ឃួន ធារ៉ា រាជធានីភ្នំពេញ
ក្រុមអ្នកឯកទេសបានឱ្យយោបល់ថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមII ចាំបាច់ត្រូវបំពាក់បច្ចេកវិទ្យាការពារការរញ្ជួយដីក្នុងកម្រិតខ្ពស់មួយ ក្រោយពីរកឃើញថា គ្រោះធម្មជាតិបែបនេះបានកើតមាននៅទីនោះម្តងរួចមកហើយ។
ក្រុមអ្នកឯកទេសបរិស្ថានដែលបានរៀបរៀងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃទំនប់សេសានក្រោមII បានព្រមានថា តំបន់ដែលត្រូវសាងសង់ទំនប់វារីអគ្គិសនីនេះធ្លាប់រងគ្រោះដោយការរញ្ជួយដីកាលពីឆ្នាំ១៩៧៨ក្នុងកម្រិត៥,២។ ហើយស្នាមនៃការរញ្ជួយដីនោះមិនទាន់ផុតរលត់នៅឡើយ។
លោកមៀច មាន អ្នកសម្របសម្រួលនៃអង្គការបណ្តាញការពារទន្លេសេសាន ស្រែពក សេកុង បារម្ភថា ប្រសិនបើពុំមានវិធានការសុវត្ថិភាពដិតដល់ទេ នោះវាអាចនឹងបណ្តាលឱ្យមានវិនាសកម្មដ៏ធ្ងន់ធ្ងរមួយ។
«ដោយសារតំបន់នោះធ្លាប់មានហានិភ័យបែបហ្នឹង ដូច្នេះជាការព្រួយបារម្ភមួយ។ ក្រោយពីសាងសង់ទំនប់ហ្នឹងទៅ យើងមើលមិនឃើញទេថា អាចនឹងកើតមានទៀត ឬយ៉ាងណា។ ប្រសិនបើវាកើតឡើងមែន ទំនប់ហ្នឹងត្រូវបាក់ ប្រជាពលរដ្ឋនៅខាងក្រោមហ្នឹងនឹងទទួលផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសអ្នកនៅទីរួមខេត្តស្ទឹងត្រែងតែម្តង ព្រោះបាក់ទំនប់ទៅ ទឹកនឹងលិចទឹកនឹងធ្លាក់ទៅគាត់កម្ពស់៧៥ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ហើយ៤០ម៉ែត្រជាងធៀបនៅលើផ្ទៃបាតទន្លេ។ ប្រសិនបើទឹកកម្ពស់៤០ម៉ែត្របាក់មក ទីរួមខេត្តស្ទឹងត្រែងគឺអត់សល់តែម្តង»។
ទំនប់វារីអគ្គិសនីសេសានក្រោមIIស្ថិតក្នុងចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងលើដៃទន្លេហូរចាក់ទៅទន្លេមេគង្គ។ ទំនប់វ៉ារីអគ្គិសនីនេះមានសក្តានុពលផលិតថាមពលអគ្គិសនី៤០០មេហ្គាវ៉ាត់ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣នេះ។
ទំនប់សេសានក្រោមIIនេះវិនិយោគរួមគ្នាដោយក្រុមហ៊ុនក្នុងស្រុករ៉ូយាល់គ្រុប និងក្រុមហ៊ុនមួយរបស់ចិនចំណាយទំហំទឹកប្រាក់សរុប៨៦១លានដុល្លារអាមេរិក ដែលបានចុះកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា ឆ្នាំ២០១២។
របាយការណ៍ដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថាននៅខែធ្នូឆ្នាំ២០០៩ ដែលត្រូវបានលើកយកមកពិភាក្សាវែកញែកដោយអង្គការសង្គមស៊ីវិល កាលថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា នៅក្នុងតំបន់គម្រោងទំនប់សេសានក្រោមIIមានស្នាមស្រុតប្រេះភូគព្ភសាស្ត្រចំនួនបួនកន្លែងនៅគែមខាងស្តាំរបស់ទំនប់មេ និងមានស្នាមធំមួយទៀតនៅខ្សែទឹកខាងលើដែលមានចម្ងាយ១០០ម៉ែត្រពីទីតាំងគម្រោង។
ដោយផ្អែកតាមលក្ខណៈភូមិសាស្ត្រនេះ របាយការណ៍នេះផ្តល់អនុសាសន៍ថា ការសាងសង់ទំនប់នេះត្រូវតែធានាឱ្យបានភាពធន់ទៅនឹងការរញ្ជួយដីជាយថាហេតុណាមួយ។
លោកជា ចន្ថា មន្ត្រីស្រាវជ្រាវផ្នែកភូមិសាស្ត្រនៅរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់វីអូអេខេមរភាសាតាមទូរស័ព្ទថា ការសាងសង់ចាំបាច់ត្រូវមានបច្ចេកទេសខ្ពស់ដើម្បីបញ្ចៀសការរញ្ជួយដី និងធានាឱ្យបានភាពរឹងមាំនៃសំណង់ ប្រសិនបើការរញ្ជួយដីកើតឡើង។
«ការសាងសង់អាចដំណើរការបាន ទាល់តែលក្ខណៈបច្ចេកទេសទំនប់នឹងល្អណាស់ អាចទប់ទល់នឹងការរញ្ជួយដីកម្លាំងខ្សោយៗបាន។ ប្រសិនបើកន្លែងហ្នឹងធ្លាប់មានការរញ្ជួយដីហើយ វាអាចនឹងមានការរញ្ជួយម្តងទៀតដែរ ព្រោះផ្នែកខាងក្រោមនៃសណ្ឋានដីដែលមានម៉ាក់ម៉ាបុកឡើងហ្នឹង វាធ្វើឱ្យមានរំញ័រ ឬរង្គើ»។
ក្រៅពីការបារម្ភនេះ គម្រោងទំនប់ ដែលមានប្រវែង៨គីឡូម៉ែត្រនេះ នឹងនាំឱ្យលិចភូមិចំនួន៧ទាំងស្រុង ដែលធ្វើឱ្យមានបំលាស់ទីលំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ៥០០០នាក់។ ជាងនេះទៀត ដីព្រៃរាប់សិបពាន់ហិចតានឹងលិច ត្រីកម្រៗមួយចំនួននឹងផុតពូជ ដោយសារមិនអាចបំលាស់ទីបាន ហើយវាប៉ះពាល់ដល់គុណភាពទឹក ជីវចម្រុះ និងជីវភាពប្រជាពលរដ្ឋដែលនៅជិតនោះ។
ប្រជាពលរដ្ឋមូលដ្ឋានភាគច្រើនបានសំណូមពរឱ្យផ្អាកការសាងសង់ទំនប់នេះ ប៉ុន្តែប្រសិនបើមានការសាងសង់ ពួកគាត់ទាមទារឱ្យក្រុមហ៊ុនផ្តល់សំណងឱ្យបានសមរម្យដល់ពួកគាត់។ នេះបើតាមរបាយការណ៍ស្តីពីស្ថានភាពប្រជាពលរដ្ឋនៅទំនប់វារីអគ្គិសនីសេសានក្រោមII ដែលចេញផ្សាយដោយអង្គការ NGO Furum កាលពីពាក់កណ្តាលខែនេះ។
ប៉ុន្តែមកទល់ពេលនេះ ប្រជាពលរដ្ឋទាំងនោះមិនទាន់បានទទួលដំណឹងពីពេលវេលាផ្លាស់ទីលំនៅ និងចំនួនប្រាក់សំណងដោយក្រុមហ៊ុននោះនៅឡើយទេ។
លោកជា ណារិន ប្រធាននាយកដ្ឋានវ៉ារីអគ្គិសនីនៃក្រសួងធនធានរ៉ែ និងថាមពល មានប្រសាសន៍ថា លោកមិនទាន់អាចបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេក្នុងសប្តាហ៍នេះ ដោយសារលោកជាប់រវល់កិច្ចការជាច្រើន៕