ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន៤នាក់ជាកុមារជនជាតិខ្មែរអាយុពី៦ទៅ៩ឆ្នាំ។ ២៤ឆ្នាំក្រោយក្រុមគ្រួសារនៅតែមិនអាចទទួលយកការបាត់បង់នេះ។
ក្រុងស្តុកតុន រដ្ឋកាលីហ្វញ៉ា
ក្រុង ស្តុកតុនរដ្ឋ កាលីហ្វញ៉ាជាកន្លែងស្ងប់ស្ងាត់ដែលពេលវេលាហាក់បីដូចជានៅស្ងៀមមួយកន្លែង។កាលពីទសវត្សរ៍១៩៨០ និង១៩៩០ វាបានក្លាយជាកន្លែងជ្រកកោនសម្រាប់ពលរដ្ឋខ្មែរជាច្រើនដែលរត់គេចពីសង្រ្គាម។ ជាកន្លែងមួយដែលសម្រាប់ពួកគេចិញ្ចឹមបីបាច់កូនដ៏មានសុខសន្តិភាព។
លោកស្រី កើត សុវណ្ណ ប្រធានសមាគមអប្សារាបានបញ្ជាក់ថា៖
«ធម្មតាខ្មែរយើងច្រើនតែពឹងកូន។ អីចឹងបានជាយើងមានកូនច្រើន។ពីព្រោះពេលយើងចាស់ទៅយើងអាចពឹងកូនបាន។ យើងអត់ដឹងថារដ្ឋាភិបាលជួយយើងបានប៉ុន្មាននោះទេ។ យើងអត់ដឹងទេ។ យើងគ្រាន់តែដឹងថាពេលយើងចាស់ទៅកូនយើងនឹងមើលថែរក្សាយើង។»
ពលរដ្ឋនៅទីនេះចាត់ទុកវាជារឿងមួយ។ លោកស្រីសុវណ្ណាដែល ជាអ្នកធ្វើការខាងសង្គមម្នាក់នៅស្តុកតុន បានថែរក្សាទុកនូវឯកសារមួយដែលរំលឹកឡើងវិញពីរឿងមួយដែលអ្វីៗនៅទីនេះត្រូវបានផ្លាស់ប្តូរ។
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៨៩ បុរសស្បែកសម្នាក់ដែលពោរពេញទៅដោយការស្អប់មកលើអ្នកក្រៅពូជសាសន៍របស់ខ្លួន បានចតឡាននៅខាងក្រោយទីធ្លាលេងនៃសាលាបឋមសិក្សា Cleveland។ បន្ទាប់មកជននោះបានដុតឡានរបស់ខ្លួនហើយចាប់ផ្តើមបាញ់មកលើគ្រូបង្រៀននិងសិស្សនៅពេលដែលពួកគេរត់មកមើលភ្លើង។ ក្មេង៥នាក់បានស្លាប់ ២៩នាក់រងរបួសរួមទាំងគ្រូម្នាក់ផង។ ជនប្រដាប់អាវុធអាយុ២៤ឆ្នាំនោះមានជំងឺតានតឹងផ្លូវចិត្តក៏បាញ់សម្លាប់ខ្លួនទៅ។ ការសម្លាប់រង្គាលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្រុងនិងថ្នាក់ជាតិនិងជួយឱ្យមានការបង្កើតជាច្បាប់គ្រប់គ្រងកាំភ្លើងដែលកំពុងត្រូវបានគេពិភាក្សានៅសហរដ្ឋអាមេរិកសព្វថ្ងៃនេះ។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន៤នាក់ជាកុមារជនជាតិខ្មែរអាយុពី៦ទៅ៩ឆ្នាំ។
២៤ឆ្នាំក្រោយក្រុមគ្រួសារនៅតែមិនអាចទទួលយកការបាត់បង់នេះ។
អ៊ីង ហ៊ន ម្តាយជនរងគ្រោះបាននិយាយថា៖
