មន្រ្តីកម្ពុជាបានអះអាងនៅថ្ងៃចន្ទនេះថា អាជ្ញាធរនិងមន្រ្តីសុខាភិបាលកម្ពុជាចាប់ផ្តើមប្រមូលសំណាកអ្នកដំណើរ និងបុគ្គលិកទាំងអស់នៅលើនាវាកម្សាន្ត Westerdam សរុបទាំងអស់ជិត១ពាន់នាក់ ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណា។
ការប្រមូលសំណាកនិងធ្វើតេស្តនេះធ្វើឡើងក្រោយមានការរកឃើញថា អ្នកដំណើរម្នាក់ជនជាតិអាមេរិកកាំងដែលបានជិះនាវានេះ ហើយបានចេញពីកម្ពុជា ត្រូវបានអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តរកឃើញថា ផ្ទុកវីរុសកូរ៉ូណា ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរបស់ខេត្តព្រះសីហនុ បានថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះថា អាជ្ញាធរនិងមន្រ្តីជំនាញបានសម្រេចធ្វើសំណាកមនុស្សទាំងអស់នៅក្នុងនាវានេះ ដែលមានភ្ញៀវនៅសល់ចំនួន ២៣៣នាក់ និងបុគ្គលិកនាវាចំនួន ៧៤៧នាក់។
លោកមានប្រសាសន៍ថា៖ «យើងនឹងយកសំណាករបស់គាត់ហ្នឹងទៅធ្វើតេស្ត ដើម្បីបញ្ជាក់ឲ្យមានភាពច្បាស់លាស់ មុននឹងយើងសម្រេចឲ្យគាត់ចាកចេញពីនាវា»។ លោកបញ្ជាក់ថា៖ «យោងតាមស្មារតីអង្គប្រជុំគឺធ្វើតេស្តរកវីរុស COVID19 ហ្នឹង»។
ទោះជាយ៉ាងណា លោកមិនទាន់ដឹងថា ពេលណាការប្រមូលសំណាកនិងការធ្វើតេស្ត នឹងចប់នោះទេ។ លោកបន្តថា ការធ្វើនេះ ដើម្បីការពារសុវត្ថិភាពទាំងភ្ញៀវនិងប្រជាពលរដ្ឋកម្ពុជា។
កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន អាជ្ញាធរនិងមន្ត្រីសុខាភិបាលម៉ាឡេស៊ីបានរកឃើញថា អ្នកដំណើរម្នាក់តាមនាវា MS Westerdam ដែលបានចុះចតនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ មានផ្ទុកមេរោគកូរ៉ូណាវីរុស Covid-19 បន្ទាប់ពីស្រ្តីវ័យ៨៣ឆ្នាំ ជនជាតិអាមេរិកកាំងបានធ្វើដំណើរតាមយន្តហោះពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែស្វាមីរបស់អ្នកស្រី មិនមានផ្ទុកវីរុសកូរ៉ូណានេះទេ។
ស្ត្រីអាមេរិកាំងរូបនេះគឺជា អ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរចំនួនជាង ២ពាន់នាក់តាមនាវាកម្សាន្ត Westerdam របស់ក្រុមហ៊ុន Holland America Line ដែលរដ្ឋាភិបាលចំនួន៤ រួមមានជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ដោយសារបារម្ភថា អ្នកដំណើរទាំងនោះអាចមានវីរុសកូរ៉ូណា។
នាវានេះមានអ្នកទេសចរសរុបចំនួន ១៤៥៥នាក់ និងបុគ្គលិកនាវាចំនួន ៨០២នាក់។
នៅថ្ងៃចន្ទនេះ អ្នកដំណើរ និងបុគ្គលិកនាវានៅសេសសល់ មិនត្រូវបានអនុញ្ញាតឲ្យចេញពីនាវាកម្សាន្តអន្តរជាតិ MS Westerdam ដែលចតនៅក្រុងព្រះសីហនុនោះទេ។
រថយន្តជាង១០គ្រឿងត្រូវបានរៀបចំត្រៀមដឹកអ្នកដំណើរទាំងនោះនៅក្នុងផែក្រុងព្រះសីហនុ។
អ្នកបើករថយន្តម្នាក់ ឈ្មោះ លី អាយុ៥៣ឆ្នាំ បានថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះ មិនមានអ្នកដំណើរដឹកចេញនៅថ្ងៃនេះឡើយ បើទោះលោកត្រូវបានណែនាំឲ្យរង់ចាំដឹកពួកគេក៏ដោយ។
លោក លី ដែលមានកូន៤នាក់ បានប្រាប់ថា លោកចាប់ផ្តើមមានការព្រួយបារម្ភកាន់តែខ្លាំង ក្រោយមានព័ត៌មាននៃការផ្ទុះវីរុសនេះ។
នៅច្រកចូលទៅផែដែលនាវាចត សាធារជន និងអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យចូលសេរី ដូចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនទេ។
កាលពីថ្ងៃព្រហស្បតិ៍ ក្នុងចំណោមអ្នកដំណើរជិត ២០០០នាក់នៅលើនាវា Westerdam នេះ អ្នកដំណើរ២០នាក់ត្រូវបានរាយការណ៍ថា មានបញ្ហាសុខភាពដូចជា ផ្តាសាយ រាគរូស និងមានបញ្ហាក្រពះ និងពោះវៀនជាដើម។ ក្រសួងសុខាភិបាលកម្ពុជាបានលើកយកវត្ថុសំណាកពីអ្នកដំណើរទាំងនេះទៅពិនិត្យនៅឯវិទ្យាស្ថានប៉ាស្ទ័រ ហើយបានបញ្ជាក់កាលពីយប់ថ្ងៃព្រហស្បតិ៍ថា ពួកគេមិនមានផ្ទុកវីរុសកូរ៉ូណានោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន Holland America Line បានលើកឡើងថា អ្នកដំណើរជនជាតិអាមេរិកាំងដែលរកឃើញដោយអាជ្ញាធរម៉ាឡេស៊ីថាផ្ទុកវីរុសកូរ៉ូណានោះ មិនបានទាក់ទងមជ្ឈមណ្ឌលសុខភាពរបស់នាវា ដើម្បីរាយការណ៍អំពីរោគសញ្ញានៃជំងឺនោះទេ។
សេចក្តីប្រកាសបញ្ជាក់ថា ក្រុមហ៊ុនបន្តធ្វើការយ៉ាងស្និទ្ធិជាមួយរដ្ឋាភិបាល មន្រ្តីសុខាភិបាលក្នុងប្រទេសម៉ាឡេស៊ី និងកម្ពុជា អ្នកជំនាញមកពីមជ្ឈមណ្ឌលអាមេរិកឈ្មោះ US CDC និងអង្គការសុខភាពពិភពលោក។
នៅព្រឹកថ្ងៃចន្ទនេះ ឧទ្ធម្ភាគចក្របីគ្រឿង បានចុះចតក្បែរនាវា ដើម្បីដឹកសំណាកយកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញ។
វីអូអេបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សូវ៉ាន់ និងលោកស្រី ឱ វណ្ណឌីន តែគ្មានការឆ្លើយតបនោះទេ៕