សេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការរឹតបន្តឹងសេរីភាព

រូបឯកសារ៖ ទង់ជាតិកម្ពុជាត្រូវបានឃើញនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។

សេចក្តី​ព្រាង​ច្បាប់ដែលមាន​ឈ្មោះ​ថា ​«ការ​គ្រប់គ្រង​ប្រទេស​ជាតិស្ថិត​ក្នុង​ភាព​អាសន្ន»​ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល ​នៅ​ថ្ងៃ​អង្គារ​នេះ អាច​ផ្តន្ទាទោស​អ្នក​ប្រឆាំង​នឹង​ច្បាប់​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១០​ឆ្នាំ។​

សេចក្តី​ព្រាង​ច្បាប់ដែល​មាន​ ១១​មាត្រា​នេះ​ ត្រូវបាន​ផ្សព្វផ្សាយ​ជាសាធារណៈ​នេះ​ ត្រូវ​បាន​លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិធម៌ ​បញ្ជាក់​ថា​ ជា​សេចក្តី​ព្រាង​ច្បាប់​ពិត​ប្រាកដ។ លោក​បញ្ជាក់​ដូច្នេះ ​ក្រោយ​ពី​លោក​បាន​ចូលរួម​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី ​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ ​

លោក​ ជិន ម៉ាលីន ​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ថា​ ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ត្រូវ​បាន​អនុម័ត​រួច​ហើយ​ក្នុង​កិច្ច​ប្រជុំ​អចិន្រ្តៃយ៍​គណៈ​រដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​អង្គារ។ លោក​បន្ថែម​ថា​ តាម​នីតិវិធី​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹងត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​និង​ព្រឹទ្ធ​សភា ​ដើម្បី​ពិនិត្យ​និង​អនុម័ត​បន្ត។ លោក​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ខ្លឹម​សារ​នៃ​ច្បាប់​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ទាន់​អត្ថាធិប្បាយ​ទៅ​លើ​ខ្លឹម​សារនៅ​ក្នុង​ហ្នឹងទេ»។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ​អាច​ធ្វើឡើង​នៅ​ពេល​ប្រទេសប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ជាអាទិ៍​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​ ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​ គ្រោះអាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ ដែល​គំរាម​កំហែង​ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល់​ដល់​កម្រិត​ទូទាំង​ប្រទេស។​

សេចក្តី​ព្រាង​ច្បាប់​បញ្ជាក់​ថា​ ការ​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិតក្នុង​ភាព​អាសន្ន​ ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះរាជ​ក្រឹត្យ ​ហើយ​ការ​ដាក់​ប្រទេស​ជាតិស្ថិត​ក្នុង​ភាព​អាសន្ន​ អាច​ធ្វើ​ឡើង​សម្រាប់​ថិរវេលា​មាន​កំណត់​ ឬ​សម្រាប់​ថិរវេលា​មិន​កំណត់។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ វិធានការ​ដែល​រដ្ឋាភិបាល​មាន​សិទ្ធិ​ដាក់​ចេញ ​រួមមាន​ ហាម​ឃាត់​ ឬ​កម្រិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ ការ​ជួប​ជុំ​ ហាមឃាត់​ឬ​កម្រិត​ការ​ធ្វើ​សកម្មភាព​ការងារ ​ឬ​មុខរបរ ​ហាមឃាត់​ឬ​កម្រិត​មិន​ឲ្យ​ចេញ​ពីលំនៅដ្ឋាន ​ឬ​ទី​សំណាក់​ណាមួយ ​ការ​កំណត់​តម្លៃ​ទំនិញ​ និង​សេវា​ ការ​បិទ​ទីតាំង​សាធារណៈ ​ឬ​ឯកជន​ណាមួយ​ ហាម​ឃាត់​ឬ​កម្រិត​ការ​ចែកចាយ​ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​សាធារណជន ​ឬ​ចលាចលដែល​នាំ​ឲ្យ​ខូច​ខាត​ដល់​សន្តិសុខ​ជាតិ​ ឬ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាព​អាសន្ន។​

សេចក្តី​ព្រាង​ច្បាប់​ចែង​ទៀត​ថា រដ្ឋាភិបាល​ក៏​អាច​ដាក់​នូវ​វិធាន​ការ​ឃ្លាំមើល​និង​តាមដាន​តាម​គ្រប់​មធ្យោបាយ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

