ក្រុមយុវជនកម្ពុជា ជាពិសេសនៅតាមវិទ្យាល័យ បានឆ្លៀតពេលកំពុងរៀនសូត្រដើម្បីមើលរូប និងវីដេអូអាសអាភាសនៅក្នុងថា្នក់រៀនទៀតផង។
ភ្នំពេញ៖ ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបដូចជាទូរសព្ទដៃដែលគេអាចប្រើប្រាស់ក្នុងមុខងារជាច្រើន និងអាចភ្ជាប់ប្រព័ន្ធអ៊ីនធើណែតដោយមានល្បឿនលឿនទៀតផងនោះបាននាំយុវជនខ្មែរមួយចំនួនងាកទៅរកផ្លូវខុស។
ការសិក្សាមួយចំនួនបង្ហាញថា ក្រុមយុវជនកម្ពុជា ជាពិសេសនៅតាមវិទ្យាល័យ បានឆ្លៀតពេលកំពុងរៀនសូត្រដើម្បីមើលរូប និងវីដេអូអាសអាភាសនៅក្នុងថា្នក់រៀនទៀតផង។
លោក ងោ ម៉េងហួង ដែលជានកស្រាវជ្រាវមួយរូបដែលបានធ្វើការស្រាវជ្រាវលើប្រធានបទស្តីអំពីទំនោរនៃអ្នកមើលរូប ឬវីដេអូអាសអាភាសរបស់យុវវ័យរយៈពេលជិតមួយឆ្នាំ បានបញ្ជាក់ថា មកទល់ពេលនេះ ទំនោរនៃការមើលរូបអាសអាភាសរបស់យុវជនមានការកើនឡើងកាន់តែច្រើន ដោយសារតែភាពប្រសើរឡើងនៃបច្ចេកវិទ្យា។
«អ្នកដែលបានមើលរូបភាពអាសអាភាសរបស់យុវវ័យហ្នឹងវាមានទំនាក់ទំនងគ្នាដូចម្តេចដែរ? ស្ថានភាពនៃរូបភាពអាសអាភាសហ្នឹងមានការីសុះសាយគ្រប់តែម្តងដូចជានៅតាមហ៊ាងអ៊ីនធឺណេត លើទូរសព្ទដៃជាដើម»។
លោក ងោ ម៉េងហួង បានជួបសម្ភាសជាមួយយុវជនអាយុចន្លោះពី១៨ទៅ២៩ឆ្នាំចំនួន៣០នាក់។បន្ទាប់ពីចំណាយពេលមួយម៉ោងជាមួយពួកគេម្នាក់ៗ លោកអាចសនិ្នដ្ឋានថាមាន កត្តាពីរ ដែលនាំឲ្យយុវវ័យមើលរូបអាសអាភាស។ ទី១ ដោយសារមិត្តភក្តិអូសទាញ និងទី២គឺការចង់ដឹងផ្ទាល់របស់យុវវ័យតែម្តង។
អ្នកស្រាវជ្រាវដដែលបញ្ជាក់ថាក្នុងចំណោមអ្នកដែលត្រូវបានសម្ភាស ពួកគេសុទ្ធតែបានអះអាងថា បានចំណាយពេលពី១០ទៅ១៥នាទីដើម្បីមើលរូបអាសអាភាសម្នាក់ឯង ឬជាក្រុម។
«ប្រសិនបើមិត្តភក្តិគាត់បាញ់ប៊្លូធូបរូបភាពអាសអាភាស អញ្ចឹងគឺគាត់មើលហើយពេលចេញលេង ហ្នឹង មើលជុំៗគ្នា ប្រុសៗមើលខាងប្រុងៗទៅហើយស្រីៗក៏មើលខាងស្រីៗដែរ។ ពេលខ្លះគ្រូរបស់គាត់កំពុងតែបង្រៀនហ្នឹងពួគគាត់បានលួចមើលដែរ»។
ទូរសព្ទដៃគឺជាមធ្យោបាយដ៏ពេញនិយមបំផុតដែលយុវវ័យនិយមប្រើក្នុងការមើលរូប ឬវីដេអូអាសអាភាស។
«ទាំងសិស្សសាលាគ្រប់គ្នាហ្នឹងពេញនិយមជាងគេគឺគាត់ប្រើទូរសព្ទដៃក្នុងការមើលរូបភាពអាសអាភាស។ វាមានរាងទូច ងាយស្រួលកាន់។ គាត់អាចមើលពេលណាក៏បាន។ ហើយនិយាយទៅអត់មានភាពភ័យក្លាចដោយសារមនុស្សផ្សេងគេអត់ចាប់អារម្មណ៍»។
លោក ងោ ម៉េងហួង បានបញ្ជាក់ថាបន្ទាប់ពីបានមើលរូបអាសអាភាស យុវជនខ្លះស្វែងរកសេវាកម្មផ្លូវភេទដោយត្រូវចំណាយប្រាក់ពី៥ទៅ២០ដុល្លារអាមេរិក។ ការប្រព្រឹត្តិនេះអាចនាំឲ្យមានការឆ្លងជំងឺផ្សេងៗទៀតផង។
យុវជនម្នាក់កំពុងរៀនក្នុងវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញដែលសុំមិនប្រាប់ឈ្មោះនិយាយថា មិត្តភក្តិរបស់គាត់ធ្លាប់បានប្រាប់គាត់ពីការមើលរូបអាសអាភាសនៅក្នុងថ្នាក់ពេលដែលគ្រូកំពុងបង្រៀន។
«ពួកម៉ាក់ធ្លាប់ប្រាប់ដែរថាម៉ោងគ្រូភូមវិទ្យាហ្នឹងរៀនអត់ចូលសោះតែម្តង។ ពួកឯងនាំគ្នាមើលរឿង ចិន កូរ៉េ។ រឿងទាំងអស់ហ្នឹងគឹចង់សំដៅលើរឿងអាសអាភាសហ្នឹងឯង»។
យុវតីម្នាក់ទៀតជានិស្សិតឆ្នាំទី១នៅមហាវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ។
គាត់និយាយប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថាវាស្ទើរក្លាយជាដូចជារឿងធម្មតាទៅហើយដែលសិស្សនៅក្នុងថ្នាក់របស់គាត់កាលនៅវិទ្យាល័យមើលរូបអាសអាសអាភាស និងចែកចាយឲ្យគ្នាទៅវិញទៅមក។
«និយាយរួមដំបូង ចំពោះខ្ញុំ និយាយត្រង់តែម្តង ដំបូងខ្ញុំអត់ហ៊ានមែលទេ។ តែហេតុថា ក្មេង ចង់ដឹង ថា វាយ៉ាងដូចម្តេចក៏មើលទៅតាមគេដែរទៅ»។
ក៏ប៉ុន្តែគាត់បានបញ្ជាក់ដែរ មិនមែនសិស្សទាំងអស់សុទ្ធតែមើលរឿងអាសអាភាសទេ។
«និយាយរួមទៅនៅក្នុងថាគឺមានអ្នករៀន អ្នករៀនខ្លះ និងអ្នកមិនរៀន។ ដូចពួកខ្ញុំចឹងគឺអ្នករៀនខ្លះ លេងខ្លះ។ នៅពេលចេញលេងចឹងទៅពួគខ្ញុំតែងតែនិយាយចំអន់គ្នា។ សួរចុះសួរឡើងទៅក៏ចេញ។ ជួនកាលទៅយកទូរសព្ទគ្នាទៅរាវរកមើល ពេលឃើញរូបភាពអីចឹងទៅ ក៏មើលទាំងអស់គ្នាទៅ។ ពេលខ្លះកំពុងអង្គុយៗមានគេយកទូរសព្ទមកឲ្យមើលចឹងទៅ»។
លោក សុខ សុវណ្ណា នាយកវិទ្យាល័យបាក់ទូក បានឲ្យដឹងថាចំពោះសាលារបស់ លោកពុំដែលមានករណីបែបនេះកើតឡើងទេ។
«នៅសាលារបស់ខ្ញុំគឺមិនដែលមានករណីបែបនេះកើតឡើងទេ។ ប៉ុន្តែនៅកន្លែងផ្សេងទៀតខ្ញុំ មិនដឹងដែរ»។
យោងតាមលទ្ធិផលនៃការស្រាវជ្រាវឆ្នាំ ២០០៦ របស់លោក បណ្ឌិត ហ្ក្រាហាម ហ្វ័រដហាម (D. Graham Fordham) តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយក្រុមកុមារចំនួន៤៥៨នាក់ លើបីតំបន់ផ្សេងៗគ្នា ជាយទីក្រុងភ្នំពេញចេញផ្សាយដោយអង្គការទស្សនៈពិភពលោកកម្ពុជា (World Vision) បញ្ហាញថា យុវជនកម្ពុជាបានកំពុងមើលរូប និងវិដេអូអាសអាភាសក្នុងកម្រិតធ្ងន់ធ្ងរមួយ។
បណ្ឌិត ហ្ក្រាហាម ហ្វ័រដហាម លើកឡើងថាមូលហេតុទាំងនេះបណ្តាលមកពីការរីកចម្រើននៃម៉ាស៊ីនចាក់ស៊ីឌី នៅតាមបណ្តាហាងកាហ្វេមានចាក់អាសអាភាសដើម្បីទាក់ទាញអតិថិជនទោះជាបង្ក្រាបក៏ដោយក៏នៅមានការលួចចាក់លាក់លៀមដែរ។
លោក សោម ចាន់សុវណ្ណារ៉ា សាស្រា្តថចារ្យផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ការនិយមមើលរូបអាសអាភាសនឹងធ្វើឲ្យក្រុមយុវជនបាត់បង់រៀនសូត្រ។
លោកជួណ ចំរ៉ុង ប្រធានផ្នែកសិទ្ធិស្ត្រី និងកុមារនៃអង្គការការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាវីដេអូអាសអាភាសគឺជាផ្នែកមួយនៃការជំរុញឲ្យមានការរំលោភផ្លូវភេទ។
«ភាគច្រើននៃការចាប់រំលោភគឹកើតចេញពីការមើលវីដេអូអាសអាភាស»។
របាយការណ៍អង្គការអាដហុកបង្ហាញថា ការចាប់រំលោភសេពសន្ធវៈមានការកើនឡើងក្នុងរយៈពេលបីឆ្នាំជាប់គ្នានេះថ្វីបើមានការថយចុះបន្តិចនៅឆ្នាំកន្លងទៅនេះ។ ពោលគឺកើនពី៤៦០ករណីនៅឆ្នាំ២០០៩ដល់៥០១ករណីនៅឆ្នាំ២០១០និង៤៧៦ករណីនៅឆ្នាំ២០១១៕