ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​​នឹង​ត្រូវ​បាន​ដំឡើង​ដល់​១៨២​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៩​

រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការ​ងារ​លោក​ អ៊ិត​ សំហេង​ ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​ ១៧០ដុល្លារ​អាមេរិកក្នុង​ឆ្នាំ​ ២០១៨​ ដល់​កម្មករ​ក្នុងឧស្សាហកម្មកាត់​ដេរ កាលពីថ្ងៃ​ទី​ ៥ ខែតុលា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

នៅ​ថ្ងៃ​សុក្រ​នេះ ​គណៈកម្មការ​ប្រឹក្សា​ការងារ​ ​(Labor Advisory Commission)​ ​ដែល​មាន​ភាគី​និយោជក​ ​សហជីព​ ​និង​រដ្ឋាភិបាល​ ​បាន​បោះឆ្នោត​កំណត់​យក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៧៧​ដុល្លារ ​និង​ដោយ​មាន​ការបន្ថែម​ពី​ភាគី​រដ្ឋាភិបាល​ចំនួន​៥​ដុល្លារ​ ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​សំលៀកបំពាក់​និង​ស្បែកជើង​ ​កើន​ដល់​ចំនួន​១៨២ដុល្លារ​ក្នុង​មួយ​ខែ​ចាប់​ពី​ឆ្នាំ​២០១៩។

ការ​បោះឆ្នោត​កំណត់​យក​ប្រាក់​ឈ្នួល​នេះ ​កើតមាន​ឡើង​ ​ក្រោយពី​មាន​ការ​ពិភាក្សា​រវាង​ភាគី​សហ​ជីព ​និយោជក​ ​និង​រដ្ឋាភិបាលអស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​ ​គិត​ចាប់​ពី​តាំង​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ។​

ក្រោយ​ការ​បោះឆ្នោត​សម្រេច​យក​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៨២ដុល្លារ​នោះ​មក​ ​លោក​ ​អ៊ិត សំហេង​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​បាន​ប្រកាសប្រាប់ភាគី​ពាក់​ព័ន្ធ​ ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ថា៖​

«ប្រាក់​ឈ្នួល​អប្បបរមា​របស់​បងប្អូន​កម្មករ​និយោជិត​ ផ្នែក​កាត់​ដេរ​សំលៀកបំពាក់​ និង​ស្បែក​ជើង​ឆ្នាំ​២០១៩​ គឺ​១៨២​ដុល្លារ​សហរដ្ឋ​អាមេរិក»។

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​រូប​នេះ​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​នឹង​អនុវត្ត​ប្រកាស​ថ្មី​មួយ​ដែល​នឹង​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ពីរ​ដង​ក្នុង​មួយ​ខែ​ផង​ដែរ។

លោក​ថ្លែង​ថា៖

«ហើយ​ក្រៅ​ពី​បញ្ហា​ ​ក្រៅ​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ និង​អត្ថប្រយោជន៍​ដែល​មាន​ គឺ​យើង​ក៏​បាន​ចេញ​រួច​ហើយ​ ​នូវ​ប្រកាស​ស្ដីពី​ការ​បើក​ប្រាក់​ឈ្នួល​ ពីរ​ដង​ក្នុង​មួយ​ខែ​ អ៊ីចឹង​សុំ​ស្នើ​ថា​ ​យើង​នឹង​អនុវត្តន៍​ឲ្យបាន​ហ្មត់ចត់​នូវ​ប្រកាស​នេះ»។

លោក​ ​អ៊ិត សំហេង​ ​ក៏បានអំពាវនាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ​រួមមាន​ម្ចាស់​ផ្ទះ​ជួល​កុំ​ដំ​ឡើង​ថ្លៃ​ជួល​ផ្ទះ​ ​ហើយម្ចាស់​អាជីវកម្ម​នៅ​ទីផ្សារ​ គួរ​រក្សា​តម្លៃ​ទំនិញ​ឲ្យ​នៅ​ដដែល។

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​ដែលត្រូវ​បាន​ដំឡើង​នេះ​ ​ជា​ការសម្រួល​បន្ថែម​ទៀតដល់​កម្មករ បើ​ទោះ​ជា​វា​នៅតែ​មិនទាន់​អាច​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​បាន​របស់​តំណាង​កម្មករ​ក៏ដោយ។​ ​លោក​ក៏​បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​ថ្លៃ​ទំនិញ​លើ​ទីផ្សារ​ផង​ដែរ។​

