពរបស់យើង ដូចជាមុខងាររបស់ថ្លើម មុខងាររបស់តម្រងនោមជាដើម បើសិនជាយើងប្រើមិនបានត្រឹមត្រូវ។ ទី២ គាត់ប្រើញឹកញាប់ពេកថ្ងៃក្រោយគាត់ឈឺមែនទែន ឱសថហ្នឹងគាត់លែងត្រូវជាមួយតែម្តង។ គាត់ប្រើទៅ មេរោគហ្នឹងពិតជាមានមែន ប៉ុន្តែគាត់ប្រើមិនសមស្រប មិនគ្រប់ចំនួន មិនគ្រប់ថ្ងៃ ថ្ងៃក្រោយគាត់បង្កដោយមេរោគហ្នឹង គាត់អាចគ្រោះថ្នាក់ដល់អាយុជីវិត»។
ថ្នាំផ្សះ ឬ អង់ទីប៊ីយ៉ូទីក គឺជាឱសថប្រើប្រាស់សម្រាប់សម្លាប់បាក់តេរី និងបានសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ចាប់តាំងពីថ្នាំប្រភេទនេះ ត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៤០។
ប៉ុន្តែនៅពេលប្រើប្រាស់មិនត្រូវ ថ្នាំប្រភេទនេះអាចបង្កផលប៉ះពាល់ទៅវិញ។ បាក់តេរីដែលធ្លាប់ប៉ះជាមួយនឹងថ្នាំផ្សះនៅក្នុងបរិមាណតិចតួច ឬកម្រិតទាប តែងតែវិវត្តទៅជាបាក់តេរីដែលស៊ាំនឹងថ្នាំនេះទៅវិញ ហើយភាពស៊ាំបន្តិចម្តងៗ ធ្វើឲ្យបាក់តេរីទាំងនោះខ្លាំងឡើងៗ។
ការវិវត្តនេះបង្កឡើងដោយការប្រើប្រាស់ថ្នាំផ្សះ ឬអង់ទីប៊ីយ៉ូទីក ខុស ការខកខានក្នុងការប្រើប្រាស់ថ្នាំប្រភេទនេះ ដោយលេបមិនគ្រប់ចំនួនត្រឹមត្រូវតាមវេជ្ជបញ្ជា ឬការប្រើប្រាស់ថ្នាំផ្សះ ឬអង់ទីប៊ីយ៉ូទីក នៅពេលមិនចាំបាច់។
លោក លី សូវ៉ាន់ បន្ថែមថា រាល់ពេលដែលមានជំងឺស្រាលធម្មតា ប្រជាពលរដ្ឋគួរជ្រើសយកការហាត់ប្រាណ ការបរិភោគអាហារឲ្យត្រឹមត្រូវ និងត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យ បើចាំបាច់ ដោយមិនត្រូវប្រើថ្នាំដោយគ្មានវេជ្ជបញ្ជាឡើយ។
លោកមានប្រសាសន៍ថា៖
«ដោយសារគាត់ចេះតែគ្រុនក្ដៅ ក៏គាត់ប្រើថ្នាំផ្សះហ្នឹង ក្អកក៏គាត់ប្រើ គាត់ផ្ដាសាយក៏គាត់ប្រើ តាមពិតសុទ្ធតែជាការមិនចាំបាច់ទេ ព្រោះជំងឺភាគច្រើនឈឺតិចតួចល្មមៗគឺជាដោយឯកឯងទេ គ្រាន់តែយើងប្រើថ្នាំបញ្ចុះកម្ដៅ ឬមួយយើងញ៉ាំទឹកឲ្យបានច្រើន យើងហូបអាហារបំប៉នអីទៅ វានឹងអាចជាវិញហើយ។ បើសិនក្នុងករណីចាំបាច់ ជួបជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងវិនិច្ឆ័យថាយើងឈឺអី»។
បើតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) មនុស្សប្រមាណ ៧០ម៉ឺននាក់ទូទាំងពិភពលោក ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការឆ្លងជំងឺដែលមានមេរោគស៊ាំទៅនឹងថ្នាំផ្សះ។ អង្គការនេះព្យាករណ៍ថា នៅឆ្នាំ២០៥០ ចំនួនអ្នកស្លាប់ដោយសារបញ្ហានេះនឹងកើនឡើងដល់១០លាននាក់ក្នុងមួយឆ្នាំ។ ក្នុងនោះ ការប្រើប្រាស់ថ្នាំផ្សះដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ នឹងរួមចំណែកបង្កឲ្យភាពស៊ាំថ្នាំផ្សះ ដែលក្លាយជាវិបត្តិសុខភាពសាកល៕