កម្ពុជា​បង្កើន​ការ​ឃ្លាំមើល​តាមរយៈ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ថ្មី

រូបឯកសារ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ​កំពុង​មើល​មុខងារ​ថ្មី​របស់​ហ្វេសប៊ុក​ ​ហៅ​ថា​ 'Explore feed'​ នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​គាត់​ ​កាល​ពីខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/វីអូអេ)

កម្ពុជា​កំពុង​ចាប់ផ្ដើម​ប្រតិបត្តិការ​វិធានការ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ថ្មី​របស់​ខ្លួន ដែល​ជា​វិធានការ​ដែល​សកម្មជន​នានា​បាន​និយាយ​ថា​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បំបិទ​សំឡេង​ប្រឆាំង​បន្ថែមទៀត​នៅ​ក្នុង​ប្រទេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា ច្រកទ្វារ​អ៊ីនធឺណិត​នេះ​ដែល​នឹង​ធ្វើ​ឱ្យ​ចរាចរណ៍​វេបសាយ​ទាំងអស់​ឆ្លងកាត់​ច្រក​ចូល​តែមួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ​ខាង​មុខ​នេះ​តទៅ នឹង​មាន​ឥទ្ធិពល «ធ្ងន់ធ្ងរ» ទៅ​លើ​សិទ្ធិ​ឯកជន​និង​សេរីភាព​បញ្ចេញ​មតិ។

នេះ​ជា​ចំណាត់ការ​ថ្មី​ចុងក្រោយ​បង្អស់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ក្រាប​ការ​ប្រឆាំង​នៅ​ក្នុង​ប្រទេស ដែល​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​បង្ហោះ​សារ​តាម​អ៊ីនធឺណិត។

តារា hip-hop លោក គា សុគន្ធ ដែល​ទំនុក​ច្រៀង​របស់​លោក​និយាយ​អំពី​អំពើ​អយុត្តិធម៌ និង​អំពើ​ពុករលួយ​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​យុវជន​ដែល​មិន​សប្បាយ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជា ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ជាប់​ពន្ធនាគារ​ផងដែរ។

គាត់​ត្រូវ​បាន​ចាប់​ខ្លួន​និង​កាត់ទោស​ពី​បទ​ញុះញង់ ដោយ​ជាប់​ឃុំឃាំង​មួយ​ឆ្នាំ​មក​ហើយ ហើយ​ឥឡូវ​មាន​ការ​ភ័យ​ខ្លាច​ថា ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្មី​នេះ​នឹង​នាំ​ឱ្យ​មនុស្ស​កាន់តែ​ច្រើន​មាន​វាសនា​ដូច​គ្នា​នេះ។

គាត់​បាន​ថ្លែង​ថា៖ «យើង​នឹង​ពិបាក​បញ្ចេញ​មតិ​ដោយ​សេរី។ គេ​ចាប់​ខ្ញុំ​ដើម្បី​បំភិត​បំភ័យ​អ្នក​ដទៃ»។

កាល​ពី​ឆ្នាំ​មុន កុមារ​ជំទង់​ម្នាក់​ដែល​មាន​អូទីស្សឹម​និង​ជា​កូន​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ ខែ​ពី​បទ​ផ្ញើសារ​តាម Telegram ដែល​គេ​ចោទ​ថា ប្រមាថ​រដ្ឋាភិបាល។

ច្រកទ្វារ​អ៊ីនធឺណិត​គឺ​ជា​ចំណុច​ដែល​ប្រទេស​មួយ​ភ្ជាប់​ទៅ​បណ្តាញ​វេបសាយ​សាកល។ នៅពេល​ដំណើរ​ការ​ពេញលេញ ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ថ្មី​របស់​កម្ពុជា​នឹង​បញ្ជូន​ចរាចរណ៍​អ៊ីនធឺណិត​ទាំងអស់​តាម​ច្រក​តែ​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។

ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​នឹង​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​វេបសាយ​និង​បណ្តាញ​ណា​ដែល​រដ្ឋ​ចាត់ទុក​ថា ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ «ប្រាក់​ចំណូល​ជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់»។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​កាលពី​ដើម​ខែ​នេះ​ថា អំណាច​ថ្មី​នេះ​នឹង​កាត់​បន្ថយ​បន្ថែម​ទៀត​នូវ​សេរីភាព​នៅ​សេសសល់​តិចតួច​នៃ​ការ​បញ្ចេញ​មតិ​ប្រឆាំង​នៅ​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា ច្រកទ្វារ​អ៊ីនធឺណិត​ថ្មី​នេះ​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​មធ្យោបាយ​ជាច្រើន​ទៀត​ក្នុង​ការ​បំបិទ​សំឡេង​ប្រឆាំង។

កន្លង​មក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទទូច​ថា ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ​គឺ​ចាំបាច់​ដើម្បី​បង្រ្កាប​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត រក្សា​សន្តិសុខ​ជាតិ និង​ប្រមូល​ចំណូល។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា​ចាំបាច់​ត្រូវ​យល់​ថា សេរីភាព​បញ្ចេញ​មតិ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ និង​ថា ការ​ប្រមាថ ឬ​បំភ្លៃ​ព័ត៌មាន​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​កេរ្តិ៍ឈ្មោះ​របស់​បុគ្គល៕