កម្ពុជាគ្រោងរៀបចំការបោះឆ្នោតជាសកលដើម្បីជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៥នៅខែកក្កដាខាងមុខនេះ។
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានសម្រេចតែងតាំងកូនប្រុសបង្កើតមួយរូប និងកូនប្រសារមួយរូបរបស់លោកនាយករដ្ឋមន្ត្រីឲ្យឈរឈ្មោះជាអ្នកតំណាងរាស្ត្រសម្រាប់ការចូលរួមប្រកួតប្រជែងបោះឆ្នោតដែលគ្រោងធ្វើនៅខែកក្កដាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
លោកហ៊ុន ម៉ានី កូនប្រុសបង្កើតលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលជាញឹកញាប់ត្រូវបានអ្នកតាមដានមើលឃើញថា លោកធ្វើការងារជាមួយក្រុមយុវជនត្រូវបានតែងតាំងជាបេក្ខភាពតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។ ចំណែកលោកឌី វិជ្ជា កូនប្រសារលោកហ៊ុន សែនត្រូវបានគណបក្សតែងតាំងជាបេក្ខភាពលេខរៀងទី១នៅមណ្ឌលខេត្តស្វាយរៀង។
លោកជាម យៀប សមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា មានអភិបាលខេត្តក្រុងចំនួនប្រាំមួយរូបផ្សេងទៀតត្រូវឈរឈ្មោះតំណាងរាស្ត្រអាណត្តិទី៥នេះគឺរួមមាន អភិបាលក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ លោកហ៊ុន ណេង អភិបាលខេត្តកំពង់ចាមដែលជាបងប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងអភិបាលខេត្តកណ្តាល។
«វាស៊ីសងទៅលើការជ្រើសតាំងរបស់ប្រជាពលរដ្ឋទៀត។ យើងគ្រាន់តែជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ»។
កម្ពុជាគ្រោងរៀបចំការបោះឆ្នោតជាសកលដើម្បីជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៥នៅខែកក្កដាខាងមុខនេះ។
លោក ជាម យៀប បាននិយាយថា ក្នុងចំណោមសមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំង៩០រូបមួយចំនួនបានលាឈប់ពីសមាជិកសភា។ លោកបាននិយាយថា ការជ្រើសតាំងកូនប្រុសលោកនាយករដ្ឋមន្ត្រីឲ្យឈរឈ្មោះជាតំណាងរាស្ត្រមិនមែនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកកំណត់ទេគឺនៅតាមមូលដ្ឋានបានសម្រេចបោះឆ្នោតតែងតាំង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបាននិយាយថា ការដោះដូរនេះជាធម្មតាតែប៉ុណ្ណោះសម្រាប់គណបក្សនយោបាយ។ លោកបាននិយាយថា ការដាក់បេក្ខភាពកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីជាតំណាងរាស្ត្រមិនមានអ្វីប្លែកទេដោយសារតែទំនោរនេះមានជាយូរមកហើយដែលលោកហ៊ុន សែនចង់ឲ្យសមាជិកក្រុមគ្រួសាររបស់លោកធ្វើជាថ្នាក់ដឹកនាំប្រទេស។
«មិនមានអ្វីប្លែកទេអ្នកនយោបាយខ្មែរអ្នកឯទៀតៗគឺអញ្ចឹងដែរ។ ថ្នាក់ដឹកនាំក្រសួងមួយៗគឺឃើញថា ផ្ចុងផ្តើមកូន ឬសាច់ញាតិរបស់ខ្លួនឯងជាហូរហែរមកដែរក្នុងក្រសួងមួយៗមានបងប្អូននិងកូនចៅ។ ល្អអាក្រក់នោះជារឿងមួយទៀត»។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថា គណបក្សប្រជាជនកម្ពុជាកំពុងតែភ័យខ្លួនទោះបីជាការដោះដូរតំណាងរាស្ត្រថ្មីក៏ដោយក៏មិនអាចកែប្រែស្ថានភាពកម្ពុជាបានទេ។
លោកបានមានប្រសាសន៍ថា លុះត្រាតែគណបក្សប្រជាជនកម្ពុជាធ្វើការដោះដូរបេក្ខភាពនាយករដ្ឋមន្ត្រីតែម្តងនោះជាការប្រសើរ។
«ក្រែងលោកមាននាយករដ្ឋមន្ត្រីណាគេល្អប្រសើរជាងហ្នឹងនោះអាចកែកុនបាន។ បើគ្រាន់តែដូរតំណាងរាស្ត្រ ដូរតែចៅហ្វាយខេត្តគឺនៅតែចាញ់គណបក្សសង្គ្រោះជាតិឆ្នាំ២០១៣»។
លោក កឹម សុខា បាននិយាយថា ការដោះដូរនេះដោយសារតែគណបក្សប្រជាជនមានកំហុសជាច្រើនដែលមិនអាចដោះស្រាយបញ្ហាជាតិធំៗបានទើបខំប្រឹងធ្វើការកែទម្រង់៕