«ទោះបី​ជា​ប្រាក់​ឈ្នួល​ឡើង​ប៉ុណ្ណេះ​ ឬ​ក៏​ឡើង​ទាប​ជាង​នេះ​ ខ្ញុំ​គិត​ថា​ក៏​នៅ​តែ​សមរម្យ​ ប៉ុន្តែ​បើ​អតិផរណា​ទីផ្សារ​តម្លៃ​ទំនិញ​វា​ចេះ​តែ​ខ្ពស់​ ទោះ​បី​ជា​ឡើង​ខ្ពស់​ជាង​ហ្នឹង​ ក៏​នៅ​ពិបាក។ អ៊ីចឹង​ យើង​គិត​ថា​ រដ្ឋាភិបាល​ក៏ដូចជា​ អ្នក​ពាក់​ព័ន្ធ​គួរ​តែ​ធ្វើរឿង​ពីរ។ ទី​មួយ​ គឺ​ធានា​នូវ​អតិផរណា​ ទើប​អាច​ប្រាក់​ឈ្នួល​វា​អត់​ឡើង​ជា​រៀងរាល់​ឆ្នាំ​លឿន​អ៊ីចឹង។ ទីពីរ​គឺ​ធ្វើ​ម៉េច​ ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​មួយ​ចំនួន​របស់​ខាង​អ្នក​វិនិយោគ​ ឬក៏​ការ​ចំណាយ​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​កម្មករ»។​

លោក​ ​អាត់ ធន់​ ​និយាយ​បន្ថែមថា ​ខាង​សហជីព​បាន​ស្នើ​តួលេខ​១៨២​និង​១៨៩​ដុល្លារ​អាមេរិក​ សម្រាប់ការ​កំណត់​ប្រាក់​ឈ្នួល​ថ្មី​នេះ​ តែ​មិន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ភាគី​ពាក់​ព័ន្ធ​ ហើយ​ចុងក្រោយនេះ​គឺ​ក្រុម​ប្រឹក្សា​ការងារ​បាន​កំណត់​យក​ចំនួន​ ១៧៧ដុល្លារ​ និង​១៨២ដុល្លារ ដើម្បី​ធ្វើការ​បោះឆ្នោត​សម្រេច។

មុន​ឆ្នាំ​២០១៣​ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ ​មាន​ចំនួន​១០០​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​ប្រាក់​ឈ្នួល​បាន​កើន​ឡើង​ ​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា​ និង​អហិង្សា​ ​ជា​បន្ត​បន្ទាប់។ ​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​ បាតុកម្ម​ទាមទារការ​ដំឡើង​ប្រាក់​ឈ្នួល​អហិង្សា​ដែល​ប្រែក្លាយ​ជា​ហិង្សា​មួយ​ក្បែរ​ផ្លូវវេង​ស្រេង ​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងទ័ព​៩១១​ដែល​ជិតដិត​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​ដោយ​បណ្ដាល​ឱ្យ​កម្មករ​យ៉ាង​ហោច​ណាស់​៥​នាក់​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។​

​ក្រោយ​ពី​ការ​ចរចា​នៅ​ឆ្នាំ​២០១៤ ​និង​២០១៥ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​មួយ​កម្រិត​ទៀត​ គឺ​ពី​១២៨​ដុល្លារ​ដល់​១៤០​ដុល្លារ ​ប៉ុន្តែ​កម្មករ​នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ តាម​រយៈ​ការ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​ និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ដែល​ជា​រឿយៗ​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ និង​ស្លាប់​បាត់​បង់​ជីវិត។​

​លោក​ ​អ៊ិត សំហេង​ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​រក​វិធី​ដែល​អាច​ផ្ដល់​ការ​ធ្វើ​ដំណើរ​ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន​ដល់​កម្មករ និង​កំពុងគិត​គូរ​អំពី​ការ​សង់​លំនៅដ្ឋាន​នៅ​ក្បែរ​រោងចក្រ។​ ​

លោក​អះអាង​ថា​ រដ្ឋាភិបាល​ ក៏​កំពុង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ផ្ដល់​សេវា​សុខាភិបាល​ឲ្យបាន​ប្រសើរ​ជាង​មុន​ ​និង​សិក្សា​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ការ​ដួល​សន្លប់​របស់​កម្មករ​ក្នុង​រោងចក្រ។​

​នៅ​ក្រោយ​ការ​បោះឆ្នោត​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​នោះ​ តំណាង​ភាគី​និយោជក​ក៏បាន​លើក​ពី​បញ្ហា​ប្រឈម​ ពាក់​ព័ន្ធ​នឹង​ការ​ចំណាយ​មួយ​ចំនួន​ដែល​នៅ​ខ្ពស់​ជាង​ប្រទេស​ក្បែរ​ខាង​ក្នុង​នោះ​មានប្រទេស​វៀតណាម​ជាដើម​។

លោក​ ​កាំង មុនីកា​ ​អគ្គ​លេខាធិការរងសមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា​ ​(GMAC)​ ​បាន​ប្រាប់​អ្នកកាសែត​ថា៖​

«បើ​ប្រៀបធៀបទៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​នេះ​ ជាមួយ​នឹង​ប្រទេស​វៀតណាម​ យើង​ថ្លៃ​ជាង​គេ​ ថ្លៃ​ដឹក​ជញ្ជូន​ ថ្លៃ​logistics ហ្នឹង​ យើង​ថ្លៃ​ជាងគេ​ ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​សង្ឃឹម​របស់​យើង​គឺ​ថា​ ថ្មីៗ​នេះ​ រាជ​រដ្ឋាភិបាល​ ក៏​បាន​កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង​របស់​យើង​ដែរ។​ ហើយ​តាម​ខ្ញុំ​ដឹង​គឺ​ការផ្ដោត​ទៅ​លើ​ប្រព័ន្ធ​logistics​នេះ​ក៏​ជា​បញ្ហា​មួយ​ ដែល​រដ្ឋាភិបាល​នឹង​ព្យាយាម​ធ្វើការ​កែលំអ​ដែរ។​ ​ហើយ​យើង​សង្ឃឹម​ថា​ បន្ទាប់​ពី​គោលនយោបាយ​ហ្នឹង​ដាក់​ចេញ​ទៅ​ យើង​ហ្នឹង​ពិនិត្យមើល​ឃើញ​នៃ​ការ​លម្អ​ខ្លះៗ​នៅ​ក្នុង​ផ្នែក​នេះ»។​

លោក​ កាំង មុនីកា​ បញ្ជាក់​បន្ថែម​ថា​ ប្រាក់​ឈ្នួល​ដែល​ទើប​ត្រូវ​បាន​ដំឡើង​ថ្មី​នេះ​ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ ដែល​មាន​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ខ្ពស់​បំផុត ធៀប​នឹង​ប្រាក់​ឈ្នួលកម្មករ​របស់​វៀតណាម​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​នេះ ពោល​គឺ​មាន​ចំនួន​ប្រមាណ​១៨២​ដុល្លារ​នេះ​ដែរ។

តំណាង​និយោជក​រូប​នេះ​ លើកឡើង​បន្តថា​ ជាមួយ​ការ​ដំឡើង​នៃ​ប្រាក់​ឈ្នួល​នេះ ​រដ្ឋាភិបាល​ក៏​បាន​ជួយ​សម្របសម្រួល​បន្ធូរ​បន្ថយ​ថ្លៃ​អគ្គិសនី​ តាម​ការ​ស្នើ​សុំ​របស់​ភាគី​និយោជក។ ប៉ុន្តែ​ លោក​ថា​ កម្ពុជា​ត្រូវ​ផ្ដោត​លើ​ការ​ពង្រឹង​ប្រសិទ្ធភាព និង​ផលិត​ភាព​ការ​ងារ​ ក៏​ដូច​ជា​ការ​កែ​សម្រួល​បរិយាកាស​វិនិយោគ​បន្ថែម​ទៀត​ នៅ​ឆ្នាំ​២០១៩ខាង​មុខ​នេះ។

ឧស្សាហ​កម្ម​កាត់​ដេរ​កម្ពុជា​បាន​ផ្ដល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង៧០០០០០​នាក់ដែល​ភាគច្រើន​ជា​ស្ត្រី។​ យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ​កម្ពុជា​បាន​នាំ​ចេញ​សំលៀកបំពាក់​ទៅ​បរទេស​គិតជា​ទឹក​ប្រាក់​ប្រមាណ​៨១០០​លាន​ដុល្លារ​អាមេរិក​ គឺ​កើន​ប្រមាណ៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦។​ ទីផ្សារ​អឺរ៉ុប​បាន​ស្រូប​យក​៤៥ភាគរយ​នៃ​ទំនិញ​កាត់​ដេរ​ដែល​ត្រូវ​បាន​នាំ​ចេញ​កាល​ពី​ឆ្នាំ​២០១៧​កន្លងទៅ៕