កម្ពុជា​ពង្រឹង​វិធានការ​សុខាភិបាល​ ខណៈ​មាន​ករណី​អ្នក​ជំងឺ​អុតស្វា​ដំបូង​ក្នុង​ប្រទេស

អ្នកជំងឺ​អុតស្វា​ម្នាក់​បង្ហាញ​បាតដៃ​ដែល​មាន​រោគសញ្ញា​ជំងឺ​នេះ។ នេះ​គឺ​ជា​រូបភាព​ដែល​ទីភ្នាក់ងារ​ Reuters ទទួល​បាន ដែល​គ្មាន​កាល​បរិច្ឆេទ។ (Harun Tulunay/Handout via REUTERS)

មន្ត្រី​សុខាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កម្ពុជា ​ចាប់​ផ្តើម​ពង្រឹង​ចំណាត់ការ​ផ្សេងៗ​ ក្រោយ​រក​ឃើញ​ករណី​អ្នក​ជំងឺ​អុតស្វា​ម្នាក់​ចូល​ក្នុង​ប្រទេស​ជា​លើក​ដំបូង ខណៈអង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​ចាត់​ទុក​ជំងឺ​នេះ ​ជា​ភាព​អាសន្ន​ពិភពលោកដែល​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​សាធារណៈ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​សុខាភិបាល​ថៃ ​អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​បុរស​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់ ដែល​ត្រូវ​បាន​រាយការណ៍​ថាកើត​ជំងឺ​អុតស្វា ​និង​បាន​រត់​គេច​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ហើយ​បានស្នាក់​នៅ​ផ្ទះ​សំណាក់​មួយ ក្នុង​សង្កាត់​ទួលទំពូង ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល​ក្នុង​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា។

យោង​តាម​សេចក្តី​ប្រកាស​នេះ បុរស​ជនជាតិ​នីហ្សេរីយ៉ា ​អាយុ​២៧​ឆ្នាំ ជា​អ្នក​ទេសចរ​ និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ចូល​មក​កោះ​ភូកេត ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១។ ហើយ​ក្រោយ​ពី​ត្រូវ​បាន​រក​ឃើញ​ដោយ​អាជ្ញាធរ​កម្ពុជា បុរស​រូបនេះត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ។ ​

រដ្ឋលេខាធិការ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់​នៅ​លើ​គណនី​ Twitter របស់​អ្នកស្រី ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​សរុប​៥​នាក់ ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ជនជាតិ​នីហ្សេរីយ៉ាខាង​លើ។ អ្នកស្រី​បន្ត​ថាអ្នក​ពាក់ព័ន្ធ​ទាំង​នោះ​មិន​ទាន់​បង្ហាញ​សញ្ញា​ណា​មួយ​ពី​ការ​ឆ្លង​នៅ​ឡើយ​ទេ និង​ត្រូវ​បាន​ណែនាំ​ឲ្យ​នៅ​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព។

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​រដ្ឋលេខាធិការ​និង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ​អ្នកស្រី ឱ វណ្ណឌីន បាន​នៅ​ឡើយ​ទេ នាថ្ងៃ​ចន្ទ​នេះ។

រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ លោក Anutin Charnvirakul បាន​និយាយ​ថា រដ្ឋាភិបាល​ថៃ​មិន​មានផែនការ​នាំ​យក​បុរស​ជនជាតិ​នីហ្សេរីយ៉ា​ ដែល​កើត​ជំងឺ​អុតស្វា​ ត្រឡប់​មក​ប្រទេស​ថៃ​វិញ​នោះ​ទេ។ លោក Anutin ​បន្ត​ថា លោក​សង្ឃឹម​ថា ​អ្នក​ជំងឺ​អុតស្វា​នេះ​នឹង​ទទួល​បាន​ការ​ព្យាបាល​នៅ​កម្ពុជា និង​រំពឹង​ថា ស្ថានភាព​សុខភាព​របស់​បុគ្គល​នេះ​នឹង​មាន​ភាព​ប្រសើរ​ឡើង។ នេះ​បើ​តាម​ការ​ដកស្រង់​សម្តី​ដោយ​សារព័ត៌មាន Bangkok Post កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា។