ចំពោះ​ការ​ដាក់​ទោស​ទណ្ឌវិញ​ បើ​តាម​ច្បាប់​នេះ ​អំពើ​រារាំង​ ឬ​បង្ក​ឧបសគ្គ​ដល់​កិច្ច​ប្រតិបត្តិ​ការ​ឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ។ ចំពោះ​អំពើ​រារាំង​ដល់​កិច្ច​ប្រតិបត្តិការ​ពេល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ​ កាល​បើ​អំពើ​នេះ​នាំ​ឲ្យ​មាន​ចលាចល​ជាសាធារណៈ​ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។​

សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​បន្ត​ថា បើ​ជន​ណា​មាន​ចេតនា​មិន​គោរព​វិធានការ​នេះ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ពី​១​ខែ​ទៅ​១​ឆ្នាំ។ ​ចំណែកអំពើ​មិន​គោរព​ ជនល្មើស​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ​១​ឆ្នាំ​ទៅ​៥​ឆ្នាំ ​កាល​បើ​អំពើ​នេះ​នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ។​

កន្លង​ទៅ​ រដ្ឋាភិបាល​បាន​ប្រើប្រាស់ការ​ចោទ​ប្រកាន់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​ថា​ «បាន​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ និង​សណ្តាប់​ធ្នាប់​សាធារណៈ»​ និង​បាន​លើក​ឡើង​ជា​រឿយៗ​ អំពី​ការ​លូក​ដៃ​របស់​បរទេស​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​

កាល​ពី​ថ្ងៃ​ចន្ទ ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ប្រកាស​ថា​ ការ​បង្កើត​ច្បាប់​នេះ​ គឺ​ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ ​និង​សម្រាប់​ការ​រាត​ត្បាត​កាន់​តែ​ធ្ងន់ធ្ងរ​នៃ​វីរុស​កូរ៉ូណា។ ​បើ​ទោះ​ជា​មាន​ច្បាប់​នេះ​ក៏​ដោយ​ លោក ​ហ៊ុន សែន​ ថា​ រដ្ឋាភិបាល​របស់​លោក​មិន​ទាន់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះ​ទេ ​ដោយ​លោក​ថា​ ​ប្រជាជន​នៅស្តាប់​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ក្នុង​គោល​ដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​

លោក​បាន​ថ្លែង​ថា៖ ​«បើ​ទោះ​មាន​ច្បាប់​ហើយ​ក្តី ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ពុំ​មែន​ជា​លទ្ធភាព​ដែល​ត្រូវ​អនុវត្ត។ ​ខ្ញុំ​គ្រាន់​តែ​គិត​ថា​ នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​មាន​ក្នុង​ដៃ​ប៉ុណ្ណោះ​ នៅ​ពេល​សភាព​ការណ៍​មិន​អាច​ត្រួត​ត្រា​បាន»។​

មាត្រា​២២​ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា​ ​នៅ​ពេល​ប្រជាជាតិ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ ​ព្រះ​មហា​ក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ ដាក់​ប្រទេស​ជាតិ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​ ក្រោយ​ពី​បាន​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី​ ប្រធាន​រដ្ឋសភា​ និង​ប្រធាន​ព្រឹទ្ធសភា។

លោក ​ព្រាប កុល​ នាយកប្រតិ​បត្តិ​របស់អង្គការ​តម្លាភាព​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នេះ​ មិន​មាន​អី​ចម្លែក​ទេ ​ព្រោះ​នៅ​ប្រទេស​គេ​ក៏​មាន​ច្បាប់​នេះ​ដែរ។​ ប៉ុន្តែ​លោក​ថា​ ​ការ​តាក់​តែងច្បាប់​នេះ​ត្រូវ​គិត​គូរ​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ ហើយគួរ​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ​ក្នុង​នោះ​មាន​សង្គម​ស៊ីវិល​ផង​ដែរ។​

លោក​បាន​ថ្លែង​ថា៖ ​«តើ​ធាតុ​ចូល​ នៅ​ពេល​ដែល​ធ្វើ​ការ​ព្រាង​នេះ ​រាជ​រដ្ឋាភិបាល​មាន​ផ្តល់​ឱកាស​ឲ្យ​សាធារណ​មតិ ​ឬ​ក៏​អ្នក​ជំនាញ ​ឬ​ក៏​តួ​អង្គ​សំខាន់ៗ​ រួម​ទាំង​អ្នក​ច្បាប់ ​អ្នក​សិក្សាធិការ ​សង្គម​ស៊ីវិល​អី​ជា​ដើម​ហ្នឹង ​មាន​ឱកាស​ផ្តល់​ធាតុ​ចូល​ឬ​ក៏​អត់ ​ក្នុង​ខណៈ​អវត្ត​មាន​គណបក្ស​ប្រឆាំង»៕