ភ្នំពេញ៖ ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកនៅថ្ងៃពុធនេះបានរកឃើញកុមារីម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សីដែលធ្វើឱ្យចំនួននេះបានកើនឡើងដល់៧ករណីហើយនៅក្នុងដើមឆ្នាំ២០១៣។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាល។
ករណីទី៧នេះបានកើតមានឡើងទៅលើកុមារីអាយុ៣ឆ្នាំដែលមានទីលំនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យខេត្តកំពត។ ជនរងគ្រោះត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបញ្ជាក់ថាមានជំងឺផ្តាសាយបក្សីកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះហើយទើបតែបានស្លាប់នៅថ្ងៃពុធនេះក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជាក្រុងភ្នំពេញ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកបានឱ្យដឹងថាមានបក្សីបានឈឺងាប់នៅក្នុងភូមិហើយជនរងគ្រោះបានប៉ះពាល់ជាមួយបសុបក្សីមុនពេលដែលចាប់ផ្តើមធ្លាក់ខ្លួនឈឺ។
កុមារីរងគ្រោះបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី៦ខែកុម្ភៈដោយមានអាការៈ គ្រុនក្តៅ ឈឺពោះនិងសន្លឹមរហូតដល់មានស្ថានភាពធ្ងន់ធ្ងរពិបាកក្នុងការដកដង្ហើម។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ឪពុកម្តាយនិងអ្នកថែទាំកុមារទាំងអស់ត្រូវដាក់កុមារឱ្យនៅឆ្ងាយពីសត្វបក្សីងាប់និងព្យាយាមឱ្យកុមារលេងនៅឱ្យឆ្ងាយពីសត្វបក្សី។
លោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កុមារនៅតែមានភាពងាយរងគ្រោះដោយសារជំងឺផ្តាសាយបក្សីH5N1។
លោកវេជ្ជបណ្ឌិត សុខ ទូចប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបាននិយាយថាក្រសួងបានបញ្ជូនបុគ្គលិកជំនាញទៅសិក្សាស្រាវជ្រាវនិងបូមឈាមប្រជាពលរដ្ឋដែលនៅជុំវិញកុមាររងគ្រោះដើម្បីយកមកធ្វើវត្ថុវិភាគ។
លោកមានប្រសាសន៍ថាជំងឺផ្តាសាយបក្សីនៅក្នុងដើមឆ្នាំនេះមានការកើនឡើងខ្ពស់បើធ្វើការប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
«យើងឃើញការកើនឡើងច្រើនដូច្នេះយើងកំពុងធ្វើការយ៉ាងជិតដិតជាមួយអង្គការសុខភាពពិភពលោកនៅក្នុងការកំណត់រកមូលហេតុនិងធ្វើយ៉ាងណាដើម្បីពង្រឹងការតាមដាននិងទប់ស្កាត់របស់យើង។ប៉ុន្តែចំណុចមួយដែលយើងត្រូវចងចាំផងដែរគឺការចម្លងពីមនុស្សទៅមនុស្សដែលយើងធ្វើយ៉ាងណាកុំឱ្យមានការចម្លងពីមនុស្សទៅមនុស្ស»។
ចាប់តាំងពីជំងឺផ្តាសាយបក្សីH5N1បានកើតមានឡើងតាំងពីឆ្នាំ២០០៣។នៅលើពិភពលោកមានចំនួន៦១៩ករណីក្នុងនោះមាន៣៦៥នាក់បានស្លាប់៕