ក្រោយ​ពី​ការ​រកឃើញ​អ្នក​ជំងឺ​អុតស្វា​ដំបូង​នៅ​កម្ពុជា ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​មួយ ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ ដោយ​តម្រូវឲ្យ​មាន​ការ​ពិនិត្យ​សុខភាព ​ពេល​មាន​រោគសញ្ញា​សង្ស័យ ការ​គោរព​វិធានការ​ការពារ​និង​អនាម័យ និង​ការ​បង្កើន​ការ​ត្រួតពិនិត្យ​លើ​អ្នក​ធ្វើ​ដំណើរ​ពីបណ្តា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ ដែល​មាន​ការ​រាតត្បាត​ជំងឺ​អុតស្វា។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ អង្គការ​សុខភាព​ពិភពលោក​បានប្រកាសចាត់​ទុក​ជំងឺ​អុតស្វា ​ជា​ភាព​អាសន្ន​ពិភពលោក​ ដែល​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​សាធារណៈ ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ចាត់​ទុក​ជំងឺ​អុត​ស្វា​ជា «ការ​ព្រួយបារម្ភ​មួយ» និង​ជា​«រឿង​សោកស្តាយ​មួយ​» ដែល​មាន​ករណី​អ្នក​កើតជំងឺ​នេះ​រត់​គេច​ពី​ថៃ​មក​កម្ពុជា។ លោក​បន្ត​ថា​ ការ​រាតត្បាត​ជំងឺ​អុតស្វា ​អាច​ដាក់​សម្ពាធ​បន្ថែម​លើ​វិស័យ​សុខភាព​សាធារណៈ​នៅ​កម្ពុជា ដែល​ធ្លាប់​រង​ការ​ប៉ះពាល់​ខ្លាំង​កាល​ពី​ពេល​កន្លង​មក ​ដោយសារ​ជំងឺ​កូវីដ​១៩។

លោក​ថ្លែង​ថា៖«ការ​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​អុតស្វា​នេះ ​ក៏​វា​ជា​រឿង​សំខាន់​នៅ​ក្នុង​ការ​បង្កើត​នូវ​ក្តី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​ការ​រកស៊ី​ទទួល​ទាន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។ ប្រសិន​បើ​យើង​មិន​អាច​ទប់ស្កាត់​បាន​ធ្វើ​ឲ្យ​វា​មាន​បញ្ហា​ ឬ​ក៏​ការ​អាច​រីក​រាលដាល​ហ្នឹង ​នឹង​ជា​បញ្ហា​ធំ​ណាស់​បាទ»។

​ដំណាល​គ្នា​នេះ​ លោក ​យង់ គិម​អេង ​ក៏​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​ច្រក​ព្រំដែន និង​ចំណាត់ការ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ការ​សម្របសម្រួល​ឲ្យជន​បរទេស​ចូល​មក​កម្ពុជា ​ដោយ​ខុស​ច្បាប់។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ លោក អ៊ូច វុទ្ធី ឲ្យ​ដឹង​ថា​ រោគ​សញ្ញា​រវាង​ជំងឺ​អុតស្វាយ​ និង​ជំងឺ​អុតស្វា ​មាន​ភាព​ស្រដៀង​គ្នា ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ និង​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​សុខភាព​ឲ្យ​បាន​សមស្រប និង​ទាន់​ពេលវេលា។

លោក​ថ្លែង​ថា៖ «អាអុតស្វា និង​អុតស្វាយ​ហ្នឹង ​បើ​និយាយ វា​ស្រដៀង​គ្នា​ទេ​ អាច​នឹង​ច្រឡំ។ ហើយ​គួរ​ណា​បងប្អូន​ប្រុង​ប្រយ័ត្ន។ បើ​សិន​ជា​ក្នុង​គ្រួសារ​យើង​មាន​អ្នក​កើត​អុតស្វាយ យើង​គួរ​ណា​ទៅ​យក​ទៅ​ឲ្យ​ពេទ្យ​ជំនាញ​រោគ​សើស្បែក​ និង​ជំងឺ​ឆ្លង​ហ្នឹង ឲ្យ​គាត់​ចូល​ឡាបូ​ (មន្ទីរ​ពិសោធន៍)​មើល​ ដើម្បី​ពិនិត្យ​មើល​ថា វា​ជា​អុតស្វាយ​ ឬ​វា​ជា​អុតស្វា»។

បើតាម​ក្រសួង​សុខាភិបាល រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​មាន​ដូចជា ចេញ​កន្ទួល​រមាស់​បែប​ពង​ទឹក​លើ​ដងខ្លួន បាត​ដៃ បាត​ជើង​ និង​ផ្ទៃ​មុខ អម​ដោយ​រោគ​សញ្ញា​ក្តៅ​ខ្លួន​លើស​ពី​ ៣៨,៥ អង្សាសេ និង​មាន​ឈឺ​ក្បាល​ ហើម​កូន​កណ្តុរ​ ឈឺ​សាច់​ដុំ​និង​ខ្លួន​ប្រាណ ឈឺ​ចង្កេះ​ និង​អស់​កម្លាំង។

គួរ​បញ្ជាក់​ថា គិត​រវាង​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ និង​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ មាន​ករណី​ឆ្លង​ជំងឺ​អុតស្វា​ចំនួន ១៤.៥៣៣​ករណី​ និង​ការ​ស្លាប់​ ៥​ករណី​ ក្នុង​ចំណោម ៧២​ប្រទេស​ទូទាំង​សាកល​លោក។ ​ភាគច្រើន​នៃ​ករណី​ឆ្លង​ដែល​ត្រូវ​បាន​រាយការណ៍ ​គឺ​ក្នុង​ចំណោម​បុរស​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា។ ​នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​អង្គការ​សុខភាព​ពិភពលោក(WHO)៕