របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​៖ កម្ពុជា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ

រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី សកម្មជន​សហជីព បាន​មក​ដល់​សាលាដំបូងរាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​កាត់ទោស​រូបលោក ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​ក្នុងការ​ផលិត​ភាពយន្តឯកសារ​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ដែល​ដឹកនាំ​ដោយ​បណ្តាញ​ព័ត៌មាន​រុស្ស៊ី RT កាលពី​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០១៩។

ក្រសួង​ការបរទេស​អាមេរិក​បាន​បង្ហាញការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទម្រង់នៅ​កម្ពុជា ដែល​រួម​មាន​ការ​ចាប់​ឃុំ​ខ្លួន​តាម​តែ​អំពើ​ចិត្ត​ ការ​រឹតត្បិត​សំឡេង​គណបក្ស​ជំទាស់ និង​រិះគន់​ប្រព័ន្ធ​តុលាការកម្ពុជា​ថា​ស្ថិត​ក្រោម​ឥទ្ធិ​ពល​នយោបាយ​។ នេះបើ​យោង​តាមរបាយការណ៍​ប្រចាំ​ឆ្នាំរបស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ស្តី​ពី​សិទ្ធិ​មនុស្ស​ឆ្នាំ​២០២០​របស់​ប្រទេស​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។

របាយ​ការណ៍​បញ្ជាក់​ថា​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​កត់​សម្គាល់​ ​រួម​មានការ​ធ្វើ​ទារុណ​កម្ម​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល ការ​ដាក់​ទណ្ឌ​កម្ម​ ឬការ​ប្រព្រឹត្ត​ទៅលើ​ដ៏ឃោរឃៅ​អ​មនុស្សធម៌​ ឬ​ដែល​ធ្វើ​ឲ្យ​បាក់​មុខ​ដោយ​រដ្ឋាភិបាល​ ការ​ឃុំ​ខ្លួន​តាមតែ​អំពើ​ចិត្ត​លើ​អ្នក​ជាប់​ឃុំ​ ឬ​អ្នក​ទោស​នយោបាយ​ជា​ច្រើន​នាក់​ និង​តុលាការ​មិន​ឯករាជ្យ​ជាដើម។

របាយការណ៍​ដែល​ចេញ​ផ្សាយ​លើក​ទី​៤៥​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​កត់​ត្រា​ការ​ជ្រៀត​ជ្រែក​ជីវិត​ឯក​ជនភាព​របស់​ពលរដ្ឋ​តាម​តែ​អំពើ​ចិត្ត​ រាប់​ទាំង​ការឈ្លប​យកការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អេឡិចត្រូនិក​ ការ​រឹតត្បិត​ធ្ងន់​ធ្ងរ​លើ​សេរីភាព​បញ្ចេញ​មតិ​ សារព័ត៌មាន​អ៊ីនធឺណិត ការ​ប្រើ​ហិង្សា​និង​គំរាម​កំហែង​នៃ​ការ​ប្រើ​ហិង្សា។

ការ​ចាប់​ពិរុទ្ធ​ ការ​បិទ​គេហទំព័រ​និង​ការ​អនុវត្ត​ច្បាប់​ព្រហ្ម​ទណ្ឌ​ទាក់​ទង​នឹង​ការ​បរិហារ​កេរ្តិ៍​ ច្បាប់​រឹតត្បិត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ការ​ជ្រៀត​ជ្រែក​សិទ្ធិ​នៃ​បាតុ​កម្ម និង​ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី ការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​ចូល​រួម​នយោបាយ​ ការ​បន្ថយ​លទ្ធ​ភាព​របស់​ពលរដ្ឋ​ក្នុង​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែល​ចេះតែរីក​សាយ​ភាយ​ជា​ដើម​នោះ ក៏​ត្រូវ​បាន​បរិយាយ​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​នេះ​ដែរ។

របាយ​ការណ៍​កត់​សម្គាល់​ត្រង់​ចំណុច​នៃ​ការ​បោះ​ឆ្នោត​ថា​៖ «ការ​បោះឆ្នោត​ជាតិ​ចុងក្រោយ​បំផុត​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​២០១៨​។ ទោះបី​ជា​មាន​គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចូលរួម​ គណ​បក្ស​ជំទាស់​ធំ​បំផុត​ គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​គេ​ផាត់​ចេញ។ គណបក្ស​ចំនួន​១៩​ ក្រៅពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​(CPP) ដែលភាគ​ច្រើន​ទើប​តែ​បង្កើត​ថ្មី និង​បាន​ប្រកួត​ប្រជែង​នោះ​ ទទួល​បាន​ការ​គាំទ្រ​តិច​»។

របាយ​ការណ៍​ដែល​ផ្តោត​លើ​ប្រទេស​កម្ពុជា​ ពិនិត្យ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​នឹង​សំណុំ​រឿង​«ក្បត់​ជាតិ»​របស់​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