«គេសួរខ្ញុំថាគិតថាម៉េច។ ខ្ញុំថាខ្ញុំមកទឹកដីដ៏ស្អាតនេះ។ ទឹកដីសំបូរនិងស្អាត។ស្រុកខ្ញុំមានសង្រ្គាម អីចឹងបានខ្ញុំ ចង់មកទឹកដីដ៏សំបូរស្រស់ស្អាតនេះ។ ដល់កូនកើតរឿងអីចឹង គេថានេះជារឿងចៃដន្យ។ ខ្ញុំថាដឹងថាជារឿងចៃដន្យហើយតែខ្ញុំធំឡើង ឃើញប៉ុលពតវាយគ្នាដែរតែមិនដែលឃើញផ្ទាល់ភ្នែក មិនដែលឃើញគេសម្លាប់ក្មេងនៅសាលារៀនអីចឹងទេ។ មិនដែលឃើញទេ។អត់ទេ»។
លឹម ទូច ឪពុកជនរងគ្រោះក៏បញ្ជាក់ដែរថា៖
«អីចឹងបានខ្ញុំចេះតែឆ្ងល់ថាម៉េចបានជារឿងនេះកើតឡើងអីចឹង។ម៉េចបានសម្លាប់ក្មេងតូចៗអត់ដឹងអី? ថាក្មេង High School ទៅប្រហែលថាមានគំនុំគ្នាវាអី តែនេះក្មេងតូចៗ អត់ដឹងអីផង។ ម៉េចបានមកសម្លាប់ចេះតែឆ្ងល់អីចឹង»។
ឥឡូវនេះខ្ញុំកំពុងឈរនៅខាងក្រៅសាលាបឋមសិក្សាCleveland។ កាលពីថ្ងៃ១៧ខែមករាឆ្នាំ១៩៨៩ Patrick Purdy បានចូលមកក្នុងសាលានេះដោយកាន់កាំភ្លើង AK-47។
Patrick Purdy ប៉ុនប៉ងមកលើក្រុមអាស៊ីអាគ្នេយ៍។
បុព្វជិត James Dunn ជាអ្នកគ្រប់គ្រងនៅព្រះវិហារជាប់សាលានោះ។
អាចារ្យJames Dunn បញ្ជាក់ថា៖
«គាត់បានដើរចូលទៅក្នុងសាលា ពីព្រោះកាលនោះ៧១%នៃសិស្សមកពីអាស៊ីអាគ្នេយ៍។យើងមានខ្មែរ វៀតណាម Hmong និងសិស្សផ្សេងៗទៀតដែលនៅរៀនទីនេះហើយការស្អប់នេះជាការស្អប់ដែលដើរចូលទៅក្នុងសាលានោះ»។
ភាពស្អប់ខ្ពើមនេះបានក្លាយជាអ្វីដែលសហគមន៍នេះនៅតែចងចាំ។
កើតសុវណ្ណា ប្រធានសមាគម អប្សារា៖
«យើងមិនអាចបំភ្លេចបានទេ។ ខ្ញុំក៏ភ្លេចមិនបានដែរ។ ហើយអ្នកដែលមានកូនស្លាប់…..វាដូចជាDouble។ ការឈឺចាប់ហ្នឹងវាធ្ងន់ទៅ។ ទោះបីជាគេប្រហែលបំភ្លេចបានពីមុន គេអាចភ្លេចប៉ុលពត តែនេះជាការឈឺចាប់បន្ថែមពីលើហ្នឹង»។
ឪពុកម្តាយនិយាយថាពួកគេមិនមានមេរៀនអ្វីច្រើនដល់អ្នកដែលបានបាត់បង់កូននៅក្នុងការបាញ់សម្លាប់ស្រដៀងៗគ្នានេះ នោះទេក្រៅតែពីការចងចាំក្មេងទាំងនោះនៅផ្នូររបស់គេ។
លឹម ទូច ឪពុកជនរងគ្រោះបញ្ជាក់ថា៖
«អារម្មណ៍ចេះតែរសាយរសាយទៅ មានអារម្មណ៍ចង់ធ្វើអី។ ខ្ញុំចេះតែយកផ្កាទៅដាក់។នឹកគិតថាប្រហែលជាម៉ែឪគេមិនទៅទាំងអស់គ្នាទេ។អីចឹងខ្ញុំទិញផ្កាទៅដាក់ឱ្យទាំងកូន៣ ៤ ហ្នឹង»៕