ភ្នំពេញ ក្រុមគ្រួសារអ្នកទោសទាំងបីនាក់នៅក្នុងករណីចោទប្រកាន់ទាក់ទងនឹងការធ្វើអបគមន៍នៅខេត្តក្រចេះបានសម្រក់ទឹកភ្នែកដោយរំជួលចិត្តនៅពេលដែលឃើញស្វាមីរបស់ពួកគេទាំងបីនាក់បានដើរចេញពីពន្ធនាគារដោយអមជាមួយនឹងមន្ត្រីសិទ្ធិមនុស្ស។
លោកកាន់ សុវណ្ណ ផន ស្រឿន និង ទូច រៀម ត្រូវបានសាលាឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេលពី៣ឆ្នាំរហូតដល់៥ឆ្នាំក៏ប៉ុន្តែអនុវត្តទោសតែរយៈពេល១០ខែតែប៉ុណ្ណោះទោសទាំងប៉ុន្មានត្រូវព្យួរ។
ជនជាប់ចោទទាំងបីនាក់ត្រូវបានសាលាដំបូងក្រុងភ្នំពេញបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពី១០ខែ រហូតដល់៥ឆ្នាំពីបទឆបោក ជ្រៀតជ្រែកកិច្ចការសាធារណៈនិងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។ អ្នកទាំងបីនាក់ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាមួយលោកម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។
គិតរយៈពេលនៃការចាប់ខ្លួននិងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តក្រចេះជនជាប់ចោទទាំងបីនាក់និងត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃអង្គារនេះក៏ប៉ុន្តែពួកគេបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
សមាជិកនៃសមាគមអ្នកប្រជាធិបតេយ្យ ប្រមាណជាង៥០នាក់និងក្រុមគ្រួសារព្រមទាំងលោកម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបានទៅស្វាគមន៍អ្នកភូមិប្រម៉ាទាំងបីនាក់នៅពន្ធនាគារព្រៃស។
លោក ផន ស្រឿន អាយុ៣៤ឆ្នាំបានប្រាប់វីអូអេថាលោកមានការសប្បាយចិត្តបន្ទាប់ពីលោកត្រូវបានដោះលែងចេញេពីពន្ធនាគារ។ចំណែកឯលោកទូច រៀម វិញបាននិយាយថាលោកមិនមានការរីករាយទេដោយសារតែលោកមិនបានប្រព្រឹត្តខុសផងត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគាររយៈពេល១០ខែ។
លោកបាននិយាយថានិងទាមទាររកយុត្តិធម៌ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«ចាប់ខ្លួនខ្ញុំមិនត្រឹមត្រូវហើយមិនយុត្តិធម៌ចំពោះខ្ញុំពីព្រោះថាខ្ញុំអត់បានប្រព្រឹត្តអ្វីសោះហើយតុលាការចោទខ្ញុំហើយក្នុងចំណោមសាក្សី២០នាក់ជាងគេបញ្ជាក់ថាខ្ញុំអត់មានធ្វើអ្វីទេតែគេជឿទៅលើសំដីតែពីរនាក់នោះដែលជាមនុស្សខូចហើយធ្វើឱ្យដាកគុកខ្ញុំរយៈពេល៥ឆ្នាំ»។
នៅខាងក្រៅពន្ធនាគារមិនមានការស្វាគមន៍យ៉ាងគគ្រឹកគគ្រេងដូចលោកម៉ម សូណង់ដូទេគឺមានតែសមាជិកក្រុមគ្រួសារនិងសមាជិកសមាគមអ្នកប្រជាធិបតេយ្យតែប៉ុណ្ណោះ។
ការដោះលែងអ្នកភូមិប្រម៉ាទាំងបីនាក់នេះបានកើតមានឡើងរយៈពេល៥ថ្ងៃបន្ទាប់ពីការដោះលែងលោកម៉ម សូណង់ដូ។
លោកម៉ម សូណង់ដូ អាយុ៧២ឆ្នាំដែលបានទៅទទួលស្វាគមន៍ជនជាប់ចោទទាំងបីនាក់បាននិយាយថាលោកមកស្វាគមន៍ពួកគេនៅថ្ងៃនេះក្នុងនាមជាអ្នកដែលបានស្គាល់គ្នាក្នុងពន្ធនាគារ។លោកបាននិយាយថានេះជាកិត្តិយសណាស់ដែលអ្នកភូមិទាំងបីនាក់ត្រូវបានដោះលែងពីពន្ធនាគារ។
លោកម៉ម សុណង់ដូបញ្ជាក់ថា៖
«រំភើបជាងពូមានសេរីភាពទៀតពីព្រោះគាត់ជាអ្នកស្រែចំការ គ្មានការចេះដឹងមិនចេះអានអក្សរផងហើយបើសិនជាគេមិនលែងគ្នាហើយបើគ្មានអ្នកណាជួយជ្រោមជ្រែងគ្នាឱ្យតុលាការរកយុត្តិធម៌ទៅឱ្យបីនាក់ហ្នឹងខ្ញុំអាចថាអ្នកទាំងនោះមានគ្រោះថ្នាក់កាន់តែខ្លាំងឡើង»។
លោកម៉ម សូណង់ដូត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាមួយអ្នកភូមិប្រម៉ាទាំងបីនាក់ពីបទបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ឃុំកំពុងដំរី ស្រុកឆ្លូង ខេត្តក្រចេះប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសដ៏យូរជាងគេក្នុងតំបន់អាស៊ាន។
ដើរបណ្តើរជាមួយអ្នកភូមិប្រម៉ាទាំងបីនាក់ក្រោយពីចេញពីពន្ធនាគារលោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូបាននិយាយថារយៈពេលនៃការជាប់ពន្ធនាគាររយៈពេល១០ខែកន្លងមកបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសក្រុមគ្រួសារជនជាប់ចោទ។
លោកបាននិយាយថាពួកគេបានជាប់ពន្ធនាគារដោយមិនបានប្រព្រឹត្តកំហុសហើយទោះបីជាបានចេញពីពន្ធនាគារក៏ដោយក៏ជាការសោកស្តាយមួយចំពោះប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា៕