រូបឯកសារ៖ ក្រុមអ្នកតវ៉ា​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​កងសន្តិសុខ​ខណ្ឌ៧ មករា​ នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​៥ ខែ​សីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​

របាយ​ការណ៍​លើក​ឡើង​ថា​ការ​សម្រេច​របស់​តុលា​ការ​ស្ថិត​ក្រោម​ឥទ្ធិ​ពល​នយោបាយ​។ មន្ត្រី​តុលាការ​ដែល​មាន​រហូត​ដល់​ប្រធាន​តុលាការ​ ច្រើន​តែ​មាន​មុខ​តំណែង​ក្នុង​ពេល​ជាមួយ​គ្នា​ នៅក្នុង​គណ​បក្ស​កាន់​អំណាច​។ ជា​ញឹក​ញាប់​ លទ្ធផល​នៃ​សវនា​ការ​ហាក់​ដូច​ត្រូវ​បាន​កំណត់​ជា​មុន​ស្រេច​។

របាយការណ៍ក៏បាន​និយាយ​ចំៗ​សំដៅ​ទៅ​ការ​កាត់​ក្តី​លោក ​កឹម សុខា ​ក្នុង​ន័យ​ដើម​ថា​៖​«នៅ​ក្នុង​ការ​បន្ត​សវនា​ការ​ក្បត់​ជាតិ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា​ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែង​ដែល​ផ្ទុយ​គ្នា​ ដោយ​ពេល​ខ្លះ​ទទូច​ថា​តុលា​ការ​កាត់​សេចក្តី​ដោយ​ឯករាជ្យ​ ហើយ​ពេល​ខ្លះ​ទៀត​ និយាយ​ថា​សវនា​ការ​លើ​រូបលោក(កឹម សុខា)​ នឹង​មាន​បន្ត​ រាប់ឆ្នាំ​ ឬ​ថា​លទ្ធផល​នឹង​អាស្រ័យ​លើកត្តា​ដទៃទៀត​ ដូច​ជា​ការ​ដក​អនុ​គ្រោះ​ពន្ធ​មួយ​ផ្នែក​របស់​សហ​ភាព​អឺរ៉ុប​»​។

របាយ​ការណ៍​សង្កត់​ធ្ងន់​ថា៖​ «មាន​អំពើ​ពុក​រលួយ​យ៉ាង​រាល​ដាល​ក្នុង​ចំណោម​ចៅក្រម​ ព្រះរាជ​អាជ្ញា​ និ​ងមន្ត្រី​តុលាការ​។ តុលាការ​គ្មាន​ប្រសិទ្ធភាព​ ហើយ​មិន​អាច​ធានា​ដំណើរ​ក្តី​ដោយ​យុត្តិធម៌ ​ត្រឹម​ត្រូវ​បាន​ទេ»។

សំណុំ​រឿង​លោក កឹម សុខា ដែល​សវនាការ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​មិន​កំណត់​ថ្ងៃ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក​ ជិន ម៉ាលីន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​កើត​មាន​ជា​ទូទៅ​នៅ​តាម​បណ្តា​ប្រទេស​នានា​។ លោក​សង្ឃឹម​ថាសហរដ្ឋ​អាមេរិក​នឹង​មិន​យក​រឿង​សិទ្ធិ​មនុស្ស​នេះ មក​បម្រើរបៀប​វារៈ​នយោបាយ​របស់​ខ្លួន​ទេ។

លោក​បញ្ជាក់​ថា៖ «បញ្ហា​សិទ្ធិមនុស្ស​នេះ​គ្មាន​ប្រទេស​ណាមួយ​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ហើយ​គេ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​យ៉ាង​ម៉េច​កែ​លម្អ​ស្ថានភាព​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ ពី​មួយ​ពេល​ទៅ​មួយ​ពេល​ សូម្បី​សហរដ្ឋ​អាមេរិក​ខ្លួនឯង​ហ្នឹង​ក៏មានបញ្ហា​សិទ្ធិ​មនុស្ស​ច្រើន​ដែរ​ ប្រទេស​ផ្សេង​អី​ ក៏គេ​ចេញ​របាយ​ការណ៍​រិះគន់​សិទ្ធិមនុស្ស​នៅ​អាមេរិក នៅ​អង្គ​ការ​សហ​ប្រជាជាតិ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក៏​គេ​រិះគន់​ច្រើន​ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នៅ​អាមេរិក​នេះ​ដែរ​»។

