ប្រទេសកម្ពុជាបានដាក់ពង្រាយប្រព័ន្ធត្រួតពិនិត្យជំងឺឆ្លងចំនួនបីប្រភេទយ៉ាងគ្រោះថ្នាក់ដល់ជីវិត ហើយដែលកំពុងរាតត្បាតនៅប្រទេសចិន នៅតំបន់មជ្ឈឹមបូព៌ា និងនៅតំបន់អាហ្វ្រិក។
វិធានការនេះធ្វើឡើង ខណៈដែលជំងឺ Ebola កំពុងរាតត្បាតនៅក្នុងប្រទេសចំនួនប្រាំក្នុងទ្វីបអាហ្វ្រិក ដែលធ្វើឲ្យមនុស្សចំនួន២.០៧៩នាក់យ៉ាងតិចស្លាប់ និងជិត៤.០០០នាក់ផ្សេងទៀតកំពុងឆ្លងជំងឺនេះ ហើយនឹងជំងឺពីរផ្សេងទៀតមានដូចជាជំងឺផ្តាសាយបក្សីថ្មី (H7N9) ដែលកំពុងកើតមាន ជាពិសេសនៅក្នុងខេត្តភាគខាងកើតនៃប្រទេសចិន និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនៅមជ្ឈឹមបូព៌ា (Middle East Respiration Syndrome)។ ជំងឺពីរចុងក្រោយនេះមានអត្រាស្លាប់ខ្ពស់ដែលអ្នកជំងឺលើសពី៥០ភាគរយអាចនឹងស្លាប់បាន។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាបានដាក់ពង្រាយនូវមន្ត្រីរបស់ខ្លួននៅតាមច្រកចេញនៃផ្លូវអាកាសចំនួនពីរនៅអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ និងខេត្តសៀមរាប និងច្រកចេញចូលផ្លូវគោកចំនួនពីរដែលមានអ្នកទេសចរបរទេសចេញចូលច្រើននៅក្រុងប៉ោយប៉ែត និងក្រុងបាវិត។
«ចំពោះអាកាសយានដ្ឋានអន្តរជាតិទាំងពីរ យើងបានដាក់នូវម៉ាស៊ីនស្ទង់កម្តៅដល់គ្រប់អ្នកដំណើរឆ្លងកាត់។ ចំណែកឯផ្លូវគោកទាំងពីរ មន្ត្រីរបស់យើងប្រើនូវប្រដាប់បាញ់ស្ទង់កម្តៅត្រង់ថ្ងាសដល់គ្រប់អ្នកដំណើរ។ ជាមួយនោះដែរយើងតម្រូវឲ្យអ្នកដំណើរ ពេលដែលគាត់មកដល់ ត្រូវបំពេញប័ណ្ណប្រកាសសុខភាពដែលហៅថា ប័ណ្ណស»។
ប័ណ្ណព័ត៌មាននេះនឹងស្រង់យកអាស័យដ្ឋានក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងរួមទាំងសាវតារនៃសុខភាពរបស់អ្នកដំណើរ ដើម្បីងាយស្រួលក្នុងការតាមដាននិងធ្វើអន្តរាគមន៍។ ហើយមន្ត្រីព័ត៌មាននឹងផ្តល់ប័ណ្ណលឿងមួយដល់អ្នកដំណើរទាំងនោះសម្រាប់ទាក់ទងពេលដែលអ្នកដំណើរមានរោគសញ្ញា។
ការដាក់ប្រព័ន្ធត្រួតពិនិត្យសុខភាពអ្នកដំណើរនេះធ្វើឡើងចាប់តាំងពីដើមខែសីហាមកម្ល៉េះ។ រយៈពេលជាងមួយខែមកនេះ មន្ត្រីសុខាភិបាលកម្ពុជាមិនបានរកឃើញអ្នកជំងឺគួរឲ្យសង្ស័យនៅឡើយទេ។
ប្រទេសទាំងប្រាំនៅក្នុងទ្វីបអាហ្វ្រិកដែលកំពុងរងការវាយលុកដោយជំងឺ Ebola នោះគឺប្រទេសសេរាឡេអូន ប្រទេសហ្គីនណេ ប្រទេសលីបេរីយ៉ា ប្រទេស នីហ្ស៊េរីយ៉ា និងប្រទេសកុងហ្គោ។ ប៉ុន្តែជំងឺនេះមិនទាន់រាតត្បាតដល់ទ្វីបអាស៊ី ឬនៅប្រទេសកម្ពុជានោះឡើយ។
ដោយឡែកជំងឺផ្តាសាយបក្សីថ្មី (H7N9) នៅប្រទេសចិននិងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនៅមជ្ឈឹមបូព៌ាបានធ្វើឲ្យអ្នកជំងឺស្លាប់ជាបន្តបន្ទាប់។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ ផ្តល់យោបល់ឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅកាន់ប្រទេសដែលមានជំងឺយ៉ាងគ្រោះថ្នាក់ដល់ជីវិតនេះ។
«ជំងឺនេះជាជំងឺឆ្លងដោយសារការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺ Ebola។ ដូច្នេះបើមិនចាំបាច់ទេ គួរកុំធ្វើដំណើរទៅកាន់តំបន់ដែលកំពុងផ្ទុះនៅទ្វីបអាហ្វ្រិកនោះ។ ប៉ុន្តែបើអញ្ជើញទៅ សូមកុំទៅកាន់តំបន់ដែលគេប្រកាសថា មានផ្ទុះនោះ កុំទៅសួរសុខទុក្ខ ឬ ទោះជាទៅក្នុងពិធីបុណ្យសពក៏ដោយ។ ចំពោះជំងឺពីរទៀត គឺរាល់អ្នកដំណើរដែលមកពីប្រទេសចិន ឬមកពីប្រទេសនៃតំបន់មជ្ឈឹមបូព៌ា ដោយមានរោគសញ្ញាដូចជាគ្រុនក្តៅ៣៨អង្សា មានក្អក ឈឺក បើមានសញ្ញាដូចជានេះ គួរឲ្យសង្ស័យហើយគួរអញ្ជើញទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យវាយតម្លៃបន្ថែម»។
ជំងឺគ្រុន Ebola បានផ្ទុះឡើងជាលើកដំបូងនៅឆ្នាំ១៩៧៦នៅប្រទេសស៊ូដង់ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ជំងឺនេះមានប្រភពនៅជិតទន្លេ Ebola ទើបត្រូវបានគេដាក់ឈ្មោះថា ជាជំងឺគ្រុន Ebola នេះ។
ជំងឺនេះឆ្លងតាមឈាម សរីរាង្គ ឬតាមសារធាតុរាវនៃសត្វដែលឆ្លងជំងឺនេះ។ដោយឡែកជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនៅមជ្ឈឹមបូព៌ាឆ្លងដោយការប៉ះពាល់ ឬការបរិភោគសត្វអូដ្ឋមានជំងឺ។ រីឯជំងឺផ្តាសាយបក្សីថ្មី (H7N9) ឆ្លងដោយការប៉ះពាល់សត្វស្លាបដូចជំងឺផ្តាសាយបក្សី H5N1ដែលគេរកឃើញនៅប្រទេសកម្ពុជាដែរ៕