លោក ​ជិន ម៉ាលីន​ ដែល​ជាអនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល បន្ថែម​ថា៖ «ក៏​ប៉ុន្តែ​ប្រសិន​បើ​[គេ]​ចេញ​របាយ​ការណ៍​ ដោយ​ផ្អែក​ទៅលើ​របៀប​វារៈ​នយោបាយ​ ក្នុង​គោល​ដៅ​នយោបាយ​ ឬ​ក៏​ក្នុង​គោល​ដៅ​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​ ក្នុង​ការ​ការពារ​ក្រុម​គោល​ដៅ​នយោបាយ​ណាមួយ​នោះ​ ប្រហែល​ជា​រដ្ឋ​អធិបតេយ្យ​ផ្សេង​ទៀត​ គេ​មិន​ទទួល​យក​នោះ​ទេ​ ពីព្រោះ​គេ​ក៏​មាន​របៀបវារៈ​នយោបាយ​ក្នុង​ការ​ការ​ពារអធិបតេយ្យ​ភាព​របស់​គេ​ ក្នុង​ការ​ការ​ពារ​នូវ​ផល​ប្រយោជន៍​ជាតិ​របស់​គេ​ តាមរយៈ​ការ​អនុវត្ត​ច្បាប់​ជាតិ​របស់​គេ​ដែរ​បាទ​»។

អ្នកនាំ​ពាក្យ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ អ៊ី រិន្ទ​ មិន​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​ស្រី ចក់​ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថារបាយការណ៍​របស់​សហ​រដ្ឋ​អាមេរិក​មិន​ខុស​ពីការរក​ឃើញ​របស់​សហ​ភាព​អឺរ៉ុប​និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ផ្សេង​ៗ​ទៀត​ ដែល​បាន​បង្ហាញ​ការ​បារម្ភ​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ដែល​នៅ​មិន​ទាន់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ឡើយ​។

«ជា​ជាង​ការណ៍​ដែល​ការ​ប្រកាន់​នូវជំហរ​ដដែល​ដែល​បដិសេធ​នូវ​រាល់​ការ​រិះគន់​ ឬ​ក៏​ការ​លើក​នៅ​ទិដ្ឋភាព​សិទ្ធិ​មនុស្ស​ជាក់​ស្តែង​ដែល​កើត​ឡើង​ រដ្ឋាភិបាល​លោក​គួរ​តែ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​អំពី​កាតព្វ​កិច្ច​របស់​ខ្លួន​នៅ​ក្នុង​ការ​គោរព​ ហើយ​ការ​ពារ​ដល់​សិទ្ធិ​មនុស្ស​ហ្នឹង​»។

លោកស្រី​បន្ថែម​ថា៖ «ហើយ​សំខាន់​បំផុត​ត្រូវធ្វើ​យ៉ាង​ម៉េច​ស្តា​នូវ​ស្ថាន​ភាព​ដែល​បាន​កើត​ឡើង​ ហើយ​ ដើម្បី​យើង​អាច មិន​ត្រឹម​តែ​ឆ្លើយតប​កាតព្វ​កិច្ច​របស់​ខ្លួន​នោះ​ទេ ក៏​ប៉ុន្តែ​យើង​ក៏​នឹង​អាច​ទទួល​បាន​នូវ​ការ​កោត​សរ​សើរ​ពី​សហគមន៍​អន្តរជាតិ​ដទៃ​ទៀត​នៅ​ពេល​ណា​ដែលស្ថាន​ភាព​សិទ្ធិ​មនុស្ស​យើង​បាន​ប្រសើរ​ ហើយ​យើង​ក៏​អាច​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ដូច​ជា​តាមរយៈ​ភាព​ជាដៃ​គូ​ជា​មួយ​សហភាព​អឺរ៉ុបហ្នឹង យើង​ដឹង​ហើយ ​គឺយើង​ធ្លាប់​ទទួល​បាន​នូវការ​អនុគ្រោះ​ពន្ធ​អី​ជា​ដើម​ហ្នឹង»។

ប្រទេស​កម្ពុជា​ក៏​ទទួល​បាន​អត្ថប្រយោជន៍ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​GSP(Generalized System of Preferences) ​ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក​ផង​ដែរ​។ បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​GSP​ ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង​៥ពាន់​មុខ។​ នៅ​ក្រោមGSP​ នេះ​ កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​១ពាន់​លាន​ដុល្លារ​ ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩។

នៅ​មុន​ការ​ចេញ​របាយការណ៍​របស់​សហ​រដ្ឋ​អាមេរិក សភា​សហភាពអឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ ទម្លាក់​ចោល​ការ​កាត់​ទោស​លើ​ពួក​គេ​ និង​ជំរុញ​ឲ្យ​មាន​ដំណើរ​ការ​ផ្សះផ្សា​ជាតិ​មួយ​ជាមួយ​គណ​បក្ស​សង្គ្រោះជាតិ។

គួរ​បញ្ជាក់​ថាកាល​ពី​ខែ​សីហា ឆ្នាំ​២០២០ សហ​ភាព​អឺរ៉ុប​បាន​កាត់​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​មួយផ្នែក​ ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន ​២០​%​លើ​ទំនិញ​កម្ពុជា​។ នេះ ជា​ការ​ឆ្លើយ​តប​នឹង​«ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧៕